សំណួរ
១១- តើអ្វីទៅជាកំណើនសេដ្ឋកិច្ច ? តើក្នុងក្របខណ្ឌនៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ចមានការចូលរួមពីកត្តាសំខាន់ៗអ្វីខ្លះ ? ចូររៀបរាប់ ។
១២- តើអ្វីទៅជាទីផ្សារ ? ដើម្បីោឲ្យទីផ្សារមានសកម្មភាពដោយសេរីក្នុងដំណើរការផលិតកម្ម និងពាណិជ្ជកម្មតម្រូវឲ្យមានការអនុវត្តនូវគោលការណ៍ និងលក្ខខណ្ឌអ្វីខ្លះ ?
១៣- តើឧបករណ៍ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗដែលរដ្ឋប្រើសម្រាប់សម្របសម្រួលស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានអ្វីខ្លះ ?
១៤- ពន្យល់ពាក្យ Inflation, Utility, Price Takers, Barters ។
១៥- ហេតុអ្វីបានជាគេជ្រើសរើសរូបិយវត្ថុ ជាមធ្យោបាយក្នុងការដោះដូរទំនិញ និងសេវាកម្ម ?
ចម្លើយ
១១- កំណើនសេដ្ឋកិច្ច គឺជាការកើនឡើងនៃផលិតផលក្នុងស្រុកសរុប ដែលក្នុងនោះវាបានមកពីកំណើននៃវិស័យសំខាន់ៗនៃប្រទេសនោះ ។ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ចមានការចូលរួមពីកត្តាសំខាន់ៗដូចជា កម្លាំងពលកម្ម មូលធន ដី និងសហគ្រិនភាព ផលិតផលនៃកត្តាផលិតកម្មនៃផលិតផល កំណត់ពីចំនួនផលិតផលក្នុងស្រុកសរុប ដែលអាចនឹងត្រូវបានផលិត ។
គេចែកធាតុពីរសំខាន់ៗ ក្នុងការកំណត់ពីកត្តាសក្តានុពល ជ.ស.ស មានដូចជា ៖
- មុខងារផលិតសរុប គឺជាទំនាក់ទំនងដែលប្រាប់យើង ពីការប្រែប្រួលផលិតផលក្នុងស្រុកសរុបទៅនឹងបរិមាណប្រែប្រួលកម្លាំងពលកម្មនៅពេលដែលកត្តាផ្សេងទៀត ដែលប៉ះពាល់លើផលិតកម្មនៅដដែល ។ ការកើនឡើងនៃកម្លាំងពលកម្ម ហើយកាត់បន្ថយការដើរលេងកម្សាន្តនាំឲ្យការផលិតកើនឡើង ឯផលិតផលក្នុងស្រុកសរុបក៏កើនឡើងផងដែរ ។
- ទីផ្សារការងារទំាំងមូល នៅក្នុងម៉ាក្រូសេដ្ឋកិច្ច ពួកយើងអះអាងថាមានទីផ្សារការងារធំមួយ ដែលកំណត់បរិមាណកម្លាំងពលកម្មដែលបានជួល និងផលិតផលក្នុងស្រុកសរុបដែលបានផលិត ។ ដើម្បីយល់ឲ្យកាន់តែច្បាស់ គេត្រូវសិក្សាពីតម្រូវការកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្ម និងលំនឹងទីផ្សារការងារ ។
- តម្រូវការកម្លាំងពលកម្ម គឺជាទំនាក់ទំនងរវាងបរិមាណនៃតម្រូវការកម្លាំងពលកម្ម និងអត្រាប្រាក់ឈ្នួលពិតប្រាកដ ។ បរិមាណតម្រូវការកម្លាំងពលកម្ម គឺជាចំនួនម៉ោងនៃកម្លាំងពលកម្មដែលបានជួលគ្រប់បណ្តាអង្គភាពនៅក្នុងសេដ្ឋកិច្ចក្នុងអំឡុងពេលផ្តល់ឲ្យ ។ បរិមាណនេះវាអាស្រ័យលើថ្លៃនៃកម្លាំងពលកម្ម ដែលជាអត្រាប្រាក់ឈ្នួលពិតប្រាកដ ។
- អត្រាប្រាក់ឈ្នួលពិតប្រាកដ គឺជាអត្រាប្រាក់ឈ្នួលត្រូវបានបែងចែកដោយកម្រិតថ្លៃ ។ គឺជាបរិមាននៃទំនិញ និងសេវាដែលកម្លាំងពលកម្មរកបានក្នុងមួយម៉ោង ដែលវាផ្ទុយពីអត្រាប្រាក់ឈ្នួល ដែលចំនួនលុយដុល្លាដែលកម្លាំងពលកម្មរកបានក្នុងមួយម៉ោង ។
