ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កត្តាប្រកួតប្រជែងមានដូចជា ៖
- ការប្រកួតប្រជែងកម្រិតខ្ពស់ គឺកើតឡើងនៅពេលដែលនៅលើទីផ្សារមានអ្នកផ្គត់ផ្គង់ ឬអ្នកលក់ផលិតផលដូចគ្នាមានចំនួនច្រើន ។ ស្ថិតក្នុងស្ថានភាពនេះអតិថិជនមានជម្រើសច្រើន ក្នុងការទិញផលិតផលដែលពួកគេត្រូវការ ។ ក្នុងការប្រកួតប្រជែងអ្នកម៉ាឃីធីងផ្តោតយុទ្ធសាស្រ្តទៅលើថ្លៃផលិតផលជាជាងការប្រកួតទៅលើផ្នែកផ្សេងៗទៀតដូចជាក្រុមហ៊ុនលក់សំលៀកបំពាក់ ឬផលិតផលកសិកម្មជាដើម ។
- ការប្រកួតប្រជែងផ្តោតលើផលិតផលមួយប្រភេទ ឬជំនាញឯកទេស នៅលើទីផ្សារអ្នកលក់ផលិតផលដូចគ្នាច្រើន ប៉ុន្តែផ្តោតទៅលើលក្ខណៈពិសេសខុសៗគ្នានៃផលិតផលដោយបំពេញតម្រូវការតូចៗនៅលើទីផ្សារ ។ ក្នុងការប្រកួតប្រជែងអ្នកម៉ាឃីធីងតែងតែចាប់អារម្មណ៍ទៅលើជំនាញឯកទេសជាជាងការប្រកួតទៅលើតម្រូវការទូទៅ ។ ដូចជាធនាគារផ្តោតយុទ្ធសាស្រ្តប្រកួតប្រជែងទៅលើសេវាកម្ម និងការប្រាក់ដែលមានអត្រាទាប ។ ហាងជួសជុលរថយន្តខ្លះមិនផ្តោតទៅលើសេវាកម្មជួសជុលទូទៅទេ ប៉ុន្តែផ្តោតតែទៅលើការជួសជុលម៉ាស៊ីនត្រជាក់ ឬប្រព័ន្ធភ្លើង ។
- ការប្រកួតប្រជែងកម្រិតទាប ស្ថានភាពប្រកួតប្រជែងនេះកើតមាននៅពេលដែលនៅលើទីផ្សារមានអ្នកផ្គត់ផ្គង់ ឬលក់ផលិតផលដូចគ្នាមានចំនួនតែពីរ ឬបីប៉ុណ្ណោះ ។ ឧស្សាហកម្មដែលប្រកួតប្រជែងបែបនេះមានដូចជា ឧស្សាហកម្មអាកាសចរណ៍ប្រេងឥន្ទនៈអគ្គីសនីទូរគមនាគមន៍ និងឧស្សាហកម្មផ្សេងៗទៀតដែលតម្រូវអ្នកវិនិយោគត្រូវចំណាយដើមទន់ច្រើនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ ។
- ការប្រកួតប្រជែងផ្តាច់មុខ គឺជាស្ថានភាពប្រកួតប្រជែងដែលនៅក្នុងឧស្សាហកម្មមានអ្នកផ្គត់ផ្គង់ ឬលក់ផលិតផលតែមួយ ឬផ្តាច់មុខតែឯង ។ ជាទូទៅក្រុមហ៊ុនផ្តាច់មុខតែងទទួលប្រយោជន៍ពីការប្រកួតប្រជែង និងមានឥទ្ធិពលក្នុងការគ្រប់គ្រងថ្លៃផលិតផល ។
- កម្លាំងប្រកួតប្រជែងនៃគូប្រជែងនៅលើទីផ្សារ អ្នកម៉ាឃីធីងត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីគូរប្រជែងដែលកំពុងប្រកួតប្រជែងនៅលើទីផ្សារ គូប្រជែងណាខ្លះដែលសំខាន់ ? និងយុទ្ធសាស្រ្តរបស់ពួកគេ ? សំណួរទាំងនេះអាចជួយដល់អ្នកម៉ាឃីធីងក្នុងការរៀបចំយុទ្ធសាស្រ្តធ្វើផលិតផលដែលអាចផ្តល់តម្លៃខ្ពស់ដល់អ្នកប្រើប្រាស់ ។
