សំណួរ
១- តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលលើទីផ្សារ ?
២- តើកត្តាសេដ្ឋកិច្ចមានប៉ុន្មាន ? អ្វីខ្លះ ? ចូររៀបរាប់ ?
៣- តើកត្តានយោបាយនិងច្បាប់មានអ្វីខ្លះ ? ចូររៀបរាប់ ?
៤- តើកត្តាសង្គម និងវប្បធម៌មានអ្វីខ្លះ ? ចូររៀបរាប់ ?
៥- អី្វទៅជាការផ្លាស់ប្តូរតួនាទីស្រ្តី និងបុរសនៅក្នុងសង្គម ?
ចម្លើយ
១- កត្តាប្រែប្រួលខាងក្រៅជះឥទ្ធិពលលើសកម្មភាពទីផ្សារមានដូចជា ៖
- កត្តាសេដ្ឋកិច្ច
- កត្តានយោបាយនិងច្បាប់
- កត្តាសង្គម
- កត្តាធនធានធម្មជាតិ
- កត្តាបច្ចេកវិទ្យា
- កត្តាប្រកួតប្រជែង ។
២- កត្តាសេដ្ឋកិច្ចមានដូចជា ៖
ក- វដ្តជីវិតអាជីវកម្ម និងរបៀបចំណាយរបស់អតិថិជន
- ដំណាក់កាលសេដ្ឋកិច្ចលូតលាស់ (Recession) នៅក្នុងដំណាក់កាលនៃ ការលូតលាស់កម្រិតនៃផលិតកម្ម និងការផ្គត់ផ្គង់ការងារបានកើនឡើងក្នុងកម្រិតខ្ពស់ ។ ហើយក្នុងរយៈពេលនេះតម្រូវការរបស់អតិថិជនលើការប្រើប្រាស់ទំនិញ និងសេវាកម្មបានកើនឡើង អតិថិជនចំណាយថវិការពួកគេដោយសេរី មិនត្រឹមតែចំណាយទៅលើទំនិញចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេចំណាយទៅលើទំនិញប្រណីតៗថែមទៀត ដូចជាដំណើរកំសាន្ត សំលៀកបំពាក់ថ្លៃៗ រថយន្ត ផ្ទះ និងគ្រឿងសង្ហារឹមទំនើបៗទៀតផង ។
- ដំណាក់កាលសេដ្ឋកិច្ចធ្លាក់ចុះ (Recovery) នៅក្នុងដំណាក់កាលនេះតម្រូវការអតិថិជនធ្លាក់ចុះចំពោះអតិថិជនជំនួញបានកាត់បន្ថយចំណាយទៅលើទិញផលិតផល និងសេវាកម្ម ។ ទាំងអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនជំនួញ គឺស្វែងរកទិញទំនិញ និងសេវាកម្មដែលមានតម្លៃទាបជាពិសេស គឺបំពេញតម្រូវការចាំបាច់ ។ នៅក្នុងស្ថានភាពនេះអ្នកម៉ាឃីធីងគួរតែផ្តោតទៅលើ យុទ្ធសាស្ត្រថ្លៃទាប និងផលិតផលមានគុណភាពខ្ពស់ក្នុងការទាក់ទាញអ្នកទិញ ។
- ដំណាក់កាលសេដ្ឋកិច្ចងើបឡើងវិញ (Prosperity) នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ កម្រិតផលិតកម្ម និងការផ្គត់ផ្គង់ការងារចាប់ផ្តើមកើនឡើង ប៉ុន្តែអតិថិជននៅតែមានការរារែកក្នុងការបង្កើនចំណាយរបស់ពួកគេ ដោយហេតុថាពួកគេនៅមានការព្រួយបារម្ភពីស្ថានភាពធ្លាក់ចុះដែលទើបតែកន្លងផុតអាចនឹងត្រឡប់មកវិញ ។ ពួកគេហាក់ដូចជា សន្សំថវិកាដែលមានហើយចំណាយតិចតួចទៅលើទំនិញជឿ ។ នៅពេលដែលសេដ្ឋកិច្ចកាន់តែមានភាពរឹងមាំខ្លាំងអតិថិជនចាប់ផ្តើមការចាយវាយរបស់គេដោយសេរីឡើងវិញ ។
ខ- ចំណូលរបស់អ្នកប្រើប្រាស់
