Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

         
កិរ​ដូច​បាន​ឮ​តៗ​មក​ថា៖ កាល​នោះ​ មាន​ក្មេង​ប្រុស​ម្នាក់​ នៅ​ស្រុក​មួយ​ អ្នក​ស្រុក​គេ​ហៅ​ថា «អា​ចោរ​ចិត្ត​ជា» ។ លុះ​ក្មេង​នោះ​ ចម្រើន​ធំ​ឡើង​ឪពុក​ស្លាប់​ទៅ​ នៅ​តែ​ម្ដាយ ។ ចៅ​នោះ​មិន​គិត​ធ្វើ​ការ​រក​ស៊ី​អ្វី​សោះ​ តែ​វេលា​យប់​កាលណា​ ដើរ​រក​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​ទាំង​ពួង ។ មាតា​ទូន្មាន​ប្រដៅ​ដូចម្ដេច​ ក៏​មិន​ព្រម​ធ្វើ​តាម​ ទើប​មាតា​យក​ទៅ​ឱ្យ​នៅ​វត្ត​ រៀន​អក្សរ ។ ចៅ​នោះ​ក៏​មិន​ខំ​រៀន​សូត្រ​ឡើយ​ ប្រព្រឹត្ត​តែ​ដើរ​លួច​ទ្រព្យ​គេ​ យក​មក​ចិញ្ចឹម​មាតា​និង​អាត្មា ។ គ្រូ​រំឭក​ប្រដៅ​ដូចម្ដេច​ម្ដា​ ក៏​មិន​ព្រម​ស្ដាប់ ។

 

          ថ្ងៃ​មួយ​ស្ដេច​ក្នុង​នគរ​នោះ​ ទ្រង់​ចេញ​ប្រថាប់​ចុង​ព្រះ​រាជ​រោង​ ឱ្យ​សេនាបតី​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ចូល​គាល់​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា «មាន​ខេត្ត​មួយ​នៅ​ទំនេរ​ ពុំ​ទាន់​មាន​ឈ្មោះ​ណា​ទៅ​ឈរ​រក្សា​ បើ​អ្នក​ណា​យក​ប្រាក់​៤០​កហាបណៈ​ មក​ដាក់​ឃ្លាំង ​យើង​នឹង​ឱ្យ​​ទៅ​ឈរ​ជា​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​នោះ ។ ត្រាស់​ហើយ​ស្ដេច​យាង​ចូល​ព្រះ​បរម​រាជ​វាំង​វិញ ។ គ្រា​នោះ​មន្រ្តី​តូច​ម្នាក់​វិល​មក​ផ្ទះ​ដេក​កើត​ទុក្ខ​ ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ពន់ពេក ។ លុះ​ដល់​វេលា​យប់​ចូល​ដំណេក​និយាយ​នឹង​ភរិយា​ថា «នាង​អើយ​ ឥឡូវ​នេះ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា​ បើ​ឈ្មោះ​ណា​មាន​ប្រាក់​៤០​កហាបណៈ​ ថ្វាយ​ព្រះអង្គ​ដាក់​ឃ្លាំង​ ទ្រង់​នឹង​ឱ្យ​​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ស្រុក​ក្នុង​ខេត្ត​មួយ​ ដែល​នៅ​ទំនេរ» ។ ភរិយា​ឆ្លើយ​ថា «ឱ!  អ្នក​អើយ! ចិត្ត​ខ្ញុំ​ចង់​ឱ្យ​​អ្នក​ធ្វើ​ចៅហ្វាយ​ស្រុក​ណាស់​ តែ​សព្វ​ថ្ងៃ​ យើង​ក្រលំបាក​តោក​យ៉ាក​ពេក​ នឹង​រក​ប្រាក់​ថ្វាយ​ស្ដេច​ពុំ​បាន​ទេ» និយាយ​ហើយ​បន់​ទេវតា​ថា «សូម​ទេវតា​ជួយ​ខ្ញុំ​ឱ្យ​​បាន​ប្រាក់​៤០​កហាបណៈ​ថ្វាយ​ស្ដេច​ ខ្ញុំ​នឹង​បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​គ្រា​នេះ» ។

