សំណួរ
២៦- ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺនាំឲ្យមានកំណើនការងារ និងសេដ្ឋកិច្ច ។ ចូរពន្យល់ ។
២៧- តើកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានអ្វីខ្លះ ? ចូររៀបរាប់ ។ តើកម្មវិធីនេះ បានរួមចំណែកយ៉ាងដូចម្តេចខ្លះ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ?
២៨- តើផលិតផលក្នុងស្រុកសរុបគឺជាអ្វី ? តើផលិតផលក្នុងស្រុកសរុបមានទំនាក់ទំនងអ្វីជាមួយកំណើនសេដ្ឋកិច្ច ?
២៩- ចូរពន្យល់ពីតួនាទីក្នុងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នីតិកាលទី៦ ។
៣០- តើបញ្ច័យវិជ្ជមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្មមានអ្វីខ្លះ ?
ចម្លើយ
២៦- ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺនាំឲ្យមានកំណើនការងារ និងសេដ្ឋកិច្ច ព្រោះថាការវិនិយោគផ្ទាល់ពីបរទេសបានបង្កើតឲ្យមាន ៖
- ប្រភពធនធានសំខាន់ៗជាច្រើនដូចជា ធនធានហិរញ្ញវត្ថុ ធនធានមនុស្សនាំចូលបច្ចេកវិទ្យាថ្មីៗទំនើបៗ
- ផលិតផលិតផលដែលមានលក្ខណៈប្រកួតប្រជែង គុណភាពខ្ពស់ទំនើបៗទាន់សម័យ មានបរិមាណច្រើនគ្រប់គ្រាន់ទាន់ពេលសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅបរទេស
- រក្សាបានតុល្យភាព ជញ្ជីងពាណិជ្ជកម្ម ដែលនាំឲ្យមានស្ថេរភាពអត្រាប្តូរប្រាក់ លុបបំបាត់ពីកម្ចីបរទេស រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស
- ប្រជាជនសម្បូរការងារធ្វើ ដែលទទួលបានការទូទាត់សងក្នុងកម្រិតល្អប្រសើរ
- ការកាត់បន្ថយអត្រាអតិផរណា
- បង្កភាពងាយស្រួលដល់សហគ្រិន ស្ថានភាពហិរញ្ញវត្ថុភាពល្អប្រសើរ អត្រាការប្រាក់ទាប ស្របពេលដែលប្រទេសមានភាពរីកចម្រើន ប្រជាជនមានការងារសមរម្យ នាំឲ្យមានតម្រូវការជាច្រើនមានការកើនឡើង ដូច្នេះការបើកអាជីវកម្មប្រាកដជាទទួលបានការគាំទ្រជាមិនខាន ។
២៧- កម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ៖
- ផ្ទះឈើ និងបង្គន់អនាម័យ នៅក្នុងភូមិដ្ឋាននៃគ្រួសារយោធិន និងនគរបាល
- ដីលំនៅដ្ឋាន និងដីកសិកម្ម សម្រាប់គ្រួសារយោធិន និងនគរបាលរស់នៅ និងបង្កបង្កើនផល
- ផ្លូវ ស្ពាន លូដោះទឹក ទំនប់បង្ហៀរ នៅតាមបណ្តោយព្រំដែន តាមជើងភ្នំដងរ៉ែក និងចាក់ទៅលើខ្នងភ្នំដងរ៉ែក និងផ្លូវនៅក្នុងភូមិនៃគ្រួសារយោធិន និងនគរបាល
- សាលរៀន មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព អណ្តូងទឹក ស្រះទឹកសម្រាប់គ្រួសារយោធិន នគរបាល និងប្រជាជន
- ផ្សារជនបទ និងវត្តអារាមសម្រាប់គ្រួសារយោធិន នគរបាល និងប្រជាជនលក់ដូរ និងគោរពបូជា ។
+ កម្មវិធីនេះ បានរួមចំណែកក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដូចជា ៖
- បង្កលក្ខណៈឲ្យគ្រួសារយោធិន និងនគរបាល មានលំនៅដ្ឋានរឹងមាំជាអចិន្ត្រៃយ៍នៅតាមបណ្តោយព្រំដែន មានដីកសិកម្មសម្រាប់បង្កបង្កើនផលបម្រើជីវភាពរស់នៅ ដែលជួយជម្រុញ និងលើកទឹកចិត្តឲ្យកងកម្លាំងប្រដាប់អាវុធកាន់តែមានភាពក្លាហានក្នុងការការពារទឹកដី
- ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្វាត់ខ្វែង នៅតាមបណ្តោយព្រំដែន និងជាប់ខ្សែបន្ទាត់ព្រំដែន បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការចល័តកងកម្លាំងប្រដាប់អាវុធ និងមធ្យោបាយ ឧបករណ៍ សម្ភារៈយោធា ក្នុងករណីមានការឈ្លានពានពីសត្រូវ
