សំណួរ
១- តើការគ្រប់គ្រងការិយាល័យគឺជាអ្វី ?
២- តើការិយាល័យមានមុខងារជាមូលដ្ឋានសំខាន់ៗអ្វីខ្លះ ?
៣- តើលក្ខខណ្ឌអ្វីខ្លះដែលធ្វើឲ្យបរិយាកាសសុខភាពអន់ថយ ?
៤- តើគោលបំណងនៃប្រព័ន្ធគ្រប់គ្រងសំឡេងគឺជាអ្វី ?
៥- តើលក្ខខណ្ឌនៃខ្យល់អាកាសមានអ្វីខ្លះ ?
ចម្លើយ
១- វិទ្យាស្ថានគ្រប់គ្រងរដ្ឋបាលបានឲ្យនិយមន័យ ការគ្រប់គ្រងការិយាល័យ ថាជាផ្នែកមួយនៃការគ្រប់គ្រងដែលទាក់ទងនឹងសេវានៃការទទួល កត់ត្រា និងវិភាគ ព័ត៌មាន និងផ្តល់សេវានៃការធ្វើផែនការ និងការប្រាស្រ័យទាក់ទង និងការផ្តល់ការការពារទ្រព្យសកម្ម លើកកម្ពស់អាជីវកម្ម និងឈានទៅសម្រេចបាននូវគោលបំណងរបស់សហគ្រាស ។ ពាក្យថា ការិយាល័យ មានការពិបាកក្នុងការឲ្យនិយមន័យ ។ ការិយាល័យសំដៅទៅលើការងាររដ្ឋបាល (លេខាឬស្មៀន) ដែលខុសៗគ្នានៅក្នុងអង្គភាពនីមួយៗ ។ យើងអាចសំដៅទៅលើ ការប្រមូលនូវផ្នែកនានា ដែលធ្វើការងាររដ្ឋបាល ។
២- ការិយាល័យមានមុខងារជាមូលដ្ឋានសំខាន់ៗមានដូចជា ៖
- ទទួលព័ត៌មាន ជាអាទិ៍ ជ្រើសរើស បែងចែក តម្កល់ទុក កត់ត្រាទុក និងបិទផ្សាយ ។
- ការផ្តល់ និងរៀបចំ ដូចជាការរៀបចំព័ត៌មានឡើងវិញ តាមរបៀបមួយសម្រាប់ជាមូលដ្ឋាននៃការគ្រប់គ្រងហើយនិងការធ្វើតារាងរៀងតាមលំដាប់អក្សរ និងការដាក់ផ្តុំតាមលំដាប់ ។
- ការប្រាស្រ័យទាក់ទង ដូចជា ការវាយអត្ថបទ ការចម្លង ការថតចម្លង ការទូរស័ព្ទ ទូរបោះពុម្ព និងការផ្ញើសំបុត្រប្រៃសណីយ៍ ។
- ការត្រួតពិនិត្យ និងការការពារអង្គភាព ដូចជា ការត្រួតពិនិត្យតាមដាននិងការពិនិត្យបញ្ជី ។
៣- លក្ខខណ្ឌដែលធ្វើឲ្យបរិយាកាសសុខភាពអន់ថយមានដូចជា ៖
- ការរងគ្រោះថ្នាក់ដោយសារចលនាដដែលៗឥតឈប់ឈរអស់រយៈពេលយូរអង្វែង ក្នុងការបំពេញកិច្ចការដដែលៗ ។
- តាមអ្នកស្រាវជ្រាវខ្លះចំហាយវិទ្យុសកម្មមេដែកអគ្គិសនី ដែលភាយចេញពីឧបករណ៍បញ្ចាំងរូបភាពពីកុំព្យូទ័រ
- ការបំពុលបរិយាកាសក្នុងអគារ បណ្តាលមកពីប្រព័ន្ធខ្យល់ចេញចូល
- ការបំពុលដោយសំឡេង