          ពេល​នោះ​អា​ចោរ​ចិត្ត​ជា​ វា​ដើរ​លួច​គេ​ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​ មន្រ្តី​នោះ​វា​បាន​ឮ​ដូច្នោះ​ មាន​ចិត្ត​អាណិត​ ក៏​យក​ប្រាក់​៤០​កហាបណៈ​ពី​ផ្ទះ​វា​ វេច​នឹង​កំណាត់​សំពត់​ជាតី​ មក​លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង​ទៅ​ទុក​ឱ្យ​​មន្រ្តី​នោះ​ រួច​ត្រឡប់​មក​វិញ ។ លុះ​ភ្លឺ​ច្បាស់​មន្រ្តី​នោះ​ភ្ញាក់​ឡើង​ក្រឡេក​ទៅ​ឃើញ​បង្វេច​សំពត់​ជាតី​ ក៏​ចាប់​លើក​ស្រាយ​មើល​ឃើញ​ប្រាក់​៤០​កហាបណៈ​ អរណាស់​ ប្រាប់​ប្រពន្ធ​ថា «យើង​បាន​ប្រាក់​៤០​កហាបណៈ​ហើយ​ គឺ​ទេវតា​ឱ្យ​» ។ ប្រពន្ធ​ស្ទុះ​មក​មើល​ឃើញ​ច្បាស់​ ក៏​មាន​ចិត្ត​ត្រេកអរ​ពន់ពេក ។

          លុះ​ដល់​ថ្ងៃ​រសៀល​ មន្រ្តី​នោះ​យក​ប្រាក់​៤០​កហាបណៈ​ទៅ​ថ្វាយ​ស្ដេច​ដាក់​ឃ្លាំង ។ ព្រះ​រាជា​ក៏​តាំង​មន្រ្តី​នោះ​ឱ្យ​​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ក្នុង​ខេត្ត​នោះ​ត​ទៅ ។

          ឯ​អា​ចោរ​ចិត្ត​ជា​ កាល​បាន​ដឹង​ថា​មន្រ្តី​នោះ​ បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​ហើយ​ ក៏​ដើរ​ស្វែង​រក​លួច​អ្នក​ស្រុក​ក្នុង​ខេត្ត​នោះ​ ធ្វើ​ដំណើរ​ឱ្យ​​គេ​ចាប់​ខ្លួន​វា​បាន ឯ​ពួក​ម្ចាស់​ទ្រព្យ​ក៏​នាំ​អា​ចោរ​ចិត្ត​ជា​នោះ​ ទៅ​ជូន​ចៅហ្វាយ​ស្រុកៗ​បង្គាប់​មេ​គុក​ឱ្យ​​ដាក់​ច្រវាក់​ ឃុំ​ទុក​ក្រោម​ផ្ទះ​លោក ។ វេលា​យប់​ស្ងាត់​អា​ចោរ​ចិត្ត​ជា​ និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា «ឱ ! ហេតុ​តែ​ឯង​មាន​ចិត្ត​អាណិត​គេ កាល​គេ​ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ខ្លួន​ឯង​ ប្រឹង​យក​ប្រាក់​៤០​កហាបណៈ​វេច​នឹង​កំណាត់​ជាតី​ មក​ឱ្យ​​គេ​ទាំង​យប់ ឥឡូវ​គេ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ហើយ​ គេ​មិន​មេត្តា​ករុណា​ឯង​បន្តិច​សោះ​ គេ​ដាក់​ច្រវាក់​ ឃុំ​ឯង​ទុក​ឱ្យ​វេទនា» ។ អា​ចោរ​ចិត្ត​ជា​ និយាយ​តែ​ពាក្យ​ដដែលៗ​ម្នាក់​ឯង​មិន​ឈប់ ។

          ឯ​ចៅហ្វាយ​ស្រុក​និង​ប្រពន្ធ​បាន​ឮ​ចោរ​និយាយ​ដូច្នោះ​ ក៏​ប្រឹក្សា​គ្នា​ថា «គួរ​ឱ្យ​​ឆ្ងល់​ណាស់​ ចោរ​វា​និយាយ​នេះ​ត្រូវ​ដូច​រឿង​ខ្លួន​យើង​ គួរ​តែ​យើង​ចុះ​ទៅ​សួរ​វា​ឱ្យ​​ជាក់​មើល» ។ ទើប​ចៅហ្វាយ​ស្រុក​ ចុះ​ពី​ផ្ទះ​ទៅ​សួរ​ចោរ​នោះ​ថា «ឯង​និយាយ​រឿង​អ្វី​ យើង​ឮ​ តែ​ស្ដាប់​បាន​ខ្លះ​ មិន​បាន​ខ្លះ​ ចូរ​ឯង​និយាយ​រឿង​នោះ​ឱ្យ​យើង​ស្ដាប់​ក្នុង​វេលា​នេះ​ តាម​ពិត​មក​មើល» ។ ទើប​អា​ចោរ​ចិត្ត​ជា​និយាយ​ថា «ខ្លួន​ខ្ញុំ​នេះ​ ជា​មនុស្ស​ប្រព្រឹត្ត​ចោរ​កម្ម​ ដើរ​តែ​លួច​ទ្រព្យ​គេ​រាល់​យប់​ យក​មក​ចិញ្ចឹម​ជីវិត កាល​ដែល​លោក​នៅ​ជា​មន្រ្តី​តូច​ ពុំ​ទាន់​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​ឡើយ វេលា​យប់​មួយ​នោះ​ ខ្ញុំ​ដើរ​លួច​គេ​ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​លោក​ ឮ​លោក​និង​ប្រពន្ធ​និយាយ​ថា «យើង​នឹង​រក​ប្រាក់​៤០​កហាបណៈ​ពី​ណា​បាន​យក​ទៅ​ថ្វាយ​ស្ដេច​ ដើម្បី​ឱ្យ​​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​មួយ» ។  ប្រពន្ធ​លោក​ថា «យើង​ក្រីក្រ​ម្ល៉េះ​ នឹង​បាន​ប្រាក់​ពី​ណា ?» ។ ខ្ញុំ​ឮ​ដូច្នោះ​មាន​ចិត្ត​អាណិត​លោក​ ក៏​ទៅ​យក​ប្រាក់​៤០​កហាបណៈ​ពី​ផ្ទះ​ វេច​នឹង​កំណាត់​សំពត់​ជាតី​ មក​ដាក់​ជិត​ក្បាល​ដំណេក​ ទុក​ជូន​លោក​ រួច​ខ្ញុំ​ត្រឡប់​ទៅ​វិញ ថ្ងៃ​ក្រោយ​ឮ​គេ​និយាយ​ថា «លោក​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ ខ្ញុំ​ក៏​មក​លួច​គេ​ក្នុង​ខែត្រ​នេះ​ គេ​ចាប់​ខ្លួន​ខ្ញុំ​បាន​នាំ​មក​ជូន​លោកៗ​ ក៏​ធ្វើ​ទោស​ខ្ញុំ​ មិន​ប្រណី» ។

          ចៅហ្វាយ​ស្រុក​បាន​ស្ដាប់​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ ហើយ​ថា​ ឱ! អា​សម្លាញ់​អើយ​ ឯង​និយាយ​នេះ​ពិត​ប្រាកដ​មែន ដែល​អញ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ ពី​ព្រោះ​តែ​ឯង​ជួយ វេលា​នេះ​ឯង​កុំ​ភ័យ​ កុំ​តូច​ចិត្ត អញ​នឹង​ដោះ​ឯង​ឱ្យ​​រួច​ចេញ​ពី​ទោស មួយ​ទៀត​ឯង​និង​អញ​ត្រូវ​យក​គ្នា​ជា​សម្លាញ់​ត​ទៅ ។

          ចៅហ្វាយ​ស្រុក​សួរ​ថា «ឯង​ឈ្មោះ​អី ?» ។ បុរស​នោះ​ជម្រាប​ថា «ខ្ញុំ​ឈ្មោះ​អា​ចោរ​ចិត្ត​ជា» ។ សួរ​រួច​ហើយ​ លោក​ចៅហ្វាយ​ស្រុក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​វិញ ។

