ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ណាប៉ូអុងកើតនៅក្រុងអាចាក់ ស៊ិអូ កោះខរ៍ស៊ិកា (Ajaccio, Corsica) គ.ស. ១៧៦៩ ក្នុងត្រកូលជនជាតិអ៉ីតាលីដែលក្រីក្រនិងមានកូនច្រើន (ចូរចាំថាណាប៉ូលេអុងមិនមែនជាឈាមជ័របារាំងឡើយ ការដែលអាចមកក្លាយជាអធិរាជក្នុងប្រទេសបារាំងបាននោះក៏ជារឿងដ៏អស្ចារ្យណាស់ ដោយសេចក្តីអនុគ្រោះរបស់ចៅហ្វាយក្រុងខរ៍ស៊ិកា ទើបបានចូលសាលា រៀនទាហានអាយុ ១១ ឆ្នាំ ។
លុះអាយុ ១៧ ក៏បានក្លាយជាអនុសេនីយ៍ត្រីហើយក្នុងរវាងនោះ ណាប៉ូលេអុងដំណើរជីវិតយ៉ាងក្រីក្រតោកយ៉ាកបំផុត ។
អាយុ ២៥ ឆ្នាំបានជាឧត្តមសេនីយ៍ឯកបានធ្វើសង្គ្រាមមានកេរិ៍្តឈ្មោះល្បីជាលើកដំបូងនៅក្រុងឡុងដ៏តែក៏មិនបានទទួលប្រយោជន៍តបស្នង ឲ្យសមនឹងស្នាដៃ ហើយពេលទទួលរងនូវការកៀបសង្កត់ខ្លាំង ណាប៉ូលេអុង ដល់ថ្នាក់គិតចង់ទៅ បម្រើរាជការនៅប្រទេសតួគឺវិញ តែចៃដន្យ ត្រូវបានជ្រើសរើសតែងតាំងឲ្យជាអ្នកបង្រ្កាបប្រជារាស្ត្រដែលរឹងទទឹងចំពោះរដ្ឋាភិបាលថ្មី ហើយធ្វើការបានជោគជ័យយ៉ាងល្អប្រសើរទើបធ្វើឲ្យឋានៈខ្ពង់ខ្ពស់ឡើងភ្លាមដែរ ។ បន្ទាប់មកបានរៀបអាពាហ៍ពិពាហ៍ជាមួយយោសេហ្វិនស្រីមេម៉ាយដែលមានការជិតស្និទ្ធជាមួយបុគ្គលវណ្ណៈខ្ពស់ជាហេតុជួយពង្រឹងឋានៈរបស់ណាប៉ូលេអុងកាន់តែរឹងមាំឡើង ។
រៀបអាពាហ៍ពិពាហ៍រួចក៏ទៅធ្វើសង្រ្គាមនៅប្រទេសអ៉ីតាលី ហើយទទួលបានជ័យជំនះជារឿយៗមក អាយុ ២៨ ឆ្នាំបានជាឧត្តមសេនីយ៍ឯក ហើយទៅធ្វើសង្គ្រាមនៅប្រទេសអេហ្ស៊ីបបានទទួលជោគជ័យយ៉ាងធំធេង នាំឲ្យណាប៉ូលេអុង បានទទួលការស្រឡាញ់រាប់អានពីប្រជាជននៅប្រទេសបារាំងទូទៅ។
បដិវត្តន៍ផ្តួលរំលំរបបរាជានិយមនៅបារាំងឆ្នាំ១៧៨៩
ក្នុងរវាងធ្វើសង្រ្គាមនៅប្រទេសអេហ្ស៊ីបនោះណាប៉ូលេអុង ជ្រាបយ៉ាងច្បាស់ថាអំណាចរដ្ឋាភិបាលធ្លាក់ចុះខ្សោយខ្លាំងណាស់ទើបត្រឡប់មកប៉ារីសវិញ ហើយដោយជ័យជំនះរបស់ខ្លួន ទើបមានមនុស្សគោរពស្រលាញ់ដល់ថ្នាក់បានក្លាយជាប្រមុខគណៈរដ្ឋបាល បានតាំងធនាគារ បារាំង ហើយនឹងព្រៀងច្បាប់រដ្ឋប្បវេណី ដែលកំពុងប្រើនៅក្នុងពេលនោះរហូតនៅទីបំផុតក៏បានប្រកាសខ្លួនជាព្រះរាជាធិរាជក្នុងអាយុ ៣៦ ឆ្នាំ ។
ពង្សាវតារបស់ណាប៉ូលេអុងតពីនេះក៏ពោរពេញទៅដោយសង្រ្គាមមិនឈប់ឈរ ហើយគង់គ្មានសេចក្តីសំខាន់ អ្វីក្នុងការនាំយកបញ្ជីជ័យជំនះរបស់ណាប៉ូលេអុងមកតម្កល់ទុកក្នុងទីនេះ ។