- ប្រព័ន្ធពន្លឺ មានបញ្ហានៃពន្លឺមួយ គឺការចាំងពន្លឺ (ដែលចេញពីផ្ទៃនៃវត្ថុណាមួយ) ។ ការបំពាក់ប្រព័ន្ធកុំព្យូទ័រដែលមានអេក្រង់ការពារចាំងពន្លឺ គឺជាវិធីដ៏ស័ក្កសិទ្ធិមួយ ក្នុងការបំបាត់បញ្ហាដែលបណ្តាលមកពីការចាំងពីអេក្រង់ ។
៤- គោលបំណងនៃប្រព័ន្ធគ្រប់គ្រងសំឡេង គឺបង្កើតឲ្យមានភាពសម្ងាត់នៃការសន្ទនាឆ្លងឆ្លើយ ។ ការសម្ងាត់គួរជាទីទុកចិត្តនៃការសន្ទនា សម្រេចបានកាលណាមិនច្រើនជាង ៥% នៃពាក្យដែលស្តាប់បាននៅកន្លែងក្បែរខាង ។ ភាពសម្ងាត់ធម្មតា កាលណាមានពាក្យមិនដល់២០% ដែលត្រូវបានស្តាប់យល់នៅតំបន់ក្បែរខាង ។
៥- លក្ខខណ្ឌនៃខ្យល់អាកាសមានដូចជា ៖
- សីតុណ្ហភាពនៃខ្យល់ នៅពេលដែលមានសំណើមគ្រប់គ្រាន់ សីតុណ្ហភាពប្រសើរបំផុតសម្រាប់ធ្វើការ គឺប្រហែល ២០អង្សា C ។ ដើម្បីសន្សំថាមពល សីតុណ្ហភាពអាចបន្ថយបន្តិចបន្តួចនៅរដូវត្រជាក់ និងតំឡើងបន្តិចបន្តួចនៅរដូវក្តៅ ។ មានប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរប្រភេទគឺ ប្រព័ន្ធរួម និងប្រព័ន្ធដោយឡែក ។ យើងគួរតែប្រើសេវារបស់អ្នកពិគ្រោះយោបល់វិជ្ជាជីវៈ នៅពេលដែលពិចារណាអំពីការដាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ។
- ភាពសើមនៃខ្យល់ ដើម្បីផាសុកភាព កម្រិតសំណើមនៃការិយាល័យ គួរតែមានរវាង ៤០% ទៅ ៦០% ដែលប្រសើរបំផុតគឺ ៥០% ។ ប្រសិនបើសំណើមមានកម្រិតទាបជាងធម្មតា សីតុណ្ហភាពនឹងត្រូវតំឡើង ឬបន្ថយ ដើម្បីសម្រេចបានផាសុកភាពដូចដើម ។
- ការចេញចូលនៃខ្យល់ នៅកន្លែងធ្វើការដែលមានឧបករណ៍បង្កើតកំដៅ ត្រូវតែមានខ្យល់អាកាសចេញចូល ។ អត្រាផ្លាស់ប្តូរខ្យល់ដ៏សមស្រប គឺ ០.៧ ម៉ែត្រគូប ក្នុងមួយនាទី សម្រាប់មនុស្សម្នាក់ ។ យើងត្រូវមានខ្យល់ចេញចូលច្រើនជាងនេះប្រសិនបើមានផ្សែងនៅក្នុងកន្លែងធ្វើការ ។
- ភាពបិរសុទ្ធនៃខ្យល់ តម្រងមេកានិកផ្សេងៗ ត្រូវប្រើដើម្បីបំបាត់ធូលី និងចុណ្ណភាគចំឡែក ចំណែកឯកាំរស្មីអ៊ុលត្រាវីយ៉ូលេត មានប្រយោជន៍ក្នុងការសម្លាប់មីក្រុប ។