សេវាសាធារណៈចែកចេញជា៧ប្រភេទមានដូចជា ៖
ក- ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ គឺជាសេវាទទួលខុសត្រូវផ្តាច់មុខរបស់រដ្ឋ ដែលផ្តល់ដោយអង្គភាពរបស់រដ្ឋ ឬនីតិបុគ្គលនៃនីតិសាធារណៈ ដែលរដ្ឋបានប្រគល់សិទ្ធិអំណាចឲ្យដើម្បីអនុវត្ត ។
ឧទាហរណ៍
- លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ
- បញ្ជីអត្រានុកូលដ្ឋាន សំបុត្រកំណើត
- ប័ណ្ណសំគាល់យានយន្ត អាកាសយាន និងនាវា
- វិញ្ញាបនបត្រទទួលស្គាល់កម្មសិទ្ធិ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋខ្មែរ សៀវភៅគ្រួសារ និងការធ្វើនីត្យានុកូលកម្មជាដើម ។
ខ- ចង្កោមសេវាពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម គឺជាសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច នគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ។
ឧទាហរណ៍
- សន្តិសុខ
- សណ្តាប់ធ្នាប់សាធារណៈ
- ការស្នាក់នៅ ការធ្វើដំណើរ
- ការប្រាស្រ័យទាក់ទង
- សុវត្ថិភាពសង្គម
គ- ចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្តាល គឺជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសមត្ថកិច្ចរបស់តុលាការ ។
ឧទាហរណ៍
- វិវាទរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ
- វិវាទរវាងប្រជាពលរដ្ឋនិងអ្នករាជការ
- វិវាទរវាងប្រជាពលរដ្ឋនិងផ្នែកឯកជន
- វិវាទរវាងអ្នករាជការនិងផ្នែកឯកជន
ឃ- ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម សហគ្រាស បរិស្ថាន វិនិយោគ និងការចូលរួមរបស់ផ្នែកឯកជន ។
ឧទាហរណ៍
- ការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម
- ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម
- បរិស្ថានវិនិយោគ និងការចូលរួមផ្នែកឯកជន
ង- ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងកិច្ចការនារី
ឧទាហរណ៍
- សេវាអប់រំ ៖ លើកកំពស់គុណភាពសេវាអប់រំសម្រាប់ទាំងអស់គ្នា សម្ភារៈសិក្សា គ្រប់គ្រាន់ និងសិទ្ធិទទួលបានសេវាអប់រំមូលដ្ឋាន
- សេវាអនាម័យ និងសុខភាព ៖ បង្កលក្ខណៈងាយស្រួល គុណភាព ប្រសិទ្ធភាព ដើម្បីផ្គត់ផ្គង់សេវាសុខាភិបាលមូលដ្ឋានប្រកបដោយសមធម៌ និងនិរន្តរភាពជូនប្រជាពលរដ្ឋគ្រប់រូបពិសេសជនក្រីក្រ-ជនងាយរងគ្រោះ ការចូលរួមរបស់ស្រ្តី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សេវាផ្សេងទៀតដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ។
ច- ចង្កោមសេវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
ឧទាហរណ៍
- ការកសាងប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនរួមមាន ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងអាកាសយានដែលអាចតភ្ជាប់ទីក្រុងទៅជនបទនិងគ្រប់ទីកន្លែងទូទាំងប្រទេស
- ការកសាងមន្ទីរពេទ្យ សាលារៀន អណ្តូងទឹក ប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត
ឆ- ចង្កោមសេវាពាក់ព័ន្ធនឹងការប្រមូលចំណូល ចំណាយ ការបើកផ្តល់
ឧទាហរណ៍
- ការកែលំអការគ្រប់គ្រងចំណូល ចំណាយ និងបើកផ្តល់ដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ជាងមុន សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវា ។