Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២០- តើទម្រង់នៃលិខិតរដ្ឋបាលត្រូវបានចែកចេញជាប៉ុន្មានផ្នែក ? មានអ្វីខ្លះ ? ដោយលើកយកឧទាហរណ៍មកផង ?

២១- ដូចម្តេចហៅថាលិខិតបទដ្ឋាន ?

២២- គេចេញលិខិតបទដ្ឋានដើម្បីអ្វី ?

២៣- តើលិខិតបទដ្ឋានរួមមានអ្វីខ្លះ ?

ចម្លើយ

២០- ទម្រង់នៃលិខិតរដ្ឋបាលត្រូវបានចែកចេញជា ៣ផ្នែកគឺ ៖

            ១- ចំណែកដើម

  • ឈ្មោះប្រទេស
  • បាវចនា
  • និមិត្តសញ្ញាស្ថាប័ន-អង្គភាព
  • ប្រភព
  • លេខលិខិត និងអក្សរកាត់លិខិត
  • ទីកន្លែង និងកាលបរិច្ឆទលិខិត
  • អ្នកផ្ញើ (បេសកជន)
  • រូបមន្តទំនាក់ទំនង
  • អ្នកទទួល (គម្យជន ឬកន្លែងទទួល)
  • តាមរយៈ
  • កម្មវត្ថុ
  • យោង
  • លិខិតភ្ជាប់ ។

ក-​ ក្បាលលិខិត ៖ នៅតាមក្រសួងស្ថាប័ន-អង្គភាពនានា គេនិយមបោះពុម្ពឲ្យមានក្បាលលិខិត រួចស្រេច ។

ក្បាលលិខិតរួមមាន ៖ ឈ្មោះហៅជាផ្លូវការនៃប្រទេសនិងបាវចនា និមិត្តសញ្ញាស្ថាប័ន​ ប្រភពលេខលិខិត និងអក្សរកាត់លិខិត និងទីកន្លែង និងកាលបរិច្ឆេទ ។

  • ឈ្មោះហៅជាផ្លូវការ នៃប្រទេសនិងបាវចនា គឺត្រូវសរសេរនៅចំកណ្តាលទំព័រជាតួអក្សរធំៗ បន្តិច ។

ឧទាហរណ៍ ៖

      ​​​​​                                                          ព្រះរាជាណាចក្រកម្ពុជា

                                                           ជាតិ សាសនា ព្រះមហាក្សត្រ

  • និមិត្តសញ្ញា ៖ គឺសញ្ញារបស់ស្ថាប័ន-អង្គភាព (Logo) និយមប្រើនូវសញ្ញាដែលបានបោះពុម្ពរួចស្រេចនៅលើក្រដាសម្រាប់សរសេរលិខិតជាផ្លូវការនានា ។

សញ្ញានេះ មានលក្ខណៈខុសៗគ្នាតាម ស្ថាប័ន អង្គភាព ។ សញ្ញានីមួយៗ មានអត្ថន័យជានិមិត្តរូននៃស្ថាប័ន ។

  • ប្រភព ៖ ប្រភពនៃលិខិត គឺឈ្មោះស្ថាប័ន ដែលជាម្ចាស់លិខិត ។ គេសរសេរឈ្មោះស្ថាប័ន នៅផ្នែកខាងលើងាកបែរខាងឆ្វេង ។ នៅក្រោមឈ្មោះស្ថាប័នមួយបន្ទាត់​ គេសរសេរលេខលិខិត និងអក្សរកាត់លិខិត ។

ឧទាហរណ៍ ៖ សាកលវិទ្យាល័យ........

                      លេខៈ........លស/សធម

  • ទីកន្លែងនិងកាលបរិច្ឆេទ ៖ សរសេរទីកន្លែងនិងកាលបរិច្ឆេទ ថិតនៅប៉ែកខាងស្តាំជាមួយបន្ទាត់ដែលសរសេរឈ្មោះស្ថាប័ន ។ ចំពោះលិខិតបទដ្ឋាន​ គេយកទីកន្លែង និងកាលបរិច្ឆេទ ដាក់ខាងក្រោមវិញ ។

ខ- អ្នកផ្ញើ ៖ ក្នុងលិខិតរដ្ឋបាល​ គេមិនត្រូវសរសេរឈ្មោះអ្នកផ្ញើទេ គឺគេសរសេរតែមុខងាររបស់អ្នកផ្ញើតែប៉ុណ្ណោះ ។ អ្នកផ្ញើ គឺត្រូវសរសេរឲ្យចំកណ្តាលទំព័រ ក្រោមបាវនា ប្រហែល ៤-៥ បន្ទាត់ ។

ឧទាហរណ៍ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

គ- រូបមន្តទំនាក់ទំនង

            នៅចន្លោះពីលើមកក្រោម រវាងអ្នកផ្ញើ និងអ្នកទទួល គេត្រូវប្រើពាក្យថា ៖

  • សូមគោរពជូន គោរជូន សម្រាប់ប្រើចំពោះអ្នកទទួលដែលមានថ្នាក់ខ្ពស់ជាងអ្នកផ្ញើ ឬប្រធានស្ថាប័នដែលសំខាន់ជាង ឬដើម្បីចង់សំដែងការគោរព ការគួរសម ។
  • ជម្រាបជូន សូមជម្រាបជូន សម្រាប់ប្រើចំពោះអ្នកទទួលដែលមានមុខងារស្មើ ។ ប៉ុន្តែចំពោះក្រសួងសំខាន់ៗមួយចំនួនក៏គប្បីប្រើពាក្យ  គោរពជូនសូមគោរពជូន ដែរ ។
  • ជម្រាបមក សម្រាប់ប្រើចំពោះអ្នកទទួល ដែលមានមុខងារទាបជាង ។

គំរូក្បាលលិខិត អ្នកផ្ញើ និងអ្នកទទួល

                                                                    ព្រះរាជាណាចក្រកម្ពុជា

                                                                 ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង................                                                                             រាជធានីភ្នំពេញ ថ្ងៃទី.......ខែ......ឆ្នាំ២០....

លេខៈ................

                                                                   រដ្ឋមន្រ្តី ក្រសួង..................

                                                                               ជម្រាបមក

                                                                    លោក..............................

ឃ- កន្លែងទទួល ឬអ្នកទទួល

            ក្នុងលិខិតរដ្ឋបាល គេមិនសូវសរសេរឈ្មោះអ្នកទទួលទេ គឺគេត្រូវសរសេរមុខងារអ្នកទទួលតែប៉ុណ្ណោះ ។ មុខងាររបស់អ្នកទទួល ត្រូវសរសេរក្រោមមុខងាររបស់អ្នកផ្ញើចន្លោះពីគ្នាពីលើមកក្រោមរវាងពាក្យ រូបមន្តទំនាក់ទំនង ។ ក្នុងការរៀបរាប់អំពីមុខងារអ្នកទទួល គេត្រូវពាក្យថា លោក លោកស្រី ឯកឧត្តម លោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯកឧត្តមអ្នកឧកញ៉ា....នៅពីមុខ តាមឋានៈ នៅ អង្គភាព ឬស្ថាប័ន នោះ ។ ពាក្យថា លោក លោកស្រី ឯកឧត្តម លោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯកឧត្តមអ្នកឧកញ៉ា ហៅថាគោរពងារ ។

            ​            ឧទាហរណ៍ ៖

                        ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

                        ឯកឧត្តមឧត្តមសេនីយ៍ឯក.......................

                        លោកជំទាវ.........................................

                        លោក ប្រធាននាយកដ្ឋាន.....................

                        លោកស្រី...........................................

