សំណួរ
១. ចូររាប់ខែតាមសុរិយគតិឱ្យបានត្រឹមត្រូវ ។
២. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ ? ចូររៀបរាប់ ។
៣. នៅ ហេតុអ្វីបានជាត្រូវបង្កើតក្រសួង និងរដ្ឋលេខាធិការដ្ឋាន ?
៤. តើបរិស្ថានជាអ្វី ? បរិស្ថានចែកចេញជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?
៥. តើផ្លិតទាំងប្រាំ (ចាមរ បៃមន់ ភូតាន់ សែនត្វាន់ និងវីជនី) ដែលជារបស់តំណាងមង្គល ក្នុងចំណោមរបស់មង្គលទាំង១០៨ដែលព្រះពុទ្ធលោកបានចែងមានខ្លឹមសារដូចម្តេចខ្លះ ?
ចម្លើយ
១. រាប់ខែតាមសុរិយគតិឱ្យបានត្រឹមត្រូវ ៖
- មករា
- កុម្ភៈ
- មីនា
- មេសា
- ឧសភា
- មិថុនា
- កក្កដា
- សីហា
- កញ្ញា
- តុលា
- វិច្ឆិកា
- ធ្នូ ។
២. មូលហេតុដែលនាំឱ្យកើតឡើងអំពើហិង្សាក្នុងគ្រួសារគឺ ៖
- ស្រវឹង ៖ ធ្វើឱ្យភ្លេចភ្លាំងស្មារតី បាត់សតិប្តូរអត្តចរិតពីស្លូតទៅឈ្លើយ ឬសាហាវ ។
- ភាពក្រីក្រ ៖ មានភាពទ័លច្រក ខឹងសំបាមួម៉ៅ មានលក្ខណៈសុញគំនិត ។
- និកម្មភាព ៖ ការបណ្តេញចេញ ពីការងារដោយធ្វើការមិនបានល្អ គ្មានប្រាក់ចំណូល ។
- ភាពអវិជ្ជា ៖ អនក្ខរជន ល្ងង់ខ្លៅ មិនចេះពិចារណាថ្លឹងថ្លែងមានគំនិតទុទិដ្ឋិ ។
- តណ្ហា ៖ សំបូរទៅដោយកិលេសគិតមមៃតែការរួមភេទ មានបញ្ហារោគចិត្ត ។
- ការរើសអើង ៖ លើការស្លៀកពាក់ ប្រកាន់ហួងហែង មានទស្សនៈផ្ទុយគ្នា ។
- បាត់អាជីព ៖ មានការបាត់បង់ការងារធ្វើបាត់បង់ប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ។
- ចរិតមនុស្ស ៖ មានលក្ខណៈកាចសាហាវមិនរមទមក្រេវក្រោច អស្មិមានៈ ប្រច័ណ្ឌ ។
- គ្រឿងញៀន ៖ ធ្វើឱ្យបាត់បង់ស្មារតីទប់អារម្មណ៍មិនបានមិនអាចគ្រប់គ្រងខ្លួនបាន ។
- ល្បែងស៊ីសង ៖ មានភាពមួម៉ៅ នៅពេលលេងចាញ់តប់ប្រម៉ល់ វិញ្ញាណមិនជាប់ខ្លួន ។
- រៀបការវ័យក្មេង ៖ ការអប់រំនៅ មានកម្រិតមិនទាន់យល់អំពីតម្លៃនៃការរៀបការឱ្យបានស៊ីជម្រៅ ប្រកាន់តែឈ្នះរៀងខ្លួនជាដើម ។
៣. បានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋានព្រោះថា ៖
- ដើម្បីសម្រួលដល់កិច្ចការងាររដ្ឋបាល
- ដើម្បីជួយដល់ការងាររដ្ឋភិបាល
- ដើម្បីងាយស្រួលដល់ការគ្រប់គ្រងនិងពង្រីកវិស័យនានា
- ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសជាតិ (ផ្នែកអប់រំ យោធា សេដ្ឋកិច្ច អភិវឌ្ឍ)
- ដើម្បីឱ្យសមស្របទៅនឹងកាលៈទេសៈ ដែលតម្រូវឱ្យស្របនឹងស្ថានភាពរីកចម្រើន និងតម្រូវការពិភពលោក
- ក្រសួង និងរដ្ឋលេខាធិការដ្ឋាន គឺជារដ្ឋបាលថ្នាក់កណ្តាលដែលនៅជុំវិញទីស្តីការគណៈរដ្ឋមន្ត្រី ដែលគ្រប់គ្រងមន្ត្រីរាជការ បុគ្គលិក និងគ្រប់គ្រងវិស័យនានា ទៅតាមសាខានានា ដែលនៅជុំវិញខែត្រ នៃប្រទេសកម្ពុជា ។
៤. បរិស្ថាន គឺជាមជ្ឈដ្ឋាន ដែលនៅជុំវិញខ្លួនយើង ឬជារបស់របរវត្ថុ ដែលនៅលោកព័ទ្ធយើង ហើយមានឥទ្ធិពលដល់ជីវិត និងការលូតលាស់របស់បណ្តាភាវៈ ។ បរិស្ថានចែកចេញជា៣ផ្នែកគឺ ៖
- បរិស្ថានធម្មជាតិ រួមមានបរិស្ថានគ្មានជីវិត (ទឹក ដី ភ្លើង ខ្យល់ ភ្នំ ព្រៃឈើ) និងបរិស្ថានមានជីវិត មនុស្សសត្វ និងរុក្ខជាតិ ។
- បរិស្ថានមនុស្សជាសំណុំលក្ខខណ្ឌរូបសាស្ត្រ គីមី ជីវសាស្ត្រ រួមជាមួយកត្តាសង្គមនានាដែលកំណត់ ការរស់នៅរបស់មនុស្ស ក្នុងពេលជាក់លាក់ណាមួយ ។
- បរិស្ថានសង្គម មានដូចជាសំណង់អាគារហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអេកូឡូស៊ីរោងចក្រ សហគ្រាស សិប្បកម្ម សួនច្បារ វិមានរដ្ឋសភា វិមានរាជរដ្ឋាភិបាល និងសកម្មភាពសង្គមផ្សេងៗទៀត ។
៥. ផ្លិតទាំង៥រួមមាន ៖
- ចាមរ ជាផ្លិតតំណាងនូវមង្គលសម្រាប់សម្គាល់ និងតំណាងរាជរបស់ព្រះមហាក្សត្រ ។ ជាទូទៅនាគ្រាឡើងគ្រងរាជ្យនិងអភិសេកជាព្រះមហាក្សត្រគឺតម្រូវឱ្យមានរាជកធុភណ្ឌទាំង៥ ។ ចាមរ អាចយកមកប្រើជំនួសឱ្យស្វេតច្ឆត្របាន បើសិនគេរកស្វេតច្ឆត្រមិនបាន ដូចជាក្នុងគ្រាប្រទេសមានសង្គ្រាម ។
- ភូតាន់ ជាផ្លិតស្លឹកត្នោត ជាផ្លិតមង្គល ។ ដើមត្នោតបានចាត់ទុកជារបស់មានមង្គលដល់ប្រជាពលរដ្ឋខ្មែរ ពីព្រោះដើមត្នោតមានអត្ថប្រយោជន៍សព្វគ្រប់ បែបយ៉ាងនៃដើមរបស់ខ្លួនសម្រាប់ប្រជាជនខ្មែរ តាំងពីបុរាណរៀងមកហើយដើមត្នោត គឺជាអត្តសញ្ញាណតំណាងឱ្យប្រទេសកម្ពុជាផងដែរ ។
- បៃមន់ ជាផ្លិតស្លឹកមន់ ដែលតាំងពីបុរាណមក ប្រជាជនខ្មែរចាត់ទុកដើមមន់ ជារបស់មានមង្គលដែលមានអត្តប្រយោជន៍ខ្ពស់ ពីព្រោះវាមានប្រភពកំណើតតែមួយគត់សម្រាប់ផលិតសូត្រ ។ ប្រជារាស្ត្រយកស្លឹកមន់ទៅធ្វើចំណីរបស់ដង្កូវដួង ដង្កូវនាង សម្រាប់ធ្វើជាសូត្រក្នុងការធ្វើសម្ពត់ចរល្បាប់របស់ព្រះមហាក្សត្រ និងសម្លៀកបំពាក់នានាដែលធ្វើពីសូត្រ ដែលសូត្រគឺជាអត្តសញ្ញាណមួយនៃប្រទេសកម្ពុជា ។
- សែនត្វ័ន សែនមានន័យថា “ពន្លឹ” និងតៈវ័ន មានន័យថា ”ថ្ងៃ ឬព្រះអាទិត្យ” ជាផ្លិតមង្គលសម្រាប់បាំងពន្លឺថ្ងៃឱ្យអង្គព្រះមហាក្សត្រឱ្យព្រះអង្គ ប្រកបដោយសេចក្តីសុខព្រះអង្គកាយ និងសុខព្រះទ័យ ។
- វីជនី ជាផ្លិតមង្គល ផ្លិតសម្រាប់បកថ្វាយព្រះមហាក្សត្រទ្រង់ទទួលបានភាពមនោរម្យក្នុងបរិយាកាស ។