2021-08-13 23:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
logo
នយោបាយ
បេសកជនអាមេរិកជួបមន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយប្រឆាំងនៅហៃទី
13 សីហា 2021
Sandra Lemaire
រូបឯកសារ៖ បេសកជនពិសេសរបស់អាមេរិកសម្រាប់ប្រទេសហៃទីគឺលោកឯកអគ្គរដ្ឋទូត Daniel Foote ជួបប្រជុំជាមួយប្រធានប៉ូលិសជាតិហៃទីលោក Leon Charles ឯកអគ្គរដ្ឋទូតអាមេរិកអ្នកស្រី Michele Sison និងមន្ត្រីប៉ូលិសផ្សេងទៀតនៅប្រទេសហៃទីកាលពី ខែកក្កដា។
រូបឯកសារ៖ បេសកជនពិសេសរបស់អាមេរិកសម្រាប់ប្រទេសហៃទីគឺលោកឯកអគ្គរដ្ឋទូត Daniel Foote ជួបប្រជុំជាមួយប្រធានប៉ូលិសជាតិហៃទីលោក Leon Charles ឯកអគ្គរដ្ឋទូតអាមេរិកអ្នកស្រី Michele Sison និងមន្ត្រីប៉ូលិសផ្សេងទៀតនៅប្រទេសហៃទីកាលពី ខែកក្កដា។
វ៉ាស៊ីនតោន —
បេសកជនពិសេសរបស់លោកប្រធានាធិបតី Joe Biden សម្រាប់ប្រទេសហៃទីគឺលោកឯកអគ្គរដ្ឋទូត Daniel Foote បានជួបតាមអនឡាញជាមួយតំណាងសង្គមស៊ីវិលនិងអ្នកនយោបាយហៃទីកាលពីថ្ងៃពុធ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់វីអូអេថា៖ «បេសកជនពិសេសពេញចិត្តស្តាប់គំនិតនិងដំណោះស្រាយពីក្រុមទាំងនេះដើម្បីជួយប្រទេសរបស់ពួកគេឱ្យចៀសផុតពីបញ្ហាប្រឈមបច្ចុប្បន្ន»។
កិច្ចប្រជុំរបស់លោក Foote គឺជាព័ត៌មានសំខាន់នៅរដ្ឋធានី Port-au-Prince ប្រទេសហៃទីនៅសប្តាហ៍នេះ។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយវិបត្តិនយោបាយដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise នៅថ្ងៃទី៧ខែកក្កដានោះគឺជាប្រធានបទនៃលិខិតទ្វេភាគីរបស់សមាជិកព្រឹទ្ធសភាគឺលោក Marco Rubio និងលោក Bob Menendez ផ្ញើទៅលោក Biden កាលពីថ្ងៃច័ន្ទ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេភាសាក្រេអូលកាលពីថ្ងៃច័ន្ទលោកអតីតសមាជិកព្រឹទ្ធសភា Jerry Tardieu បាននិយាយថាទោះបីមានភាពមន្ទិលសង្ស័យក្នុងចំណោមក្រុមប្រឆាំងក៏ដោយក៏ភាគច្រើនយល់ស្របថាចាំបាច់ត្រូវមានការបោះឆ្នោតចម្រុះភាគីអាចទុកចិត្តនិងស្មោះត្រង់ដើម្បីជំរុញប្រទេសទៅមុខ។
លិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកក៏បានអំពាវនាវឱ្យលោក Biden ជួយប្រទេសហៃទីស៊ើបអង្កេតការសម្លាប់លោក Moise ផងដែរ។
អ្នកនាំពាក្យប៉ូលិសជាតិហៃទីអ្នកស្រី Marie Michel Verrier ប្រាប់អ្នកយកព័ត៌មានថារហូតមកដល់ពេលនេះប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៤៤នាក់ហើយបានរឹបអូសអាវុធគ្រាប់រំសេវនិងប្រាក់ជារូបិយបណ្ណអាមេរិកនិងហៃទី។
លោក Moise ត្រូវគេធ្វើឃាតនៅគេហដ្ឋានឯកជនរបស់គាត់នៅជាយក្រុង Port-au-Prince នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកក្កដា។ ភរិយារបស់គាត់ឈ្មោះ Martine បានរងរបួសធ្ងន់ធ្ងរ៕
(អ្នកស្រី Jacquelin Belizaire អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេនៅក្រសួងការបរទេសអ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេនៅសេតវិមានអ្នកស្រី Margaret Besheer អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេនៅអ.ស.ប.និងលោកJorge Agobianអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេភាសាអេស្បាញនៅសេតវិមានរួមចំណែកក្នុុងសេចក្តីរាយការណ៍នេះ)