            ត្រូវកត់សម្គាល់ថា ក្នុងការសរសេរមុខងាររបស់អ្នកទទួល ត្រូវសរសេរឲ្យត្រូវតាមមុខងាររបស់គេ ក្នុងស្ថាប័នរបស់គេ ។ ដូច្នេះនៅតាមការិយាល៧យនីមួយៗ គប្បីមានបញ្ជីឈ្មោះ ស្ថាប័ន អង្គភាព និង បញ្ជីឈ្មោះមន្រ្តីដែលទទួលខុសត្រូវ ស្ថាប័ន រាជធានី-ខេត្ត ទុកសម្រាប់ផ្ទៀងផ្ទាត់ នៅពេលមានការភ្លេចភ្លាំង ។

            បើអ្នកទទួលមានច្រើន​ ត្រូវសរសេរអ្នកទទួលដែលមានឋានៈខ្ពស់ជាងនៅខាងលើ បើសិនជារដ្ឋមន្រ្តីដូចគ្នាត្រូវសរសេររដ្ឋមន្រ្តីក្រសួងសំខាន់លើ ។ បើរាជធានី-ខេត្ត ត្រូវរៀបតាមលំដាប់ នៃរាជធានី-ខេត្ត ។

            ឧទាហរណ៍ ៖

                        ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ

                        ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា

            ចំពោះអ្នកទទួលពិសេសខ្លះ ដូចជាមន្រ្តីជាន់ខ្ពស់ដែលមានមុខងារ​ ដូចជាកងទ័ព ព្រះសង្ឃ សមាជិកនៃរាជវង្ស គេត្រូវប្រើពាក្យ ឋានន្តរស័ក្ត សង្ឃស័ព្ទ រាជស័ព្ទ និង ងារពីមុខ នៃមុខងារក្នុងក្របខ័ណ្ឌរាជការ ឬក្នុងឋានានុក្រមព្រះសង្ឃ ។

            ឧទាហរណ៍ ៖

                        ឯកឧត្តម ឧត្តមសេនីយ៍ឯក.............................

                        ឯកឧត្តម នាយឧត្តមសេនីយ៍..........................

                        សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី................

ង- តាមរយៈ

            តាមរយៈ ប្រើប្រាស់ក្នុងករណីសរសេរលិខិតឆ្លងកាត់ថ្នាក់លើ តាមលំដាប់របស់សាមីជន ដើម្បីសុំចំណារជាយោបល់ផ្សេងៗ ។ តាមរយៈ គេប្រើភាគច្រើនជាប្រភេទលិខិតស្នើសុំ ។

ច- ការសរសេរ កម្មវត្ថុ

                ពាក្យថា “កម្មវត្ថុ” ត្រូវសរសេរនៅខាងក្រោមកន្លែងទទួលចំនួន ០២ បន្ទាត់ ​ដោយចាប់ផ្តើមចំងាយពី ២.៣​ សង្ទីម៉ែត្រ ពីព្រំខាងឆ្វេង នៃទំព័រក្រដាស​ ។ ឯសេចក្តីនៃកម្មវត្ថុ ត្រូវចាប់សរសេរចំងាយ ២ ឬ ៣ តួអក្សរ ពីចំណុចពីរ “ : ” ។

កម្មវត្ថុ មានលក្ខណៈសំខាន់បីយ៉ាង ៖

  • ភាពតែមួយ នៃកម្មវត្ថុ លិខិតមួយច្បាប់ត្រូវមានកម្មវត្ថុតែមួយ ហើយបញ្ហាតែមួយគត់ ។
  • ការសង្ខេបខ្លីនៃកម្មវត្ថុ កម្មវត្ថុត្រូវតែរៀបរាប់ឲ្យខ្លី តាមធម្មតាគេសរសេរកម្មវត្ថុមិនឲ្យលើពីមួយបន្ទាត់ទេ លើលែងតែក្នុងករណីចាំបាច់ ។
  • ភាពច្បាស់លាស់នៃកម្មវត្ថុ សេចក្តីនៃកម្មវត្ថុ ត្រូវសរសេរឲ្យបានច្បាស់លាស់​ ហើយខ្លឹមសាររបស់វាត្រូវស្របនឹងសំណូមពរនៃលិខិត ។

