Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

         
និទាន​១​ថា៖ មាន​បុរស​ប្ដី​ប្រពន្ធ​ មាន​កូន​ប្រុស​មួយ​ កូន​នោះ​អាយុ​បាន​១២​ឆ្នាំ​ មាតា​ស្លាប់​ទៅ​ នៅ​តែ​ឪពុក​ពោះម៉ាយ ។ ឪពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន​ លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ​ៗ​ ក្រោយ​មក​ ឪពុក​អនិច្ចកម្ម​ទៅ​ទៀត​ នៅ​តែ​កូន​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។ ឪពុក​ស្លាប់​ទៅ​បាន​៥​ថ្ងៃ​ ក៏​មក​ពន្យល់​សប្តិ​ថា «កូន​ឯង​ក្រ​លំបាក​ណាស់​ យើង​ជា​ឪពុក​គ្មាន​របស់​អ្វី​នឹង​ឱ្យ​​ទេ ដូច្នេះ​ឱ្យកូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា​ នា​ទិស​ឦសាន​ផ្ទះ​យើង​ យក​ទៅ​លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាល​ណា​ ឱ្យ​កូន​ទៅ​ជីក​យក​រាល់​ថ្ងៃ​កុំ​ខាន» ។

          លុះ​ភ្លឺ​ច្បាស់​ កូន​នោះ​ភ្ញាក់​ឡើង​ ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់​ ក៏​ចាប់​យក​ចប​ដើរ​តម្រង់​ទៅ​ខ្ទម​អ្នកតា​ ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន​ រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឱ្យ​​អ្នក​ផ្សារ​ៗ​ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។

          ថ្ងៃ​ក្រោយ​វេលា​ព្រឹក​ បុរស​ទៅ​ជីក​ក្ដាម​នៅ​កន្លែង​ដដែល​នោះ​ បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឱ្យ​អ្នក​ផ្សារ​ គេ​ក៏​ទិញ​យក​ទៅ​ទៀត ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ។

          នៅ​ទី​នោះ​ មាន​មហា​សេដ្ឋី​ម្នាក់​ មាន​កូន​ស្រី​ក្រមុំ​ច្រើន​ កូន​ស្រី​បង​ៗ​ទាំង​ប៉ុន្មាន​ មហា​សដ្ឋី​រៀប​ឱ្យ​​មាន​ប្ដី​អស់​ នៅ​តែ​កូន​ស្រី​ពៅ​ម្នាក់​ ឈ្មោះ​នាង​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី សូម្បី​មហា​សេដ្ឋី​ជា​ឪពុក​ម្ដាយ​ បង្ខំ​ឱ្យ​​មាន​ប្ដី​ម្ដេច​ម្ដា​ ក៏​នាង​មិន​ព្រម ។

          រី​ឯ​បុរស​នោះ​ លុះ​ថ្ងៃ​ក្រោយ​ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​ បាន​មួយ​ទៀត​ ហើយ​កាន់​យក​ទៅ​លក់ ។ នាង​ពៅ​ កូន​ក្រមុំ​មហា​សេដ្ឋី​បាន​ឃើញ​ ក៏​ហៅ​មក​សួរ​ថា «អ្នក​កំលោះ​ យួរ​ក្ដាម​ទៅ​ណា ?» ។  បុរស​នោះ​ជម្រាប​ថា «ខ្ញុំ​យក​ទៅ​លក់» ។ នាង​ពៅ​ក៏​ទិញ​យក​ ហើយ​នាង​ប្រាប់​ថា «ពី​ថ្ងៃ​នេះ​ទៅ​ បើ​អ្នក​បាន​ក្ដាម​ កុំ​លក់​ឱ្យ​​អ្នក​ណា​ ត្រូវ​អ្នក​យក​មក​លក់​ឱ្យ​ខ្ញុំ​ រាល់​ថ្ងៃ​កុំ​ខាន» ។ ដែល​ទៅ​ជា​យ៉ាង​នេះ​ ដោយ​នាង​នោះ​ មាន​ចិត្ត​ប្រតិពទ្ធ​នឹង​បុរស​នោះ​ណាស់​ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន​ទេ ។ បុរស​នោះ​ បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ​ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត​ រួច​យក​មក​លក់​ឱ្យ​តែ​នាង​ពៅ​នោះ​រាល់​ៗ​ថ្ងៃ ។ នាង​ពៅ​ក៏​ចេះ​តែ​ទទួល​ទិញ​យក​ក្ដាម​មិន​ដែល​ខាន​ ហើយ​មាន​ចិត្ត​រឹត​តែ​ស្រឡាញ់​បុរស​នោះ​ខ្លាំង​ឡើង​ ក៏​ធ្វើ​ឫកពា​កិរិយា​ឱ្យ​បុរស​នោះ​ដឹង ។ បុរស​នោះ​ដឹង​ជាក់​ថា «នាង​នោះ​ស្រឡាញ់​ខ្លួន​ប្រាកដ» តែ​ដោយ​ពិចារណា​ថា​ សព្វ​ថ្ងៃ​នេះ​ខ្លួន​ជា​អ្នក​ក្រីក្រ​លំបាក​ណាស់​ ហើយ​កំព្រា​ផង​ ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។

