ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ ៖ វណ្ណកម្មអក្សរសិល្ប៍ដែលកើតឡើងដោយកិច្ចសហការនិពន្ធរបស់ លោក ឌឹក គាម និងលោក មឿក អំ គឺរឿងភូមិតិរច្ឆាន ត្រូវបានគេចាត់ទុកជាកញ្ចក់មួយផ្ទាំងដែលឆ្លុះឱ្យឃើញពីតថភាពនៃជីវភាពសង្គមខ្មែរមួយដែលខ្មែរដូចគេលេបថ្មទំពារគ្រួស ព្រោះរស់រងទុក្ខធំដូចភ្នំរលំលើ ក្រោមការត្រួតត្រារបស់របបអាណានិគមអស់កាលជិតមួយសតវត្ស។ ក្នុងការសិក្សាវិភាគទាក់ទងនឹងរឿងភូមិតិរច្ឆានបានធ្វើឱ្យមានទស្សនៈខ្លះយល់ឃើញថា ភូមិតិរច្ឆានជារឿងខ្មែរមួយដែលមានលក្ខណៈជាតិ និងប្រវត្តិ។
តើភូមិតិរច្ឆានជារឿងខ្មែរដែលមានលក្ខណៈជាតិ និងប្រវត្តិដូចម្តេច?
ដើម្បីបានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្ដាប្រកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យពាក្យលក្ខណៈជាតិ ។ ពាក្យថាលក្ខណៈជាតិបាននិយាយដល់អត្ថបទរឺស្នាដៃសអក្សសាស្រ្ត ទាំងឡាយណាដែលបានបំផុសឆ្លុះឱ្យឃើញនូវជំនឿ ទំនៀមទំលាប់ ប្រពៃណីនៃជនជាតិណាមួយ។ ដោយឡែកចំណែកឯលក្ខណៈប្រវត្តិនោះ គឺលក្ខណៈដែលទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រកន្លងមក។ មតិដែលប្រធានខាងលើបានធ្វើការលើកឡើង មានអត្ថន័យសំដៅឱ្យមកស្រាយ អំពីលក្ខណៈជាតិ និងលក្ខណៈប្រវត្តិក្នុងរឿងភូមិតិរច្ឆាន។
វិភាគតាមរយៈដំណើររឿងភូមិតិរច្ឆានបានជាប្រការធ្វើឱ្យគេយល់ថា រឿងនេះមានបង្កប់ដោយលក្ខណៈជាតិ។ លក្ខណៈជាតិក្នុងរឿងភូមិតិរច្ឆានត្រូវបានគេរកឃើថាមាន២ផ្នែក គឺលក្ខណៈជាតិបារាំងនិងលក្ខណៈជាតិខ្មែរ។ លក្ខណៈជាតិបារាំងត្រូវបានគេកត់សំគាល់ឃើញតាមរយៈឥរិយាបថនិងសកម្មភាពនៃពួកទាហានជើងក្រហមដែលលោកបូដ្វាំងបានប្រមូលផ្ដុំមកដាក់នៅក្នុងបរិវេននៃវិហារព្រះកែវមរកតក្រុងភ្នំពេញដើម្បីត្រៀមលក្ខណៈចុះកប៉ាល់ទៅច្បាំងនៅឯប្រទេសបារាំង ក្នុងការហ្វឹកហាត់គេឃើញមានទាហានបារាំងខ្លះហាត់ដើរពើងទ្រូងតាមបែបទាហានអឺរ៉ុប។ទាហានខ្លះហាត់គំនាប់និងហាត់ចាប់ដៃរលាក់គ្នាតាមបែបអរិយធម៌អឺរ៉ុប។ ដោយឡែកចំណែកទាហានមួយចំនួនទៀតបានខំហាត់និយាយភាសាបារាំងឱ្យហើយ ដើម្បីទៅដល់ស្រុកបារាំងកុំឱ្យនិយាយភាសានេះខុសពីភាសាម្ចាស់ស្រុក។ ក្រៅពីលក្ខណៈបារាំងនេះភូមិតិរច្ឆានក៏បានបង្ហាញ
ពីលក្ខណៈជាតិខ្មែរតាមរយៈការលើកឡើងអំពីជំនឿតាមបែបមនុស្សខ្មែរដូចជាមានជំនឿលើវត្ថុស័ក្តិសិទ្ធិដោយគេជឿថាពួកទាហានបារាំងដែលស្នាក់អាស្រ័យនៅតាមថែវនៃព្រះកែវមរកតគេថាមកពីអ្នកទាំងនោះធ្វើឱ្យបាត់ មិនគោរព និងមិនបានសុំខមាលទោសពីវត្ថុសក្តិសិទ្ធិនៅទីនោះទើបធ្វើឱ្យទាហានទាំងនោះមានជំងឺគ្រុនក្ដៅញាក់ញ័ររាករូសបែបនេះ។ ក្រៅពីមានជំនឿលើវត្ថុសក្តិសិទ្ធិមនុស្សមានជំនឿលើការបន់ស្រន់បួងសួងអង្វរ កដែរតូយ៉ាងរឿងភូមិតិរច្ឆានបានបង្ហាញពីស្ត្រីមួយចំនួនដែលជាសង្សារបានចូលទៅធ្វើការបន់ស្រន់ដល់បារមីស័ក្តិសិទ្ធិរបស់ព្រះ ដោយសុំឱ្យលោកជួយតាមអភិបាលថែរក្សាសេចក្តីសុខសង្សាររបស់ខ្លួនកុំឱ្យបាត់បង់ជីវិតនៅស្រុកបារាំងហើយឱ្យឆាប់បានវិលត្រលប់មកស្រុកខ្មែរវិញ។ក្រៅពីជំនឿដូចរៀបរាប់ខាងលើខ្មែរនៅមានជំនឿមួយទៀត គឺជឿលើប្រផ្នូលធម្មជាតិ។ ភូមិតិរច្ឆានគេជឿថាបើមានផ្កាយដុះកន្ទុយមានរន្ទះបាញ់កំពូលចេតិយបែបនេះគេថាជាប្រផ្នូលអាក្រក់ដែលអាចកើតឡើងក្នុងស្រុកទេស។ ក្រៅពីលក្ខណៈជាតិរឿងភូមិតិរច្ឆានបានបង្ហាញពីលក្ខណៈប្រវត្តិដែលជាដំបូងដំណើររឿងបានបង្ហាញប្រវត្តិសាស្ត្រដែលទាក់ទងនឹងអាណានិគមបារាំងដែលបានចូលមកត្រួតត្រាមកលើប្រទេសកម្ពុជានាថ្ងៃទី១១ ខែសីហា ឆ្នាំ ១៨៦៥ ។ អាណានិគមបារាំងបានតាំង តំណាងមន្ត្រីជាន់ខ្ពស់ ឱ្យគ្រប់គ្រងដែល មន្រ្តីបារាំងនោះឈ្មោះហ្វ្រង់ស្វា បូដ្វាំងហើយនៅខេត្តនីមួយៗក៏មានតាំងមន្ត្រីតំណាងជាតិបារាំងម្នាក់ដែរដែលគេស្គាល់ថា រ៉េស៊ីដង់បារដេស។ ដំណើររឿងបានបង្ហាញជាប្រវត្តិសាស្រ្តដែលនៅក្រោមនឹងអាណានិគមបើរាស្ត្រខ្មែរណាម្នាក់រកប្រាក់បង់ពន្ធឱ្យបារាំងមិនបានគ្រប់គ្រាន់ទាន់ពេលវេលាទេនោះនឹងត្រូវរ៉េស៊ីដង់ចាប់ខ្មែរអ្នកជំពាក់ពន្ធដាក់ឃ្លាបឃ្នោះច្រវាក់ឈ្នាងនិងធ្វើទារុណកម្មដោយលោតទៅវាយដំច្រំធាក់ខ្មែរអ្នកជំពាក់ពន្ធ។ រឿងភូមិតិរច្ឆានបានរៀបរាប់ជុំវិញរឿងប្រវត្តិសាស្ត្រមួយស្តីអំពីព្រឹត្តិការណ៍១៨ មេសា១៩២៥នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលនៅទីនោះមានក្រុមអ្នកក្លាហានខ្មែរមានបក្សពួកចំនួន២០នាក់ដឹកនាំដោយអ្នកក្លាហាន២នាក់គឺម្នាក់ឈ្មោះ ជូននិងម្នាក់នៅ។ ក្រុមអ្នកក្លាហានខ្មែរទាំងអស់បានក្រោកឈរតស៊ូទាមទារសិទ្ធិសេរីភាពនិងយុត្តិធម៌សំរាប់ការរស់នៅដោយបានតស៊ូសងសឹកដោយបានតស៊ូសម្លាប់បាដែស សម្លាប់ ធី-សួន និង ថីឡាង ដែលជាកងសន្តិសុខប៉ុន្តែនៅល្ងាចនៃថ្ងៃដដែលក្រុមអ្នកក្លាហានក៏ត្រូវបានទាហានបារាំងធ្វើការសងសឹកដោយបានសម្លាប់អ្នកក្លាហានមួយចំនួននៅសមរភូមិត្រពាំងស្រែវ៉ា។ មួយចំនួនទៀតត្រូវបារាំងចាប់បាន ហើយយកទៅដាក់គុកនៅកំពង់ឆ្នាំងខ្លះឯកោះត្រឡាចខ្លះ ឯមួយចំនួនដែលសល់ពីស្លាប់និងសល់ពីបារាំងចាប់ បានរត់ប្រាសយកតែព្រះអាយុដោយសារតែក្រុមអ្នកក្លាហានបានក្រោកឈរសម្លាប់បារាំងបារដេសនោះហើយបានជាបារាំងដាក់ឈ្មោះភូមិក្រាំងលាវរបស់ខ្មែរឱ្យហៅថាភូមិតិរច្ឆានទៅវិញ។
ដូចនេះជាសរុបសេចក្តីមកឃើញថារឿងភូមិតិរច្ឆានគឺពិតជារឿងខ្មែរមួយ ដែលបានជួយបំផុស ឆ្លុះបញ្ចាំងប្រាប់យុវវ័យខ្មែរអ្នកសិក្សាឱ្យឃើញនិងស្គាល់អំពីលក្ខណៈជាតិនិងលក្ខណៈប្រវត្តិ។
យោងតាមខ្លឹមសារដូចបានបកស្រាយរួចមកនេះអាចឱ្យយើងវាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានហេតុផលត្រឹមត្រូវសមស្របទាំងស្រុងតាមការឆ្លុះបញ្ចាំងរបស់ដំណើររឿង។ ដោយសាររឿងភូមិតិរច្ឆានមានគុណតម្លៃបែបនេះហើយទើបបានជាអ្នកសិក្សាខ្មែរគ្រប់ជំនាន់បានចាត់ទុករឿងនេះថាជាកំរងឯកសារប្រវត្តិសាស្ត្រជាតិមួយនាំខ្មែរស្គាល់ពីស្រមោលអតីតកាលនៃសង្គមជាតិរបស់ខ្លួន។