Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយអំពីប្រភពពិធីបុណ្យប្រណាំងទូក ?       

២. តើពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅពេលណា ?

៣. តើគេប្រារព្ធពីធីបុណ្យអុំទូក អកអំបុក ដើម្បីអ្វី ?

៤.តើពិធីបុណ្យអុំទូកគេប្រារព្ធធ្វើអស់រយៈពេលប៉ុន្មានថ្ងៃ ?

៥. តើពិធីបណ្តែតប្រទីបមានប្រភពមកពីណា ?         

៦. តើពិធីសំពះព្រះខែ អកអំបុកមានប្រភពមកពីណា ?

ចម្លើយ

១. ប្រវត្តិនៃបុណ្យអុំទូក មានតាំងពីបុរាណដ៏យូរលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាក្នុងសិលាចារឹកផងដែរ ។ ចំពោះពិធីបុណ្យអុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីក៏មានការធ្វើប្លែងៗគ្នាដែរ ។

          ១. តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតពីដើមបានចែងថា ៖

          នៅសម័យអង្គរនាសតវត្សទី១២ នៅក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ចេញទៅធ្វើសង្គ្រាមជើងទឹក បង្រ្កាបពួកចាមដោយកងទ័ពទូករបស់ទ្រង់ ចំបាំងនេះជាចំាបំាងរំដោះក្រុងកម្ពុជាឲ្យគេច ផុតពីខ្មាំងសត្រូវ ( គ.ស ១១៧៧ . ១១៨១ ) ចម្លាក់ស្តីពី ចម្បាំងនេះ គឺមានធ្លាក់នៅជញ្ជាំង ប្រាសាទបន្ទាយឆ្មារនិង ប្រាសាទបាយ័ន ។ 

          យើងឃើញថា នៅក្នុងចម្លាក់នៅ គឺមានទ័ពទូកយ៉ាងច្រើន ដែលមានព្រះឆាយាល័ក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ផងដែរ ដែលប្រថាប់ឈរលើទីតាំងនាវាចម្បាំង ដោយទ្រង់ធ្នូរ និងដំបង់យ៉ាងស្វាហាប់នៅក្នុងចំណោម កងទ័ពទូកទាំងឡាយ ។

          ២. បើតាមឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន    ជាអាចារ្យ នៅពុទ្ធសាសនបណ្ឌិតរង ខេត្តឃ្លាំង នៅកម្ពុជាក្រោមបាននិយាយថា៖

          នៅសម័យលង្វែក ឆ្នាំ១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាល ជាស្តេចត្រាញ់ នៅកម្ពូជាក្រោមស្រុកបាសាក់ ។

          ស្តេចត្រាញ់នេះ បានចាត់របៀបរៀប ចំការពារស្រុកមានដូចតទៅ៖

          ក្រុមទី១៖ ហៅទ័ពស្រួច ហាត់ចចម្បាំងនឹងងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងរបស់យើងសព្វថ្ងៃ

          ក្រុមទី២៖ ហៅថាទ័ពជំនួយ ហាត់ចម្បាំង នឹងទុកចែវដែល មានទ្រង់ទ្រាយដូចទូប្រណាំងយើងសព្វថ្ងៃ

          ក្រុមទី៣៖ ហៅថាទ័ពបាសាក់ គឺទូកធំមាន​ដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុក ចាយ ទែរាងស្តួចវែង មានដំបូលតែមួយកាត់ខាងមុខខឥតជញ្ជាំង ។ ជាទូកដឹកស្បៀងអាហារសម្រាប់កងទ័ព ។

          របៀបបង្ហាត់ច្បាំង តាមទំនៀមស្តេចត្រាញ់កម្ពុជាក្រោម ស្តេចលើមន្រ្តីបួនទិស ដែលស្ថិតនៅក្នុងឱវាទសិ្នទ្ធភូបាល ស្តេចត្រាញ់គ្រប់ជំពូក ដែលបញ្ញត្តិច្បាប់សម្រាប់ស្រុក​។កំណត់ថ្ងៃពេញបូណ៌មី ខែកក្តិករដូវអកអំបុកសម័យនោះមន្រ្តីទាំង៤ទិស ត្រូវកេណ្ឌទ័ពទាំងជើងទឹក ទាំងជើងគោកមកធ្វើសមយុទ្ធយោធា មួយថ្ងៃមួយយប់រាល់ឆ្នាំ ។

          ចំណែកទាហានជើងទឹក ត្រូវទៅប្រឡងឬទ្ធីឯទន្លេពាមកន្ថោ ក្នុងខេតឃ្លាំង ត្បិតទីនោះជាទីប្រជុំនៃមាត់ច្រកទឹកគ្រប់ខេត្តអាចធ្វើដំណើរទៅមកបានស្រួល ។

          តាមសៀវភៅឯកសារទាំងពីរខាងលើយើងអាចសន្និដ្ឋាន បានថាប្រទេសកម្ពុជាសម័យបុរាណជាប្រទេសដែលមានកងទ័ពជើងទឹកខ្លាំងពូកែនិងមានវិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតគឺជាប់ដំណមកពីសមយុទ្ធនៅសម័យបុរាណនេះឯង ។

          ៣. ឯកសារខ្លះ​បាននិយាយថាពិធីបុណ្យអុំទូកនេះគឺជា ពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ នៅប្រទេសកម្ពុជាបុណ្យនេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវ របស់ជនជាតិអឺរ៉ុបដែលមានឈ្មោះថាសាំង ហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។

          ប្រពៃណីខ្លះមានប្រវត្តិ ជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិព្រះពុទ្ធ ។ ប៉ុន្តែមានការបកស្រាយមួយដែលអាចយក ជាការបានគឺក្នុងបំណងណដឹងគុណដល់ព្រះគុង្គា និងព្រះធរណីដែលបានផ្តល់ជីវភាពរស់នៅនិងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឲ្យកករល្អក់ ។   

 ២. ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅ ថ្ងៃពេញបូណ៌មី ខែកក្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មាន ខែ មក ហើយបានធ្វើឲ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថាស្រូវក្នុងស្រែកំពុងតែទុំហើយ ។ នៅពេលនៃជំនន់ នាខែសីហា វិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានហូរចាក់ស្រោចស្រពបឹងបួរ តាមរយៈទន្លេសសាបដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រក ដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងទៅត្បូងវិញ ។

          ទឹកជំនន់ទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេប្រទេសចិនបានផ្តល់នូវកំណើនជីវភាពស្រុកស្រែចំការនៅកម្ពុជា ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឲ្យដីមានជីជាតិបានបង្កនូវធនធានយ៉ាងសំបូរបែបនៅកម្ពុជា ។

          ដំណាំទាំងឡាយ ដែលកសិករខ្មែរ ធ្វើតាមសសង្វាក់នៃទឹកសម្រកបានផ្លល់នូវផលយ៉ាងច្រើនរាំងស្កាត់នូវគ្រោះទូរភក្សិនិងផ្តល់សុភមង្គល ។ ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរក៏កំណត់យកថ្ងៃពេញបូណ៌មី ខែកក្តិករៀងរាល់ឆ្នាំរៀបចំពិធីបុណ្យ អំទូកបណ្តែតប្រទីប សំពះ ព្រះខែ អកអំបុក ។

៣. ដើម្បីសម្តែងនូវមនោសញ្ចេតនាដឹងគុណ ចំពោះទន្លេសាប ដែលបានផ្តល់ជីវជាតិយ៉ាងសំខាន់ បម្រើឲ្យវិស័យកសិកម្ម ។

៤. ពិធីបុណ្យនេះគេប្រារព្ធធ្វើអស់រយៈ៣ថ្ងៃ គឺថ្ងៃ១៤ កើត ១៥កើតនិងថ្ងៃ១រោជ ខែ កក្តិក នៅទន្លេសាបនាកំពង់ផែមុនព្រះបរមរាជវាំង ។

៥. ប្រភពនៃពិធីបុណ្យបណ្តែតប្រទីបគឺ៖

តាមគម្ពីរទាថាវង្ស ភាសាបាលី បានចែងថាព្រះចង្កូមកែវ ទាំងបួននៃព្រះសម្មាសម្ពុទ្ធប្រតិស្ថានទៅទីទាំង៤គឺ៖

  • នៅស្ថានត្រៃត្រឹង្ស
  • នៅពិភពនាគ
  • នៅស្រុកគន្ធា
  • នៅទន្តបុរៈគលិង្គរដ្ឋ ។

ភាណវារៈបាលីត្រង់ពុទ្ធនមស្ការគាថា បានចែងថាព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំងទាំង៥៖

  • នៅសុវណ្ណមាលិកបរពត
  • នៅសុមនកូដបរពត
  • នៅយោនកបុរី
  • នៅស្ទឹងនម្មទា

ពាកក្យសរសេរីព្រះបាទ យស្សបាទេ ទាំងបាលីទាំងសម្រាយមានន័យថាព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីទាំង៥ដូចក្នុងភាណវារៈដែរ​។ ហេតុដោយមានកម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិ ធ្វើពិធីបណ្តែតប្រទីបនៅយប់ពេញបូណ៌មី នៃខេអស្សុជ ដែលក្រោយមកគេធ្វើពិធីបណ្តែតប្រទីបនៅថ្ងៃ ១៤ .១៥កើត និង១ រោចខែកក្តិក បូជាព្រះចង្កួមកែវនៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតដូច ពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួនដល់ប្រជាជននិងដល់ប្រទេសជាតិ ។

៦. តាមគម្ពីរអដ្ឋកថាចរិយាបិដក ភាសាបាលីមានន័យថាក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើងទ្រង់យោន កំណើតជាសសណ្ឌិតសត្វទន្សាយ ។ នៅថ្ងៃពេញបូណ៌មី សសបណ្ឌិត បានអធិស្ឋាន ឧបោសថសីលហើយឧទ្ទិសសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។

          ព្រះឥន្ទទ្រង់ជា្របហេតុការណ៍នោះក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ដើម្បីសុំសាច់បណ្ឌិតជាអាហារដោយសស បណ្ឌិតពោធិសត្វ បានឲ្យព្រាហ្មណ៍ចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយពេលដែលភ្លើងកំពុងឆេះ សន្ធោសន្ធៅ ក៏លោតចូលទៅក្នុងភ្លើងដើម្បីយកសាច់ឲ្យព្រាហ្មណ៍ឆីជាអាហារ ។ ប៉ុន្តែភ្លើងនោះពុំបានឆេះ សសណ្ឌិតសោះ ឥន្រ្ទព្រាហ្មណ៍ក៏ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទហើយទ្រង់បានយកម្នាងសិលាគូសវាសរូបទន្សាយ ហើយឥន្រ្ទព្រាហ្មណ៍អធិស្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូសនេះ នៅជាប់រហូដល់ទីបំផុតនៃកប្ប ។

          ដោយអានុភាពនៃទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិស្ឋានរបស់ព្រះអង្គផង រុបទនន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃនេះ ។

          ដោយជឿតាមរឿងនេះហើយ បានជាវេលាយប់ពេញបូណ៌មីខែកក្តិករៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេកជាដើមមកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login