Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          រឿងរាមកេរិ៍ ជាវណ្ណកម្មមួយដែលប្រជាជនបានស្គាល់ និងយល់ស្ទើរតែគ្រប់រូប ។ មិនត្រឹមតែប៉ណ្ណោះរឿងរាមកេរិ៍នេះផងដែរ ក៏ត្រូវបានក្រសួងអប់រំយុវជន និងកីឡាបញ្ចូលក្នុងកម្មវិធីសិក្សាទៀតផង ។ យើងឃើញថាអ្នកនិពន្ធបានធ្វើអោយ តួអង្គព្រះរាម ជាតួអង្គដ៏អស្ចារ្យ និងអំណាចខ្លាំងក្លាណាស់ ។ ដូចនេះហើយទើបមានទស្សនះមួយលើកឡើងថា “តួអង្គព្រះរាម នៅក្នុងរឿងរាម​កេរិ៍ជាតួអង្គអច្ឆរិយ” ។

          តើតួអង្គព្រះរាមមានអ្វីខ្លះដែលបញ្ចាក់ថាជាតួអង្គអច្ឆរិយ ?

          ដើម្បីជាប្រទីបក្នុងការបំភ្លឺដល់ការបកស្រាយប្រធានយើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ “តួអង្គអច្ឆរិយ” សំដៅទៅដល់ មនុស្សដ៏អស្ចារ្យ ឬមនុស្សដែលគូស្ងើចសរសើរពេកក្រៃ តួអង្គដ៏ខ្លាំងពូកែ ដែលមនុស្សធម្មតាពុំអាចធ្វើបាន ។         ដូចនេះប្រធាន “តួអង្គព្រះរាមនៅក្នុងរឿងរាមកេរិ៍ជាតួអង្គអច្ឆរិយ” មានន័យថា តួអង្គព្រះរាម នៅក្នុងរឿងរាមកេរិ៍ជាមនុស្សដែលខ្លាំងពូកែជាងមនុស្សធម្មតា និងមានលក្ខណះគួអោយស្ងើចសរសើរជាទីបំផុត។ ជាការពិតណាស់ដែលព្រះរាមជាតួអង្គអច្ឆរិយ ព្រោះព្រះរាមជាតួអង្គមនុស្ស ដែលមានឬទ្ធានុភាពយ៉ាងអស្ចារ្យ ។ ដូចដែលយើងបានឃើញនៅក្នុងដំណើររឿង នៅពេលព្រះរាមធ្វើដំណើរទៅបួសនៅក្នុងព្រៃ ធ្វើអោយធម្មជាតិទាំងមូលប្រែជាស្វិតក្រៀមស្រពោនទៅជាស្រស់បំព្រងវិញ ហើយសត្វសាហាវប្រែជាស្លួតបួតវិញដែរ ។ ព្រះរាមមានសិល្ប៍សាស្រ្ដខ្លាំងពូកែ គ្មានគួផ្ទឹមឡើយ ។ តួយ៉ាងនៅពេលដែល ព្រះបិតាព្រះនាងសីតាគឺព្រះជនកបានប្រារព្ធពិធីលើកធ្នូសរ ដើម្បីជ្រើសរើសស្វាមីអោយនាងសីតា ធ្នូសរគ្មានស្ដេចអង្គណា ឬនរណាម្នាក់អាចលើករួចឡើយ មានតែព្រះរាមម្នាក់គត់ដែលអាចលើកធ្នូនេះរួចដោយសារតែព្រះអង្គមានកម្លាំងដ៏មហាសាល មានលក្ខណះពិសេសជាងនរណាៗទាំងអស់ ។ នេះជាកត្តា ដែលបង្ហាញថាព្រះរាមជាតួអង្គដែលមានលក្ខណះពិសេសជាងមនុស្សធម្មតា ។ ព្រះរាមជាស្ដេចដែលគោរពនូវពាក្យសត្យមិនប្រែក្រឡាស់ឡើយ ។ នេះជាចំណុចដ៏គូអោយកោតសរសើរជាងអ្វីៗទាំងអស់ ។ នៅពេលព្រះបិតាព្រះអង្គបានសន្យា ជាមួយនាងកៃកេសីថា និងអោយព្រះរាមទៅបួសនៅក្នុងព្រៃរយះពេល១៤ឆ្នាំ ព្រះអង្គក៏បានធ្វើតាមការសន្យានេះមិនបានកែប្រែឡើយ ។ មួយវិញទៀតតាមរយះដំណើររឿងយើងឃើញថា ព្រះរាមមានសកម្មភាពយ៉ាងសកម្មក្នុងការបង្រ្កាបតួអង្គដែលជាភាវះអាក្រក់ ដូចជាតួអង្គយក្ស សត្វតិច្ឆានជាដើម ។ ជាក់ស្ដែងព្រះរាមបានសម្លាប់យក្សឈ្មោះពិរោធ សំលាប់ពាលី និងកូនចៅក្រុងរាពណ៍ជាច្រើនទៀត ដើម្បីអោយពូកគេបានកើតជាថ្មីក្លាយជាភាវះល្អ ។ ព្រះរាមបានជួយរំដោះជីវិតរបស់ភាវះអាក្រក់ជាច្រើនអោយរួចផុតពីទណ្ឌកម្ម ដែលខ្លួនបានសាងពីអតីតជាតិ ។ លើសពីនេះទៀតព្រះរាមជាតួអង្គអច្ឆរិយព្រោះព្រះរាមមនុស្សដែលមានអំណាចលើអ្នកផងទាំងពួង ទោះជាព្រះអង្គទៅដល់ទីណាក៍មាន អ្នកចុះចូល និងសុំខ្លួនធ្វើជាកូនចៅជានិច្ច ។ តួយ៉ាងនៅពេលព្រះអង្គធ្វើដំណើរតាមរកនាងសីតា ព្រះអង្គបានទទួលហនុមានធ្វើជាកូនចៅ និងបានចងសម្ព័ន្ធភាពជាមួយសុគ្រីទៀតផង។ ពិសេសជាងនេះទៅទៀតសូម្បីតែ ភិភោគដែលជាកូនចៅរបស់ក្រុងរាពណ៍ ក៏មកចុះចូលជាមួយព្រះរាមដែរ ហើយជួយព្រះរាមជាច្រើនក្នុងការយកឈ្នះក្រុងរាពណ៍។ ព្រះរាមជាតួអង្គអច្ឆរិយត្រង់ថាព្រះអង្គ ជាតួអង្គមានឥទ្ធិពលខ្លាំងនៅគ្រប់ទីកន្លែងអ្នកណាក៏គោរព និងស្តាប់តាមសម្ដីរបស់ព្រះអង្គដែរ។ នៅក្នុងរឿងយើងឃើញថានៅពេលដែលព្រះលក្សណ៍ត្រូវរបួសហនុមានបានទៅរកថ្នាំ តែមិនទាន់ទាន់ពេលវេលា បន្ទាប់មកហនុមានបានទៅឃាត់ដំណើរព្រះអាទិត្យ ដើម្បីយកថ្នាំឲ្យព្រះលក្សណ៍ទាន់ពេលវេលា ព្រះអាទិត្យក៏ផ្អាកដំណើរតាម មិនត្រឹមតែព្រះអាទិត្យទេដែលគោរព និងកោតខ្លាចព្រះរាមសូម្បីតែទេវតាឋានលើក៏កោតខ្លាចឬទ្ធិអំណាចរបស់ព្រះរាមដែរ ។ នៅពេលដែលព្រះរាមគំរាមឲ្យទេវតាជួយដេញនាគឥន្ទ្រជិត ទេវតាបានអង្វរព្រះព្រហ្មណ៍ឲ្យលែងគ្រុឌ ដើម្បីបណ្ដេញនាគឥន្ទ្រជិតតាមបំណងរបស់ព្រះនិងទេវតាឋានលើគោរពកោតខ្លាច ។ អ្វីដែលបង្ហាញថារាមជាតួអង្គអច្ឆរិយជាងនេះទៅទៀតនោះ គឺឋិតនៅត្រង់ថាព្រះរាមជាអាវតារបស់ព្រះវិស្ណុ គឺព្រះនរាយណ៍ ដែលមានតួនាទីបង្ក្រាបភាវះអាក្រក់ទាំងឡាយដែលបំផ្លាញលោក។

