2017-11-24 10:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឱ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ» ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា «មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឱ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ» ។ បងក៏ព្រមទៅ លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សម្បកខ្ចៅនោះដាក់នៅនឹងកន្លែង ហើយគេចោលសម្បកនោះទៅ ។
ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។ ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមកស៊ីៗ រួចគេយកកន្សែងខ្ចប់ដាក់ ហើយចោលទៅទៀត ។ បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹងគេទៀត ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួរទៀត ទើបតែនឹងពមចូលក្នុងមាត់ នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងមកឮតែឃឹក ។ ដោយហេតុខ្យល់ទប់ឃឹកនោះ មីសួរវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់ ។ បងថ្លៃឃើញដូច្នោះ ក៏ចោលចង្កើះទៅក្នុងថាសថា «ទេ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម សូម្បីខ្ចៅនិងអំពៅទាំងសម្បក ទាំងកាក ក៏ស៊ីបានទាំងអស់ ដល់មីសួរ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ» ។