សករាជខ្មៅងងឹត (La Terreur) នៅបារាំង ក្រោយបដិវត្តន៍ឆ្នាំ១៧៨៩
ណាប៉ូលេអុងជាគំរូដ៏ខ្ពង់ខ្ពស់បំផុតក្នុងឋានៈមនុស្សដែលមានសេចក្តីរឹងមាំអត់ធន់ ពេលបានដាក់គម្រោងការអ្វីមួយចុះទៅហើយក៏ព្រមយកជីវិតចូលប្តូរដើម្បីជម្រុញគម្រោងការនោះឲ្យសម្រេចបាន។ ការដែលណាប៉ូលេអុងអាចនាំខ្លួនឡើងមកកាន់ឋានៈដ៏ខ្ពស់បំផុតដែល មនុស្សនឹងមិនងាយឡើងដល់ បានដូច្នេះក៏ព្រោះលក្ខណៈដែលរឹងមាំឡើងជាលំដាប់ជាចំនុចសំខាន់ ។
ណាប៉ូលេអុងបានទទួលការកោតសរសើរថាជាមេទ័ពដែលមានថ្វីដៃបំផុតក្នុងលោកតែក៏បានទទួលការនិន្ទា ជាច្រើនក្នុងរឿង ដែលទ្រង់ជាមនុស្សមានមហិច្ឆតាខ្លាំងគិតចង់តាំងខ្លួនជាអ្នកគ្រប់គ្រងអ៉ីរ៉ុប រហូតក្នុងទីបំផុតប្រទេសទាំងឡាយនាំគ្នាបែរមុខមកតស៊ូជាមួយណាប៉ូលេអុង ។
ណាប៉ូលេអុងបាក់ទ័ពលើកដំបូងនៅប្រទេស រុស្សី ហើយតពីនោះមកក៏ទទួលការបរាជ័យរហូត សត្រូវជិតចូលដល់ក្រុងប៉ារីស ណាប៉ូលេអុងប្រញាប់ត្រឡប់មកកាពារក្រុងប៉ារីស តែលុះមកជិតដល់ក៏បានជ្រាបថា រដ្ឋសភាបានប្រកាសតែងតាំងរដ្ឋាភិបាលថ្មីរួចទៅហើយ ទើបស្តេចត្រឡប់ទៅកាន់ហ្វង់តេនប្លូ (Fontainebleau) ដែលនៅឆ្ងាយពីក្រុងប៉ារីសប្រហែល ៦០ គីឡូម៉ែត្រ ហើយទ្រង់លាលែងចេញពីរាជសម្បត្តិ ចំណែកនៅឯខាងក្រុងប៉ារីសក៏តែងតាំងព្រះចៅលុយ (Louis) ទី១៨ ដែលជាពួជពង្សក្សត្រសម័យដើមរបស់បារាំងសេសឡើងគ្រងរាជជាព្រះចៅផែនដី។
ទោះណាប៉ូលេអុងលាលែងចេញពីរាជបល្ល័ង្កហើយក្តីសត្រូវរបស់ណាប៉ូលេអុងក៏នៅតែមិនទុកចិត្តទើបបង្គាប់ឲ្យរដ្ឋាភិបាលរបស់បារាំងយកណាប៉ូលេអុងទៅលែងចោលនៅលើកោះហើយ រដ្ឋាភិបាលបារាំងក៏ចាំបាច់ត្រូវធ្វើតាម ។ ណាប៉ូលេអុងព្យាយាមធ្វើគត់ព្រះអង្គឯង តែមានមនុស្សរារាំងទាន់ ហើយត្រូវបាននាំទៅលែងចោល នៅកោះអេលបាកាលពីថ្ងៃទី ១២ ខែមេសា គ.ស. ១៨១៣ ។
សូម្បីត្រូវបានលែងចោលនៅឯកោះហើយ ណាប៉ូលេអុងក៏នៅមិនទាន់អស់ពិសពុលនៅឯកោះនោះមិនដល់មួយឆ្នាំ ក៏លបចុះទូកតូចបណ្តែតឆ្លងកាត់នាវាចម្បាំងអង់គ្លេសដែលកំពុងយាមល្បាតបាន ហើយមកឡើងច្រាំងម្តងទៀត ។ ព្រះចៅលុយទី ១៨ ទ្រង់ជ្រាបក៏ទ្រង់បញ្ជូនកងទ័ពទៅចាំចាប់ខ្លួន តែពេលកងទ័ពទៅជួបណាប៉ូលេអុង ផ្ទុយពីការទៅចាប់ខ្លួន បែរជាត្រឡប់ មកទទួលយល់ព្រមចូលដៃជាមួយណាប៉ូលេអុងវិញទាំងកងទ័ព ។
បារាំងក្រោមការដឹកនាំរបស់អធិរាជណាប៉ូឡេអុង