សរុបសេចក្តីមក តួអង្គព្រះរាមពិតជាមានលក្ខណៈពិសេសជាច្រើនដែលបង្ហាញថា ព្រះអង្គជាតួអង្គអច្ឆរិយដូចជា ព្រះអង្គមានឫទ្ធានុភាពអស្ចារ្យ កម្លាំងមហាសាលមានសិល្ប៍សាស្ត្រខ្លាំងពូកែ គោរពពាក្យសត្យ អាចបង្ក្រាបភាវៈអាក្រក់បានដើម្បីជួយសង្គ្រោះពិភពលោក មានអំណាចលើអ្នកផងទាំងពួង សីម្បីតែទេវតាលើក៍កោតខ្លាចព្រះអង្គដែរ ជាពិសេសជាងនេះទៅទៀតព្រះអង្គ គឺជាអាវតារបស់ព្រះវិស្ណុ ។

ឆ្លងតាមការបកស្រាយខាងលើ ប្រធានពិតជាមានន័យខ្លឹមសារជ្រាលជ្រៅ ដែលបានបង្ហាញឲ្យពីភាពអស្ចារ្យរបស់មនុស្ស និងធ្វើឲ្យយើងបានយល់កាន់តែច្បាស់ពីតួអង្គព្រះវាម។ ក្នុងនាមយើងជាអ្នកសិក្សាមួយរូបត្រូវចេះស្វែងយល់អង្កេតមើល វិភាគនិងធ្វើការសិក្សាស្រាវជ្រាវទៅលើសកម្មភាពផ្សេងៗតាមរយៈដំណើររឿង ដើម្បីពង្រឹងចំណេះអភិវឌ្ឍសង្គមឲ្យមានការរីចចម្រើនដូចបណ្តាប្រទេសនានាលើពិភពលោក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login