ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ដើមឡើយមានបុរសម្នាក់បានទទួលពាក្យបណ្ដាំពីអាពុកប្រដៅថា កុំឱ្យយកប្រពន្ធជាស្រីប្ដីលែងនឹងស្រីសៅកែ ឱ្យយកស្រីក្រមុំព្រហ្មចារីនីនឹងម៉េម៉ាយប្ដីស្លាប់ធ្វើជាប្រពន្ធ ហើយកុំយកក្លើនឹងមនុស្សគ្រូបី ហើយស្ដេចឥតធម៌កុំឱ្យនៅក្នុងនគរនោះ បុរសនោះបានយកប្រពន្ធស្រីទាំង ៤ នាក់នោះ នឹងយកក្លើមនុស្សគ្រូបីល្បងមើល មានថ្ងៃ ១ នោះក្ងោកមាសរបស់ស្ដេចវាទៅរកស៊ីក្បែរផ្ទះបុរសនោះ ហើយបុរសនោះគិតពីសោតមើល បានចាប់សត្វក្ងោកមាសនោះយកទៅចងលាក់ក្នុងទ្រុង ១ ហើយដាក់ចំណីបាយទឹកឱ្យសត្វនោះអាស្រ័យ រួចបុរសនោះបានយកមាន់គក ១ ទៅកាប់បោចស្រេច យកទៅធ្វើជាម្ហូបអាស្រ័យ ពេលនឹងអាស្រ័យបុរសនោះបានយកប្រពន្ធទាំង ៤ ហើយនឹងក្លើនោះទៅអាស្រ័យសាច់មាន់គកនោះទាំងអស់គ្នា ហើយបុរសនោះនិយាយថា សាច់នេះគឺក្ងោកមាសរបស់ស្ដេច អញលួចកាប់យកសាច់មកស៊ីនេះ ។
ក្រោយមកដល់បាត់សត្វក្ងោក ស្ដេចឱ្យប៉ាវគងសួររកសត្វក្ងោកនោះ ទើបនាងស្រីប្ដីលែងនឹងស្រីសៅកែនិយាយនឹងនាងក្រមុំ- នាងប្ដីស្លាប់ថា ប្រាប់ពួកអ្នកប៉ាវគងទៅថា ប្ដីយើងវាលួចកាប់សត្វក្ងោករបស់ស្ដេចយកសាច់ស៊ី ព្រោះវាធ្វើបាបវាយជេរយើងខ្លាំងណាស់ ទើបស្រីក្រមុំនឹងស្រីប្ដីស្លាប់អង្វរទៅវិញថា កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ នោះស្រីសៅកែនឹងស្រីប្ដីលែងថា បើនាងឯងមិនចូលគំនិតនឹងយើង មុខជាយើងប្ដឹងអ្នកប៉ាវគងហើយ ស្រាប់តែស្រីទាំងពីរនោះប្ដឹងអ្នកប៉ាវគងតាមដំណើរដែលប្ដីប្រាប់ថា លួចកាប់សត្វក្ងោកស្ដេចយកសាច់ស៊ីនោះ រួចពួកប៉ាវគងបានចាប់យកបុរសនោះទៅថ្វាយស្ដេច ហើយទូលតាមដំណើរ ស្ដេចឱ្យនាំបុរសនោះទៅពិឃាដ លុះនាំទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារសួរថា អ្នកនាំមនុស្សទោសមកនេះ ស្ដេចបានជំនុំជម្រះហើយឬនៅ អ្នកនាំថានៅទេ អ្នកចាំទ្វារពុំព្រមបើកទ្វារហើយបាននិយាយរឿងប្រាប់អ្នកនាំថា មានរឿង១នោះសេដ្ឋីចិញ្ចឹមឆ្កែ ៥០០ លុះយប់អាចោរជីកអុងម៉ុង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះចូលទៅក្នុងអុងម៉ុង្គនោះទាំងអស់ ឆ្កែសេដ្ឋីបានទៅខាំអាចោរស្លាប់ក្នុងអុងម៉ុង្គនោះស្លាប់ទាំងអស់ លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ ក៏សម្លាប់ឆ្កែនោះទៅ លុះខ្មោចចោរធុំអសោចឡើងទៅមើលឃើញចោរស្លាប់ដូច្នោះក៏នឹកស្ដាយឆ្កែក្រោយ កំពុងតែនិយាយបន្តិច ឃើញបម្រើស្ដេចឱ្យទៅហៅបុរសនោះជំនុំជម្រះវិញ លុះស្ដេចសួរបុរសនោះពីសម្លាប់សត្វក្ងោកមាស បុរសទូលស្ដេចថា ក្ងោកនោះមិនបានសម្លាប់ទេ មានកន្លែងទុកដោយល្អ ឯសម្លាប់នោះគឺមាន់គកទេ ស្ដេចបានឱ្យទៅយកសត្វក្ងោកនោះវិញ ស្ដេចបានលើកទោសបុរសនោះលែង ហើយបុរសនោះបានលាស្ដេចលែងក្នុងនគរនោះ ព្រោះស្ដេចឥតធម៌ ឯស្រីទាំងពីរដែលប្ដឹងពីបុរសនោះថាកាប់ក្ងោកនោះ ក៏បុរសនោះលែងចោលចេញ៕