ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានបីទម្រង់គឺ ៖
- របបប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក ក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក ។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសមាជិកសភាដើម្បីបង្កើតស្ថាប័ននីតិប្បញ្ញត្តិសម្រាប់តាក់តែងច្បាប់និងប្រជុំអនុម័តកិច្ចការផ្សេងៗក្នុងប្រទេស ។ បោះឆ្នោតលើកទីពីរ គឺជ្រើសរើសប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិបត្តិច្បាប់ ។ ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង និងជាតំណាងប្រទេសជាតិផង ។ របបនេះអំណាចនីតិប្បញ្ញត្តិ និងអំណាច, នីតិប្រតិបត្តិនៅដាច់ពីគ្នា ។
- របបសភានិយម (ដូចជានៅប្រទេសអង់គ្លេសឬអូស្រា្ដលី) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីរើសសមាជិកសភា ។ គណបក្សដែលឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាលហើយអនុវត្តគោលបាយរបស់រដ្ឋតាមរដ្ឋធម្មនុញ្ញដែលចែងដោយស្ថាប័ននីតិបញ្ញត្តិ ។ របបនេះអំណាចនីតិប្រតិបត្តិជាផ្នែកមួយនៃអំណាចនីតិប្បញ្ញត្តិ ។
- របបពាក់កណ្តាលសភានិយមនិងប្រធានាធិបតីនិយមឬប្រជាធិបតេយ្យបែបចម្រុះ (ដូចជានៅប្រទេសបារាំង) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក ។ លើកទីមួយបោះឆ្នោតជ្រើសរើសសមាជិកសភា ។ គណបក្សឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាលមួយលើកទៀតជ្រើសរើសប្រធានាធិបតីជាតំណាងប្រទេសជាតិទាំងមូល ។ របបនេះមាននាយករដ្ឋមន្ត្រីផងនិងប្រធានាធិបតីផង ។