          លុះ​ភ្លឺ​ច្បាស់​ចៅហ្វាយ​ស្រុក​ បង្គាប់​មេ​គុក​ឱ្យ​​ដោះ​អា​ចោរ​ចិត្ត​ជា​រួច​ពី​ទោស​ ហើយ​និយាយ​ថា «អា​សម្លាញ់​ឯង​នៅ​នឹង​អញ​ចុះ​ អញ​ចិញ្ចឹម​ឯង​ពី​ថ្ងៃ​នេះ​ត​ទៅ​ ឯង​កុំ​លួច​គេ​ទៀត» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «រឿង​លួច​នោះ​ អញ​មិន​ឈប់​ទេ​ ដែល​អញ​លួច​ទ្រព្យ​គេ​នេះ​ គ្រាន់​យក​ទៅ​ចិញ្ចឹម​មាតា​ម៉េម៉ាយ» ។ ចៅហ្វាយ​ស្រុក​ ក៏​ឱ្យ​​ប្រាក់​៣០​កហាបណៈ​ឱ្យ​ទៅ​ឱ្យ​មាតា ។ អា​ចោរ​ចិត្ត​ជា​មិន​ព្រម​យក ។ ចៅ​ហ្វាយ​ស្រុក​សួរ​ថា​ ផ្ទះ​សម្លាញ់​ឯង​នៅ​ឯ​ណា ? ចូរ​ឯង​ប្រាប់​អញ​ឱ្យ​​ត្រង់ ។ អា​ចោរ​ចិត្ត​ជា​ប្រាប់​ថា «អញ​នៅ​ផ្ទះ​នោះ» ហើយ​លា​ចៅហ្វាយ​ស្រុក​ទៅ​ផ្ទះ​វិញ ។

          គ្រា​នោះ​ លោក​យមរាជ​និង​មន្រ្តី​តូច​ម្នាក់​ កើត​ក្ដី​វិវាទ​ទាស់​ទែង​គ្នា​ ជា​យូរ​ខែ​ហើយ, មន្រ្តី​តូច​នោះ​ គុំ​គិត​សម្លាប់​លោក​យមរាជ​នោះ​ឱ្យ​​បាន ។ មន្រ្តី​តូច​នោះ​មាន​ស្រី​បម្រើ​ម្នាក់​ជា​ទី​ទុក​ចិត្ត​ ប្រើ​ដូចម្ដេច​បាន​ទាំងអស់ ។ ស្រី​បម្រើ​នោះ​ខំ​ផ្គាប់ផ្គុន​ចៅហ្វាយ​មិនឱ្យ​ទាស់​ចិត្ត ។ វេលា​យប់​ស្ងាត់​មន្រ្តី​នោះ​និយាយ​នឹង​ស្រី​បម្រើ​ថា «វេលា​នេះ​ ចូរ​ឯង​អាណិត​អញ​ ពី​ព្រោះ​អញ​ស្អប់​លោក​យមរាជ​ណាស់​ អញ​ចង់​សម្លាប់​ចោល​ តែ​មិន​ដឹង​រក​អ្នក​ណា​ជួយ​រឿង​នេះ សព្វ​ថ្ងៃ​អញ​ឃើញ​តែ​ឯង​មាន​ប្រាជ្ញា​ ហើយ​មន្រ្តី​នោះ​បង្គាប់​ស្រី​បម្រើ​ថា «ចូរ​ឯង​ចេញ​ពី​អញ​ទៅ​យក​ប្រាក់​លោក​យមរាជ​ នៅ​នឹង​គេ​ចុះ​ រួច​ឯង​ខំ​ផ្គាប់​ផ្គុន​គេ​ ឱ្យ​​ដូច​កាល​នៅ​នឹង​អញ បើ​ឯង​បម្រើ​ខាង​ក្រៅ​ ដល់​លោក​យមរាជ​នោះ​គេ​ទុក​ចិត្ត​ស្និទ្ធ​ស្នាល​ ត្រូវ​ឯង​ចូល​បម្រើ​ខាង​ក្នុង លុះ​បាន​ហើយ​ឯង​ចាំ​មើល​រាល់​វេលា​យប់​ស្ងាត់​កាលណា​យមរាជ​នោះ​ដេក​លក់​ ចូរ​ឯង​រម្លាយ​សំណ​ឱ្យ​​ក្ដៅ​ពុះ​ រួច​យក​ទៅ​ចាក់​ក្នុង​មាត់​ទៅ​ លោក​យមរាជ​នឹង​ស្លាប់​មិន​ខាន​គ្មាន​អ្នកណា​ដឹង​ឡើយ​ បើ​ឯង​ធ្វើ​បាន​ដូច​គំនិត​នេះ​ អញ​នឹង​ចេញ​ប្រាក់​លោះ​ឯង​មក​វិញ​ឱ្យ​រួច​ពី​ខ្ញុំ​គេ» ។ ស្រី​បម្រើ​នោះ​ទទួល​ការ​សព្វ​គ្រប់ ។

          វេលា​យប់​នោះ​ អាចោរ​ចិត្ត​ជា​ដើរ​លួច​គេ​ ហើយ​វា​មក​អង្គុយ​ក្រោម​ផ្ទះ​មន្រ្តី​នោះ កាល​មន្រ្តី​នោះ​កំពុង​និយាយ​បង្គាប់​ស្រី​បម្រើ​ ឱ្យ​សម្លាប់​យមរាជ​ដូចម្ដេចៗ​ ក៏​វា​ស្ដាប់​ការណ៍​បាន​ទាំងអស់ ។

          ថ្ងៃ​ក្រោយ​ ស្រី​បម្រើ​នោះ​លា​ម្ចាស់​ទៅ​រក​ប្រាក់​លោក​យមរាជ​ ហើយ​សុំ​នៅ​ផង​ លោក​យមរាជ​ក៏​ទទួល​ចេញ​ប្រាក់​ លោះ​ឱ្យ​ទៅ​បម្រើ​រៀង​មក ។ នាង​នោះ​ខំ​បម្រើ​ផ្គាប់​ផ្គុន​លោក​យមរាជ​ និង​លោក​ជំទាវ​មិន​ឱ្យ​​ទាស់​ចិត្ត ។ លោក​យមរាជ​និង​ជំទាវ​ ក៏​ទុក​ចិត្ត​ស្និទ្ធស្នាល​ ឱ្យ​​ចេញ​ចូល​ក្នុង​ក្រៅ​ បម្រើ​ជិត​ដិត​រៀង​មក ។ វេលា​មួយ​នោះ​ ពេល​យប់​ស្ងាត់​ស្រី​បម្រើ​នោះ​វា​ដឹង​ថា​ លោក​យមរាជ​និង​លោក​ជំទាវ​សម្រាន្ត​លក់​ហើយ​ វា​ដុត​ភ្លើង​រម្លាយ​សំណ​ឱ្យ​​ក្ដៅ​ពុះ​ ហើយ​វា​លើក​សំណ​នោះ​ចាក់​ក្នុង​មាត់​លោក​យមរាជៗ​ស្លាប់​ទៅ​រួច​ត្រឡប់​ទៅ​ដេក​តាម​កន្លែង​វិញ ។

          លុះ​ព្រឹក​ឡើង​ លោក​ជំទាវ​ភ្ញាក់​ បាន​ដឹង​ថា​ប្ដី​ខ្លួន​ស្លាប់​ ក៏​ស្រែក​ទ្រហោ​យំ ។ មនុស្ស​ផ្អើល​មក​មើល​ ឃើញ​លោក​យមរាជ​ស្លាប់​មែន​ តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី​​ព្រោះ​គ្មាន​ស្លាក​ស្នាម​បន្តិច​សោះ ។ លោក​ជំទាវ​នោះ​ ទៅ​ក្រាប​ថ្វាយ​បង្គំ​ទូល​ស្ដេច​តាម​រឿង​ដែល​ស្លាប់ ។ ព្រះ​រាជា​ទ្រង់​ចាត់​ឱ្យ​​មន្រ្តី​មក​មើល​ តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី​ ព្រោះ​គ្មាន​ហេតុ​ស្លាកស្នាម​ ក៏​ទៅ​ក្រាប​បង្គំ​ទូល​តាម​រឿង ។ ព្រះ​រាជា​ទ្រង់​ឱ្យ​​យក​សព​ទៅ​បញ្ចុះ​ទុក​តាម​សមគួរ ។

          ក្រោយ​នោះ​ ជា​រដូវ​បុណ្យ​ទ្វា​ទសមាស​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ចូល​គាល់​ព្រះ​មហាក្សត្រៗ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា​ បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​យមរាជ​ បាន​ដឹង​ច្បាស់​ប្រាកដ​ យើង​ឱ្យ​ធ្វើ​ទី​យមរាជ រួច​ទ្រង់​ស្ដេច​យាង​ចូល​ទៅ​ខាង​ក្នុង​វិញ ។ សេនា​បតី​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ ក៏​ទៅ​ផ្ទះ​រៀង​ខ្លួន ។

