Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ចំណង ៥ ប្រការ មានអ្វីខ្លះ?

ក្នុងពុទ្ធសាសនាយើង ចំណងដែលជាអាវុធ តាមចងរឹតមនុស្ស សត្វ អោយស្លាប់ចិត្ត គំនិត និង ស្មារតី ដដែលជាដដែល មាន ៥ គឺ រូប សម្លេង ក្លិន រស និង ផោដ្ឋពៈ។

តែមានទស្សនៈខ្លះទៀត យល់ថា ចំណងប្រាំប្រការនោះ គឺជាខ្សែ ជាច្រវាក់ សម្រាប់ចងក សម្រាប់ចងដៃ ជាដើម។ មានខ្លះទៀត បកស្រាយ ចំណងប្រាំប្រការ ក្នុងគោលបំណង បង្ហាញស្ត្រីទាំងឡាយ នូវវិធីចងចិត្តស្វាមីអោយជាប់ មិនអោយស្វាមី គេចកែទៅមានថ្មី ដោយប្រើប្រាស់វិធីផ្សេងៗ ដូចជាប្រឹងតុបតែងលម្អខ្លួន ត្រូវមានកូនបន្តពូជប្ដី អោយចេះចាញ់ប្ដី មិនឈ្លោះប្រកែក អោយចេះរក្សាទ្រព្យ ជាដើម។ ហេតុផលទាំងនេះ ក៏សមរម្យម្យ៉ាង។

តាមការយល់ឃើញរបស់ខ្ញុំវិញ ឈរលើជ្រុងទស្សនៈសុទិដ្ឋិនិយម៖

ចំណងប្រាំប្រការ មានឫសគល់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯង និង ជាប្រការ ជម្រុញ អោយយើងទាំងអស់គ្នា យកចិត្តទុកដាក់ពិសេស លើផលប្រយោជន៍រួម។

ចំណងទី ១ គឺ ក្រុមគ្រួសារ៖ រួមបញ្ចូល សាច់សារលោហិត ញាតិមិត្ត បងប្អូន កូនចៅ ប្រពន្ធប្ដី។ យើងតែងមានធុរៈជួយមើលថែរក្សាគ្នា។ បើមានរវល់ ដូចជាបុណ្យទានជាដើម ត្រូវចូលទៅជួយគ្នា។ បើឃើញញាតិមិត្ត ឬ សមាជិកគ្រួសារ ជួបទុក្ខលំបាក យើងក៏ស្ម័គ្រចិត្តចូលទៅជួយសម្រាលគ្នា។ នេះជាចំណងមួយដ៏ធម្មតាៗ របស់មនុស្សសឹងគ្រប់រូប ហើយក៏មិនមែនជាចំណងអ្វីដែលមិនគាប់គួរនោះដែរ ព្រោះចំណងនេះ ធ្វើអោយយើងចេះរស់នៅជុំគ្នា ចេះមើលថែរក្សាគ្នា គិតពីប្រយោជន៍រួម និង សុខទុក្ខ ទាំងអស់គ្នា។

ចំណងទី ២ គឺ ទ្រព្យសម្បត្តិ៖ រាប់បញ្ចូលសត្វពាហណៈ និង របស់របរប្រើប្រាស់នានា ក្នុងផ្ទះ និង ក្រៅផ្ទះ។ យើងម្នាក់ៗ មានធុរៈថែក្សារបស់ទ្រព្យដែលមានហើយ អោយគង់វង្ស ហើយស្វែងរកបន្ថែម នូវរបស់ទ្រព្យណា ដែលជាតម្រូវការ ដោយសមរម្យ ក្នុងផ្លូវសុចរិត ត្រឹមត្រូវ និង អោយបានសមល្មម។ របស់ទ្រព្យសាធារណៈជាច្រើន ដែលជាទ្រព្យក្រៅផ្ទះ មានដូចជា ព្រៃឈើ ភ្នំ ទន្លេរ សមុទ្រ ផ្លូវថ្នល់ ធុងដាក់សំរាមតាមផ្លូវ ជាដើម គឺសុទ្ធសឹងជាទ្រព្យរួម ដែលមហាជន មានភារៈកិច្ច ត្រូវជួយមើល ជួយថែរក្សា អោយបានគង់វង្ស និង ប្រើប្រាស់អោយបានសមរម្យ ទាំងអស់គ្នា។ ចំណងនេះ ក៏មិនមានផលអាក្រក់អ្វីដែរ។ ផ្ទុយទៅវិញ វាគឺជាចំណង ដែលអាចនាំមកនូវសុខសន្តិភាពក្នុងគ្រួសារ និង សណ្ដាប់ធ្នាប់ល្អ ថែមទាំងជម្រុញ អោយយើងចេះរក្សា និង ចេះប្រើប្រាស់ធនធានរួម។

ចំណងទី ៣ គឺ ការងារ៖ ទោះបម្រើជាតិក្ដី បម្រើខ្លួនឯងក្ដី ធ្វើជាចៅហ្វាយនាយលើគេឯងក្ដី យើងតែងប្រកបការងារដើម្បីចិញ្ចឹមជីវិត និង ដើម្បីជាតិមាតុភូមិ ញាតិមិត្ត ក្រុមគ្រួសារ។ ចំណងការងារ គឺជាចំណងចងមនុស្ស មិនអោយខ្ជិលច្រអូស ដេកចាំកិបកេង ជិះជាន់លើកម្លាំងពលកម្ម របស់ជនដទៃ។ ការងារសុចរិត នាំអោយយើងរស់នៅបានសុខសាន្ដ ចម្រុងចម្រើង ក្នុងក្រុមគ្រួសារ និង បានសុខរមនាទូទាំងប្រទេស។ ឯការងារទុច្ចរិតវិញ នាំអោយយើង និង អ្នកដទៃ រងនូវសេចក្ដីវិនាស។ ដូច្នេះហើយ ទើបចំណងការងារ ក្នុងផ្លូវល្អ សុចរិត ត្រឹមត្រូវ គឺជាចំណងដែលចាំបាច់មួយ ក្នុងជីវិតយើងម្នាក់ៗ។ បើយើងមិនខិតខំធ្វើការ ទោះជាយើងមានទ្រព្យមហាសាល ជាកេរអាករ តម្កល់ពីដូនពីតាទុកជាយូរលង់ណាស់មកហើយក្ដី ក៏ទ្រព្យទាំងនោះ គង់នឹងវិនាសហិនហោចទៅអស់ ក្នុងថ្ងៃណាមួយ ខានមិនបាន ដោយសារតែការខ្ជិល ច្រអូស មិនចូលចិត្តធ្វើការ មិនអើពើមើលថែរក្សា របស់ទ្រព្យ។

ចំណងទី ៤ គឺ បំណុល៖ បំណុល មានគុណចាស់និងគុណថ្មី។ គុណចាស់ បានដល់ ឪពុកម្ដាយ ញាតិមិត្ត ដែលធ្លាប់មានគុណមកលើខ្លួន។ គុណថ្មី គឺគុណធ្វើទៅ ចំពោះកូនចៅ ញាតិមិត្រ អ្នកផង ជនដទៃ។ បំណុលនេះ ទោះជាគ្មាននរណាទាមទារសោះ ក៏យើងជាមនុស្ស មានឧត្ដមគតិ មានសតិសម្បជញ្ញៈ និង ភាពកតញ្ញូតា ត្រូវតែប្រឹងប្រែងងើបឡើង ដើម្បីតបស្នង សងគុណ ជនទាំងឡាយនោះ តាមដែលអាចធ្វើបាន។ វប្បធម៌ តបស្នងសងគុណ ដោយទឹកចិត្ត ស្មោះស បរិសុទ្ធ ជ្រះថ្លាចំពោះគ្នានេះ គឺជាវប្បធម៌ និងជាទំនៀម របស់អស់អ្នកប្រាជ្ញបណ្ឌិតទាំងឡាយ ដែលតែងសរសើរ លើកគុណកតញ្ញូតាធម៌ មិនដាច់ពីមាត់ ព្រោះថាលោកិយនេះ តែងចម្រើនទៅ ដោយសុខរមនា អាស្រ័យដោយគុណ និង ការតបស្នងចំពោះគុណ។
បំណុលម្យ៉ាងទៀត អាចជាបំណុលលុយកាក់ ឬ របស់ទ្រព្យ ចំពាក់ចំពិន ក្រិនប្រយោន៍ រវាងយើង និង ជនដទៃ។ នេះជាបំណុល ដែលមានអ្នកតាមទាមទារ ជាបំណុលដែលតែងមានម្ចាស់។ បំណុលបែបនេះ មិនមែនជាបុណ្យកុសល ដូចដែលបានរៀបរាប់រួចហើយនោះទេ តែវាគឺជាបំណុល ចងកម្ម ចងពៀរ រឹតកគ្នា យករស់រៀងៗ។ បើគ្មានអ្វីសងបំណុល អ្នកទារក៏យកច្បាប់ យកអាជ្ញា ទៅរឹបអូស យករបស់ទ្រព្យនានា ជាន់កគ្នាពន្លិច អោយវិនាសទៅ។ ប្រៀបដូចជាការឃើញនូវបុរសម្នាក់កំពុងលង់ទឹក ក៏ធ្វើជាហុចខ្សែទៅអោយតោង ហើយក៏ស្រាប់តែយកខ្សែនោះ ចងបុរសនោះ យ៉ាងជាប់ រួចហើយរុញទម្លាក់ទៅវិញ ដោយគ្មានក្ដីមេត្តា អាណិតអាសូរ។ បំណុលបែបនេះ ញាតិខ្មែរគ្រប់រូប គួរចៀសវាង អោយឆ្ងាយ។ នេះគឺជាបំណុល ដែលចងមនុស្ស អោយលិចលង់ តែប៉ុណ្ណោះ។ បើមានគេចិត្តល្អ ធ្វើទានសង្គ្រោះ ដោយស្មោះស្ម័គ្រ គួរទទួលយកបាន ក៏ទទួល។ តែបើដឹង ឬ សង្ស័យថា គេជាមនុស្សមានគំនិតអាក្រក់ ចង់បានផលចំណេញ ពីយើងទៅវិញ ដោយពាក់មុខល្អដាក់យើងត្រឹមមួយគ្រាទេនោះ នោះយើងគួរប្រុងប្រយ័ត្នអោយណាស់។ បើភ្លាត់ស្នៀត នឹងត្រូវបំណុលនោះ ចងរឹតៗ មិនខានឡើយ។