- ការគំរាមគំហែងនៃគូប្រជែងដែលចូលថ្មី ពេលខ្លះរដ្ឋាភិបាលបានលើកទឹកចិត្តដល់គូប្រជែងថ្មីៗដើម្បីឲ្យប្រកួតជាមួយគូប្រជែង ដែលកំពុងមាននៅលើទីផ្សារ ។ ការគំរាមគំហែងរបស់គូប្រជែងចូលថ្មីមានកម្រិតខ្ពស់ ប្រសិនបើផលិតផលថ្មីរបស់ពួកគេបានទទួលជោគជ័យនៅពេលដំបូង ។ ទីផ្សារខ្លះមានភាពងាយស្រួលក្នុងការជ្រៀតចូល ប៉ុន្តែទីផ្សារមានការពិបាកដោយហេតុមានរបាំងប្រកួតប្រជែងដែលធ្វើឲ្យគូប្រជែងចូលថ្មីមានការពិបាក ។ របាំងប្រកួតប្រជែងមានដូចជា តម្រូវការលើធនធានសម្រាប់វិនិយោគមានកម្រិតខ្ពស់ ជាពិសេសធនធានហិរញ្ញវត្ថុធនធានមនុស្សសំដៅលើបច្ចេកវិទ្យា និងបទពិសោធន៍ច្រើនឆ្នាំដើម្បីផលិតផលដែលចំណាយថ្លៃដើមតិច ។ ឧទាហរណ៍ដូចជា ការវិនិយោគលើរោងចក្រធ្វើរថយន្តត្រូវចំណាយដើមទុន និងបច្ចេកវិទ្យាជំនាញច្រើនជាងការវិនិយោគលើភោជនីដ្ឋាន ។ ឧស្សាហកម្មដែលងាយក្នុងការជ្រៀតចូលជាទូទៅ គឺមានគូប្រជែងចូលថ្មីច្រើន ។
- ការគំរាមគំហែងនៃផលិតផលជំនួស នៅក្នុងឧស្សាហកម្ម អ្នកទីផ្សារតែងតែប្រឈមនឹងផលិតផលជំនួសដែលកំពុងដាក់លក់នៅលើទីផ្សារមានដូចជា ការធ្វើប្រព័ន្ធវីដេអូដែលអាចឲ្យមនុស្សពិភាក្សាកិច្ចការជំនួញពីចំងាយដោយដោឭសម្លេង និងមើលរូបភាពគ្នាឃើញត្រូវបានគេប្រើជំនួសការធ្វើដំណើរតាមយន្តហោះដើម្បីទៅជួបប្រជុំពិភាក្សាកិច្ចការជំនួញដោយផ្ទាល់ ។ ការជំនួសគ្នានេះអាចធ្វើឲ្យតម្លៃនៃផលិតផលខ្លះធ្លាក់ចុះ ជាពិសេសសេវាកម្មហោះហើរ ។ ជាក់ស្តែងបើសិនជាអង្គភាពអាជីវកម្មមួយគិតថាការជាវកម្មវិធីគណនេយ្យពីក្រុមហ៊ុនកុំព្យូទ័រ និងការជួលក្រឡាបញ្ជីគណនេយ្យក្រៅម៉ោងក្នុងតម្លៃទាបជាងការប្រើប្រាស់សេវាកម្មក្រុមហ៊ុនគណនេយ្យនោះ ក្រុមហ៊ុនផលិតកម្មវិធីគណនេយ្យនឹងអាចដណ្តើមប្រាក់ចំណេញដ៏ច្រើនពីក្រុមហ៊ុនផ្តល់សេវាកម្មគណនេយ្យ ។
- ឥទ្ធិពលនៃអ្នកផ្គត់ផ្គង់ ក៏ជាកម្លាំងប្រកួតប្រជែងនៅក្នុងឧស្សាហកម្ម ដោយហេតុថាពួកគេមានឥទ្ធិពលទៅលើការកំណត់ថ្លៃ និងគុណភាពនៃគ្រឿងបន្លាស់ និងវត្ថុធាតុដើម ។ នៅពេលណាដែលអ្នកផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មមានចំនួនតិចតួចហើយគ្រប់គ្រងចំណែកទីផ្សារដ៏ច្រើនពេលនោះ ពួកគេមានឥទ្ធិពលជំរុញឲ្យអ្នកទិញត្រូវតែយកតម្លៃមួយដែលខ្ពស់ និងកម្រិតគុណភាពទាបជាងមុន ។ បច្ចុប្បន្នអ្នកផលិតជាច្រើនបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ណាដែលមានបំណងចង់ដោះដូរ ដើម្បីផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
- ឥទ្ធិពលនៃអ្នកទិញ ក៏អាចជំរុញឲ្យថ្លៃផលិតផលធ្លាក់ចុះនឹងធ្វើឲ្យគុណភាពផលិតផល និងសេវាកម្មកើនឡើង ហើយជាងនេះទៅទៀត គឺធ្វើឲ្យគូប្រជែងទាំងឡាយរឹងរិតតែប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ។ អ្នកទិញដែលទិញផលិតផលក្នុងកម្រិតតិចតួច អាចនឹងទិញផលិតផលនោះក្នុងតម្លៃខ្ពស់ ចំណែកអ្នកទិញដែលទិញផលិតផលច្រើនអាចនឹងមានឥទ្ធិពលក្នុងការទាមទារឲ្យផលិតផលមានតម្លៃទាប ។