សំណួរ
២១- តាមន័យសេដ្ឋកិច្ច តើកម្រិតជីវភាពរបស់មនុស្សម្នាក់ៗ ឬក្រុមគ្រួសារនីមួយៗ គេវាស់វែងដោយកំណត់ទៅលើកត្តាអ្វីខ្លះ ? ចូរបកស្រាយ ។
២២- សព្វថ្ងៃនេះ ឥទ្ធិពលនៃចរន្តអន្តោប្រវេសន៍ទៅលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍កំពុងមានសកម្មភាពខ្លាំងក្លា ។
ក- តើអត្ថប្រយោជន៍អ្វីខ្លះពីចរន្តនេះ ? ចូរពន្យល់ ។
ខ- តើអវិជ្ជមានមានអ្វីខ្លះពីចរន្តនេះ ? ចូរពន្យល់ ។
២៣- សកលភាវូបនីយកម្មហិរញ្ញវត្ថុតែងតែផ្តល់នូវប្រយោជន៍ និងហានិភ័យផង ។
ក- តើអ្វីជាអត្ថប្រយោជន៍ ? ចូរពន្យល់ ។
ខ- តើអ្វីជាហានិភ័យ ? ចូរពន្យល់ ។
២៤- ហេតុអ្វីបានជាគេសិក្សា “សហគ្រិនភាព” នៅតាមវិទ្យាល័យ ?
២៥- តើរដ្ឋាភិបាលមានភារកិច្ចអ្វីខ្លះដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ?
ចម្លើយ
២១- តាមន័យសេដ្ឋកិច្ច កម្រិតជីវភាពរបស់មនុស្សម្នាក់ៗ ឬក្រុមគ្រួសារនីមួយៗ គេវាស់វែងដោយកំណត់ទៅលើកត្តាចំនួន៥គឺ ៖
- ចំណីអាហារ ៖ មានអាហារដែលមានអនាម័យ សម្បូរសារធាតុចិញ្ចឹមមានហូបចុកគ្រប់គ្រាន់ និងសម្បូរបែប ។
- ទីជម្រក ៖ មានទីជម្រកល្អ ធំទូលាយ ខ្យល់អាកាសបរិសុទ្ធ មានផាសុកភាព មានគ្រឿងសង្ហារឹមល្អប្រណិតតុបតែងលម្អ ។
- ការស្លៀកពាក់ ៖ មានសម្លៀកបំពាក់សមរម្យ ស្រស់ស្អាត ថ្លៃថ្នូរ សម្បូរបែបក្នុងការចូលរួមកម្មវិធីផ្សេងៗ ។
- សេវាថែទាំសុខភាព ៖ មានលទ្ធភាពតាមដានពិនិត្យសុខភាពជាប្រចាំ ចូលពេទ្យដែលមានសេវាកម្មល្អមានជំនាញច្បាស់លាស់ និងឧបករណ៍ទំនើប ។
- សេវាអប់រំ ៖ មានលទ្ធភាពរៀនសាលាថ្លៃ មានគ្រូល្អៗ មានសម្ភារសិក្សាសម្បូរបែប រៀននៅបរទេស ។
២២- សព្វថ្ងៃនេះ ឥទ្ធិពលនៃចរន្តអន្តោប្រវេសន៍ទៅលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍កំពុងមានសកម្មភាពខ្លាំងក្លា ។
ក- អត្ថប្រយោជន៍មានដូចជា ៖
- បង្កើនការវិនិយោគ មានវិនិយោគិនថ្មីៗចូលមកបណ្តាក់ទុនរកស៊ីនាំមកនូវធនធានមនុស្ស បច្ចេកវិទ្យាថ្មីៗ ទំនិញមានលក្ខណៈទំនើប មានគុណភាព មានតម្លៃសមរម្យ បង្កើនការនាំចេញ កាត់បន្ថយការនាំចូល ជញ្ជីងពាណិជ្ជកម្មមានសមតុល្យ រក្សាអត្រាប្តូរប្រាក់ កាត់បន្ថយអត្រាអតិផរណា ការប្រាក់ថោក បង្កើនការវិនិយោគ សហគ្រាសខ្នាតតូចនិងមធ្យម ។
- បង្កើនការងារដល់ប្រជាជន កាត់បន្ថយភាពក្រីក្រ ប្រជាជននៅក្នុងជីវភាពសមរម្យ ។
- សេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន តាមរយៈកំណើនការងារ ផលិតកម្ម និកម្មភាពរបស់ប្រជាជន មានសុខសុវត្ថិភាព ។
ខ- គុណវិបត្តិមានដូចជា ៖
- បរិស្ថាន ៖ មានការបំពុលបរិស្ថាន ការចោលកាកសំណល់គ្មានការគ្រប់គ្រងបានល្អ មានសម្លេង ក្លិន ផ្សែងរំខាន ខូតខាតខ្យល់អាកាស ប៉ះពាល់ស្រទាប់អូសូន ។
- វប្បធម៌ ៖ ការហូរចូលនូវវប្បធម៌បរទេសមិនល្អធ្វើឲ្យខូចខាតវប្បធម៌ជាតិ ដែលមានភាពស្រគត់ស្រគំ ផូរផង់ ។
- ជំនឿ សាសនា ទំនៀមទម្លាប់ និងរបៀបរស់នៅក្នុងប្រទេសនីមួយៗ ។
២៣- សកលភាវូបនីយកម្មហិរញ្ញវត្ថុតែងតែផ្តល់នូវប្រយោជន៍ និងហានិភ័យផង ។
ក- អត្ថប្រយោជន៍ ៖
- ជាមធ្យោបាយទូទាត់ដ៏ទូលំទូលាយ ៖ សកម្មភាពសេដ្ឋកិច្ចមានការអភិវឌ្ឍឆាប់រហ័ស ពីប្រព័ន្ធការដោះដូរទំនិញ និងទំនិញឆ្ពោះទៅកាន់ប្រព័ន្ធការដោះដូរដោយប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសទៅក្នុងតំបន់ ហើយពាសពេញពិភពលោក ។
- ការកៀរគរធនធាន ៖ ការប្រមូលប្រាក់សន្សំដោយស្ម័គ្រចិត្តពីមហាជនក្រោមរូបភាពជាទ្រព្យសកម្មហិរញ្ញវត្ថុ ។ លើសពីនេះមានការប្រើប្រាស់ទីផ្សារហិរញ្ញវត្ថុ ដែលកត្តាទាំងនេះ បង្កភាពងាយស្រួលដល់វិនិយោគិនទាំងឡាយ វិនិយោគគម្រោងអាជីវកម្មរបស់ពួកគេ សេដ្ឋកិច្ចរីកចម្រើន ។
- ការវិភាជធនធាន ៖ ចំណុចទីបី ដែលបានផ្តល់ដោយប្រព័ន្ធហិរញ្ញវត្ថុ គឺការវិភាគ ធនធានសម្រាប់ការវិនិយោគ ។ ឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូង រដ្ឋពុំមានកម្មសិទ្ធិ និងចាត់ចែងសហគ្រាសភាគច្រើននោះទេ តែរដ្ឋបានធ្វើអន្តរាគមន៍ក្នុងការបែងចែកឥណទានតាមរយៈការជូនដំណឹងទៅធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតថា តើក្នុងវិស័យណា និងអ្នកណាខ្លះដែលត្រូវផ្តោតការយកចិត្តទុកដាក់ផ្តល់ឥណទានឲ្យ ។
ខ- គុណវិបត្តិមានដូចជា ៖
- វិបត្តិសេដ្ឋកិច្ចពិភពលោក និងធ្វើឲ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរបស់ប្រទេសនោះដែរ ព្រោះប្រទេសនោះបានចូលជ្រៅជាមួយសកលភាវូបនីយកម្មពិភពលោក ។
- សេដ្ឋកិច្ចពពុះសាប៊ូ គឺជាវិបត្តិហិរញ្ញវត្ថុដូចកាលពីឆ្នាំ២០០៨ នាំឲ្យក្រុមហ៊ុនក្ស័យធនជាដើម ។
២៤- បានជាគេសិក្សា “សហគ្រិនភាព” នៅតាមវិទ្យាល័យព្រោះដើម្បីសិស្សទទួលបាននូវ ៖
+ ចំណេះដឹង
- សិស្សប្រាប់បានយ៉ាងត្រឹមត្រូវពីប្បញ្ញត្តិរបស់ពាក្យ “សហគ្រិនភាព”
- សិស្សប្រាប់បានពីភាពជាសហគ្រិន
- សិស្សប្រាប់បានពីសារៈសំខាន់ក្នុងភាពជាសហគ្រិន
+ បំណិន
- សិស្សកំណត់បានពីភាពជាសហគ្រិន
- សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពីភាពជាសហគ្រិន
- សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពីសារៈសំខាន់សហគ្រិនភាព
+ ឥរិយាបថ
- បណ្តុះស្មារតីសិស្សឲ្យចូលចិត្តសិក្សាសហគ្រិនភាព
- សិស្សមានស្មារតីខិតខំសិក្សាមេរៀន សហគ្រិនភាព ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតនៅពេលសិក្សាក៏ដូចជានៅពេលអនាគត ។
២៥- រដ្ឋាភិបាលមានភារកិច្ច ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចដូចជា ៖
- រក្សាឲ្យបាននូវសន្តិភាព សេរីភាព សន្តិសុខសង្គម សុវត្ថិភាព
- បណ្តុះបណ្តាលធនធានមនុស្ស ឲ្យទាន់ការរីកចម្រើននៃពិភពលោកបច្ចុប្បន្ន
- ខិតខំយកចិត្តទុកដាក់អភិវឌ្ឍទៅលើវិស័យសក្តានុពលនានា និងបន្ទាប់បន្សំផ្សេងទៀត
- ទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងបរទេសឲ្យធ្វើការវិនិយោគ
- លើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ តាមរយៈការបន្ធូរបន្ថយពន្ធ បង្កភាពងាយស្រួលក្នុងការបើកអាជីវកម្ម និងសម្រួលដល់ការកាត់បន្ថយថ្លៃដើមផ្សេងៗ
- អភិវឌ្ឍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងប្រទេស និងភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង
- ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រនានាឲ្យទាន់សភាពការណ៍ដែលកើតឡើងជាក់ស្តែង ដូចជាគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុជាដើម
- ព្យាយាមកាត់បន្ថយអត្រាផរណាឲ្យនៅកម្រិតទាប
- លុបបំបាត់អំពើពុករលួយ សង្គមមានយុត្តិធម៌
- យកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ល។
តភាគ