Point Center Login Help
Norway

សង្គមមួយរីកចម្រើនខ្លាំងទៅបាន លុះត្រាតែសង្គមនោះពោរពេញដោយធនធានមនុស្ស

By: Rosa-KH
Date: 2021-07-14 14:51
Category: Tips
1293 0 2

សង្គមមួយរីកចម្រើនខ្លាំងទៅបាន លុះត្រាតែសង្គមនោះពោរពេញដោយធនធានមនុស្ស ពោលគឺជាធនធានមួយដែលមានសក្ដានុពល មានការអប់រំខ្ពស់ មានសីលធម៌ គុណធម៌ ចរិយាធម៌ មានការគិតស៊ីជម្រៅ និងមានភាពជាពលរដ្ឋល្អក្នុងសង្គម។ ផ្ទុយទៅវិញប្រសិនបើពលរដ្ឋ ឬយុវជនក្នុងសង្គមមួយមានផ្នត់គំនិតពឹងផ្អែកទៅលើតែសង្គម ឬរស់នៅដោយចង់បានតែជំនួយពីសង្គម ប្រាកដណាស់សង្គមនោះមិនមានការរីកចម្រើននោះទេ។ មែនទែនទៅយុវជនគឺសំដៅដល់ក្រុមមនុស្សដែលកំពុងស្ថិតក្នុងបឋមវ័យ ដែលកំពុងត្រូវការជាចាំបាច់នូវការលូតលាស់ទាំងរាងកាយ កម្លាំងស្មារតី ចិត្ត និងបញ្ញា មិនខុសពីពាក្យចាស់លោកពោលថា (យុវជនជាសសរទ្រូងប្រទេសជាតិ) (យុវជនគឺជាទំពាំងស្នងឫស្សី)....។ ក្រៅពីការរៀនសូត្រ យុវជនគ្រប់រូបគួរតែចូលរួមការងារស្ម័គ្រចិត្ត ឬការងារសង្គមឱ្យបានច្រើនតាមលទ្ធភាពនិងពេលវេលាដែលខ្លួនមាន តែមិនមែនមានន័យថាស្ម័គ្រចិត្តរហូតភ្លេចរៀនសូត្រ ភ្លេចបាយ ភ្លេចទឹកនោះទេ ម៉្យាងការងារស្ម័គ្រចិត្តគឺពោរពេញដោយឱកាសសម្រាប់ការលូតលាស់របស់យើង អ៉ីចឹងហើយយុវជនគួរចេះទាញប្រយោជន៍ និងចេះចាប់យកឱកាសដើម្បីអភិវឌ្ឍខ្លួនឯង អភិវឌ្ឍសង្គមជាតិ និងសង្គមគ្រួសារ។ បច្ចុប្បន្នការងារស្ម័គ្របានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសយុវជនបានចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មលើការងារស្ម័គ្រចិត្តទាំងនោះ។

ការងារស្ម័គ្រចិត្តគឺជាការងារមួយជួយសង្គមមួយផ្នែក ហើយវាអាចធ្វើឱ្យអ្នកស្ម័គ្រចិត្តនោះមានអារម្មណ៍ថាសប្បាយ និងរីករាយក្នុងការរួមចំណែកជួយសង្គមជាតិ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចធ្វើឱ្យយើងមានបទពិសោធធ្វើការងារនោះផងដែរ ជាពិសេសគឺយល់ពីការងារជាក្រុម។ ការដែលយុវជនចូលរួមការងារស្ម័គ្រចិត្តច្រើននោះគឺនឹងអាចធ្វើឱ្យយុវជន ៖

»ស្គាល់មនុស្សប្លែកៗច្រើនដើម្បីបង្កើនចំណងមិត្តភាព

» អាចឱ្យយើងយល់ពីសង្គមមនុស្ស

» អាចធ្វើឱ្យយើងយល់ដឹងពីកិច្ចការងារជាក្រុម

» កាត់បន្ថយភាពតាងតឹង(ស្ត្រេស)

» អាចឱ្យយើងអភិវឌ្ឍបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន នៅពេលជួបមនុស្សថ្មីៗ

» អាចឱ្យយើងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយ ហើយមានទំនួលខុសត្រូវខ្ពស់

» ជាឱកាសសម្រាប់បញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដែលយើងមាន

» ចូលរួមចំណែកអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើននិងប្រសើរឡើង...។

ក្នុងនាមខ្ញុំជាអ្នកចូលចិត្តធ្វើការងារស្ម័គ្រម្នាក់ចង់បញ្ជាក់បន្ថែមដែរថា ការងារស្ម័គ្រចិត្តអាចផ្ដល់នូវគុណសម្បត្តិ និងគុណវិបត្ត ប្រសិនបើយើងប្រព្រឹត្តខុស មានន័យថា បើយើងគិតតែពីចូលរួមការងារស្ម័គ្រចិត្តហើយចោលការសិក្សា ឬចោលការងារស្នូលណាមួយនោះ ប្រាកដជាមានបញ្ហា ហើយមួយទៀតបើយើងធ្វើទាំងមិនដឹងគោលដៅច្បាស់លាស់ពីការងារនោះពោលគឺចេះតែស្ម័គ្រចិត្តតាមតែគ្នាបបួលដើម្បីតែភាពសប្បាយជួបជុំនោះក៏វាជារឿងមួយដែលមិនគួរគប្បីដែរ យើងមិនគួរស្រឡាញ់និងធ្វើការងារស្ម័គ្រចិត្តងប់ងល់ពេកនោះទេ គឺមានន័យថាយុវជនត្រូវស្ម័គ្រចិត្តធ្វើដោយមានស្មារតីទទួលខុសត្រូវ មានជំហររឹងមា មានគោលដៅ យល់ពីការងារនោះឱ្យបានច្បាស់ដើម្បីកុំឱ្យខាតពេលវេលា ។

ជារួមមកដើម្បីរុញនាវាសង្គមមួយឱ្យដំណើរទៅបានប្រកបដោយនិរន្តរភាព វិបុលភាព សុវត្ថិភាព និងសន្ដិតាពពេញលេញទៅបាន សង្គមនោះពិតជាត្រូវការចូលរួមយ៉ាងសស្រាក់សស្រាំពីយុវជនទាំងអស់គ្នាគ្រប់ទិសទី ហើយយុវជននោះត្រូវតែមានឧត្តមគតិ និងគិតប្រយោជន៍រួមជាធំ ជាពិសេសនោះគឺដឹងពីតួនាទីរបស់ខ្លួនផងដែរ។

#អត្ថបទលីម អាស៊ីគីន


Reference:

https://web.facebook.com/asikinofficial/photos/a.377691999552645/828290847826089/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login