- ការផ្គត់ផ្គង់កម្លាំងពលកម្ម គឺជាទំនាក់ទំនងរវាងបរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ និងអត្រាប្រាក់ឈ្នួលពិតប្រាកដ ។ បរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ គឺជាចំនួនម៉ោងពលកម្មទាំងអស់នៅក្នុងសេដ្ឋកិច្ច មានគម្រោងនិងធ្វើការក្នុងអំឡុងពេលផ្តល់ឲ្យ ។ បរិមាណនេះអាស្រ័យលើអត្រាប្រាក់ឈ្នួលពិតប្រាកដ ។
- លំនឹងទីផ្សារការងារ ថ្លៃនៃកម្លាំងពលកម្ម គឺជាអត្រាប្រាក់ឈ្នួលពិតប្រាកដ ។ ភាពលើស ឬភាពខ្លះនៃកម្លាំងពលកម្ម គឺនាំឲ្យអត្រាប្រាក់ឈ្នួលពិតប្រាកដធ្លាក់ចុះ ផ្ទុយមកវិញប្រសិនបើមានភាពខ្លះកម្លាំងពលកម្ម គឺនាំឲ្យមានអត្រាប្រាក់ឈ្នួលកើនឡើង ។
១២- ទីផ្សារ គឺជាទីកន្លែងសម្រាប់ដោះដូរទំនិញរវាងអ្នកលក់ និងអ្នកទិញក្នុងក្របខណ្ឌភូមិសាស្រ្ត និងពេលវេលាជាក់លាក់ ។
ដើម្បីឲ្យទីផ្សារមានសកម្មភាពដោយសេរីក្នុងដំណើរការផលិតកម្ម និងពាណិជ្ជកម្មតម្រូវឲ្យមានការអនុវត្តនូវគោលការណ៍ និងលក្ខខណ្ឌយន្តការទីផ្សារសេរីចំនួនប្រាំដូចជា ៖
- កម្មសិទ្ធិឯកជន ៖ កម្មសិទ្ធិឯកជន ជាមួយនឹងសេរីភាពគ្រប់បែបយ៉ាងអាចនឹងធ្វើឲ្យម្ចាស់កម្មសិទ្ធិ ត្រួតពិនិត្យប្រើប្រាស់ និងលក់ធនធានសម្ភារ ដែលជាកម្មសិទ្ធិរបស់ខ្លួនក្នុងគោលបំណងស្វែងរកចំណូល សម្រាប់បំពេញសេចក្តីត្រូវការដោយសេរី ។ ទន្ទឹមនឹងនោះ រដ្ឋតាមរយៈស្ថាប័នច្បាប់ ជាអ្នកធានា និងទទួលស្គាល់កម្មសិទ្ធិ និងសិទិ្ធផ្ទេរកម្មសិទ្ធិរបស់ខ្លួនទៅអ្នកដទៃ ។
- សេរីភាពក្នុងជ្រើសរើស ៖ មានន័យថា ម្ចាស់កម្មសិទិ្ធអាចទិញដូរដោយសេរីនូវធនធានសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់ និងចាត់ចែងធនធានទាំងនោះក្នុងគោលបំណងដំណើរការផលិតផលទំនិញ ឬសេវាតាមការជ្រើសរើសមុខរបរអាជីវកម្មរបស់ខ្លួនផ្ទាល់ ហើយមានសិទ្ធិក្នុងការលក់ដូរទំនិញទាំងនោះ ក្នុងទីផ្សារតាមតម្លៃ និងបរិមាណផលិតផលតាមការសម្រេចចិត្តរបស់ខ្លួនដោយគ្មានឧបសគ្គ ឬការកំណត់ផ្សេងៗដែលរៀបចំឡើងដោយភាគីរដ្ឋឡើយ ។
- អត្ថប្រយោជន៍បុគ្គល ៖ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ មានគោលបំណងដូចគ្នាគឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសទទួលបានចំណូលជាអតិបរមាក្នុងហានិភ័យអប្បបរមា ។ ជាមួយគ្នានោះ ម្ចាស់កម្មសិទ្ធិធនធាន ខិតខំលក់ ឬជួលធនធានទាំងនោះក្នុងតម្លៃខ្ពស់ ឯអ្នកប្រើប្រាស់ក្នុងពេលទិញទំនិញ ឬសេវាត្រូវការអ្វីដែលមានគុណភាពខ្ពស់ និងតម្លៃទាប ។ ក្នុងន័យនេះ លំនាំអត្ថប្រយោជន៍បុគ្គល មានតួនាទីសម្របសម្រួល និងធ្វើឲ្យរលូនទៅតាមគន្លងសេដ្ឋកិច្ចទីផ្សារ ពីព្រោះបើខ្វះលំនាំនេះ ភាគអនាធិបតេយ្យនិងកើតឡើងជាមិនខាន ។