- កម្មវិធីអភិវឌ្ឍន៍ចម្រុះនេះ បានប្រែក្លាយតំបន់សមរភូមិប្រយុទ្ធនៅតាមព្រំដែន ឲ្យទៅជាតំបន់អភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងទេសចរណ៍ ដែលទាក់ទាញប្រជាពលរដ្ឋឲ្យរស់នៅទីនោះកាន់តែច្រើនឡើងៗ ហើយគឺប្រជាពលរដ្ឋនេះហើយដែលជារបងមនុស្ស សម្រាប់ការពារព្រំដែនប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ។
២៨- ផលិតផលក្នុងស្រុកសរុប គឺជាតម្លៃផលិតផល និងសេវាសម្រេចទាំងអស់ ដែលផលិតបាននៅក្នុងសេដ្ឋកិច្ចមួយក្នុងអំឡុងពេលមួយកំណត់ ។ ការគណនារាប់បញ្ចូលតម្លៃទំនិញ ដែលបានផលិតដូចជាសំណង់ គេហដ្ឋាន ទំនិញប្រើប្រាស់ផ្សេងៗរួមមានសម្លៀកបំពាក់ វិទ្យុ ទូរទស្សន៍ ថាសចម្រៀង សេវាផ្សេងៗ និងមធ្យោបាយធ្វើដំណើរ ការព្យាបាយជម្ងឺ ការបណ្តុះបណ្តាល ។ល។ តម្លៃទំនិញ និងសេវានីមួយៗ ត្រូវបានកំណត់ផ្អែកតាមថ្លៃទីផ្សារ ហើយតម្លៃនីមួយៗនេះ បូកបញ្ចូលគ្នាបានជាផលិតផលក្នុងស្រុកសរុប ។ គេអាចវាស់វែងផលិតផលក្នុងស្រុកសរុបតាមពីរវិធីសាស្ត្រ គឺអភិក្រមចំណាយ និងវិធីសាស្ត្រអភិក្រមចំណូល ហើយជាទូទៅចំណាយស្មើនឹងចំណូល ។ ដូចដែលបានបង្ហាញរួចមកហើយ វឌ្ឍនភាពសេដ្ឋកិច្ចមិនមែនពឹងផ្អែកទៅលើតែកត្តាផ្គត់ផ្គង់មួយមុខ ដែលទាមទារឲ្យមានការបង្កើនបរិមាណ និងគុណភាពផលិតកម្មតាមរយៈបង្កើនធនធានសេដ្ឋកិច្ចរួមមានធនធានធម្មជាតិ ធនធានមនុស្ស និងទំនិញវិនិយោគ ព្រមជាមួយការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណោ្ណះទេ ។ ជាក់ស្តែង វឌ្ឍនភាពសេដ្ឋកិច្ច ត្រូវគាំទ្រដោយការកើនឡើងនូវសេចក្តីត្រូវការរបស់សង្គមទាំងមូល ដែលស្រូបយកការរីកកើនឡើងនៃធនធានសម្រាប់ការលូតលាស់ទៀតផង ។ ប្រការនេះ អាចគូសបញ្ជាក់បានថាវឌ្ឍនភាពសេដ្ឋកិច្ចមានទំនាក់ទំនងយ៉ាងស្អិតរមូតរវាងបម្រែបម្រួលផ្នែកផ្គត់ផ្គង់សរុប និងបម្រែបម្រួលនៃតម្រូវការសរុប ដែលទាមទារឲ្យមានបម្រែបម្រួលធនធានសេដ្ឋកិច្ច នៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល ។ រចនាសម្ព័ន្ធ និងយន្តការបែងចែកធនធានសេដ្ឋកិច្ច ត្រូវអភិវឌ្ឍឲ្យបានលឿន និងមានសេរីភាពពេញលេញដើម្បីឲ្យការបង្កើនសមត្ថភាពផលិតកម្មអាចផ្តល់ផលបានពិតប្រាកដ ។
២៩- ការពន្យល់ពីតួនាទីក្នុងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នីតិកាលទី៦ ។
សម្រាប់នីតិកាលទី៦ នេះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន៤ ដោយតម្កល់មនុស្សជាអាទិភាពទី១នៅលើគេ ។ ការអភិវឌ្ឍធនធានមនុស្សរួមមាន ៖
- ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
- ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
- ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និង
- ការពង្រឹងសមត្ថភាពយេនឌ័រ និងការគាំពារសង្គម ។
៣០- បញ្ច័យវិជ្ជមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្មមានដូចជា ៖
+ បញ្ច័យវិជ្ជមាន
- សកលភាវូបនីយកម្ម ត្រូវបានរំលេចឡើងដោយសារសេដ្ឋកិច្ចពិភពលោកបានរីកចម្រើនខ្លាំងតាមរយៈការចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិជាងមុននូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសមួយទៅប្រទេសមួយទៀត ។ ការរីកលូតលាស់យ៉ាងខ្លាំងនេះ ត្រូវបានផ្គួបផ្សំជាមួយនឹងបដិវត្តន៍ថ្មីៗក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលជាប្រការធ្វើឲ្យផ្នែកដឹកជញ្ជូន និងទូរគមនាគមន៍ទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង និងលឿនឆ្ពោះទៅមុខ ។
- បានជម្រុញឲ្យប្រទេសជាច្រើន ធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងវិស័យទីផ្សារហិរញ្ញវត្ថុ ។ ក្នុងក្របខណ្ឌនេះ គេឃើញទ្រង់ទ្រាយនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងលំហូរចេញ-ចូលមូលធនបានកើនឡើងក្នុងល្បឿន និងទំហំ ដែលស្ទើរតែមិនអាចវាយតម្លៃ និងប៉ាន់ប្រមាណបាន ។
- បានបើកឲ្យកាន់តែទូលំទូលាយ សម្រាប់កិច្ចដំណើរការនៃកម្លាំងទីផ្សារជម្រុញឲ្យទំនិញ និងសេវាកម្មគ្រប់បែបយ៉ាង ព្រមទាំងកម្លាំងពលកម្ម ភ្ញៀវទេសចរ និងទុនវិនិយោគហូរចេញ-ចូលពីប្រទេសមួយទៅប្រទេសមួយដោយសេរី ។ ជាលទ្ធផលក្នុងប្រទេសដែលមានទីផ្សារកំពុងងើបឡើងវិញបានទទួលផលចំណេញខ្ពស់ពីការវិនិយោគភាគហ៊ុន និងជាពិសេសមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគត ដែលមានសភាពល្អប្រសើរ និងការទទួលបានបច្ចេកវិទ្យាទំនើប ជំនាញធុរកិច្ច និងសកម្មភាពឆ្លងកាត់ហិរញ្ញវត្ថុអន្តរជាតិថែមទៀត ។
+ បញ្ច័យអវិជ្ជមាន
- បច្ចុប្បន្ននេះ គេមើលឃើញយ៉ាងប្រត្យក្សនូវមហិច្ចតាក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយការទូត ដើម្បីគ្របដណ្តាប់នៅលើពិភពលោករបស់បណ្តាប្រទេសមហាអំណាចមួយចំនួន ជម្លោះការប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលបានបញ្ជេះបន្ថែមទៀតនូវសង្រ្គាម វិនាសហិនហោច និងភាពវឹកវរនៃអំពើភេវកម្ម និងការចាប់ជម្រិត ។
- ទន្ទឹមនឹងបដិវត្តបច្ចេកវិទ្យា និងភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ វប្បធម៌ និងការរស់នៅបែបខុសៗគ្នា ព្រមទាំងជម្ងឺឆ្លងផ្សេងៗបាយរាលដាលយ៉ាងរហ័សពីប្រទេសមួយទៅប្រទេសមួយទៀត ។ ជាមួយគ្នានោះ ផលប៉ះពាល់ទៅលើបរិស្ថានបាននាំមកនូវគ្រោះមហន្តរាយធំៗ ដែលមិនធ្លាប់មានពីមុនមក និងបំផ្លិចបំផ្លាញជីវិតមនុស្ស សត្វ និងធម្មជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុតសម្រាប់ការការពារបរិស្ថានបាននាំមកនូវកត្តាអវិជ្ជមានផ្សេងៗដូចជា ការឆ្លងរាលដាលជម្ងឺ HIV អេជស៍ ជម្ងឺសារ ជម្ងឺគ្រុនផ្តាសាយបក្សី និងគ្រោះធម្មជាតិ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងការរញ្ជួយដីជាដើម ។
- ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ការហូរចូលទំនិញគ្រប់បែបយ៉ាងមានការបញ្ឈប់ បង្អាក់យ៉ាងខ្លាំងទៅលើការរីកលូតលាស់នៃទំនិញក្នុងស្រុក ។
- ការហូរចូលទំនិញប្រណិតគ្រប់បែបយ៉ាង និងរបៀបរស់នៅទំនើបបានកាត់បន្ថយការសន្សំជាតិ ដែលជាកត្តាចាំបាច់សម្រាប់ពង្រីក និងពង្រឹងវិស័យផលិតកម្ម ។ ជាក់ស្តែង ចំណាយមួយផ្នែកធំ ត្រូវបានផ្ទេរមកប្រើប្រាស់លើទំនិញ និងសេវាប្រណិត បម្រើការកម្សាន្ត ជីវិតសប្បាយហ៊ឺហារ និងចំណាយលើទំនិញប្រណិតផ្សេងៗតាមរបៀបប្រណាំងប្រជែងគ្នាទៅវិញ ។
ប្រការទាំងអស់ ដែលបានរៀបរាប់ខាងលើនេះ គឺជាកត្តាសំខាន់ដែលកំណត់នូវទិដ្ឋភាពរួមរបស់ពិភពលោកបច្ចុប្បន្ននេះ និងទៅអនាគត ។ ជាងនេះទៅទៀត អនាគតអ័ព្ទអួរ ឬភ្លឺស្វាងនៃពិភពលោកយើងមួយផ្នែកធំពិតជាអាស្រ័យទៅលើលទ្ធភាពនៃដំណោះស្រាយបញ្ហាទាំងអស់នេះ ។
តភាគ