ណាប៉ូលេអុងទើបបានកម្លាំងទាហានចូលមកប៉ារីស។ ព្រះចៅលុយទី ១៨ ក៏ស្តេចគេចខ្លួនទៅកាន់ប្រទេសបេលជៀមភ្លាមព្រោះទ្រង់ជ្រាបច្បាស់ថាបើរងចាំប្រឈមមុខជាមួយណាប៉ូលេអុង ហើយនោះនឹងត្រូវបានទទួលលទ្ធផលដូចម្តេចខ្លះ ។ ការដែលណាប៉ូលេអុង ត្រឡប់មកវិញគ្រានេះគ្រប់ប្រទេសនៅតំបន់អឺរ៉ុបចាត់ទុកថាជាការប្រកាសសង្រ្គាម ដោយត្រង់ទើបនាំគ្នាចោមរោមចូល ច្បាំងណាប៉ូលេអុង ចំណែកណាប៉ូលេអុងក៏តស៊ូដោយ ឃើញថាជាគ្រាចុងក្រោយនៃជីវិត ហើយនៅទីបំផុតណាប៉ូលេអុង ក៏ត្រូវបានចាប់ខ្លួននាកណ្តាលសមរភូមិប្រយុទ្ធ និងត្រូវបានបញ្ជូនទៅទុកនៅឯកោះ សែងអេឡេន នៅទីនោះ បាន ៦ ខែក៏ទិវង្គតក្នុងជន្មាយុ ៥២ ឆ្នាំ ។
ណាប៉ូលេអុងនៅជាមួយ យោសេហ្វិនមិនមានបុត្រ ទើបលែងលះដាច់ស្រឡះជាមួយយោសេហ្វិនហើយទៅអភិសេកជាមួយក្សត្រីប្រទេសអូទ្រីសមានព្រះរាជឱរសមួយអង្គដែលពេលណាប៉ូលេអុងត្រូវបានចាប់ទៅលែង នៅលើកោះហើយក៏ទៅនៅប្រទេសអូទ្រីស ។
ណាប៉ូលេអុងចាត់ទុកព្រះអង្គឯងថាជាព្រះចៅចក្រពត្តិ តាមការពិតក៏សមគួរទ្រង់គិតដូច្នោះព្រោះអំណាចរបស់ទ្រង់គ្របដណ្តប់ស្ទើរទាំងទ្វីបអ៊ឺរ៉ុបហើយ គិតថាព្រះអង្គប្រហែលទ្រង់ជ្រាបរឿងលទ្ធិរបស់ព្រាហ្មខ្លះដែរព្រោះតាំងតែបានក្លាយជាមហារាជាធិរាជហើយ ក៏ទ្រង់ប្រថាប់សេះសជារៀងរហូតមក។ តែទោះបីទ្រង់មានអំណាចវាសនា ច្រើនប៉ុណ្ណាក៏នៅមានរឿងដែលចម្លែកគឺ ទ្រង់អភ័ព្វក្នុងរឿងគ្រួសារ បងប្អូនទាំងឡាយ មិនស្ថិតនៅក្នុងឱវាទ ភរិយាមិនកោតក្រែង ផ្ទុយទៅវិញ ណាប៉ូលេអុងត្រឡប់ត្រូវកោតក្រែងមនុស្សទាំងនោះ ។
បានន័យថាអំណាចរបស់ណាប៉ូលេអុងក្នុងរឿងប្រទេសជាតិជាមួយរឿងគ្រួសារនោះខុសគ្នាឆ្ងាយ ។ មានរឿងពោលថាព្រះនាង យោសេហ្វិនមហេសីទ្រង់ចូលចិត្តចិញ្ចឹមសុនខ ចំណែកណាប៉ូលេអុងមិនចូលចិត្តតែមិនអាចថាអ្វីបាន ។ គ្រាមួយសុនខបាត់ ទ្រង់ត្រេកអរព្រះទ័យថាផុតទុក្ខហើយទ្រង់ហាមដាច់ខាតមិនឲ្យនរណានាំសុនខចូលមកក្នុងព្រះរាជវាំង តែតមកទៀតមិនបានប៉ុន្មានថ្ងៃ ព្រះមហេសីក៏មានសុនខមួយ ក្បាលទៀត ថ្វីបើជាការល្មើសព្រះរាជបញ្ជាក៏មិនប្រាកដថាទ្រង់ហ៊ានស្តីថាតែប្រការណាមួយឡើយ។
សៀវភៅរបស់អាធើរ៍ លេវី ចំអកចំអន់យ៉ាងមានហេតុផលថា “ ព្រះចៅចក្រពត្តិអ្នកមានព្រះបរមតេជានុភាព បង្រ្កាបអឺរ៉ុបស្ទើរគ្របដណ្តប់ទាំងទ្វីបតែនៅក្នុងព្រះបរមរាជវាំងរបស់ព្រះអង្គ ឯណោះវិញ សូម្បីគ្រាន់តែសុនខមួយក្បាលក៏ទ្រង់មិនអាចបណ្តេញចេញបានឡើយ ” ។