Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្ដីអធិប្បាយ៖  គេ​ថា​មនុស្ស​កុំ​មើល​ងាយ​មនុស្ស​ ភ្នំ​មួយ​ខ្ពស់​ គង់​មាន​ភ្នំ​មួយ​ខ្ពស់​ជាង​ ឬ​អាច​និយាយ​បាន​ថា​ភ្នំ​ខ្ពស់​គង់​ទាប​ជាង​ស្មៅ​ ចំណែក​សមត្ថភាព​របស់​មនុស្ស​មិន​មែន​សម្គាល់​លើ​សំបក​ក្រៅ​ឡើយ​ តែ​វា​ស្ថិត​​ទៅ​លើ​ទង្វើ​​និង​ការ​អនុវត្ត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ទេព​កោសល្យ​ ហេតុ​នេះ​គេ​មិន​អាច​មើល​តែ​ចំណុច​ខាង​ក្រៅ​ទេ​។ ដោយ​មើល​​ស្ថានភាព​បែប​នេះ​ ទើប​បុព្វបុរស​ខ្មែរ​យើង​ ក្រើន​រំឭក​ជា​សុភាសិត​មួយ​ថា «​ត្រុក​ៗ​អ្នក​ស្រុក​មើល​ងាយ រលាស់​គូទ​ខ្ចាយ​ មាន​ឱត​មាន​ភ័ន្ត​»​។​
   
តើ​សុភាសិត​នេះ​មាន​ន័យ​ដូច​ម្ដេច​?
​   មុន​នឹង​ចូល​ដល់​ការ​បកស្រាយ​សុភាសិត​នេះ គួរ​គប្បី​យល់ន័យ​នូវ​ពាក្យ​គន្លឹះ​និង​ឃ្លា​សំខាន់​ដូចជា «​ត្រុក​ៗ»​ និង «​មាន​ឱត​មាន​ភ័ន្ថ​»​។ «​ត្រុក​ៗ​»​ មាន​ន័យ​ថា​ ដែល​មឹះៗ​ មិន​អង់​អាច​ មើល​ទៅ​ហាក់​ដូចជា​មិន​កើត​ការ​ រី​ឯ​ «​មាន​ឱត​មាន​ភ័ន្ត​»​ សំដៅ​ទៅ​លើការ​និយាយ​​ដែល​ធ្វើ​ឲ្យអ្នក​ស្ដាប់​មាន​ភាព​ស្រឡាំងកាំង​ នឹក​ស្មាន​មិន​ដល់​។​ សុភាសិត​ទាំង​មូល​ចង់​និយាយ​ពី​មនុស្ស​ដែល​មើល​ពីខាង​ក្រៅ​ មាន​លក្ខណៈ​សាមញ្ញ​ ធ្វើ​ឫកពា​ហាក់​ដូចជា​ជន​ល្ងង់​ខ្លៅ​មិន​ចេះ​អ្វី​សោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​នានា​មើល​ងាយ​​ ​ប៉ុន្តែ​ដល់​ពេល​ស្ថិត​នៅ​​ក្នុង​​​ចំណោម​​មហា​ជន​​ ក៏បញ្ចេញ​សមត្ថភាព​ ដែល​ធ្វើ​ឲ្យ​អ្នក​ផង​ទាំង​ឡាយ​ភ្ញាក់​ផ្អើល​ និង​កោត​សរសើរ​ ដែល​មិន​គួរ​ឲ្យ​ជឿ​។
   គេ​ថា​មនុស្ស​​ជាសត្វ​ដែល​មាន​សភាវគតិ​ ចេះ​​គិតពិចារណា​ ត្រិះរិះ​រក​ហេតុ​ផល​ ប៉ុន្តែ​អ្នក​ដែល​​សាហាវ​បំផុត​ក៏​ជា​មនុស្ស​ដែរ​។ បុគ្គល​មួយ​ភាគច្រើន​ ពេល​ចេះ​អ្វី​បន្តិច​បន្តួច​ ច្រើន​តែ​ក្អេងក្អាង​ និង​អួត​ថា​ខ្លួន​ក្លាហាន​អង់អាច​ ចេះ​អ្វី​គ្រប់​យ៉ាង​ ប៉ុន្តែ​ក៏​មាន​ជន​មួយ​​ចំនួន​ទៀត​មាន​សមត្ថភាព​ពិត​ៗ​ឥត​ក្លែង​ក្លាយ​ ផ្ទុយ​ទៅ​វិញ​គេ​​បែរ​​ជា​ដាក់​ខ្លួន​ ដាក់​រហូត​ដល់​​មើល​ទៅ​ខោ​មិន​ខោ​អាវ​មិន​អាវ​ រហូត​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិ​ញ​ខ្លួន​មាក់ងាយ​ និង​គិត​​ថា​ជន​នោះ​មិន​សម​ជា​អ្នក​ចេះ​ដឹង​ឡើយ​។​ ​បើ​យើង​ក្រឡេក​ទៅ​មើល​អ្នក​ប្រាជ្ញ​ល្បី​ៗ​លើ​លោក​ សុទ្ធ​តែ​កើត​ចេញ​ពី​ការ​រៀនសូត្រ​​និង​ការ​ហ្វឹកហាត់​ ​និង​ប្រើ​នូវ​ទេព​កោសល្យ​ផ្ទាល់​ខ្លួន​ គួប​ផ្សំ​នឹង​ការ​ពិសោធន៍​យ៉ាង​ស្វឹតស្វាញ​ ទោះ​បី​ជួន​កាល គាត់​មិន​សូវ​គិត​ពី​បញ្ហា​​ផ្ទាល់​ខ្លួន​ ឬ​ជីវិត​របស់​ពួកគាត់​ឡើយ​ ពេល​ខ្លះ​ក៏​ដុះ​ពុក​មាត់​ ពុក​ចង្កា​ស្រមេម​ស្រមាម​ រស់​នៅ​ក្នុង​ផ្ទះ​សាមញ្ញ​ និង​ស្លៀក​ពាក់​ធម្មតា​ៗ​ ​បើ​យើង​មើល​មួយ​ភ្លែត​ប្រាកដ​ជា​គិត​ថា​ពួកគាត់​ជា​មនុស្ស​ខ្វះអនាម័យ​ និង​ល្ងង់​ខ្លៅ​មិន​ខានដែល​ធ្វើ​បាប​ខ្លួន​ឯង​បែបនេះ​។ ជាក់​ស្ដែង​ ដូច​លោក អ៊ីសាក់ ញូវតុន​ ដែល​សិស្ស​រៀន​ខ្សោយ​ ​ប៉ុន្តែ​ក្រោយ​មក​ក៏​បញ្ចេញ​នូវ​ចំណេះ​ដឹង​ដ៏​មហាសាល​របស់​គាត់ គឺ​ច្បាប់​ទំនាញ​ ដែល​ល្បីល្បាញ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​​ ​ហើយ​ធ្វើ​អ្នក​ផង​ទាំង​ឡាយ​នឹក​ស្មាន​ថា​គាត់​មាន​បញ្ញា​បែប​នេះ​សោះ​។ លើស​ពី​នេះ​ទៀត​ គេ​​ឃើញ​​បុគ្គល​ខ្លះ​ កើត​មក​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់ ខ្លះ​គថ្លង់​ ខ្លះ​ពិការ​ភ្នែក​ ចំណែក​ខ្លះ​ទៀត​ពិការ​ដៃ​ ឬ​ជើង​ ហើយ​ជួន​កាល​មាន​តែ​ដៃ​ ឥត​មាន​ជើង ឬ​មាន​តែ​ជើង​​ តែ​ឥត​មាន​ដៃ ​ហើយ​អ្វី​ដែល​លំបាក​ជាង​នោះ​គឺ​​​អត់​ទាំង​ដៃ​អត់​ទាំង​ជើង​ ដែល​ធ្វើ​​ឲ្យ​មនុស្ស​ភាគច្រើន​គិត​ថា​ពួកគេ​ប្រាកដ​ជា​មិន​អាច​ធ្វើ​អ្វី​បាន ប៉ន្តែ​មាន​ឯណា​ ​​​យើង​មិន​អាច​មើល​ងាយ​ពួកគេ​បាន​ ដោយ​ពួកគេ​មាន​សម្ថភាព​រៀង​ខ្លួន​ អាច​ធ្វើ​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​ បើក​យន្ត​ហោះ​ បើក​ឡាន និង​អាច​ធ្វើ​ផ្សេង​ៗ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាង​មនុស្ស​ធម្មតា​ទៀត​ផង​។
   
ក្រៅ​នេះ​គឺ​អាចយក​ពិនិត្យ​​មើល​រឿង​និទាន​មួយ គឺ​តា​ព្រហ្ម​ និង​គីង្គក់​ ដែល​បាន​បង្ហាញ​ថា ដោយ​សារ​គ្រោះ​រាំង​ស្ងួត​គ្មាន​ភ្លៀង​ ធ្វើ​ឲ្យ​ដី​ស្ងួត​ហួត​ហែង​ ប្រេះ​ក្រៀម​ក្រញង់​ រុក្ខជាតិ​ទាំង​ឡាយ​ប្រែ​ជា​ស្រពោន​ ខ្លះ​ងាប់​ រី​ឯ​សត្វ​តូច​ៗ​ដូចជា កង្កែប គិង្គក់​ និងសត្វ​​តូច​ៗ​នានា ព្រម​រុក្ខជាតិ​ផ្សេង​ទៀត​ៗទៀត បាន​សហការ​គ្នា​ឡើង​ទៅ​ឋាន​ព្រះ​ព្រហ្ម ដើម្បី​ទាមទារ​ទឹកភ្លៀង ក្រោយ​មក​ពួក​គេ​ក៏​ស្រុះស្រួល​អុក​ឡុកព្រះ​ព្រហ្ម​ រហូត​ដល់​ទ្រង់​សន្យា​ផ្ដល់​ទឹក​ភ្លៀង​រាល់​ពេល​ឮ​ពួក​កង្កែប ហ៊ីង គង្គក់ ស្រែក​យំ​។ រឿង​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ រុក្ខជាតិ​និង​សត្វ​ទាំង​នោះ​មើល​ទៅ​តូច​តាច​ក្ដី​ ប៉ុន្តែ​អាច​មើល​ងាយ​បាន​ទេ​ ​នេះ​ក៏​ដោយសារ​តែ​ពួកគេ​មាន​សមត្ថភាព​មួយ​គឺ​ ការ​ធ្វើ​ការងារ​ជា​ក្រុម​ដោយ​ភាព​ក្លាហាន​មោះមុត​ ទើប​ព្រះ​ព្រហ្ម​លែង​ហ៊ាន​មើល​ងាយ និង​គោរព​តាម​សន្យា​របស់​សត្វ​ទាំង​នោះ​។ យ៉ាង​ណា​មិញ​ ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ ចៅចិត្រ​ មាន​រូប​រាង​ស្គម​ស្គាំង​ មើល​ទៅ​ហាក់​ដូចជា​គ្មាន​កម្លាំង​កំហែង​ ដែល​ធ្វើ​ឲ្យ​នាងឃុននារី​ប្រើ​សម្ដី​មិន​សម​រម្យ​ចំពោះ​គេ ដោយ​ចោល​សម្ដី​ថា រាង​ស្គម​ដូច​អ្នក​​ញៀន​អាភៀន​។ យូរ​ៗ​ទៅ​ទើប​ឃើញ​​យ៉ាង​ច្បាស់​ថា ចៅចិត្រ​ខិតខំ​ធ្វើ​ការ​ដោយ​ភាព​អំណត់​ខ្ពស់​ ចេះ​សាមគ្គី​ ស្មោះស្ម័គ្រ​ ព្រម​ទាំង​​រៀន​បាន​ប្រកាស​និយប័ត្រ​ ចេះច្រៀង​ មានកម្រិត​វប្បធម៌​ខ្ពស់​គ្រាន់​បើ​ ​ហើយ​មាន​សមត្ថភាព​អាច​គ្រប់​គ្រង់​បាន​​យ៉ាង​ល្អ​។ ទី​បំផុត​ នាង​ឃុន​នារី​ ក្ដី​ លោក​ហ្លួង​រតនសម្បត្តិ​ក្ដី​ សុទ្ធ​តែ​ពេញ​ចិត្ត​​និង​មាន​មោទនភាព​ចំពោះ​គេ​យ៉ាង​ខ្លាំង​ រហូត​ទទួល​យក​គេ​ធ្វើ​ជា​កូន​ប្រសារ​​ និង​ផ្ដល់​តំណែង​ជា​ថៅកែ​ត្បូង​ដល់​គេ​ផង​ដែរ​។ ចំណែក​នៅ​ក្នុង​រឿង​ព្រះ​អាទិត្យ​​ថ្មី​ រះ​លើ​ផែន​ដី​ ដែល​ជា​វណ្ណកម្ម​ដ៏​ល្បី​ល្បាញ​របស់​លោក សួន​ សុរិន្ទ​ ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សម​ ជា​តួអង្គ​ដែល​ដាក់​ខ្លួន​រស់​ក្រោម​សង្គម​អយុត្តិធម៌​ ​សង្គម​ពុករលួយ និងអសីលធម៌​ ព្រម​ទាំង​ទុច្ច​រិត​ ​គ្មាន​ជន​ណា​ម្នាក់​អាច​ធ្វើ​បាន​ដូច​សម​ឡើយ​ ទោះ​បី​ជា​ក្រ​​ខ្វះខាត​មែន​ ប៉ុន្តែ​មាន​ឧត្ដមគតិ​​លើ​ស​ជន​ណា​ៗ​ទាំង​​អស់​ ដោយ​ប្រកាន់​នូវ​សច្ចធម៌​ យុត្តិធម៌​ មិន​ក្បត់​មនសិការ ចិញ្ចឹម​ជីវិត​ដោយ​សុចរិត​ត្រឹមត្រូវ​ មិន​ចេះ​កេង​ប្រវ័ញ្ច​អ្នក​ណា​ឡើយ​។ ត្រង់​ចំណុច​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​អាន​អ្នក​ស្ដាប់​កាន់​តែ​កោត​ស្ងប់​ស្ងែង​ចំពោះ​ទង្វើ​របស់​គេ​យ៉ាង​ខ្លាំង​ និង​គួរ​ឲ្យ​គោរព​បំផុត​ ទោះ​បី​ជា​គេ​ក្រ​យ៉ាង​បែប​នេះ​ក្ដី​។
   
សរុប​មក​ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា មនុស្ស​គ្រប់​រូប​ទោះ​បី​មើល​ពី​ខាង​ក្រៅ​ល្ងង់​ខ្លៅ​ និង​ស្លៀក​ពាក់​ខោអាវ​ចាស់​ៗ​ ប៉ុន្តែ​បែរ​ជា​សមត្ថភាព​ហួស​ពី​ការ​ស្មាន​ និង​គួរ​ឲ្យ​គោរព​បំផុត​ តួយ៉ាង​ដូចជា លោក អ៊ីសាក់ ញូវតុន ចៅចិត្រ​ គិង្គក់ និង​តួអង្គ​ សម​ជាដើម​។​
   
យោង​តាម​​ការ​បក​ស្រាយ​ខាង​លើ​នេះ​ គេ​អាច​​សន្និដ្ឋាន​បាន​ថា សុភាសិត​ខាង​លើ​នេះ ពិត​ជា​​មាន​តម្លៃ​អប់​រំ​យ៉ាង​ខ្លាំង​ចំពោះ​មហាជន​​ទូ​ទៅ​ មិន​ថា​ចាស់​មិន​ថា​ក្មេង មាន​ឬ​ក្រ​ឡើយ​។​ ដូច​នេះ​ ក្នុង​នាម​ជា​មនុស្ស​ដូចគ្នា​​ មិន​ត្រូវ​​វិនិច្ឆ័យ​គ្នា​តាម​តែ​សម្បក​ក្រៅ​​នោះ​ទេ​ ​គួរ​តែ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ស្វែង​យល់ពី​គ្នា​ឲ្យ​បានច្រើន​ ទើប​ការ​ងារ​បាន​រីកចម្រើន និង​មិនមាន​ការ​និន្ទា​គ្នា​នៅ​ពេល​ខាង​មុខ​។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login