Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          ស្នាដៃអក្សរសិល្ប៍ គឺជាកម្រងបទដែលអ្នកនិពន្ធតាក់តែងឡើងប្រកបដោយសិល្ប៍វិធីអោយអ្នកអាន អ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ ។ ទន្ទឹមនិងការជក់ចិត្តដិតអារម្មណ៍ វណ្ណកម្មអក្សរសិល្ប៍ក៏បានរូមចំណែកបម្រើផលប្រយោជន៍ដល់មនុស្សផងដែរ តាមរយះការលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយ ។  

          តាមកម្មវិត្ថុអក្សរសិល្ប៍ មានមតិមួយលើកឡើងថា “អក្សរសិល្ប៍សិក្សាពីមនុស្សដើម្បីមនុស្ស” ។

          តាមមតិមួយនេះបង្កាប់ជម្រៅ អត្ថន័យយ៉ាងដូចម្ដេចខ្លះ​ ?

          ឆ្លងតាមរយះការសិក្សាអត្ថបទអក្សរសិល្ប៍ និងទ្រឹស្ដីអក្សរសិល្ប៍ យើងឃើញថាមានទស្សនះជាច្រើនបានអោយនិយមន័យនៃពាក្យ “អក្សរសិល្ប៍” ផ្សេងៗទីទៃពីគ្នាប៉ុន្តែរាល់និយមន័យទាំងនោះមានអត្ថន័យប្រហាក់ប្រហែលគ្នា ។ យើងអាចសំយោគបានថា អក្សរសិល្ប៍គឺជាកម្រងអត្ថបទដែលអ្នកនិពន្ធរចនា សំអិតសំអាងដោយសិល្ប៍វិធីនិងឧត្ដមគតិរបស់អ្នកនិពន្ធ ។ ដូចនេះ “អក្សរសិល្ប៍សិក្សាពីមនុស្ស” មានន័យថាអត្ថបទដែលអ្នកនិពន្ធតាក់តែងដោយបច្ចេកទេស ឬសិល្ប៍វិធីរស់រវើកទាំងឡាយនោះគឺសិក្សាអំពីបញ្ហារបស់មនុស្ស ។ សិក្សាពីមនុស្សនៅក្នុងអក្សរសិល្ប៍ មិនដូចសិក្សាពីមនុស្សនៅក្នុងមុខវិជ្ជាជីវវិទ្យានោះទេ ជីវវិទ្យាសិក្សាអំពីមនុស្ស គឺសិក្សាទៅលើរូបផ្គុំ ឬសារពាង្គកាយមនុស្សតែអក្សរសិល្ប៍សិក្សាអំពីមនុស្ស គឺសិក្សាបញ្ហាមនុស្សនៅក្នុងសង្គម ។ ចំណែកមតិប្រធានដែលលើកឡើងថា “ដើម្បីមនុស្ស” គឺសំដៅដល់ផលប្រយោជន៍មនុស្ស ឬសេចក្ដីត្រូវការរបស់មនុស្ស ។ ដូចនេះ “អក្សរសិល្ប៍សិក្សាពីមនុស្ស” មានន័យថាអក្សរសិល្ប៍បានលើកយកបញ្ហាទាំងឡាយរបស់មនុស្សនៅក្នុងសង្គមមកចោទ និងដោះស្រាយ សិក្សាវិភាគរូចផ្ដល់ប្រយោជន៍ដល់មនុស្សវិញ ។ និយាយអោយខ្លី គឺអក្សរសិល្ប៍សិក្សាពីមនុស្ស ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្សវិញ ។ គ្រប់ស្នាដៃអក្សរសិល្ប៍ដែលប្រមូលុផ្ដុំនៅព្រឹត្តិការណ៍សង្គម​ បញ្ហារឿងរ៉ាវរបស់មនុស្ស ទំនាស់វិបត្តិផ្សេងៗ ឬបញ្ហាជំនឿ សាសនា ទំនៀមទំលាប់ ប្រពៃណី ព្រមទាំងវប្បធម៍ អរិយធម៍ បូករួមទាំងភាពយុត្តិធម៍ អយុត្តិធម៍ ការជិះជាន់គាបសង្កត់ ឬការតស៊ូរើបំរាស់ នងទំនាស់វណ្ណះជាដើម ។ ក្នុងដំណើរការចោទ និងដោះស្រាយនូវបញ្ហាទាំងអស់នេះ ប្រកបដោយសិល្ប៍វិធីនោះ អ្នកនិពន្ធតែងប្រើតួអង្គមនុស្ស សត្វ រុក្ខជាតិ ឬអមនុស្ស ដើម្បីដឹកនាំបញ្ហារឿងអោយឈានដល់ចំណុចចុងក្រោយ មានដំណោះស្រាយបញ្ចាប់រឿង ។ ទោះបីជាអ្នកនិពន្ធជ្រើសរើសយកតួអង្គ ជាសត្វក្ដី រុក្ខជាតិក្ដី វិត្ថុក្ដី ឬអមនុស្សក្ដីក៏តួអង្គនោះតំណាងអោយមនុស្សដែរ បញ្ហារបស់តួអង្គទាំងនេះ គឺជាបញ្ហារបស់មនុស្សដែលរស់នៅក្នុងសង្គម ព្រោះថាកម្មវិត្ថុនៃអក្សរសិល្ប៍ គឺមនុស្ស ។ គ្រប់ស្នាដៃអក្សរសិល្ប៍តែងតែផ្ដល់ដល់មនុស្សនូវគុណប្រយោជន៍ ជាច្រើនក្នុងនោះមើលឃើញមានផ្ដល់ពុទ្ធិ ឬចំណេះដឹង ផ្ដល់តំលៃអប់រំ ឬការកម្សាន្តបំបាត់អផ្សុកជាដើម ។ ដូចនេះដោយឆ្លងកាត់បទពិសោធន៍ អ្នកនិពន្ធបាន​ប្រសូតវណ្ណកម្មអក្សរសិល្ប៍ ដោយលើកយកព្រឹត្តិការណ៍ ឬរឿងរ៉ាវបញ្ហារបស់មនស្សមកចោទ និងដោះស្រាយហើយបន្ថែមនូវសិល្ប៍វិធីអោយរស់រវើកដើម្បីផដល់អោយមនុស្សនូវពុទ្ធិ ឬចំណេះដឹង ផ្ដល់ការអប់រំ ឬផ្ដល់អោយមនុស្សនូវពុទ្ធិ ឬចំណេះដឹង ផ្ដល់ការអប់រំ ឬផ្ដល់ការកែកម្សាន្តបំបាត់ភាពអផ្សុក ។ តួយ៉ាងរឿងសង្កែស្រុក និងសង្កែភ្នំ ដែលមានតួអង្គដើមសង្កែស្រុកនិងដើមសង្កែភ្នំ ។ តាមរយះរឿងនេះអ្នកនិពន្ធបានលើកយកបញ្ហាមនុស្សក្នុងសង្គមមកចោទ និងដោះស្រាយ ដោយអោយតួអង្គដើមសង្កែតំណាងអោយមនុស្ស ។ ស្នាដៃអក្សរសិល្ប៍នេះ សិក្សាអំពីបញ្ហាមនុស្ស ហើយបានផ្ដល់ផលប្រយោជន៍ដល់មនុស្សនៅចំណេះដឹង ការអប់រំ គឺផ្ដល់ចំណេះដឹង ធ្វើអោយដឹងសាច់រឿង គឺមានដើមសង្កែស្រុកដុះនៅវាលស្រែ មានស្លឹកផ្កាត្រសុំត្រសាយ ឯសង្កែភ្នំវិញដុះក្នុងព្រៃភ្នំគ្រាប់ដណ្ដាប់ដោយដើមឈើធំៗសង្កែភ្នំ មានដើមខ្ពស់គ្មានស្លឹកផ្កាផ្លែល្អនិងគេសោះ ។ បញ្ហានេះអ្នកនិពន្ធបានប្រៀបធៀបបញ្ហារបស់សង្គមទៅនិងជីវភាពរបស់មនុស្សអោយរស់នៅតាមជីវភាព សង្កែស្រុក គឺរស់តាមលទ្ធភាព ហើយជៀសវាងជីវភាពសង្កែភ្នំ ដែលប្រឹងធ្វើអ្វីៗហួសលទ្ធភាពតាមគេអ្នកមានដែលជាហេតុនាំអោយអន្តរាយដល់ខ្លួន ដូចពាក្យស្លោកថា “កុំឃើញដំរីជុះ ប្រឹងជុះតាមដំរី” ។ មួយទៀត រឿងចបជីកមួយគូអ្នកនិពន្ធបានលើកយកបញ្ហាអសកម្ម និងសកម្មលើការងាររបស់ចបជីកមួយគូ ។ ចបជីកដែលខ្យា និងស្រេះស៊ីតំណាងអោយមនុស្សអសកម្ម ឯចបជីកដែលល្អស្អាតដែលធ្វើការរាល់ថ្ងៃជាតំណាងមនុស្សសកម្មការងារ តាមរយះរឿងនេះអ្នកនិពន្ធបានវិភាគសិក្សាពីបញ្ហាមនុស្សហើយផ្ដល់ប្រយោជន៍ដល់មនុស្សជៀសវាងភាពអសកម្មលើការងារ ដែលនាំអោយអន្តរាយដល់ខ្លួន និងអោយខិតខំប្រឹងប្រែងបំពេញការងារទើបនាំអោយសុខភាពមាំមួនរីកចម្រើន ។

