ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានរឿងមួយ ដំណាលថា៖ កាលនោះ មានព្រៃមួយធំ មានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទ ដែលចូលទៅបោចវល្លិ ។ តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា៖
ឱ ! ពុទ្ធោៗ អើយ !
ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី
ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី
គ្មានគង់តូចមួយ ។
ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។
តាចន្ទ និយាយរកពុទ្ធោយ៉ាងនេះ ជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ គិតថា «គួរអញសួរតានេះចង់ដឹងមើល» ។ ទើបខ្លា សួរទៅតាចន្ទវិញថា «តាអើយតា ! ក្នុងឆ្នាំខាលនេះ ទឹកធំមែនឬ ?» ។ តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា « ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឱ្យផុតពីទឹក» ។ ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ គិតខ្លាចស្លាប់ ក៏ចូលមកជិត ហើយនិយាយនឹងតាចន្ទថា «តាអើយ អាណិតចងព្យួរខ្ញុំឱ្យផុតពីទឹកផងបានឬទេ ?» ។ តាចន្ទឆ្លើយថា « បាន មិនអីទេចៅ ! អង្គុយមកចាំតានៅទីនេះសិនចុះ » ។ ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន ក៏ត្រកួញធ្វើជារម្ងក ហើយចូលទៅចងចង្កេះខ្លា ។ តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឱ្យលោតឡើង ។ តាចន្ទក៏ស្រាវទាញឡើងឱ្យផុតជើងខ្លាពីដី រួចគាត់ចុះមកវិញ ។ ខ្លាសួរថា «តា! ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?» ។ តាចន្ទឆ្លើយថា «ផុតហើយចៅ!» ។ តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។ ខ្លាឃើញសួថា «តា! តាកាប់ដំបងធ្វើអ្វី ?»។ តាចន្ទថា « កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា » ។ ខ្លាឆ្លើយថា « គ្មានខ្លាឯណាទេតា! មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ» ។ តាចន្ទដឹងថា «ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឱ្យអស់ចិត្ត ក្នុងគ្រានេះ» ។ ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា « ចៅនៅឱ្យស្ងៀម តានឹងមើលចំណងឱ្យ ក្រែងវារបូតលង់ទឹកស្លាប់» ។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ ក៏វិលទៅខ្ទមចាំស្រែវិញ ។ និយាយពីខ្លាដែលរត់រួចទៅនោះ បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា « បងខ្លាឯង ភ័យនឹងអ្វី ក៏បានជាបោលមិនមើលក្រោយសោះ » ។ ខ្លាប្រាប់ទៅដំរីវិញថា « បងអើយ ! អាចន្ទរំលៀក បញ្ឆោតវាយខ្ញុំហើមខ្លួនអស់ » ។ ដំរីសួរថា អាចន្ទរំលៀកនោះ នៅឯណា?»។ ខ្លាប្រាប់ថា « វាធ្វើស្រែនៅមាត់បឹងឯនោះ » ។ ដំរីថា « អញនឹងព្រេចឱ្យវាល្អិត កុំឱ្យវាធ្វើបាបគេ » ។ ខ្លាបោលហួសទៅ ដំរីក៏ដើររកតាចន្ទនឹងព្រេច ជួបនឹងតាចន្ទហើយ តែដំរីមិនស្គាល់សួរថា « តាៗស្គាល់អាចន្ទរំលៀកដែរឬ ? » ។ តាចន្ទ សួរដំរីថា « ចៅឯងសួររកគាត់ធ្វើអ្វី ? » ដំរីថា « ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់ » ។ តាចន្ទឆ្លើយថា « តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង ហ្ន ! ខ្ទមគាត់សៗនុះឯង » ។ ដំរីថា « តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់ បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់ » ។ តាចន្ទឆ្លើយថា « តាអរណាស់ ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ » ។ ដំរីថា « បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក » ។ តាចន្ទ ឆ្លើយថា « អើ បើដូច្នោះ ទៅក៏ទៅ » ។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ – ៤ កាំបិត មុតចេញឈាម ។ ដំរីក៏គេចបោលមកវិញ ដល់គោក រលាស់ទម្លាក់តាចន្ទ ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា « បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ» ។ ដំរីប្រាប់ថា « បងខ្លាឃ្មុំអើយ ! អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ » ។ ឯខ្លាឃ្មុំ ក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា «អាចន្ទនោះ វានៅឯណា ? » ។ ដំរីប្រាប់ថា « វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ » ។ ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំ ក៏មានចិត្តខឹងគុំគួន ប្រមាថ នឹងខាំបំបែកក្បាលតាចន្ទឱ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា «នេះហើយ តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត អញលោតទៅខាំវាឱ្យបាន » ។ ខ្លាឃ្មុំក៏ប្រាបចាំនៅសំយាបព្រៃ ។ តាចន្ទមិនដឹងខ្លួន ។ តាចន្ទភ្ជួរស្រែយូរ ក្រទៅខ្លាឃ្មុំក្រោកអើតមើលមក តាចន្ទឃើញខ្លាឃ្មុំអើតដូច្នោះ គាត់គិតថា« សត្វនេះ វាចង់មកប្រមាថធ្វើទុក្ខអញទៀតហើយ » ។ តាចន្ទប្រុងខ្លួន ហើយវាយដេញក្របីថា « ហី ! អានាងខំទាញឡើង តាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹកផ្អែម» ។ តាចន្ទ គាត់ថាយ៉ាងនេះជាច្រើនដង ។ ខ្លាឃ្មុំឮច្បាស់ ក៏មានចិត្តចង់ស៊ីឃ្មុំ ហើយឆ្លើយមកនឹងតាថា « តាៗ ! ចែកខ្ញុំស៊ីផង » ។ តាចន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា « ចៅអើយ ឃ្មុំតាតែពីរសម្បុកទេ ទុកឱ្យក្របីវាស៊ីមួយម្នាក់ សោះញ័រខ្លួន បើចៅចង់ស៊ី ចូលមកនិយាយគ្នាសិន » ។ ខ្លាឃ្មុំ ក៏ចូលមកអង្គុយ ។ តាចន្ទថា « បើចៅចូលចិត្តស៊ីដែរ នឹងឱ្យស៊ីទាំងអស់តែម្ដងទៅ ខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា ចៅឯង ឱ្យតាទឹមភ្ជួរស្រែ បានមួយព្យាមចុះ តានឹងឱ្យចៅស៊ីទាំងពីរសម្បុកតែម្ដង ឯក្របីតា ឱ្យវាអត់សិនទៅចុះ សឹមរកទៀត» ។ ខ្លាឃ្មុំស្ដាប់ ត្រូវចិត្តនឹងចំណីនោះ ព្រោះត្រូវចំណង់របស់ខ្លួន ក៏អរណាស់ថា « បើដូច្នេះ ឱ្យតាដោះក្របីចេញចុះ»។ តាចន្ទ ក៏ដោះក្របីចេញមួយរំពេច ។ ខ្លាឃ្មុំ ក៏ចូលទៅឱ្យតាចន្ទទឹម ដាក់ខ្សែទាមចងរឹតរួចស្រេច ។ តាចន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័ល ហើយដេញថា ហី! អានាងខំឡើងតាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹក ។ ខ្លាឃ្មុំ ខំប្រឹងទាញនង្គ័លពុំកក្រើកឡើយ ។ តាចន្ទគាត់ខឹង ក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំៗក៏ខំប្រឹងរើបម្រះ តាចន្ទវាយខ្លាំងណាស់ ដល់ទៅបែកហើមខ្លួនទាំងមូល ។ លុះខ្លាឃ្មុំរើរួច បោលទៅជួបនឹងចចកៗ សួរខ្លាឃ្មុំថា «បងខ្លាឃ្មុំ បោលអីគ្មានមើលក្រោយម្ល៉េះ ?» ។ ខ្លាឃ្មុំប្រាប់ទៅវិញថា « បងចចកអើយ ! អាចន្ទរំលៀក វាបញ្ឆោតវាយខ្ញុំ ហើមខ្លួនអស់»។ ហើយខ្លាឃ្មុំបោលទៅ ។ ចចកក៏អួតថា « បើដូច្នោះ ទុកឱ្យអញទៅហែកលបតាចន្ទ យកត្រីចែកគ្នាស៊ី ឱ្យអស់ កុំទុកឱ្យវាឡើយ » ។ លុះព្រឹកឡើង តាចន្ទ គាត់កាន់កាំបិតព្រាមួយនិងច្រវាមួយ ទៅលើកលបគាត់ក្នុងបឹង ។ និយាយពីចចក មកដល់ កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយ ។ ចចកក៏បបួលខ្លាត្រីថា «បងខ្លាត្រី ទៅស៊ីត្រីនឹងអញ »។ ខ្លាត្រីតបថា « បងចចកឯង បានត្រីពីណា ?»