ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ៖ ធម្មជាតិបានបង្កើតមនុស្ស កំពស់ នឹងភ្នំ មនុស្សក៏មិនអាចនឹង ចាប់ឈោងប្រវាអោយភ្នំអោយនៅក្នុងរង្វង់ដៃបានដែរ។ អាស្រ័យហេតុនេះហើយ ទើបចាស់បុរាណចងក្រងពាក្យមួយឃ្លាពោលថា “ ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាអោបភ្នំ ” ។
តើពាក្យមួយឃ្លាខាងលើមានអត្ថន័យខ្លឹមសារដូចម្តេច?
ជាគន្លឹះជៀសវាងក្នុងការយល់ច្រឡំដល់ការដោះស្រាយបញ្ហាខាងលើ យើងគប្បីយល់អត្ថន័យនៃពាក្យ “ តោង ឈោង និង ភ្នំ ” ជាមុនសិន។ តោង គឺសំដៅលើការលូកដៃទាំងពីរ ប្រឹងចាប់ដើម្បីអោយខ្លួនឡើងផុតពីទីទាប។ ឈោងចាប់ មានន័យថា ការស្រវាចាប់អោយជាប់នៅក្នុងដៃ។ ភ្នំ គឺធនធានធម្មជាតិ ដែលមាននៅលើផែនដី ហើយវាកើតឡើង ពីកំលាំងនៃទំនើងផ្នត់របស់ស្នូលផែនដី រុញច្រានស្រទាប់ពីខាងក្រៅ អោយប៉ោងឡើងលើមានទំហំធំ និងខ្ពស់ឥតគណនា។ ប្រធានបទខាងលើមានន័យថា មនុស្សមានមាឌតូចទាប កំលាំងតិច ហើយធម្មជាតិពិតនៃមនុស្សនេះមិនអាចមានសមត្ថភាពតោងស្រវាចាប់ ឬអោបយកភ្នំទាំងមូលតែម្នាក់ឯងបានឡើយ។ ពាក្យថា “ ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាអោបភ្នំ ” គឺចង់បង្ហាញពីធាតុពិត របស់មនុស្ស ហើយនិងភ្នំគឺមនុស្សមានមាឌតូចបំផុត ឯភ្នំវិញមានកំពស់និងទំហំធំមហិមា ដែលហេតុធ្វើអោយមនុស្សម្នាទាំងឡាយ មិនអាចមានសមត្ថភាពឈោងចាប់ភ្នំបានឡើយ តាមសមត្ថភាពរបស់មនុស្សអាចឈោងចាប់វត្ថុអ្វីសព្វយ៉ាងដែលមានទំងន់ និងមាឌតូចជាងខ្លួនតែប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងភ្នំ មនុស្សអាចស្លាប់បង់សង្ខារដោយសារតែជំរកភ្នំមួយភាគតូចនៃភ្នំ។ ដូចនេះមនុស្សទាំងឡាយ គប្បីមានមហិច្ឆតាខ្លួនអោយបានសមរម្យ ស្របទៅនឹងសមត្ថភាពរបស់ខ្លួនផងដែរ ទើបត្រឹមត្រូវ ហើយជៀសវាង មានភាពបរាជ័យ និងខាតបង់ប្រយោជ។ ឯពាក្យ “ ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាអោបភ្នំ ” ក្នុងន័យធៀបវិញគឺចង់បញ្ជាក់ចំពោះការរស់នៅរបស់មនុស្សក្នុងសង្គមសហគមន៍ ឬនៅក្នុងគ្រួសារដែលមិនចេះប៉ាន់ប្រមាណពីលទ្ធភាព និងសមត្ថភាពផ្ទាល់ខ្លួនហើយមានមហិច្ឆតា ធំហួសហេតុដែលនាំអោយខាងបង់ និងវិនាសអន្តរាយដល់ខ្លួនឯង។ ការប្រាថ្នាធំហួសប្រមាណនេះ ជាកត្តាមួយធ្វើអោយ កើតមាននូវបញ្ហាពិបាកជាច្រើនដល់ ការរស់នៅរបស់ខ្លួននិងគ្រួសារ ហើយនិងសង្គមជាតិផងដែរ។ ជាក់ស្តែងក្នុងសង្គមរបស់មនុស្ស អ្នកខ្លះរស់នៅក្នុងសង្គមគ្រួសារតូចទាប ខ្សត់ខ្សោយអសមត្ថភាព ដោយខ្វះការពិចារណាល្អិតល្អន់ ធ្វើអោយគេគិតខុសដោយមានមហិតច្ឆតាហួសប្រមាណ ដោយប្រថ្នាចង់អោយខ្លួនបានល្អលើសលុបដូចគេ ឬមានចិត្តប្រតិព័ទ្វទៅលើកូនកំលោះក្រមុំដែលរស់ក្នុងអំបូរខ្ពង់ខ្ពស់ថ្លៃថ្នូរ។ នេះគឺជាការប្រមើស្រមៃមួយដែលមិនអាចឈានទៅរកការសំរេចជោគជ័យបានឡើយ ហើយបែទៅជានាំមកវិញនូវភាពខាតបង់ ទាំងពេលវេលានិងគេរ្តិ៍ឈ្មោះក្នុងការរស់នៅទៀតផង។ ផ្សេងពីនេះ អ្នកខ្លះទៀតដោយសេចក្តីស្រមើប្រមៃខ្ពស់ធ្វើអោយខ្លួនបានគិតខុសហ៊ានប្រព្រឹត្តិនូវអំពើល្មើសច្បាប់ផ្សេងៗដែលជាហេតុនាំអោយមានទុក្ខទោសជាប់ខ្លូន។ អាស្រ័យហេតុនេះមនុស្សត្រូវគិតពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួនអោយច្បាស់លាស់ជាមុនសិន មុននិងចាប់កិច្ចការអ្វីមួយ ដោយហេតុនេះ ហើយទើបចាស់ទុំលោកពោលពាក្យ ប្រៀនប្រដៅ “ ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាអោបភ្នំ ” នេះជាមាគ៌ាសំរាប់ដើរទៅរកភាពរីកចំរើនជឿនលឿន និងសុភមង្គល់។ សរុបសេចក្តីពាក្យចាស់ខាងលើ ពិតជាមានលក្ខណល្អត្រឹមត្រូវ សំរាប់អោយមនុស្សយល់អំពីទង្វើដែលត្រូវធ្វើ និងសមត្ថភាពដែលខ្លួនមាន។
តាមរយៈការបកស្រាយខាងលើ ប្រធានបទមួយនេះមានអត្ថន័យខ្លឹមសារ ទូលំទូលាយសំរាប់អប់រំទូន្មានប្រៀនប្រដៅមនុស្សអោយយល់អំពីសមត្ថភាពផ្ទាល់របស់ខ្លួន ជៀសវាងធ្វើអ្វីអោយហួសពីសមត្ថភាព វាជាហេតុនាំអោយជួបប្រទះនិងការខាតបង់។ ដូចនេះកូនខ្មែរ ទាំងឡាយគប្បីខិតខំរៀនសូត្រ និងចេះស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនមុននឹងប្រព្រឹត្តិកិច្ចការផ្សេងៗ៕