សំនួរ
១. តើសម្បទានដីអ្វីខ្លះដែលមិនស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ភូមិបាល ?
២. តើសម្បទានដីសង្គមកិច្ច គឺជាការផ្តល់ដីជាកម្មសិទ្ធិឯកជនរបស់រដ្ឋដោយឥតគិតថ្លៃទៅឲ្យអ្នកណាខ្លះ ?
៣. តើអ្នកណាខ្លះអាចផ្តួចផ្តើមសម្បទានដីសង្គមកិច្ច ?
៤. តើសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដែលផ្តើមដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចធ្វើនៅទីណា?
៥. តើគ្រួសារស្ថិតក្នុងស្ថានភាពយ៉ាងណាខ្លះទើបអាចទទួលបានសម្បទានដីសង្គមកិច្ច ?
ចម្លើយ
១. សម្បទានដែលមិនស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ភូមិបាលមានៈ
- សម្បទានរ៉ែ
- សម្បទានកំពង់ផែ
- សម្បទានព្រលានយន្តហោះ
- សម្បទានរៀបចំតំបន់ឧស្សាហកម្ម
- សម្បទាននេសាទ ។
២. សម្បទានដីសង្គមកិច្ចគឺជាការផ្តល់ដីជាកម្មសិទ្ធិឯកជនរបស់រដ្ឋដោយឥតគិតថ្លៃទៅឲ្យៈ
- គ្រួសារក្រីក្រ យោធិរំសាយ និងគ្រួសារយុទ្ធជនពលីពិការ
- គ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
- គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រួសារមាតុភូមិនិវត្តន៍ ។
៣. អ្នកដែលអាចផ្តួចផ្តើមសម្បទានដីសង្គមកិច្ចៈ
- ប្រជាពលរដ្ឋម្នាក់ឬច្រើននាក់ឬអង្គការឬតំណាងប្រជាពលរដ្ឋអាចផ្តួចផ្តើមធ្វើផែនការដាក់ស្នើសុំសម្បទានដីសង្គមកិច្ចតាមរយៈឃុំសង្គាត់
- ក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចផ្តួចផ្តើមធ្វើផែនការ និងដាក់ជូនផែនការនេះទៅគណៈកម្មធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ។
៤. សម្បទានដីសង្គមកិច្ចថ្នាក់ជាតិដែលផ្តើមដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយឬច្រើនអាចធ្វើៈ
- នៅកន្លែងតាំងទីលំនៅថ្មី សម្រាប់គ្រួសារផ្លាស់ប្តូរទីកន្លែងឬរង់ចាំសំណង់នៅទីប្រជុំជន
- នៅតំបន់ជាទីតាំងសម្បទានដីសេដ្ឋកិច្ច ដើម្បីគ្រួសារអាចអភិវឌ្ឍន៍កសិឧស្សាហកម្ម
- នៅតំបន់សាច់ស្រយាល ដែលប្រជាពលរដ្ឋគ្មានដីលំនៅដ្ឋាននិងដីដាំដុះនិងចំនួនប្រជាពលរដ្ឋមិនទាន់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ដីនោះ ។
៥. គ្រួសារដែលអាចទទួលបានសម្បទានដីសង្គមកិច្ចមានដូចជាៈ
- គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ
- គ្រួសារក្រីក្រ និងគ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
- គ្រួសារមាតុភូមិនិវត្តន៍យោធិនរំសាយនិងគ្រួសារយុទ្ធជនពលីពិការ
- គ្រួសារធំមានសមាជិកចាប់ពី ៦នាក់ឡើងទៅ ។
វិញ្ញាសាទី៣២