Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្វីទៅហៅថានិមិត្តរូបារម្មណ៍ ? ចូរផ្គល់ឧទាហរណ៍ ។

២. តើកត្តាអ្វីខ្លះដែលជាប្រភពជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សាកលភាវូបនីយ៍កម្ម) ?

៣. តើតំបន់មេសូប៉ូតាមីមានទីតាំងភូមិសាស្រ្តដូចម្តេច ?

៤. ចូរនិយាយអំពីស្ថានភាពភូមិសាស្រ្តអ៊ីតាលីបុរាណ ។

៥. ដូចម្តេចដែលហៅថា “អក្សរសិល្ប៍ពុទ្ធនិយមក្លាយ” ?

ចម្លើយ

១. និមិត្តរូបារម្មណ៍ គឺជារូបារម្មណ៍ដែលអ្នកនិពន្ធបង្កើតឡើងដើម្បីធ្វើការតំណាងអ្វីមួយ ទៅនឹងអ្វីមួយផ្សេងទៀតដើម្បីសម្រេចបាននូវទស្សនៈបែបណាមួយ ។

ឧទាហរណ៍ ៖

  • ព្រាបស តំណាងឱ្យសន្តិភាព
  • ទន្សាយ តំណាងឱ្យជនមានប្រាជ្ញា
  • យក្ស តំណាងឱ្យសភាវៈអាក្រក់
  • ពន្លឺ តំណាងឱ្យចំណេះដឹង
  • សត្វស្រមោច តំណាងឱ្យមនុស្សព្យាយាម
  • ផ្កាឈូក តំណាងឱ្យការគោរពបូជា ។

២. កត្តាដែលជាប្រភពជំរុញឱ្យមានការកសាងនូវប្រព័ន្ធដឹកនាំពិភពលោកតែមួយគឺ ៖

ក. កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសាកលលោកដែលជំរុញឱ្យកាន់តែលេចឡើងនូវអស្ថិរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងប្រទេស និងទំនាក់ទំនងរវាងប្រទេសលើពិភពលោក ។

ខ. កំណើនយ៉ាងខ្លាំងនូវបម្លាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសាកលលោក ។

គ. ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ ។

ឃ. ការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេកវិទ្យាទំនើបដែលជានិច្ចកាល បានក្លាយជាឧបករណ៍នយោបាយសកលលោក ។

ង. បញ្ហារួមជាច្រើនបានកើតឡើង ដែលទាមទារឱ្យមានការសម្រេចចិត្តដោះស្រាយបញ្ហទាំងនេះតាមរយៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិនានា ។

៣. តំបន់មេសូប៉ូតាមី គឺជាទំនាបស្ថិតនៅចន្លោះទន្លេទីកនិងទន្លេអឺប្រាត មានព្រំប្រទល់ខាងជើងជាប់ទៅនឹងភ្នំអាមេនី ខាងត្បូងជាប់នឹងឈូងសមុទ្ទពែក ។ ខាងលិចតំបន់នេះជាវាលខ្សាច់អារ៉ាប៊ី ។ នៅខាងកើតមានប្រទេសអៀរ៉ង់ ដែលខណ្ឌតំបន់មេសូប៉ូតាមីនិងអាស៊ីកណ្តាល ។

មេសូប៉ូតាមី មានអាកាសធាតុក្តៅស្ងួត ពុំសូវមានភ្លៀងធ្លាក់ជោគជាំទេ តែដីនៅតាមដងទន្លេអឺប្រាត និងដងទន្លេទីកប្រកបដោយជីជាតិល្អ ហើយមានទឹកបង្គួរ ជាហេតុធ្វើឱ្យប្រជាជននៅតំបន់នោះអាចប្រកបរបរកសិកម្មបានផលច្រើននិងអាចធ្វើកសិកម្មបានបីដងក្នុង១ឆ្នាំ ។ នៅតំបន់នេះមានកុលសម្ព័ន្ធ រស់នៅយ៉ាងច្រើនក្រុមស្ថិតនៅក្រោមឳវាទរបស់ព្រឹទ្ធាចារ្យ ។ ព្រឹទ្ធាចារ្យមានអំណាចទូលំទូលាយណាស់ គឺអំណាចគ្រប់គ្រងបែបបិតីយការ ។ ក្រោយមកកុលសសម្ព័ន្ធទាំងនោះ បង្កបង្កើតរដ្ឋតូចៗជាច្រើន ក្នុងចំណោមរដ្ឋទាំងនោះមានរដ្ឋបីដែលសំខាន់ជាងគេគឺរដ្ឋស៊ុយមែន រដ្ឋអាស៊ីរី និងរដ្ឋកាល់ដេ ។

