Point Center Login Help
Norway

តើមានប្អូនៗប៉ុន្មាននាក់ដែល​មើលមេរៀនមុនគ្រូ មុននឹងគ្រូបង្រៀន​នៅម៉ោងរដ្ឋ? តើប្អូនមើលមេរៀនយល់បានកម្រិតណា? ក្រោយពីមើលមេរៀនហើយ តើប្អូន​អាចធ្វើលំហាត់ប្រតិបត្តិ ឬលំហាត់នៅក្រោយ​មេរៀនបាន​កម្រិតណា?

By: Rosa-KH
Date: 2021-07-14 12:32
Category: Tips
1263 0 2

សុកជាសិស្សថ្នាក់ទី១២ថ្មី ឆ្នាំសិក្សា​ ២០១៨-២០១៩។

កាលថ្នាក់ទី១១ សុកជាសិស្សខ្សោយគណិតវិទ្យាម្នាក់ព្រោះ​ប្រឡងប្រចាំខែបានពិន្ទុស្ទើរតែមិនជាប់ផង។

ឆ្នាំនេះសុកបានប្តេជ្ញាខិតខំរៀនមុខវិជ្ជាគណិតដោយបានផ្លាស់ប្តូរវិធីរៀនដែលធ្លាប់បានធ្វើកន្លងមក។ សុកបានយកសៀវភៅពុម្ពគណិតទី១២​(វិទ្យាសាស្រ្ត) យកមកមើលមេរៀនមុនគ្រូបង្រៀននៅម៉ោងរដ្ឋ ដោយ​ផ្ចិតផ្ចង់យកចិត្តទុកដាក់រហូតយល់មេរៀន រួចព្យាយាមធ្វើលំហាត់ប្រតិបត្តិ

ក្នុងសៀវភៅនោះ ធ្វើហើយផ្ទៀងផ្ទាត់ចម្លើយរហូតត្រូវអស់។ បន្ថែមលើនេះទៅទៀត សុក បានធ្វើលំហាត់នៅក្រោយ​មេរៀនបន្ថែម​ទៀត រហូតដល់យល់ច្បាស់ ហើយអាចធ្វើលំហាត់នោះ​បានស្ទើរគ្រប់​លំហាត់។

នៅពេលម៉ោងរដ្ឋដល់ម៉ោងគ្រូគណិតបង្រៀនមេរៀននោះ សុកខិតខំយកចិត្តទុកដាក់រៀន ហើយកត់សម្គាល់ចំណុចខ្លះដែលខ្លួន​មិនទាន់ច្បាស់ ហើយសួរគ្រូបន្ថែម ហើយនៅពេលគ្រូហៅឡើង​ធ្វើលំហាត់ សុកឡើងធ្វើលំហាត់ក្នុងមេរៀននោះយ៉ាងងាយ ព្រោះគាត់បានធ្វើហើយមុនគ្រូបង្រៀនទៅទៀត។

ការអនុវត្តរបៀបនេះ បានធ្វើឱ្យសុកចេះស្វ័យសិក្សាដោយខ្លួនឯងបន្ថែម ហើយ​តែងតែរៀនមេរៀនមុនគ្រូរហូត។ សុកបានចាប់ផ្តើមក្លាយខ្លួន​ជាសិស្សពូកែលើមុខវិជ្ជាគណិតនេះក្នុងចំណោមមិត្តរួមថ្នាក់ ហើយបាន​ពន្យល់និងបង្រៀន​មិត្តរួមថ្នាក់​បន្ថែមទៀត លើសពីនេះទៅទៀតបើមាន​ចំណុចមេរៀន ឬលំហាត់មិនយល់​សុកបានទៅសួរសិស្សច្បងដែល​ពូកែៗ​ដើម្បី​ពន្យល់បន្ថែមផងដែរ។

លើសពីនេះទៅទៀត សុកបានយកវិញ្ញាសាគណិតវិទ្យា​ប្រឡងបាក់ឌុបឆ្នាំមុនៗ​មកធ្វើ ដោយរៀនធ្វើវិញ្ញាសា​មួយៗដោយមិនមើលអត្រាកំណែមុន។ ពេលធ្វើរួចទើបផ្ទៀងផ្ទាត់​ចម្លើយតាមក្រោយ​ ហើយ​ បើមានចំណុចណា​ធ្វើខុស​គឺត្រូវកត់ចំណាំ ហើយរៀនធ្វើបន្តទៀតរហូតចេះស្ទាត់។

រយៈពេលមួយឆ្នាំកន្លងទៅ សុកបានប្រែខ្លួនពីសិស្សខ្សោយ​មុខវិជ្ជាគណិត រហូតក្លាយជាសិស្សពូកែគណិតក្នុងចំណោមមិត្តរួមថ្នាក់ និងក្នុងសាលា។ មិនមែនតែមុខវិជ្ជាគណិតតែមួយមុខនោះទេ សុកអនុវត្តនូវគ្រប់មុខវិជ្ជាដូចជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា នូវវិធីសាស្រ្តរៀនដូចខាងលើ។

នៅពេលប្រឡងឆមាសទាំងពីរលើក សុកទទួលបានចំណាត់ថ្នាក់​ល្អប្រសើរ ហើយចុងបញ្ចប់នៅពេលប្រឡងបាក់ឌុប ២០១៩ សុកទទួលបាននិទ្ទេសរួម B ដែលមុខវិជ្ជាគណិតទទួលបាននិទ្ទេស A ផងដែរ។

សុកបានប្រែក្លាយខ្លួនពីសិស្សខ្សោយម្នាក់ មកក្លាយជាសិស្សពូកែ​ម្នាក់ក្នុងចំណោមមិត្តរួមថ្នាក់ រហូតដល់បាននិទ្ទេសល្អ គឺដោយសារសុកផ្លាស់ប្តូររបៀបរៀន​ដូចខាងលើ។

បើប្អូនៗចង់កែប្រែខ្លួនទៅជាសិស្សពូកែ ចូរកែប្រែនូវទម្លាប់រៀន ទម្លាប់ខ្ជិល ទម្លាប់ចំណាយពេល​ឥតប្រយោជន៍កន្លងមក ហើយអនុវត្ត​នូវវិធីសាស្រ្តរៀនដែលប្រកប​ដោយ​ជោគជ័យដូចខាងលើ។


Reference:

https://web.facebook.com/hashtag/%E1%9E%9A%E1%9E%94%E1%9F%80%E1%9E%94%E1%9E%9A%E1%9F%80%E1%9E%93

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login