- ការប្រកួតប្រជែង ៖ សេរីភាពក្នុងការជ្រើសរើស ដែលប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីទទួលចំណូលសម្រេចបានដោយឆ្លងកាត់ាករប្រកួតប្រជែង ។ ការប្រកួតប្រជែងអាចប្រព្រឹត្តទៅបានក្នុងករណី ៖
- វត្តមានអ្នកលក់ និងអ្នកទិញច្រើនក្នុងទីផ្សារ
- សេរីភាពអ្នកលក់ និងអ្នកទិញ ។
- ប្រព័ន្ធបង្កើតថ្លៃ ៖ ដំណោះស្រាយក្នុងដោះដូរទំនិញ និងសេវារវាងផលិតករ និងអ្នកប្រើប្រាស់ប្រព្រឹត្តទៅក្នុងទីផ្សារស្ថិតនៅលើថ្លៃទំនិញ ចំណែកាករបង្កើតថ្លៃទំនិញស្ថិតនៅលើបរិមាណតម្រូវការ និងការផ្គត់ផ្គង់ទំនិញ ។
១៣- ឧបករណ៍ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗដែលរដ្ឋប្រើសម្រាប់សម្របសម្រួលស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានដូចជា ៖
- គោលនយោបាយសារពើពន្ធ ៖ សំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជម្រុញឲ្យកំណើនសេដ្ឋកិច្ចប្រកដដោយចីរភាព និងសមធម៌ ។
- គោលនយោយបាយរូបិយវត្ថុ ៖ គឺម៉ាក្រូសេដ្ឋកិច្ចដែលគ្រប់គ្រង និងផ្គត់ផ្គង់រូបិយវត្ថុ និងឥណទានគិតជាប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការសេវា និងការព្យាយាមរក្សាឲ្យសេដ្ឋកិច្ចទីផ្សារមានលំនឹងល្អ ។
- គោលនយោបាយពាណិជ្ជកម្ម ៖ សំដៅលើការនាំចេញនាំចូលឲ្យមានតុល្យភាពគ្នា មានការលើកទឹកចិត្តចំពោះការនាំចេញ សេរីភាវូបនីយកម្មនៃការនាំចូល និងការបង្កើតគំនិតនៅក្នុងអាជីវកម្ម ។
- ព្រមទាំងកំណែទម្រង់សហគ្រាសរដ្ឋ និងធ្វើឯកជនភាវូបនីយកម្មជាដើម ។
១៤- ការពន្យល់ពាក្យដូចតទៅ ៖
- Inflation អតិផរណា គឺជាការស្ទះបណ្តាញចរាចរណ៍រូបិយវត្ថុ ដោយលើសចំនួនក្រដាសប្រាក់ប្រៀបធៀបទៅនឹងតម្រូវការចាំបាច់ពិតប្រាកដនៃសេដ្ឋកិច្ច ដែលនាំឲ្យសេដ្ឋកិច្ចចុះថោក ។
- Utility គឺជាអត្ថប្រយោជន៍ ឬការពេញចិត្តដែលបុគ្គលម្នាក់ទទួលបានពីការប្រើប្រាស់ទំនិញ ឬសេវាកម្មនោះ ។
- Price Takers គឺជាទីផ្សារមួយដែលមានដូចជាក្រុមហ៊ុន ឬអ្នកប្រើប្រាស់មួយក្រុមគ្មានឥទ្ធិពលគ្រប់គ្រាន់លើតម្លៃទិញ ឬសេវា ។ ទីផ្សារនេះត្រូវព្រមទទួលយកតម្លៃទូទៅមួយ ព្រោះដោយសារកង្វះការប្រកួតប្រជែងក្នុងការផ្គត់ផ្គង់ ។
- Barters ជាសកម្មភាពដោះដូរទំនិញ ឬសេវាកម្មរវាងមនុស្សពីរក្រុមជំនួសការប្រើបា្រស់រូបិយវត្ថុ ។
១៥- បានជាគេជ្រើសរើសរូបិយវត្ថុ ជាមធ្យោបាយក្នុងការដោះដូរទំនិញ និងសេវាកម្ម ព្រោះការប្រើប្រាស់រូបិយវត្ថុ មានគុណសម្បត្តិជាងការដោះដូរផលិតផលដោយផ្ទាល់ (Barter) ដូចជា ៖
- ងាយស្រួលក្នុងការទិញទំនិញ និងសេវាកម្មផ្សេងៗ
- ជាខ្នាតអាចវាស់វែងតម្លៃផលិតបាន
- ជាឯកតាផ្ទុកតម្លៃងាយស្រួល
- អាចធ្វើការផ្ញើបានទៅគ្រប់ទីកន្លែងដោយងាយស្រួល ដែលការដោះដូរផលិតផលមិនអាចធ្វើបាន
- អាចពន្យាពេលក្នុងការចំណាយ ។
តភាគ