៤. និយាយអំពីស្ថានភាពភូមិសាស្រ្តអ៊ីតាលីបុរាណ ៖

ក. ស្ថានភាពភូមិសាស្រ្ត

ប្រទេសអ៊ីតាលី ដូចជាប្រទេសក្រិចដែរ គឺជាឧបទ្វីបមួយនៃសមុទ្ទមេឌីទែរ៉ាណេ ប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន ។ កោះស៊ីស៊ីលត្រូវរាប់បញ្ចូលក្នុងផែនទីអ៊ីតាលីតាំងពីដើមមក ។ ប្រទេសនេះចែកសមុទ្ទមេឌីទែរ៉ាណេជាអាងទឹកពីរមានស្ថានភាពដូចជាស្ពានមួយដែលអាចភ្ជាប់ទ្វីបអឺរ៉ុបទៅនឹងទ្វីបអាព្រិច ។ ស្ថានភាពដ៏ល្អប្រសើរនេះ អាចជួយជនជាតិអ៊ីតាលីក្នុងដំណើរវាយយកតំបន់ជុំវិញសមុទ្ទនេះ មកត្រួតត្រាកាន់កាប់ ។ ដីនៅប្រទេសអ៊ីតាលីពុំសូវមានជីវជាតិទេ ។ ជួរភ្នំអាប៉ិណាំង លាតសន្ធឹងលើឧបទ្វីបអ៊ីតាលី ពីជើងទៅត្បូងមានចង្កេះចោត ហើយសម្បូរទៅដោយថ្ម ។ នៅតាមជើងភ្នំមានទំនាបតូចៗ ។ ទំនាបខ្លះគឺជាតំបន់បឹងបួនៅតាមសមុទ្ទអាឌ្រីយ៉ាទិច និងមាត់សមុទ្ទទីរ៉ែន ។

ខ. ស្ថានភាពប្រវត្ថិសាស្រ្ត

ទីក្រុងរ៉ូម ស្ថិតនៅផ្នែកកណ្តាលនៃប្រទេសអ៊ីតាលីមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីសមុទ្ទទីរ៉ែន ។ ទីក្រុងរ៉ូមជាឃ្លាំងអំបិលសម្រាប់ចិញ្ចឹមប្រជាជន ដែលរស់នៅតាមទំនាបនិងលើភ្នំអាប៉ិនណាំង ។ តាមរឿងនិទានបានឱ្យដឹងថាទីក្រុងរ៉ូមបានបង្កើតឡើងតាំងពីឆ្នាំ៧៥៣មុនគ.ស ដោយស្នាព្រះហស្ថព្រះបាទរ៉ូមុយលុស ដែលជាប់សាច់ឈាមជាមួយយក្សត្រាទីក្រុងត្រ័រ ព្រះនាមអេនេ ។ តែប្រវត្ថិវិទូបានគូសបញ្ជាក់ថារ៉ូមមុនដំបូង គ្រាន់តែជាភូមិតូចមួយធ្លាប់ឋិតក្រោមការគ្រប់គ្រងពីប្រទេសអេទ្រុស តែបានរំដោះខ្លួនរួច ហើយបានប្រកាសជាសាធារណៈរដ្ឋនៅឆ្នាំ៥០៩មុនគ.ស ។

៥. អក្សរសិល្ប៍ពុទ្ធនិយមក្លាយគឺជាប្រភទអក្សរសិល្ប៍ដែលពុំមាននៅក្នុងគម្ពីរព្រះត្រៃបិតកទេ តែទាក់ទងទៅនឹងទស្សនៈទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ។ រឿងនោះគេហៅថា “បញ្ញាសជាតក” ដែលរួមមានទាំងអស់ ៥០ រឿង ៖

  • ទី១ ៖ រឿងព្រះសមុទ្ទឃោស
  • ទី២ ៖ រឿងសិរិចូឌាមណី
  • ទី៣ ៖ រឿងវត្តង្គុលីរាជ
  • ទី៤ ៖ រឿងរថសេន
  • ទី៥ ៖ រឿងព្រះសុធន
  • ទី៦ ៖ រឿងព្រះចន្ទរាជ
  • ទី៧ ៖ រឿងបោរាណកបិរាជ
  • ទី៨ ៖ រឿងវរនេត្តវរនុជ
  • ទី៩ ៖ រឿងព្រះសុធនុកុមារ
  • ទី១០ ៖ រឿងសុភមិត្ត
  • ទី១១ ៖ រឿងធម្មិកបណ្ឌិតរាជ
  • ទី១២ ៖ រឿងសង្ខបត្ត
  • ទី១៣ ៖ រឿងរតនប្បជោត
  • ទី១៤ ៖ រឿងព្រះសិរិធរ
  • ទី១៥ ៖ រឿងចាគទាន
  • ទី១៦ ៖ រឿងសព្វសិទ្ធិ
  • ទី១៧ ៖ រឿងសិរិវិបុលកិត្តិ
  • ទី១៨ ៖ រឿងទុលកបណ្ឌិត
  • ទី១៩ ៖ រឿងធម្មរាជ
  • ទី២០ ៖ រឿងសិទ្ធិសារ
  • ទី២១ ៖ រឿងវិបុលរាជ
  • ទី២២ ៖ រឿងអាទិត្តរាជ
  • ទី២៣ ៖ រឿងនរជីវៈ
  • ទី២៤ ៖ រឿងសិសោររាជ
  • ទី២៥ ៖ រឿងទុក្កម្មារាជ
  • ទី២៦ ៖ រឿងពារាណសិរាជ
  • ទី២៧ ៖ រឿងសុរូប
  • ទី២៨ ៖ រឿងសុបិនកុមារ
  • ទី២៩ ៖ រឿងមហាសុរសេន
  • ទី៣០ ៖ រឿងព្រហឃោសរាជ
  • ទី៣១ ៖ រឿងមហាបុទុម
  • ទី៣២ ៖ រឿងសុវណ្ណកច្ចបៈទី១
  • ទី៣៣ ៖ រឿងសុវណ្ណកុមារ
  • ទី៣៤ ៖ រឿងទេវរុក្ខកុមារ
  • ទី៣៥ ៖ រឿងភណ្ឌាគារ
  • ទី៣៦ ៖ រឿងសុវណ្ណកច្ចបៈទី២
  • ទី៣៧ ៖ រឿងកនកវណ្ណរាជ
  • ទី៣៨ ៖ រឿងសលកៈ
  • ទី៣៩ ៖ រឿងពហុគាវី
  • ទី៤០ ៖ រឿងសុវណ្ណវង្ស
  • ទី៤១ ៖ រឿងវីរិយបណ្ឌិត
  • ទី៤២ ៖ រឿងសោនន្ទ
  • ទី៤៣ ៖ រឿងសេកបណ្ឌិត
  • ទី៤៤ ៖ រឿងសូរវង្សវរវង្ស
  • ទី៤៥ ៖ រឿងអតិទេវរាជ
  • ទី៤៦ ៖ រឿងបុប្ជរាជ
  • ទី៤៧ ៖ រឿងទេវន្ទ
  • ទី៤៨ ៖ រឿងព្រះសុទស្សនមហារាជ
  • ទី៤៩ ៖ រឿងនរជីវកឋិន
  • ទី៥០ ៖ រឿងធម្មសោកណ្ឌក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login