Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវចែកចេញជា ៣០ មាត្រានិងមានខ្លឹមសារដូចខាងក្រោម ៖

  • មាត្រា ១ មនុស្សទាំងអស់ កើតមកមានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូរ ។ មនុស្សមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈជាប់ពីកំណើតហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតីភាតរភាពជាបងប្អូន ។
  • មាត្រា ២ មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ដោយគ្មានការប្រកាន់បែងចែកណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀតដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិពីកំណើត ឬស្ថានភាពដទៃទៀតឡើង ។

លើសពីនេះមិនត្រូវមានការប្រកាន់បែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងយុត្តាធិកា ឬដែនដីដែលបុគ្គលណាម្នាក់រស់នៅទោះបីជាប្រទេស ឬដែនដីនោះឯករាជ្យក្តីស្ថិតក្រោមអាណាព្យាបាលក្តី ឬគ្មានស្វ័យគ្រប់គ្រងក្តី ឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយនៃអធិបតេយ្យភាពក្តី ។

  • មាត្រា ៣ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន ។
  • មាត្រា ៤ គ្មានជនណាម្នាក់ស្ថិតនៅក្នុងទាសសភាព ឬស្ថិតនៅក្នុងទាសភាព ជាអ្នកបម្រើដាច់ថ្លៃឡើយ ។ ទាសភាព និងទាសពាណិជ្ជកម្មត្រូវហាមឃាត់ទោះតាមទម្រង់ណាក៏ដោយ ។
  • មាត្រា ៥ គ្មានជនណាម្នាក់ត្រូវទទួលទណ្ឌកម្ម ឬប្រព្រឹត្តកម្មកាចសាហាវអមនុស្សធម៌ ឬបន្ថោបបានឡើយ ។
  • មាត្រា ៦ ជនគ្រប់រូប មានសិទ្ធិឱ្យគេទទួលស្គាល់ថាជាមនុស្សនៅគ្រប់ទីកន្លែង ។
  • មាត្រា ៧ ជនគ្រប់រូប មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗ គ្នាដោយគ្មានការរើសអើង ព្រមទាំងប្រឆាំងនឹងការញុះញង់ឱ្យមានការរើសអើង ។
  • មាត្រា ៨ មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយសក្តិសិទ្ធិមួយនៅចំពោះមុខសាលាជំរះក្តីជាតិ ដែលមានសមត្ថភាពកិច្ចចំពោះអំពើទាំងឡាយណាដែលជាការរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ឬដោយច្បាប់ ។
  • មាត្រា ៩ គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬនិរទេសខ្លួនដោយបំពានឡើយ ។
  • មាត្រា ១០ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ពេញលេញក្នុងការស្មើសុំឱ្យតុលាការឯករាជ្យនិងមិនលំអៀងពិនិត្យរឿងក្តីរបស់ខ្លួនជាសាធារណៈ និងដោយសមធម៌ដើម្បីសម្រេចលើសិទ្ធិកាតព្វកិច្ច និងភាពសមហេតុផលចំពោះការចោទប្រកាន់ទាំងឡាយខាងបទព្រហ្មទណ្ឌមកលើខ្លួន ។
  • មាត្រា ១១ ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌត្រូវសន្មតជាជនគ្មានទោសរហូតដល់ពិរុទ្ធភាពត្រូវបានរកឃើញនូវក្នុងសវនាការជាសាធារណៈដែលធានាចាំបាច់ដើម្បីការពារជនជាប់ចោទពីបទល្មើសព្រហ្មទណ្ឌដោយបានប្រព្រឹត្ត ឬភ្លាំងភ្លាត់ប្រព្រឹត្តនូវអំពើដែលមិនបានចែងក្នុងច្បាប់ជាតិ ឬអន្តរជាតិ ។
  • មាត្រា ១២ គ្មានមនុស្សណាម្នាក់ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជនគ្រួសារទីលំនៅ ការឆ្លើយឆ្លង ឬការធ្វើឱ្យប៉ះពាល់ដល់កិត្តិយល និងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើយ ។
  • មាត្រ ១៣ មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋាននៅក្នុងព្រំដែននៃរដ្ឋនីមួយៗ ។ មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសមួយរួមទាំងប្រទេសរបស់ខ្លួនផងនិងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ។
  • មាត្រា ១៤ មនុស្សគ្រប់រូប មានសិទ្ធិស្វែងរក និងទទួលកន្លែងជ្រកកោនក្នុងប្រទេសដទៃទៀតក្នុងករណីមានការធ្វើទុក្ខបុកម្នេញមកលើខ្លួន ។ សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមកសំអាងបានទេក្នុងករណីមានការចោទប្រកាន់ពីបទល្មើសនៃនីតិវិធីរួម ឬពីការប្រព្រឹត្តណាដែលផ្ទុយពីគោលបំណង និងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិ ។
  • មាត្រា ១៥ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិមួយ ។ គ្មាជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្តូរសញ្ជាតិ របស់ខ្លួនដោយរំលោភបានឡើយ ។
  • មាត្រា ១៦ បុរស និងស្រ្តីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិញហ៍ និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬសាសនាឡើយ ។ បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ និងក្នុងពេលរំលាយអាពាហ៍ពិពាហ៍ ។ អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបានលុះត្រាតែមានការព្រមព្រៀងដោយសេរី និងពេញលេញពីអនាគតប្តី ប្រពន្ធ ។ គ្រួសារជាធាតុធម្មជាតិ និងជាមូលដ្ឋានរបស់សង្គម ហើយគ្រួសារមានសិទ្ធិទទួលការការពារពីសង្គម និងររដ្ឋ ។
  • មាត្រា ១៧ មនុស្សគ្រប់រូបទោះជាបុគ្គលក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិគ្មានជនណាម្នាក់ត្រូវបានដកហូតកម្មសិទ្ធិ ដោយបំពានឡើយ ។
  • មាត្រា ១៨ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងការគិតសតិសម្បជញ្ញៈ និងសាសនា ។ សិទ្ធិនេះរាប់បញ្ចូលតាមសេរីភាពផ្លាស់ប្តូរសាសនា ឬជំនឿព្រមទាំងសេរីភាពសម្តែងសាសនា ឬជំនឿរបស់ខ្លួនតែម្នាក់ឯង ឬជារួមជាសាធារណៈឬជាឯកជនតាមការបង្ហាត់បង្រៀន ការអនុវត្តជាទម្លាប់ ការគោរពបូជាព្រមទាំងការប្រារព្ធពិធីសក្តារៈផ្សេងៗ ។
  • មាត្រា ១៩ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ​ និងការសម្តែងមតិ ។ សិទ្ធិនេះមានរាប់បញ្ចូល ទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកកាទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ ។
  • មាត្រា ២០ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការបង្តើតសមាគមដោយសន្តិវិធី ។ គ្មានជនណាម្នាក់ត្រូវបានបង្ខិតបង្ខំចូលរួមក្នុងសមាគមណាមួយឡើយ ។
  • មាត្រា ២១ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំការសាធារណៈ នៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី ។ មនុស្សគ្រប់រូប មានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព ។ ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចក្នុងការដឹកនាំកិច្ចការសាធារណៈ ។ ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចក្នុងការដឹកនាំកិច្ចការសាធារណៈ ។ ឆន្ទៈនេះត្រូវបានស្តែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលកំណត់ និងពិតប្រាកដមានលក្ខណៈសកលស្មើភាព និងបោះឆ្នោត ដោយសម្ងាត់ ឬតាមនីតិវិធីសមមូលដែលធានាសេរីភាពនៃការបោះឆ្នោត ។
  • មាត្រា ២២ ក្នុងឋានៈជាសមាជិកនៃសង្គមមនុស្សគ្រប់រូបមានសិទ្ធិទទួលបានសន្តិសុខសង្គម និងមានបុព្វសិទ្ធិទទួលបានសិទ្ធិខាងសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ដែលចាំបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចម្រើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈការខិតខំរបស់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមការរៀបចំនិងតាមធនធានប្រទេសនីមួយៗ ។
  • មាត្រា ២៣ មនុស្សគ្រប់រូបមានសិទ្ធិធ្វើការងារ ជ្រើសរើសការងារដោយសេរីនិងធ្វើការងារក្នុងលក្ខខណ្ឌត្រឹមត្រូវ និងពេលចិត្តព្រមទាំងការពារប្រឆាំងនិងភាពអត់ការងារធ្វើ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើៗ គ្នាចំពោះការងារដូចគ្នា ដោយគ្មានការរើសអើង ។ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភសក្តារៈដោយសមធម៌និងពេញចិត្ត ដើម្បីធានាអត្ថិភាពរស់នៅរបស់ខ្លួន និងគ្រួសារឱ្យស្របនឹងសេចក្តីថ្លៃថ្នូរនៃមនុស្ស និងត្រូវបានបំពេញបន្ថែមទៀតតាមមធ្យោបាយផ្សេងៗនៃការការពារផ្នែកសង្គម ប្រសិនបើចាំបាច់ ។ មនុស្សគ្រប់រូប មានសិទ្ធិបង្កើត និងចូលរួមក្នុងសហជីព ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។