ឆ-​ ការចុះ យោង

គេសរសេរ យោង ពីក្រោមកម្មវត្ថុមួយបន្ទាត់ឲ្យស្មើគ្នា ពីលើមកក្រោម ។

ក្នុងការសរសេរលិខិត​ គប្បីចុះឯកសារយោងបើមាន​​។ គំនិតផ្តើមនៃការសរសេរលិខិត គឺចេញមកពីលិខិតបទដ្ឋានរបស់ថ្នាក់លើ ពីសេចក្តីណែនាំរបស់ថ្នាក់លើ ពីខ្លឹមសារនៃសម័យប្រជុំរបស់ក្រសួង-ស្ថាប័ន ឬរបស់រាជរដ្ឋាភិបាល ឬលិខិតរដ្ឋបាលពាក់ព័ន្ធនានា ដូច្នេះគេត្រូវយកលិខិតដើមខាងលើមកធ្វើលិខិតយោង​ ។

លិខិតយោង មានន័យថា ជាលិខិតបង្អែក ដែលជាប់ទាក់ទងសាច់រឿងពីមុន ដើម្បីភ្ជាប់ដំណើររឿង ។ ការចុះលិខិតយោង ត្រូវសរសេរបញ្ជាក់ឲ្យច្បាស់នូវ លេខលិខិត អក្សរកាត់លិខិត ថ្ងៃខែឆ្នាំ ប្រភព និងកម្មវត្ថុរបស់វា បើសិនយោងទៅនឹងលិខិតបទដ្ឋានរបស់ថ្នាក់លើ ឬលិខិតរដ្ឋបាលនានា ។

ឧទាហរណ៍ ៖

យោងៈ លិខិតលេខ.........ចុះថ្ងៃ...........របស់ក្រសួង..............ស្តីពី.....................។

ចំណាំៈ ករណីយោងទៅ ស្មារតីកិច្ចប្រជុំ ឬមតិណែនាំរបស់លើ គេសរសេរ

យោងៈ ស្មារតីកិច្ចប្រជុំ ថ្ងៃទី......ខែ...........ឆ្នាំ២០.....របស់...............

តាមច្បាប់រដ្ឋបាល គេត្រូវផ្ញើលិខិតយោងទៅជាមួយលិខិតដែលត្រូវផ្ញើ ទៅកន្លែងទទួលផងដែរ ។ ចំពោះលិខិតឆ្លើយតប ពុំចាំបាច់ផ្ញើលិខិតយោងទៅជាមួយទេ ។

ជ- លិខិតភ្ជាប់ ៖ ពាក្យ “លិខិតភ្ជាប់” ត្រូវសរសេរនៅក្រោម “យោង” ឲ្យស្មើគ្នា ពីលើចុះក្រោមបើមាន ។ គេប្រើលិខិតភ្ជាប់ ក្នុងករណីដែលចង់បញ្ជាក់អ្វីមួយឲ្យច្បាស់លាស់បន្ថែមទៀត ដើម្បីជាភ័ស្តុតាង ឬអំណះអំណាង ដែលបេសកៈយល់ថាចាំបាច់ សម្រាប់ជាទឡីករណ៍ ។

គំរូ នៃចំណែកដើម

                                                                      ព្រះរាជាណាចក្រកម្ពុជា

                                                                   ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សាកលវិទ្យាល័យ............                                                                  រាជធានីភ្នំពេញ ថ្ងៃទី.....ខែ....ឆ្នាំ២០....

លេខៈ.......

                                                        សាកលវិទ្យាធិការ សាកលវិទ្យាល័យ............