។ ចចកថា « អញទៅហែកលបអាចន្ទរំលៀកចែកគ្នាស៊ី » ។ ខ្លាព្រមតាមចចក ក៏មកអង្គុយនៅមាត់បឹង យូរបន្តិច ឃើញតាចន្ទអុំទូកមក ចចកសួរថា « តាស្គាល់អាចន្ទរំលៀកដែរឬទេ?» ។ តាចន្ទថា « ស្គាល់ដែរ តែអាចន្ទនោះ វានៅត្រើយបឹងខាងឯណោះទេ » ។ ចចកថា បើដូច្នេះអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រី ខ្ញុំចែកតាពាក់កណ្ដាល » ។ តាចន្ទថា « ទៅក៏ទៅ ដ្បិតលបតា ក៏វាពុំត្រូវផង » ថាហើយចចកក៏លោតទំក្បាលទូក ។ តាចន្ទថា « ចៅកុំទៅអង្គុយក្បាលទូក វាលិចណា ! មកអង្គុយខ្ទង់មុខតាឯណេះ ទើបវាមិនលិច>>។ ចចកក៏មកអង្គុយនៅមុខតាចន្ទ ហើយហៅខ្លាត្រីថា << មកបង ប្រញាប់នឹងអាលទៅ » ។ ខ្លាត្រីថា « បងចចក អញមិនហ៊ានទៅទេ អញក្រែងតាចន្ទហើយនេះ»។ ចចកបែរមើលក្រោយថា « មិនមែនទេ » ។ តាចន្ទគាត់នៅស្ងៀម ។ ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចក ។ តាចន្ទគាត់អុំទូកទៅប្រមាណ១០ព្យាមពីច្រាំង គាត់កាប់ក្បាលចចកមួយកាំបិត ។ ចចកលោតធ្លាក់ទឹក ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ខ្លាត្រីបន្ទោសចចកថា « អញថាតាចន្ទហើយ ឯងថា មិនមែនតាចន្ទទេ » ។ ចចកថា « កុំមាត់ ខំតែហែលទៅ » ។ សត្វទាំងពីរ ក៏ហែលដល់គោក ហើយបោលទៅ ។ តាចន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះ បានសេចក្ដីសុខសប្បាយ ។
ក្រោយមកតាចន្ទ មានចិត្តសង្វេគថា « ឱ ! សត្វទាំង៤ នេះនឹងចងវេរានឹងអញតទៅមុខពុំលែង ហើយវានឹងធ្វើបាបអញនេះមិនខាន ដូច្នេះគួរអញទិញដែកឱ្យច្រើន ធ្វើកាំបិតកោរដងដែកឱ្យបាន ៥០ឬ៦០ ទុកបម្រុងការពារខ្លួនដែលស្លាប់ទៅ ។ តាចន្ទ ធ្វើកាំបិតបានស្រេចហើយ គាត់ក៏ហៅកូនចៅមកផ្ដាំថា « បើអញស្លាប់ទៅហើយ យកអញទៅកប់ ឱ្យយកកាំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំខាន ចូកដីលប់ឱ្យជិត លុះដល់៥ – ៦ ថ្ងៃ ឱ្យកូនចៅមើលផ្នូរអញកុំខាន >> ។ តាចន្ទ ផ្ដាំកូនចៅរួចហើយ គាត់ក៏មានជំងឺឈឺក្ស័យទៅ កូនចៅក៏យកខ្មោចតាចន្ទទៅកប់ ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាន ។
និយាយពីសត្វទាំង៤ ដែលមានវេរានឹងគ្នានោះ កាលតាចន្ទស្លាប់ទៅបាន៣ថ្ងៃ សត្វចចកស៊ើបដឹងថា តាចន្ទស្លាប់ ក៏ទៅប្រាប់ខ្លាឃ្មុំៗ ប្រាប់ដំរីៗ ប្រាប់ខ្លាធំ ភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាចន្ទរំលៀកស៊ី ។ ចចកកាយចុងជើង ខ្លាឃ្មុំកាយក្បាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល ឃើញសត្វទាំង៣មុតជើងពិការជាខ្លាំង ដួលដេកអស់។ ដំរីខឹងនឹងខ្មោចតាចន្ទថា « ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ ទុកឱ្យអញឈូសតែម្ដងឱ្យប៉ើងខ្មោចមកនៅលើគោក » ។ ដំរីខឹងណាស់ លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង ក៏ដេកដួលទាំងអស់គ្នា ។
ដល់កំណត់ថ្ងៃ៧ កូនចៅតាចន្ទ នាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចកស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឱ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង ។