2019-12-17 15:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៤១- តើគោលការណ៍ទទួលបន្តដោយស្វ័យប្រវត្តិគឺជាអ្វី ?
១៤២- តើគោលការណ៍ជម្រះបញ្ជីគឺជាអ្វី ?
១៤៣- តើការយល់ព្រមទាំងស្រុងគឺជាអ្វី ?
១៤៤- តើការយល់ព្រមដោយកម្រិតគឺជាអ្វី ?
១៤៥- តើការបែងចែកមត៌កគឺជាអ្វី ?
ចម្លើយ
១៤១- គោលការណ៍ទទួលបន្តដោយស្វ័យប្រវត្តិ គឺជាមានន័យថាសន្តតិជន ឬសហសន្តតិជនត្រូវទទួលទាំងស្រុងនូវសិទ្ធិ និងករណីយកិច្ចទាំងអស់របស់មតកជន គឺទទួលទាំងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់មតកជន ។
១៤២- គោលការណ៍ជម្រះបញ្ជី គឺត្រូវធ្វើការជម្រះបញ្ជីទាំងអស់នូវសិទ្ធិលើបំណុល និងកាតព្វកិច្ចរបស់មតកជននាពេលដែលសន្តតិកម្មកើតឡើង ហើយសន្តតិជនទទួលស្នងមត៌តតែក្នុងករណីដែលមានទ្រព្យសកម្មប៉ុណ្ណោះ ។ ក្នុងករណីដែលមតកជនមានបំណុលច្រើនធ្ងន់ធ្ងរហួសហេតុ មតកជនត្រូវប្រកាសធនក្ស័យនៃមត៌កនោះ ដើម្បីកុំឲ្យសន្តតិជនទទួលនូវបន្ទុកកាតព្វកិច្ចនោះ ។
១៤៣- ការយល់ព្រមទាំងស្រុង មានន័យថាសន្តតិជនយល់ព្រមទទួលបន្តទាំងមត៌កសកម្ម និងមត៌កអកម្មរបស់មតកជន ត្រូវទទួលបន្តដោយគ្មានកម្រិតនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជន (មាត្រា១២៥៤ នៃក្រមរដ្ឋប្បវេណី) ។
១៤៤- ការយល់ព្រមដោយកម្រិត គឺជាការយល់ព្រមដោយបម្រុងទុកនូវសំណងកាតព្វកិច្ច និងអច្ច័យទានរបស់មតកជន ដោយបានត្រឹមកម្រិតនៃទ្រព្យដែលខ្លួនបានទទួលតាមរយៈសន្តតិកម្មតែប៉ុណ្ណោះ (មាត្រា១២៥៦ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)។ ករណីសន្តតិជនច្រើននាក់ ការយល់ព្រមដោយកម្រិតអាចធ្វើទៅបាន លុះត្រាតែសហសន្តតិជននោះបានធ្វើដោយរួមគ្នាទាំងអស់ (មាត្រា១២៥៦ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ហើយចាំបាច់ត្រូវធ្វើបញ្ជីសាពើភ័ណ្ឌ ហើយដាក់ពាក្យសុំអំពីការយល់ព្រមដោយកម្រិតនោះទៅតុលាការ (មាត្រា ១២៥៧ នៃក្រមរដ្ឋប្បវេណី)។
១៤៥- ការបែងចែកមត៌ក ជាគោលការណ៍ មត៌កអាចធ្វើការបែងចែកទៅតាមពិភាក្សា និងព្រមព្រៀងរបស់សហសន្តតិជន ។ ប៉ុន្តែ ប្រសិនបើការពិភាក្សាគ្នានោះពុំទទួលបានការយល់ព្រម ឯកភាព ឬព្រមព្រៀងគ្នានោះទេ តុលាការគឺជាអ្នកមានសមត្ថកិច្ចក្នុងការបែងចែកមត៌កនោះ ។