                                                                               គោរពជូន

                                                                      ឯកឧត្តម រដ្ឋមន្រ្តី...............

                        តាមរយៈ.....................................................................            

                        កម្មវត្ថុៈ........................................................................ ។        

                        យោងៈ........................................................................ ។        

                        យោងៈ........................................................................ ។        

            ២- អត្តបទ

            ផ្នែកអត្តបទ ជាផ្នែកកណ្តាលនៃលិខិត ឬជាខ្លឹមសារនៃលិខិត ដែលត្រូវសរសេររៀបរាប់ឲ្យល្អតល្អន់ច្បាស់លាស់ ដែលក្នុងនោះបង្ហាញអំពីគោលបំណង និងមូលហេតុឲ្យបានច្បាស់លាស់ (ដំណើរឿង) បន្ទាប់មកលើកសំណូមពរដែលចង់បាន ដើម្បីឲ្យអង្គភាព ឬស្ថាប័ន អ្នកទទួលលិខិតពិនិត្យ ពិចារណាដោះស្រាយ ។

            ឧទាហរណ៍ ៖ ចំពោះការផ្តើមសរសេរអត្ថបទលិខិត

            សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ឬតាមកម្មវត្ថុខាងលើ ឬសេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ក្រសួងមហាផ្ទៃ មានកិត្តិយស សូមគោរពរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថាៈ ដោយពិនិត្យទៅលើ សំណូមពរចាំបាច់នៃការងារ និងពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាពបំពេញការងារកន្លងមក របស់នាយកនគរបាលជាតិ ក្នុងការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថេរភាពសង្គមក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ។ ក្រសួងមហាផ្ទៃស្នើសុំគោលការណ៍ សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាតំឡើងឋានន្តរស័ក្តិថ្នាក់...........ជូនលោក.......អត្តលេខ.........ជា...............។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចនាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។

            សូមសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

            ឧទាហរណ៍ ៖

            អាស្រ័យហេតុនេះ ខ្ញុំសូមលោកមេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ ។ ឬ

            អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោកមេត្តាពិនិត្យ និងសម្រេចតាមការគួរ ។ ឬ

            តាមសេចក្តីដូចបានរៀបរាប់ខាងលើ សូមឯកឧត្តម ចាត់ចែងឲ្យមានប្រសិទ្ធភាព តាមការគួរ ។ ឬ

            តាមសេចក្តីដូចបានរៀបរាប់ខាងលើ សូមឯកឧត្តមមេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។ ឬ

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាសម្រេចតាមសំណើខាងលើដោយក្តីអនុគ្រោះ ។ ឬ

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។ ឬ

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាជ្រាបជាព័ត៌មាន ។ ឬ

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាជ្រាបតាមការគួរ ។

            ចំណាំ ៖ ការលើកសំណូមពរ គឺវាប្រែប្រួលទៅតាមសាច់រឿងនៃលិខិត ។

            ៣- រូបមន្តបញ្ចប់

  • មុខងារអ្នកចុះហត្ថលេខា (មិនចាំបាច់សរសរម្តងទៀតក៏បាន ព្រោះបានបញ្ជាក់ខាងលើហើយ)
  • ហត្ថលេខាសង្ខេប
  • ការចុះហត្ថលេខា
  • បោះត្រាមូល
  • ត្រាឈ្មោះ

ក្នុងករណីប្រធានស្ថាប័នធ្វើប្រតិភូកម្មហត្ថលេខា ហើយអនុប្រធានស្ថាប័ន ចុះហត្ថលេខាជំនួស គេប្រើរូបមន្ត ដូចខាងក្រោមនេះ ៖

                                                                                                                                             ជ . រដ្ឋមន្រ្តី

                                                                                                                                           រដ្ឋលេខាធិការ

                                                                                                                                                  ឬ

                                                                                                                                           ជ . ប្រធាន

                                                                                                                                           អនុប្រធាន

                                                                                                                                                ឬ

                                                                                                                                         ​​ ជ. អភិបាល

                                                                                                                                          អភិបាលរង

                                                                                                                                                ឬ

                                                                                                                                  ជ . សាកលវិទ្យាធិការ

                                                                                                                                   សាកលវិទ្យាធិការរង

            ក្នុងការបោះត្រា មិនត្រូវបោះត្រាចំពីលើហត្ថលេខានោះទេ ពីព្រោះនាំឲ្យមើលហត្ថលេខមិនបានច្បាស់ បើក្នុងករណីមានការក្លែងបន្លំហត្ថលេខានោះ នាំឲ្យលំបាកក្នុងការធ្វើកោសស្យវិច្ឆ័យ ។ ដូច្នេះ ត្រូវបោះត្រានៅប៉ែកខាងឆ្វេង​ ដោយជាប់ហត្ថលេខាប្រហែលមួយភាគបី (១/៣) ទើបសមស្រប និងត្រឹមត្រូវជាង ។ គេបោះត្រាឈ្មោះអ្នកចុះហត្ថលេខា​ នៅពីលើត្រាទេ ។

  • ចម្លងជូន

            បញ្ហាខ្លះមានទំនាក់ទំនងដល់ក្រសួងនានា ដែលគប្បីត្រូវឲ្យជ្រាបដែរ ។ ដូច្នេះ គប្បីផ្ញើច្បាប់ចម្លងលិខិតនោះ ទៅឲ្យក្រសួង ឬស្ថាប័នទំាំងនោះផងដែរ ។

            ក. ក្នុងការចម្លងជូនត្រូវមានវិធានដូចខាងក្រោម ៖

  • ចម្លងជូនទៅអង្គភាព មិនមែនចម្លងជូនទៅបុគ្គលទេ គឺចម្លងជូនទៅស្ថាប័ន-អង្គភាពហើយបញ្ជាក់ពីគោលបំណង ចម្លងជូនឲ្យបានច្បាស់លាស់ ។
  • ចម្លងជូនទៅឋានៈខ្ពស់ជាង គេប្រើពាក្យបញ្ជាក់ពីគោលបំណងចម្លងជូនថា ដើម្បីជូនជ្រាបជាព័ត៌មាន
  • ចម្លងជូនទៅឋានៈស្មើ គេប្រើពាក្យបញ្ជាក់ពីគោលបំណងចម្លងជូនថា ដើម្បីជូនជ្រាបជាព័ត៌មាន
  • ចម្លងជូនទៅឋានៈទាបជាង គេប្រើពាក្យបញ្ជាក់ពីគោលបំណងចម្លងជូនថា ដើម្បីជូនជ្រាបជាព័ត៌មាន

           ខ. ទីតាំង ចម្លងជូន និង កន្លែងទទួល ថិតនៅខាងឆ្វេងនៃព្រំខាងក្រោម ឲ្យស្មើគ្នាពីលើមកក្រោម ជាមួយប្រភព ។

ការបញ្ជាក់អំពីគោលបំណងចម្លងជូន ក្រៅពី៣ថ្នាក់ខាងលើ គេនិយមប្រើការបញ្ជាក់ពីគោលបំណងចំជូនផ្សេងៗ ទៀតទៅតាមសាច់រឿងដូចជា ៖

  • ដើម្បីសហការ
  • ដើម្បីសហការជួយឧបត្ថម្ភ
  • ដើម្បីសហការជួយដោះស្រាយ ។

ឧទាហរណ៍

ចម្លងជូន ៖

  • ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជូនជ្រាបជាព័ត៌មាន
  • ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រាបជាព័ត៌មាន
  • សាលារាជធានីភ្នំពេញ ដើម្បីជាព័ត៌មាន
  • សាលាខ័ណ្ឌ ៧មករាដើម្បីជូសហការ
  • ឯកសារ-កាលប្បវត្តិ