- ចំណូលដុល គឺសំដៅទៅលើចំណូលសរុបដែលបុគ្គលម្នាក់ ឬគ្រួសារមួយទទួលបានក្នុងរយៈពេលមួយឆ្នាំ ។ ការដឹងពីប្រាក់ចំណូលរបស់ពួកគេអាចឲ្យអ្នកម៉ាឃីធីងស្វែងយល់ និងកាត់ចំណែកអតិថិជនទាំងនេះទៅជាក្រុមដែលស្ថិតនៅក្នុងកម្រិតប្រាក់ចំណូលខុសៗគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ ការដឹងពីប្រាក់ចំណូលដុលមិនទាន់គ្រប់គ្រាន់ទេក្នុងការសន្និដ្ឋានពីកម្លាំងទិញរបស់អតិថិជនដោយហេតុថាចំណូលដុលជាចំណូលដែលមិនទាន់ដកពន្ធ ។
- ចំណូលក្រោយដកពន្ធ គឺជាចំណូលដែលបុគ្គលម្នាក់ៗ ឬគ្រួសារនីមួយៗនៅសល់ក្រោយពេលដកពន្ធ ។ អតិថិជននឹងប្រើចំណូលនេះក្នុងការចំណាយទៅលើរបស់ចាំបាច់ ឬចំណាយទៅលើការរស់នៅដូចជា អាហារ សំលៀកបំពាក់ ការសិក្សា ការធ្វើដំណើរសុខភាព ទឹក ភ្លើង ហ្គាស និងទីជំរក ឬក៏សន្សំប្រាក់នៅក្នុងធនាគារ ។ អត្រាបង់ពន្ធជះឥទ្ធិពលទៅលើប្រាក់ចំណូលនេះដោយផ្ទាល់មានន័យថា បើបង់ពន្ធតិចនោះប្រាក់ចំណូលកើនឡើង ។
- ចំណូលក្រោយដកពន្ធ និងចំណាយចាំបាច់ គឺជាចំណូលដែលសល់ក្រោយពេលដកពន្ធ និងចំណាយចាំបាច់ ។ ចំណូលនេះត្រូវបានចំណាយទៅលើទំនិញប្រណិតៗមានដូចជា ដំណើរកំសាន្ត ការកែអស្សុក ការកំសាន្ត សំលៀកបំពាក់ថ្លៃៗ គ្រឿងអលង្ការ ទូរទស្សន៍ តន្ត្រី ការតុបតែងផ្ទះ គ្រឿងសង្ហារឹម អំណោយ និងរបស់ផ្សេងៗទៀតសម្រាប់ធ្វើឲ្យជីវិតរីករាយ ។
៣- កត្តានយោបាយនិងច្បាប់មានដូចជា ៖
- ការការពារក្រុមហ៊ុន (Company Protecting) ក្រុមហ៊ុនមួយអាចនឹងការពារស្ថានភាពប្រកួតប្រជែង និងផលិតផលថ្មីរបស់ខ្លួនបាយដោយសារមានច្បាប់ការពារសិទ្ធិធ្វើអាជីវកម្មដែលការពារ ឬទប់ស្កាត់មិនឲ្យអ្នកផ្សេងទៀតយកផលិតផលរបស់ក្រុមហ៊ុមនទៅធ្វើអាជីវកម្ម ឬប្រើប្រាស់ដោយគ្មានការយល់ព្រមពីក្រុមហ៊ុនបានឡើយ ។ ចំណែកច្បាប់កម្មសិទ្ធិពញ្ញាក៏បានផ្តល់ការការពារចំពោះផលិតផលជាច្រើន ដូចជាស្នាដៃនិពន្ធ ខ្សែភាពយន្ត តន្រ្តី រូបគំនូរដោយមិនឲ្យអ្នកផ្សេងចម្លង ឬបោះពុម្ពដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ច្បាប់កម្មសិទ្ធិពញ្ញានេះធានាដោយ ស្វ័យប្រវត្តិទៅលើសមទ្ធិផល ឬការងារដែលបានបង្កើតឡើង ។
- ការការពារអ្នកប្រើប្រាស់ (Consumer Protecting) ក្នុងប្រទេសនីមួយៗតែងតែមានច្បាប់ជាច្រើនដែលផ្តោតទៅលើ ការការពារអ្នកប្រើប្រាស់ដូចជាច្បាប់ត្រួតពិនិត្យ សាច់ ម្ហូបអាហារ ថ្នាំពេទ្យ និងគ្រឿងក្រអូបច្រើនទៀត ។
- ច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់ (Consumer’s Right Protecting) គឺជាសកម្មភាពដែលបង្កើតឡើងដោយរដ្ឋាភិបាល ដើម្បីដាក់សំពាធខាងផ្លូវច្បាប់ក្រមសីលធម៌ និងសំពាធខាងផ្លូវសេដ្ឋកិច្ចទៅលើអង្គភាពអាជីវកម្មទាំងឡាយ ដើម្បីកុំឲ្យបំពានលើសិទ្ធិរបស់អ្នកប្រើប្រាស់ ។
- ការការពារក្រុមហ៊ុន និងអ្នកប្រើប្រាស់ (Company and Consumer Protecting) ច្បាប់នេះស្តីពីពាណិជ្ជសញ្ញាត្រូវបានបង្កើតដើម្បីការពារផលិតផលរបស់អ្នកលក់ និងការពារអ្នកប្រើប្រាស់ដែលបានទិញផលិតផលនោះ ។ ច្បាប់នេះផ្តល់ប្រសិទ្ធិភាពការពារអ្នកផលិតផលដែលមានពាណិជ្ជសញ្ញាត្រឹមត្រូវ និងការពារអ្នកទិញផលិតផល ដើម្បីទប់ស្កាត់ការលូតលាស់ឬបន្លំ ។
- ច្បាប់គ្រប់គ្រងថ្លៃផលិតផល (The Law of Pricing Management) ច្បាប់នេះទប់ស្កាត់ការរើសអើងអតិថិជនតាមរយៈការដាក់ថ្លៃខុសគ្នាដែលមិនសមហេតុផល ឬការដាក់ថ្លៃថេរដែលធ្វើឲ្យការប្រកួតប្រជែងធ្លាក់ចុះ ជាពិសេសច្បាប់នេះទប់ស្កាត់ ការព្រមព្រៀងគ្នារវាងអ្នកផលិតផល និងអ្នកលក់រាយក្នុងការអនុវត្តន៍ថ្លៃដែលធ្វើឲ្យកម្រិតប្រកួតប្រជែងធ្លាក់ចុះ និងធ្វើឲ្យប៉ះពាល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ ។
- ច្បាប់គ្រប់គ្រងបណ្តាញចែកចាយ (The Law of Placing Management) ច្បាប់នេះហាមឃាត់មិនឲ្យដឹកជញ្ជូនទំនិញខ្លះចូល និងចេញពីប្រទេសមួយ ។ ច្បាប់នេះក៏ទាប់ស្កាត់ផងដែរ ចំពោះកិច្ចព្រមព្រៀងណាដែលបង្ខំឲ្យភ្នាក់ងារកណ្តាលមួយ លក់ផលិតផលរបស់អ្នកផលិតតែមួយ និងមិនឲ្យលក់ផលិតផលរបស់អ្នកផលិតផ្សេងៗទៀត ។ ឬក៏ទប់ស្កាត់អ្នកផលិតណាដែលផ្តល់សិទ្ធិផ្តាច់មុខឲ្យភ្នាក់ងារកណ្តាលណាមួយក្នុងការចែកចាយលក់នៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យកម្រិតប្រកួតប្រជែងធ្លាក់ចុះ ។ ច្បាប់នេះក៏ហាមឃាត់ផងដែរចំពោះអ្នកលក់ណាដែលប្រើស្ថានភាពយល់ព្រមលក់ទំនិញមួយទៅឲ្យអ្នកទិញ លុះត្រាតែអ្នកទិញនោះព្រមទិញទំនិញផ្សេងៗទៀត ។
- ច្បាប់គ្រប់គ្រងការផ្សព្វផ្សាយ (The Law of Promotion Management) ឧទាហរណ៍ដូចជា ច្បាប់នេះតម្រូវឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មបារី ត្រូវតែសរសេរពាក្យសម្រាប់ជាប់ជាមួយការផ្សាយនោះអំពីគ្រោះថ្នាក់នៃការជក់បារី ។ ច្បាប់នេះកម្រិតកំណត់ទៅលើ ការផ្សាយផលិតផលដែលគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដូចជាបារី ជាពិសេសចំពោះការផ្សាយតាមទូរទស្សន៍នៅក្នុងម៉ោងកម្មវិធីរបស់ក្មេងៗ ។
- ច្បាប់គ្រប់គ្រងសកម្មភាពប្រកួតប្រជែង (The Law of Competitive Management) ច្បាប់េនះទប់ស្កាត់មិនឲ្យមានស្ថានភាពផ្តាច់មុខនៅលើទីផ្សារ ឬទប់ស្កាត់ការដាក់សំពាធ ឬកម្រិតកំណត់ផ្សេងៗទៅលើការធ្វើជំនួញ ។ រាល់សកម្មភាពទាំងឡាយដែលធ្វើឲ្យកម្រិតប្រកួតប្រជែងធ្លាក់ចុះមានដូចជា កិច្ចព្រមព្រៀងដែលអ្នកលក់តម្រូវឲ្យអ្នកទិញ ត្រូវតែទិញផលិតផលរបស់ខ្លួនហើយមិនអាចទិញផលិតផលរបស់គូប្រជែងបានពុំនោះទេនឹងកាត់បន្ថយបរិមាណលក់ ។ ច្បាប់នេះក៏ទប់ស្កាត់ផងដែរនូវការអនុវត្តន៍វិធីសាស្រ្តដាក់ថ្លៃទាំងឡាយណាដែលមិនសមហេតុផល ឬបញ្ឆោតអ្នកទិញទោះបីជាការអនុវត្តន៍នេះប៉ះពាល់ ឬមិនប៉ះពាល់ដល់គូប្រជែងក៏ដោយ ។
៤- កត្តាសង្គម និងវប្បធម៌មានដូចជា ៖
- បំលាស់ប្តូរកត្តាប្រជាសាសន៍ (Geographical Shifts in Population) គឺទៅលើការសិក្សាពីចរិកលក្ខណៈរបស់ប្រជាជនម្នាក់ៗមានដូចជា អាយុអាត្រាណើត អាត្រាស្លាប់ ស្ថានភាពគ្រួសារ ការសិក្សាអប់រំ សាសនា ជនជាតិ អន្តោប្រវេសន៍ និងរបាយនៃការរស់នៅទៅតាមតំបន់នីមួយៗ ។ល។ អ្នកម៉ាឃីធីងប្រើទិន្នន័យប្រជាសាសន៍ដែលពួកគេទទួលបានពីប្រភេទផ្សេងៗដូចជា ការិយាល័យស្ថិតិ ការធ្វើជំរឿនជាតិ មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខាភិបាល ការិយាល័យ ស្ថិតិពលកម្ម ។ល។ ប្រភពទាំងនេះជាប្រភពសំខាន់ដែលអាចឲ្យអ្នកទីផ្សារសិក្សាពីទិន្នន័យរបស់ប្រជាជនក្នុងប្រទេសមួយ ។ ក្រៅពីនេះទិន្នន័យប្រជាសាសន៍ក៏អាចទទួលបានពីប្រភពផ្សេងៗទៀតដូចជាអង្គការ ឬស្ថាប័នស្រាវជ្រាវឯកជន ។ អ្នកម៉ាឃីធីងប្រើទិន្នន័យទាំងនេះក្នុងការវិភាគទីផ្សារស្វែងយល់ពីអតិថិជន និងការផ្តល់តម្លៃប្រើប្រាស់ទៅឲ្យពួកគេ ។
- សង្គមនិងវប្បធម៌ គឺសំដៅទៅលើតម្លៃគំនិត និងឥរិយាបថដែលមានលក្ខណៈដូច ឬស្រដៀងគ្នារបស់បុគ្គល ឬក្រុមបុគ្គលណាមួយហើយលក្ខណៈនេះត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀត ។
៥- ការផ្លាស់ប្តូរតួនាទីស្រ្តី និងបុរសនៅក្នុងសង្គម គឺជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៅក្នុងសង្គមលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកដែលមានស្រ្តីជាង៦០%បានរៀបការ និងចូលធ្វើការក្នុងសង្គម ។ ការផ្លាស់ប្តូរនេះ គឺធ្វើឲ្យបន្ទុក ឬការទទួលខុសត្រូវនៅក្នុងគ្រួសារមួយត្រូវចែករំលែកទៅឲ្យស្រ្តីឬបុរសដែលត្រូវទទួលខុសត្រូវដូចជា ប្តីត្រូវទិញម្ហូប ឬធ្វើកិច្ចការផ្ទះ ឬទិញរបស់ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះមានតាំងពីសំលៀកបំពាក់រហូតដល់គ្រឿងសង្ហារឹម ។ នៅពេលដែលចំនួនស្រ្តីធ្វើការក្នុងសង្គមកាន់តែច្រើនស្រី្តក៏ក្លាយជាអ្នកដឹកនាំគ្រួសារ និងមានភាពឯករាជ្យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ ស្រី្តជាអ្នកសម្រេចចិត្តលើការទិញសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុផ្សេងៗដែលកិច្ចនេះកាលពីមុនជាបន្ទុករបស់ប្តី ។ អ្នកទីផ្សារមើលឃើញការផ្លាស់ប្តូរនេះមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ និងបង្កើតផលិតផលថ្មីជំនួសកិច្ចការស្រ្តីនៅក្នុងផ្ទះដូចម៉ាស៊ីនបូមដី ម៉ាស៊ីនលាងចាន ឆ្នាំងដាំបាយអគ្គីសនី ។ល។
តភាគ