          គ្រា​នោះ​ ចៅហ្វាយ​ស្រុក​ ដែល​ជា​សម្លាញ់​នឹង​អាចោរ​ចិត្ត​ជា​ ចង់​ធ្វើ​យមរាជ​ណាស់​បាន​ទៅ​រក​អា​ចោរ​ចិត្ត​ជាៗ​សួរ​ថា «អា​សម្លាញ់​ឯង​ មក​រក​អ្វី ? » ។ ចៅហ្វាយ​ស្រុក​ប្រាប់​ថា «អញ​មក​ មាន​ការ​សួរ​ឯង​បន្តិច​ ដ្បិត​លោក​យមរាជ​ស្លាប់​ ដោយ​ឥត​មាន​នរណា​ដឹង​ថា​ជា​ស្លាប់​ព្រោះ​រោគ​អ្វី ឥឡូវ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា៖ បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​លោក​យមរាជ​ឃើញ​ពិត​ប្រាកដ​ ទ្រង់​នឹង​ឱ្យ​ធ្វើ​ទី​យមរាជ រឿង​នេះ​ អា​សម្លាញ់​ឯង​បាន​ដឹង​ឬ​ទេ ? ដ្បិត​​អញ​ចង់​ធ្វើ​យមរាជ​ណាស់» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា​ រឿង​នេះ​អញ​បាន​ដឹង​ច្បាស់​ ព្រោះ​នៅ​វេលា​រាត្រី​មួយ​នោះ​ អញ​ដើរ​លួច​គេ​ហើយ​អញ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្រ្តី​តូច​ម្នាក់​ នៅ​ខាង​ជើង​ផ្ទះ​លោក​យមរាជ​ ឆ្ងាយ​ពី​គ្នា​បន្តិច មន្រ្តី​នោះ​ប្រាប់​ស្រី​បម្រើ​ម្នាក់​ថា អញ​ស្អប់​លោក​យមរាជ​ពេក​ ចង់​សម្លាប់​ចោល​ ព្រោះ​ជា​សត្រូវ​នឹង​អញ ក្នុង​គ្រា​នេះ​ ត្រូវ​ឯង​ជួយ​អញ​ជា​ប្រាកដ​ ដូច្នេះ​ត្រូវ​ឯង​ចេញ​ពី​ផ្ទះ​អញ​ ទៅ​រក​ផ្ទះ​លោក​យមរាជ​នៅ​ បើ​គេ​ព្រម​ទទួល​ឱ្យ​នៅ​ ត្រូវ​ឯង​ខំ​បម្រើ​ឱ្យ​​ត្រូវ​ចិត្ត​គេ​ បើ​គេ​ទុក​ចិត្ត​ស្និទ្ធស្នាល​ ប្រើ​ចេញ​ចូល​ខាង​ក្នុង​វេលា​ណា​ លុះ​ដល់​យប់​ស្ងាត់​ ឯង​ត្រូវ​ដុត​ភ្លើង​រម្លាយ​សំណ​ឱ្យ​ក្ដៅ​ពុះ​ ហើយ​យក​ទៅ​ចាក់​ក្នុង​មាត់​លោក​យមរាជ​កំពុង​ដេក​លក់​ គង់​ស្លាប់​មិន​ខាន ។ រឿង​នេះ​អញ​លប​ស្ដាប់​បាន​ចាំ​ប្រាកដ ចូរ​សម្លាញ់​ឯង​ទៅ​ទូល​ស្ដេច​តាម​រឿង​នេះ​ចុះ​ តែ​ត្រូវ​ឱ្យ​គាស់​ខ្មោច​លោក​យមរាជ​នោះ​យក​មក​វះ​មើល​ បើ​ឃើញ​សំណ​នៅ​ក្នុង​ពោះ​ខ្មោច​នោះ​មែន​ អា​សម្លាញ់​ឯង​នឹង​បាន​ធ្វើ​យមរាជ​មិន​ខាន» ។ ចៅហ្វាយ​ស្រុក​ស្ដាប់​យក​ការណ៍​បាន​ហើយ​ ត្រឡប់​ទៅ​ផ្ទះ​វិញ ។

          ថ្ងៃ​ក្រោយ​ចៅហ្វាយ​ស្រុក​ ទៅ​ទូល​ស្ដេច​តាម​រឿង ស្ដេច​ទ្រង់​ឱ្យ​​ភ្នាក់​ងារ​ទៅ​ចាប់​មន្រ្តី​និង​ស្រី​នោះ​ យក​មក​ឃុំ​ទុក​ ហើយ​ទ្រង់​ឱ្យ​​គាស់​ខ្មោច​លោក​យមរាជ​យក​មក​វះ​មើល​ ឃើញ​សំណ​នៅ​ក្នុង​ពោះ​មែន​ ទើប​ទ្រង់​ឱ្យ​ជំនុំ​ជម្រះ​រឿង​នោះ​ ឯ​មេ​ស្រី​នោះ​ឆ្លើយ​ថា «ខ្ញុំ​សម្លាប់​លោក​យមរាជ​ពិត​ប្រាកដ» ទ្រង់​ឱ្យ​ប្រហារ​ជីវិត​ទាំង​ពីរ​នាក់​ចោល​ទៅ​ហើយ​ទ្រង់​ក៏​តាំង​ចៅហ្វាយ​ស្រុក​នោះ​ ឱ្យ​ធ្វើ​ទី​យមរាជ ។

          ឯ​ចៅហ្វាយ​ស្រុក​ កាល​បើ​បាន​ធ្វើ​ទី​យមរាជ​ហើយ​ ឱ្យ​បម្រើ​ទៅ​ហៅ​អា​ចោរ​ចិត្ត​ជា​ ជា​សម្លាញ់ លុះ​វា​មក​ដល់​ប្រាប់​ថា​ អា​សម្លាញ់​អើយ ! ឯង​មាន​គុណ​នឹង​អញ​ច្រើន​ណាស់​ ឥឡូវ​នេះ​អញ​បាន​ធ្វើ​យមរាជ​ហើយ , ដែល​អញ​បាន​ធ្វើ​យមរាជ​នេះ​ គឺ​ដោយ​សារ​ឯង​ជួយ​អញ​ ពី​ថ្ងៃ​នេះ​ទៅ​ឯង​កុំ​លួច​ទៀត​ អញ​ចិញ្ចឹម​មាតា​ឯង​ និង​សម្លាញ់​ឯង​លុះ​អស់​ជីវិត» ។

          អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «អញ​សុំ​លួច​តែ​ម្ដង​ទៀត» ។ ថា​តែ​ប៉ុណ្ណោះ​វា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​យប់​អា​ចោរ​ចិត្ត​ជា​ ទៅ​លួច​ដង្ខៅ​ម្នាក់​បាន​ប្រាក់​និង​សំពត់​អាវ​ជា​ច្រើន​យក​មក​ជូន​មាតា ។ លុះ​ព្រឹក​ឡើង​អា​ចោរ​ចិត្ត​ជា​មក​ប្រាប់​លោក​យមរាជ​ថា «អា​សម្លាញ់​យប់​មិញ​ អញ​លួច​គេ​ បាន​ប្រាក់​និង​សំពត់​អាវ​ច្រើន​ណាស់ ពី​ថ្ងៃ​នេះ​ត​ទៅ​ អញ​លះ​ចោល​រឿង​រក​ស៊ី​លួច​គេ​ហើយ​ អា​សម្លាញ់​ឯង​ជឿ​ចុះ» ។ លោក​យមរាជ​តប​ថា «បើ​ឯង​ឈប់​រក​ស៊ី​លួច​គេ​នោះ​ អញ​អរ​ណាស់​ បើ​ខ្វះ​ខាត​អ្វី​មក​រក​អញៗ​ ឱ្យ​ឯង​កុំ​ទើស​ទាល់​ អញ​ចិញ្ចឹម​ឯង​លុះ​អស់​ជីវិត» ។

          អា​ចោរ​ចិត្ត​ជា​ ក៏​លា​លោក​យមរាជ​ទៅ​ផ្ទះ​វិញ​ ទៅ​នៅ​រក្សា​មាតា​ជា​សុខ​សប្បាយ ។

          លោក​យមរាជ​ និង​អា​ចោរ​ចិត្ត​ជា​សម្លាញ់​រាប់​អាន​គ្នា​ ចិញ្ចឹម​គ្នា​ដរាប​អស់​ជីវិត​ ដូច​បាន​សន្យា​គ្នា​មក ។

          មនុស្ស​ចិត្ត​ជា​ តែង​មាន​គ្នា​ជា​ទី​ពឹង



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login