ចំណាំ ៖

  • ប្រភេទឯកសាររដ្ឋបាល ដែលគេប្រើរូបមន្ត ចម្លងជូន គឺជាប្រភេទឯកសាររដ្ឋបាល ដែលនៅក្នុងរូបមន្ត ចំណែកដើម មានបង្ហាញអ្នកផ្ញើ និងអ្នកទទួល ។
  • ប្រភេទឯកសាររដ្ឋបាល ដែលគេប្រើរូបមន្ត កន្លែងទទួល គឺជាប្រភេទឯកសាររដ្ឋបាល​ ដែលនៅក្នុងរូបមន្ត ចំណែកដើម មិនមានបង្ហាញអ្នកផ្ញើ និងអ្នកទទួល ។

គំរូទម្រង់លិខិតរដ្ឋបាល

                                                                          ព្រះរាជាណាចក្រកម្ពុជា

                                                                     ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង.........................                                                                        រាជធានីភ្នំពេញ ថ្ងៃទី...ខែ....ឆ្នាំ២០..

លេខៈ........................

                                                                  រដ្ឋមន្រ្តីក្រសួង...................

                                                                          សូមគោរពជូន

                                                                 សម្តេច..............................

            តាមរយៈ ៖......................................។

            កម្មវត្ថុ ៖ សំណើ............................................។

            យោង ៖ ..........................................។

            លិខិតភ្ជាប់ ៖...............................................................................។

                             តាមកម្មវត្ថុ​ និងយោងខាងលើ ខ្ញុំបាទ សូមគោរពជម្រាបជូនសម្តេចដោយក្តីគោរពដ៏ខ្ពង់                     ខ្ពស់ថា.....................................................................................................។

                             អាស្រ័យហេតុនេះ សូមសម្តេច​...................................................។

                            សូម សម្តេច មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។

                                                                                                                                                  ម៉េង ​សុក

 

ចម្លងជូន ៖

  • ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជូនជ្រាបជាព័ត៌មាន
  • ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រាបជាព័ត៌មាន
  • សាលារាជធានីភ្នំពេញ ដើម្បីជាព័ត៌មាន
  • ឯកសារ-កាលប្បវត្តិ

២១- លិខិតបទដ្ឋាន គឺជាសេចក្តីសម្រេច ដែលមានខ្លឹមសារជាបទប្បញ្ញតិទូទៅ ឬឯកត្តភូត ហើយមានលក្ខណៈគិតយុត្ត​ ចេញដោយព្រះមហាក្សត្រ ក្នុងនាមប្រមុខរដ្ឋ និងអាជ្ញាធររដ្ឋបាល (ក្នុងនាមរដ្ឋាភិបាល ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឬក្រុង-ស្រុក-ខណ្ឌ​ ឃុំ-សង្កាត់ និងអង្គភាពនានា) ។

២២- គេចេញលិខិតបទដ្ឋាន គឺដើម្បីបង្កើតរដ្ឋធម្មនុញ្ញ បង្កើតច្បាប់នានា តែងតាំងមុខតំណែង-ឋាននន្តរស័ក្តិ ដកហូតមុខតំណែង-ឋាននន្តរស័ក្តិ ផ្ទេរភារកិច្ច ដាក់ឲ្យចូលនិវត្តន៍ លើកលែងទោស ផ្តល់មេដាយនិងគ្រឿងឥស្សរិយយស តែងតាំងឧកញ៉ា ការបង្កើត គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ គ្រឹះស្ថាន និងអង្គភាពនានា ។

២៣- លិខិតបទដ្ឋានទាំងនោះរួមមាន ៖

  • ព្រះរាជក្រម
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • ដីកា
  • សេចក្តីសម្រេច
  • សារាចរ ។

លិខិតបទដ្ឋាននេះ នឹងមានបកស្រាយលំអិត នូវជំពូកស្តីពីលិខិតបទដ្ឋាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login