          យ៉ាងណាមិញស្នាដៃអក្សរសិល្ប៍រឿងទុំទាវ ជាវណ្ណកម្មដ៏ពិសិដ្ឋដែលអ្នកនិពន្ធលើកយកបញ្ហារស់នៅនាសម័យលង្វែកមកឆ្លុះបញ្ចាំង ដោយលើកយកបញ្ហាមនុស្សក្នុងសម័យនោះមកចោទ និងដោះស្រាយ ដើម្បីបម្រើផលប្រយោជន៍អោយមនុស្ស ជាមេរៀន ឬបទពិសោធក្នុងការរស់នៅ ។ បញ្ហារបស់មនុស្សតាមរយះស្នាដៃនេះយើងឃើញមាន បញ្ហាស្នេហា ជំនឿសាសនា ប្រពៃណីនំមិនធំជាងនាឡិ របបគ្រប់គ្រងជាដើម ។ ក្រោយពីបានចោទ និងដោះស្រាយបញ្ហាទាំងនេះ អ្នកនិពន្ធបានទាញនូវប្រយោជន៍ដល់មនុស្សអោយចេះតស៊ូទាមទារសេរីភាពក្នុងការជ្រើសរើសគូស្រករមានទុំ និងទាវជាតំណាង ។ មិនតែប៉ុណ្ណោះបានដាស់ស្មារតីម្ដាយគ្រប់រូបអោយយល់អំពីសេចក្ដីស្នេហារបស់កូនអោយចេះបំពេញតាមបំណងកូនខ្លះៗកុំដាច់ខាតពេក ។​ ប្រយោជន៍ម្យ៉ាងទៀត គឺធ្វើអោយមនុស្សយល់ ហើយដឹងអំពីជីវភាពរស់នៅនាសម័យលង្វែក ដឹងពីការគោរពបូជា សាសនា ជំនឿ ប្រពៃណី ទំនៀមទំលាប់ខ្មែរយើងនាសម័យនោះផងដែរ ។

          ដូចនេះ អក្សរសិល្ប៍ គឺបានសិក្សាអំពីបញ្ហារស់នៅរបស់មនុស្ស ហើយផ្ដល់ប្រយោជន៍ដល់មនុស្សវិញយ៉ាងពិតប្រាកដ ។

          ឆ្លងតាមរយះការបំភ្លឺខាងលើនេះរូចមកហើយ យើងឃើញថា អក្សរសិល្ប៍ផ្ដល់នូវគុណតំលៃដ៏ពិសេសក្នុងការបណ្ដុះស្មារតី និងឧត្ដមគតិផ្ដល់នូវបទពិសោធន៍ក្នុងជីវិតរស់នៅរបស់មនុស្ស ។ អក្សរសិល្ប៍ ជាស្ថាប័ត្យករនៃស្មារតីសម្រាប់តម្រង់គោលដៅរបស់មនុស្ស និងសង្គម ។

          ដូចនេះ យើងជាកូនខ្មែរត្រូវចេះលើកស្ទួយ និងអភិវឌ្ឍន៍អក្សរសិល្ប៍ខ្មែរអោយរីកចម្រើនត្រសុំត្រសាយ ។ ម៉្យាងទៀតត្រូវខិតខំសិក្សារៀនសូត្រ អោយមានចំណេះដឹងនៅក្នុងសង្គម ទូលំទំលាយ ដើម្បីក្លាយខ្លួនជាកវីនិពន្ធឆ្នើមដែលរួមចំណែកថែរក្សាការពារលើកស្ទួយវប្បធម៍អក្សរសិល្ប៍ខ្មែរផង និងបម្រើផលប្រយោជន៍ អោយមនុស្សទាំងឡាយក្នុងសង្គមផងដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login