ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ៖ កំនាព្យគឺជាសិល្បៈមួយបែប ដែលត្រូវបានកវីនិពន្ធចងក្រងឡើងប្រកបដោយលក្ខណៈសំបូរបែប ។ ជុំវិញស្នាដៃដ៏សំបូរបែបទាំងនោះ បានពន្លេចចេញនូវពីសកម្មភាពនៃជីវិតរបស់មនុស្សក្នុងយុគសម័យនីមួយៗ។ និយាយទាក់ទងទៅដល់បញ្ហានេះ មានការលើកឡើងជាមតិមួយថា “ការបង្ហាញពីរូបារម្មណ៍តាមរយៈកំនាព្យ បានផ្សាភ្ជាប់ទៅនឹង តថភាពនៃជីវិតពិតរបស់មនុស្សនៅក្នុងសង្គម”។
តើការលើកឡើងនេះមានខ្លឹមសារបែបណា?
មុននឹងធ្វើការបកស្រាយពន្យល់ខ្លឹមសារប្រធានបទខាងលើនេះ អោយមានន័យគ្រប់គ្រាន់ ត្រូវយល់ន័យពាក្យគន្លឹះរបស់ប្រធានជាមុនសិន ។ ពាក្យ “រូបារម្មណ៍” សំដៅទៅដល់ការពន្លេចចេញនូវរូបភាពក្នុងអារម្មណ៍។ ចំនែកពាក្យ “កំនាព្យ” គឺជាសិល្ប៍អត្ថបទពាក្យជួនត្រឹមត្រូវតាមក្បួនខ្នាត ដែលមានសមត្ថភាពពេញលេញ ក្នុងការខាប់អន្ទងដួងវិញ្ញាណអ្នកអាន អ្នកស្តាប់ អោយកក្រើករំពើកទៅតាមអត្ថបទនោះ ។ ចំណែកពាក្យ “តថភាព” គឺជាភាពពិតជាក់ស្តែងដែលត្រូវបានឆ្លុះបញ្ចាំង ។ ដូចនេះន័យរួមដែលប្រធានចង់បានតំរូវអោយធ្វើការបកស្រាយពន្យល់ ដើម្បីអោយឃើញពីការផ្សាភ្ជាប់ ទៅនឹងតថភាពនៃជីវិតពិតរបស់មនុស្សតាមរយៈ ការបង្ហាញពីរូបបារម្មណ៍ក្នុងកំនាព្យ ។
តាមន័យប្រធានខាងលើ បានបង្ហាញទាក់ទងទៅនឹងរូបារម្មណ៍នៃកំនាព្យដែលបានផ្សាភ្ជាប់តថភាពនៃជីវតិពិតរបស់មនុស្សក្នុងសង្គម ។ ក្នុងន័យនេះកាលណា និយាយរូបារម្មណ៍តាមរយៈអត្ថបទកាព្យ គឺកវីបានប្រើប្រាស់ភាពប៉ិនប្រសប់ក្នុងការតាក់តែង ដើម្បីផ្សាភ្ជាប់ទៅនឹងអារម្មណ៍របស់មនុស្សក្នុងបរិបទនីមួយៗ ដែលមានលក្ខណៈរូបីផង អរូបីផង ។ កវីបានប្រើប្រាស់រូបារម្មណ៍តាមវិធីបីយ៉ាងផ្សេងៗគ្នា ក្នុងនោះរូបារម្មណ៍ទីមួយគឺរៀបន័យរូបារម្មណ៍ដោយកវីបានលើកយកវត្ថុមួយ ទស្សនៈ ឬ សកម្មភាពមួយទៅប្រៀបធៀបនឹងវត្ថុមួយ ទស្សនៈ ឬ សកម្មភាពមួយទៀត ដើម្បីពន្លេចចេញនូវខ្លឹមសារ វត្ថុទី៣ ហើយខ្លឹមសារ នោះមានជីវិតមានចលនារស់រវើកក្នុងអារម្មណ៍អ្នកអាន អ្នកស្តាប់ ។ ចំណែកឯរូបារម្មណ៏ទី២ គឺ ឧបមារូបារម្មណ៍ដែលកវីប្រើពាក្យសំរាប់ការប្រៀបធៀបដោយមានសំនួនធៀបដើម្បីផ្សាភ្ជាប់ពីសកម្មភាពនៃជីវិតពិតរបស់មនុស្ស ក្នុងស្នាដៃរបស់ខ្លួន ។ រូបារម្មណ៍ទី៣ គឺរូបារូព្យារម្មណ៍ដែលកវីបង្ហាញពីអារម្មណ៍ដោយលើកយកវត្ថុទស្សនៈសកម្មភាព មកបង្ហាញអោយឃើញពីសកម្មភាពក្នុងសង្គមមនុស្ស។ រូបារម្មណ៍ដែលបានប្រើប្រាស់ក្នុងកំនាព្យ បានផ្សាភ្ជាប់ទៅនឹងតងភាព នៃជីវិតគឺ ផ្សាភ្ជាប់ទៅនឹងការរស់នៅរបស់មនុស្ស របៀបរបបនៃការគ្រប់គ្រងស្រុកទេស និន្នាការនយោបាយ ការប្រកបរបររកទទួលទាន ប្រកបការងារផ្សេងៗ ដែលស្របទៅតាមសមត្ថភាព និង សង្គមបរិយាកាស ។ ក្រៅពីនោះ ក៏បានផ្សាភ្ជាប់ទៅនឹងមនោសញ្ចេតនារបស់មនុស្សក៏ដូចជាការរក្សាការពារជាតិ បូរណភាពទឹកដី ការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពានការ រិះគន់របបសង្គម ការរក្សាទំនៀមទំលាប់ជាតិដើម ។ ជាក់ស្តែងនៅក្នុងកំនាព្យរឿងទុំទាវ ត្រង់ឃ្លា “រូបអូនសព្វថ្ងៃប្រៀបដូចផ្កា ឯអ្នកឧបមាដូចកន្លង់ ហើរមកឃើញផ្កាចូលត្រឹមត្រង់ រួចមិនបង្អង់ចរលីលា” ។ ក្នុងឃ្លានេះបានបង្ហាញពីជីវិតពិតនៃសេចក្តីស្នេហាក្រមុំ កំលោះតាម រយៈធម្មជាតិ ដោយយកខ្លួនឯងទៅប្រៀបធៀប ដើម្បីពន្លេចចេញនូវអារម្មណ៍អ្វីម្យ៉ាងស្តែង អោយចេញទឹកចិត្ត ។ ក្នុងអត្ថបទកំនាព្យមើលផែនដីខ្មែរត្រង់ឃ្លា “មនុស្សធម៌បង់បាត់ ខ្លួនមនុស្ស ចិត្តសត្វលែងស្គាល់ប្អូន ជាតិជាមួយគ្នា ចិត្តពាលយង់ឃ្នង មោឃបាំងជុំជិត”។ក្នុងឃ្លានេះបង្ហាញពីជីវិតពិតរបស់មនុស្សក្នុងសម័យកាលវាលពិឃាត គឺសម័យ ប៉ុល ពត ដោយបង្ហាញពីការបាត់បង់ភាពជាមនុស្ស ធ្វើការសំលាប់សូម្បីតែជាតិសាសន៍ឯង។
សរុបសេចក្តីមកអាចនិយាយបានថាការបង្ហាញពីរូបារម្មណ៍ក្នុងកំនាព្យគឺពិតជាបានផ្សាភ្ជាប់ទៅនឹងតថភាពជីវិតពិតរបស់មនុស្សនៅក្នុងសង្គម ។
ផ្អែកតាមការបកស្រាយពន្យល់ប្រធានបទខាងលើរួចមក អាចសន្និដ្ឋានបានថា ការលើកឡើងនេះមានខ្លឹមសារល្អ ព្រោះបានបង្ហាញពីរូបារម្មណ៍ក្នុងកំនាព្យដែលផ្សាភ្ជាប់ទៅនឹងតថភាពនៃជីវិតពិតរបស់មនុស្ស ។ ដូចនេះគប្បីសិក្សាស្វែងយល់ពីរូបារម្មណ៍ក្នុងកំនាព្យអោយបានច្បាស់លាស់ ទើបអាចមើលឃើញកាន់តែច្បាស់ពីការផ្សារភ្ជាប់ជីវិតមនុស្សពិតៗ ។