ចំណងទី ៥ គឺ ការរៀនសូត្រ៖ ទោះចេះដល់កម្រឹតណា ក៏យើងត្រូវស្វែងរកចំណេះមកបន្ថែម ដើម្បីរក្សាខ្លួនអោយជាមនុស្សប្រសិទ្ធ ព្រោះថា ចំណេះវិជ្ជាក្នុងលោក គ្មានដែនកំណត់ឡើយ។ អ្វីដែលយើងមិនធ្លាប់យល់ ត្រូវស្វែងយល់បន្ថែម។ អ្វីដែលមិនធ្លាប់ស្គាល់ ត្រូវរៀនសូត្រ ធ្វើការពិសោធន៍ អោយស្គាល់។ ការសិក្សា រៀនសូត្រ គឺជាចំណង ពេញមួយជីវិត ដែលចាំបាច់ជាងគេ ហើយមានសារៈប្រយោជន៍ សម្រាប់មនុស្សគ្រប់ៗរូប។ ការរស់នៅ ដោយងងឹតងងុល ប្រៀបបានទៅនឹងជន្លេនរស់ក្នុងដី ដែលមុជកប់បាត់ៗ មិនយល់ពន្លឺ ជួនត្រូវទឹកជំនន់ ក៏លិចលង់ ទៅជាចំណីត្រីអស់ លុះបានឡើងមកលើហើយ ក៏ត្រូវទៅជាចំណីបក្សីបក្សា ពុំនោះទេ ក៏ត្រូវគេដើរជាន់ ក្សិណក្ស័យទទេរៗ។ យើងជាមនុស្ស មិនត្រូវរស់ដូចជន្លេនឡើយ។ (សូមបញ្ជាក់ថា ជន្លេន មានប្រយោជន៍សំខាន់ណាស់ ក្នុងការដាំដុះ និង ផ្ដល់ជីវជាតិនានាដល់ដីដំណាំ ដូច្នេះ ជន្លេនមិនឥតប្រយោជន៍នោះទេ តែសូមលើកយកមកក្នុងពេលនេះ ដើម្បីធ្វើការប្រៀបធៀប ពីឆាកជីវិត និង ការរស់នៅ ឥតយល់ពន្លឺ តាមដែលអាចប្រៀបធៀបបាន។) យើងត្រូវតែស្គាល់ពន្លឺ គឺពន្លឺនៃប្រាជ្ញា ដែលមនុស្សរាប់តំណរ បូកគុណមិនអស់ បានព្យាយាមចងក្រងឡើង ទុកសម្រាប់អោយមនុស្សជំនាន់ក្រោយៗ ស្វែងយល់ យកទៅគិតពិចារណា ស្រង់យកប្រយោជន៍ សម្រាប់ដោះស្រាយបញ្ហានានាក្នុងជីវិត ដោយជោគជ័យ។ ចំណងនៃការសិក្សា គឺជាចំណងមួយ ដែលយើងត្រូវតែចងខ្លួនឯង ដោយខ្លួនឯង មិនគួរស្រាយសោះឡើយ។

ទាំងអស់នេះ ត្រឹមតែជាហេតុផល និង ការយល់ឃើញ ពីជ្រុងគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ បើប្រិយមិត្តមានអ្វីបន្ថែម ឬ ចង់ចូលរួមកែលម្អ សូមចូលរួម តាមការគួរ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login