Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេច​ក្តីអធិប្បាយ៖  គេអាចធ្វើការសិក្សាស្រាវជ្រាវពីអតីតកាល ​អាស្រ័យដោយពឹង​ផ្អែក​តាម​ប្រវត្តិសាស្ត្រ សិលា​ចារឹក ភូមិសាស្ត្រ ឬមួយ​តាមរយៈ​អក្សរ​សិល្ប៍​ជាដើម ព្រោះអក្សរ​សិល្ប៍​មាន​តួនាទី​សំខាន់ ក្នុងការលើកយក​ជីវភាព​មនុស្ស​មកឆ្លុះបញ្ចាំង ដើម្បីឱ្យអ្នកអានអ្នក​សិក្សា​ស្វែង​យល់ពីការពិតនា​សម័យកាលនីមួយៗ។ដោយមាន​បំណង​​​ក្នុងការសិក្សា ស្វែងយល់ដូចខាងលើនេះហើយ ទើបមាន​ទស្សនៈ​មួយបានពោលថា​ «រឿង​ទុំ​ទាវ បាន​បង្ហាញ​ឱ្យឃើញពី​ជីវភាព​រាស្ត្រខ្មែរ​នា​សម័យ​លង្វែក»។
   តើរឿង​ទុំទាវ ​បានលើកយក​ជីវភាព​រាស្ត្រ​ខ្មែរ មកឆ្លុះបញ្ចាំងយ៉ាងណាខ្លះ?
   ដើម្បី​ជាជំនួយដល់ការបកស្រាយទស្សនៈប្រជានខាងលើយើង​គប្បី​ស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុន។ «រឿងទុំទាវ» ជា​ចំណង​ជើងរឿង ដែលនិពន្ធឡើងដោយ ភិក្ខុសោម ហើយនិយាយពីប្រវត្តិស្នេហ៍ដ៏ឈឺចាប់របស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ រីឯ ​«ជីវភាព»​គឺជា​ការរស់នៅ ការចិញ្ចឹមជីវិតរបស់មនុស្ស ហើយ​សម័យ​លង្វែក»​គឺសំដៅទៅលើសម័យកាលមួយដែលមាននៅក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ ជាមួយនោះដែរប្រទេសកម្ពុជា កំពុងតែកើតមាន​ចម្បាំង​ជាច្រើនលើក ​ច្រើនសាទៀត​ផង។ តាមគំនិតប្រធាន ខាងលើនេះមានន័យថា រឿងទុំ ទាវដែលនិពន្ធដោយកវី សោម បានបង្ហាញឱ្យឃើញពីការរស់នៅរបស់ប្រជារាស្ត្រខ្មែរនា​សម័យ​លង្វែក​។ ជាការពិតណាស់ រឿងទុំទាវបានបង្ហាញឱ្យឃើញពីជីវភាពរាស្ត្រខ្មែរនាសម័យលង្វែក ព្រោះអក្សរសិល្ប៍មាន នាទីសំខាន់ ក្នុងការផ្តិតយកជីវភាពសង្គម នៅសម័យណាមួយមកឆ្លុះបញ្ចាំង ឬបង្ហាញឱ្យអ្នកសិក្សាបានស្គាល់។ ការឆ្លុះបញ្ចាំងនេះ ប្រព្រឹត្តទៅដោយផ្អែកទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាសសរស្តម្ភក្នុងការទ្រទ្រង់ សង្គមជាតិនីមួយៗ។ យ៉ាងណាមិញ ក្នុងរឿងទុំទាវ កវីនិពន្ធក៏បានលើកយកការគ្រប់គ្រង នៅសម័យលង្វែកមកបង្ហាញ​ឱ្យឃើញថា សម័យនោះប្រព្រឹត្តទៅគេប្រើអំណាចផ្តាច់ការចាប់ពីថ្នាក់កំពូលរហូតដល់មូលដ្ឋាន។ ដូចជាអំណាចព្រះរាជាឬអំណាចស្តេចឆ្នាំ៨៩៦គឺព្រះរាថាបានអនុវត្តមកលើអ្នកក្រោមបង្គាប់ ជាអំណាចផ្កាចការសុទ្ធ​សាធ​។ ដូចជាក្នុងការកាត់ទោស អរជូន ម៉ឺនងួន ដោយសារតែអរជូនប្រមាថទ្រង់ គឺហ៊ានយក ទុំ ទៅសម្លាប់ ដែលហាក់ដូចជាមិនគោរពតាមព្រះរាជបញ្ជាទ្រង់ដែរ។ ការដាក់ទោសប្រហារជីវិតដោយជីកកប់ត្រឹម កហើយរាស់នឹងរនាស់ដូចគេភ្ជួរស្រែលើក្បាល ទាំងនោះជាអំពើរអមនុស្សធម៌មួយហើយ តែទ្រង់បាន  "...ធ្វើទុក្ខធ្វើទោសឱ្យអស់សូន្យ សន្តាន បងប្អូន បញ្ចូលងារ..." នោះចាត់ទុកជាអំពើដ៏ឃោរឃៅមួយ មកលើអ្នកត្បូងឃ្មុំទាំងមូល។ ដោយហេតុថាអ្នកទាំងនោះមិនមែនជាអ្នកផ្សំគំនិតជាមួយម្តាយទាវ ​អរជូន និងម៉ឺនងួននោះ​ទេ ហើយអំពើនេះចាត់ទុកថាអំពើព្រៃបំផុតរកលេខដាក់គ្មាន។ ទន្ទឹមនឹងអំណាចព្រះរាជានេះដែរ គឺនៅមានអំណាចស្តេចត្រាញ់ ឬអំណាចចៅហ្វាយខេត្តត្បូង​ឃ្មុំទៀត ។​ ​ដូចកវីបានពណ៌នា "​ឧកញ៉ាអរជូនមួនមាំពេក ធម្មតាក្រោមមេឃទាប​ជាងភ្នំ មានវិទ្ធិអំណាចឥតចំនុំ កាប់ចាក់ ​វាយដំពុំប្រណី"។ មានន័យ​ថា​អំណាចស្តេចត្រាញ់នៅពេលនោះ គេអាចកាប់សម្លាប់បុគ្គលណា​មួយដោយពុំចាំបាច់ជំនុំជំរះក្តីនោះឡើយ ដូចទុំជាដើម។ រីឯអំណាចមេគ្រួសារវិញ ក៏បានបង្ហាញតាមរយ:ម្តាយទាវដែលបង្ខំទាវ ឱ្យរៀបការជាមួយម៉ឺនងួនថា ​"មិនដែលសោះឡើយ​ទាវអើយនំ ច្រឡើសបើលចម្តេចធំជាងនាឡិ កូនគោកាចកាច​កៀចដោយ​ព្រៃ​វាល រោលរាលឈឺខ្លួនជូនដល់ស្លាប់"។ បានសេចក្តីថា មេត្រសារមានសិទ្ធិគ្រប់យ៉ាងក្នុងការសម្រេចទៅលើជោគវាសនាកូន។ ទាំងអស់នេះសុទ្ធតែជាអំណាចផ្ដាច់ការ ទោះបីមានរូបភាពផ្សេងគ្នាក៏ដោយ ក៏មានខ្លឹមសារ​ផ្តាច់ការដូចគ្នាដែរ។ ក្រៅពីការគ្រប់គ្រងកវីក៏បានបង្ហាញពីវិស័យសេដ្ឋកិច្ចផងដែរ នៅក្នុងស្នាដៃដដែលនេះ គឺប្រជារាស្ត្រនាសម័យលង្វែកបានប្រកបមុខរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។ ដូចជានេន ទុំ និងនេនពេជ្របាននាំគ្នាយកតោកទៅដូរស្រូវនៅត្បូងឃ្មុំ។ គេអាចនិយាយបានថា ក្រៅពីទុកបរិភោគស្រូវនេះ ក៏ជាផលិតផលមួយដ៏សំខាន់ក្នុងសម័យ​លង្វែកគេអាចចរាចរជំនួសរូបិយបណ្ណក្នុងវិស័យពាណិកម្មផងដែរ។ មិនតែប៉ុណ្ណោះការដឹកជញ្ជូននៅសម័យលង្វែក គេអាចធ្វើដំណើរតាម ផ្លូវគោកក្នុងការដឹកនាំយកផលិតទៅលក់នៅតាមភូមិស្រុកនីមួយៗ ប្រព្រឹត្តទៅតាមរយៈរទេះ គោ ឬគេក៏អាចធ្វើដំណើរតាមផ្លូវទឹក ដោយមធ្យោបាយទូកបានផងដែរ។ ដូចករណីនាងទាវទៅលង្វែក ឫទុំមកត្បូងឃ្មុំសុទ្ធតែជិះទូកដោយឆ្លងកាត់ភូមិស្រុកមួយចំនួននៅតាមជួរមាត់ទន្លេ។ លើសពីនេះ ទៀតក្នុងវិស័យដដែលនេះគេសង្កេតឃើញមានផ្សារលក់ដូរ ជាសម្ភារៈប្រើ​ប្រាស់​ផ្សេងៗក្នុងស្រុក។ ដូចជានាងទាវពេលធ្វើដំណើរ​ទៅ​លង្វែក​ក៏ឆ្លៀតឡើងផ្សារនៅភ្នំពេញ។ ចំពោះវិស័យវប្បធម៌វិញ ត្រូវបានកវីលើកយកមកបង្ហាញដែរគឺសម័យនោះរាស្ត្រខ្មែរនិយមជឿទៅលើការទស្សន៍ទាយ កម្មផល​ និងមន្តអាគម។ ដូចជាទុំពេលវិលមកពីត្បូងឃ្មុំវិញក៏សុំលោកគ្រូសឹក តែគ្រូមិនឱ្យសឹក ព្រោះទំនាយត្រូវស្លាប់ហើយទុំក៏សម្រេចចិត្តលួចសឹកដោយចោទថា ស្នេហានេះកើតមកពីកម្មទីបំផុតក៏ត្រូវស្លាប់ដូចជើងលេខនោះប្រាកដមែន។ មួយវិញទៀត ទ​ុំក៏បានសែកប្រេងម្ស​ៅបន្ទាប់ពីបានទទួល​គ្រឿងបរិក្ខារពីនាទាវរួចមក ដោយរំលឹកដល់សារិកាលិនថោង ករវ័ក សម្ភលីមណីចិន្តា។ ចំណែកប្រពៃណីទំនៀមទម្លាប់វិញកវីក៏បានឆ្លុះ​ឱ្យឃើញបន្ថែមទៀតថាខ្មែរយើងតម្រូវឱ្យកូនស្រីពេញវ័យត្រូវចូលម្លប់ ដើម្បីសិក្សាវិជ្ជាគេហកិច្ចត្រៀមខ្លួនកសាងគ្រួសារនាពេលអនាគត​។ ជាក់ស្តែងនាងទាវដែលត្រូវនៅក្នុងម្លប់ដោយបំពេញកិច្ចនានាតាម​ការបង្ហាត់បង្រៀនពីម្តាយ។ ចំពោះកូនប្រសពេញវ័យត្រូវបួសរៀន​នៅ​តាមវត្តអារាមដែលមានលោកគ្ូរឧបជ្ឈាយ៍ជាអ្នកបង្ហាត់​បង្រៀន​។  ដូចជាទុំ និងពេជ្រត្រូវទៅបួសរៀននៅវត្តវិហារធំនិងត្រូវសិក្សា​ទាំងធម៌អាថ៌ ទាំងអក្សរសាស្ត្រព្រមទាំងវិជ្ជាជីវៈដើម្បីឱ្យមានអាជីព​នៅក្រោយពេលចាកសិក្ខាបទ។ រីឯពិធីចូលស្តីដណ្តឹងវិញគឺធ្វើមុនពេលរៀបមង្គលការព្រោះខ្មែរយើងតម្រូវឱ្យកូនប្រុសចូលស្តីដណ្ដឹងកូនស្រីជាមុនសិនទោះបីកូនប្រុសស្ថិត​ក្នុង​ត្រកូលណាក៏ដោយ។ ដូច​ជា អរជូនដែលជាចៅហ្វាយ​ខេត្តត្បូងឃ្មុំ បានចាត់ឱ្យអ្នកផ្លូវចៅមហាចូលចែចូវស្ដីដណ្ដឹងនាងទាវដែលមានបណ្ណាការហែហមទៅជាមួយផង ហើយពិធីមង្គលការបានប្រព្រឹត្តទៅនៅគេហស្ថានខាងស្រីដោយបានធ្វើកិច្ចទៅតាមពិធីផ្សេងៗ ដែលជាទំនៀមទម្លាប់ខ្មែរ។
      សរុបសេចក្តីមករឿងទុំទាវ ពិតជាបានបង្ហាញឱ្យឃើញពីជីវ​ភាពរាស្ត្រខ្មែរនាសម័យលង្វែកប្រាកដមែន ហើយការបង្ហាញបែបនេះគឺជាការបង្ហាញពីលក្ខណៈជាតិខ្មែរពិតៗ។
      ឆ្លងតាមការបកស្រាយខាងលើនេះ បានបង្ហាញឱ្យឃើញថា ទស្សនៈប្រធានផ្សារភ្ជាប់ទៅនឹងតម្លៃតថៈមួយ ក្នុងអរិយធម៌ដ៏សម្បូរបែបរបស់ជនជាតិខ្មែរដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ជាងនេះទៅទៀតនោះ ទស្សនៈខាង​លើក៏បានរួមចំណែកអប់រំដល់កូនខ្មែរជំនាន់​ក្រោយ ឱ្យស្គាល់ពីតម្លៃវប្បធម៌ជាតិ និងមោទនភាពជាតិព្រមទាំង​ឱ្យយើងចេះថែរក្សា និងការពារមរតកជាតិនេះឱ្យគង់វង្សស្ថិតស្ថេរជានិរន្ត៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login