  • មាត្រា ២៤ មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និងលំហែកំសាន្តរួមបញ្ចូលទាំងកម្រិតម៉ោងការងារសមហេតុផល និងការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។
  • មាត្រា ២៥ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួនយើងនិងគ្រួសាររួមមាន ចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាពនិងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺ ពិការ ពោះម៉ាយ ឬមេម៉ាយ ចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន ។ មាតុភាពនិងកុមារភាពមានសិទ្ធិទទួលជំនួស និងការថែទាំពិសេស ។ កុមារគ្រប់រូបទោះកើតពីឪពុកម្តាយមានខាន់ស្លា ឬឥតខាន់ស្លាក្តីត្រូវបានទទួលការពារខាងសង្គមកិច្ចដូចគ្នា ។
  • មាត្រា ២៦ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ។ ការអប់រំត្រូវឥតបង់ថ្លៃ យ៉ាងហោចណាស់ សម្រាប់ការអប់រំបឋមសិក្សា និងអប់រំកម្រិតតមូលដ្ឋាន ។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច ។ ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈត្រូវរៀបចំឱ្យមានជាទូទៅ ។ ការអប់រំឩត្តមសិក្សាត្រូវបើកឱ្យចូលរៀនស្មើភាពគ្នា ។ ការអប់រំត្រូវសំដៅទៅរកការរីកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្សនិងការពង្រីកការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។ ការអប់រំនេះត្រូវលើកកម្ពស់ការយល់ដឹង ការអត់ឱនអធ្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាជាតិ និងក្រុមពូជសាសន៍ ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់សហប្រជាជាតិក្នុងការថែរក្សាសន្តិភាព ។ មាតាបិតាមានសិទ្ធិជាអាទិ៍ភាពក្នុងការជ្រើសរើសប្រទេសនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន ។
  • មាត្រា ២៧ មនស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់សហគមន៍​រីករាយនឹងសិល្បៈ និងចូលរួមចំណែកក្នុងវឌ្ឍនភាពវិទ្យាសាស្ត្រ និងបានទទួលផលប្រយោជន៍ពីលទ្ធផលវឌ្ឍនភាពនេះ ។ មនុស្សគ្រប់រូបមានសិទ្ធិ ទទួលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈដែលជាស្នាដៃរបស់ខ្លួន ។
  • មាត្រា ២៨ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម និងអន្តរជាតិដែលជាសិទ្ធិ និងសេរីភាពចែងក្នុងសេចក្តីប្រកាសនេះ អាចត្រូវសម្រេចឱ្យបានពេញលេញ ។
  • មាត្រា ២៩ មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ អាចបង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលក្ខណៈរបស់ខ្លួន ។ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមត្រូវកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈនិងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ ។ គ្មានករណីណាមួយដែលសិទ្ធិ និងសេរីភាពទាំងនេះអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិឡើយ ។
  • មាត្រា ៣០ គ្មានបទបញ្ញត្តិណាមួយនៃសេចក្តីប្រកាសនេះអាចត្រូវបានបកស្រាយដែលបណ្តាលឱ្យរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់មានសិទ្ធិបែបណាមួយ ដើម្បីធ្វើសកម្មភាព ឬប្រព្រឹត្តអំពើអ្វីមួយសំដៅបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្តីប្រកាសនេះឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login