          ចំណែក​បង​ស្រី​ៗ​ប៉ុន្មាន​នាក់​ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន​ ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​លក់​ក្ដាម​នោះ​ពន់​ពេក​ ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហា​សេដ្ឋី​ ជា​មាតា​បិតា «នាង​ពៅ​ជា​ប្អូន​ ធ្វើ​ឫកពា​ស្រឡាញ់​បុរស​ជីក​ក្ដាម​នោះ​ក្រៃ​ពេក បុរស​នោះ​បាន​ក្ដាម​យក​មក​លក់​ឱ្យ​​តែ​នាង​ពៅ ឯ​នាង​ពៅ​ចេះ​តែ​ទទួល​ទិញ​រាល់​តែ​ថ្ងៃ​ រួច​ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​នោះ​ណាស់​ ទោះ​បី​ខ្ញុំ​ទាំង​អស់​គ្នា​ និយាយ​ទូន្មាន​ដូចម្ដេច​ ក៏​មិន​ស្ដាប់​មិន​តាម​ រឹត​តែ​ធ្វើ​ខ្លាំង» ។  សេដ្ឋី​ជា​បិតា​មាតា​ ឮ​ដូច្នោះ​ខឹង​ច្រឡោត​ឱ្យ​​ហៅ​នាង​ពៅ​មក​ ជេរ​បន្ទោស​ ត្មះ​តិះដៀល​ថា «ហង​នេះ​ ជា​មនុស្ស​រឹង​ត្អឹង​ទទឹង​នឹង​ចិត្ត​មាតា​បិតា អញ​ឱ្យ​​មាន​ប្ដី​ ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ ហង​ឯង​ប្រកែក​មិន​ព្រម​យក ឥឡូវ​ហង​ស្រឡាញ់​អា​មនុស្ស​កម្សត់​លក់​តែ​ក្ដាម​វិញ​ ហង​ឯង​នេះ​អាក្រក់​ណាស់​ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឱ្យ​ឆាប់​​ទៅ​យក​អា​កម្សត់​លក់​ក្ដាម​នោះ​ចុះ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហង​ឯង​ កុំ​មក​ឡើង​ផ្ទះ​អញ​ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន​បាន​ អញ​កាត់​ចោល​ហើយ» ។  ចំណែក​មាតា​កាត់​ចិត្ត​មិន​ដាច់​ពី​កូន​ពៅ​ ក៏​លប​វេច​របស់​ស្រាល​ៗ​ ដែល​មាន​តម្លៃ​ ឱ្យ​​នាង​ពៅ​ជា​កូន ។ នាង​ពៅ​ក៏​សំពះ​លា​មាតា​យក​បង្វេច​ដែល​មាតា​ឱ្យ​នោះ​ ចុះ​ចេញ​ពី​ផ្ទះ​ សំដៅ​ទៅ​ផ្ទះ​បុរស​លក់​ក្ដាម​ និយាយ​ពី​រឿង​ដែល​បិតា​ខឹង​បណ្ដេញ​សព្វ​គ្រប់​ ប្រាប់​បុរស​នោះ​ៗ​ បាន​ស្ដាប់​ហើយ​ ឆ្លើយ​តប​ថា «សព្វ​ថ្ងៃ​ ខ្លួន​ខ្ញុំ​នេះ​ ក្រី​ក្រ​ជា​ទី​បំផុត​ ហើយ​កំព្រា​តែ​ម្នាក់​ឯង​ផង​ នាង​ត្រឡប់​ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ​ ខ្ញុំ​ខ្លាច​មហា​សេដ្ឋី​ជា​បិតា​នាង​ចាប់​ទោស​ យក​ខ្ញុំ​ទៅ​សម្លាប់» ។ នាង​ពៅ​តប​ថា «ខ្ញុំ​មិន​ទៅ​វិញ​ទេ​ ស៊ូ​ស្លាប់​នឹង​អ្នក​ហើយ!»។ បុរស​នោះ​សួរ​ថា «បើ​ដូច្នេះ​ យើង​គិត​ដូចម្ដេច ?» ។ នាង​ពៅ​ឆ្លើយ​ថា «បើ​អ្នក​គិត​ឃើញ​យ៉ាង​ណា​ ខ្ញុំ​ទទួល​ធ្វើ​តាម​យ៉ាង​នោះ​ទាំង​អស់» ។

          បុរស​នោះ​ នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ​ ទៅ​នៅ​ស្រុក​ក្រៅ​ ហើយ​ធ្វើ​ផ្ទះ​១​ខ្នង​សម្រាប់ លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​ នៅ​ទី​ដដែល​ យក​ទៅ​លក់​ដូច​ថ្ងៃ​មុន​ទៀត បាន​ប្រាក់​ហើយ​ទិញ​វត្ថុ​ផ្សេង​ៗ​ផ្ញើ​ប្រពន្ធ​ ហើយ​ប្រព្រឹត្ត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ ។ ហេតុ​តែ​ជា​ស្រី​គ្រប់​លក្ខណ៍​ នាង​ពៅ​នោះ​ ក៏​ប្រណិប័តន៍​ប្ដី​មិន​ឱ្យ​​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក​នាង​ពៅ​និយាយ​នឹង​ប្ដី​ថា «ខ្ញុំ​សូម​ចិត្ត​ប្ដី ! តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ សូម​អ្នក​កុំ​ទៅ​ជីក​ក្ដាម​ទៀត​ឡើយ​ ព្រោះ​ប្រាក់​កាស​យើង​មាន​ច្រើន​ហើយ​ បើ​អ្នក​ចង់​ទិញ​របស់​អ្វី​ៗ​ ក៏​ទិញ​តាម​ចិត្ត​អ្នក​ចុះ ។ ប្ដី​មិន​ព្រម​តាម ។

          លុះ​ព្រឹក​ឡើង​ ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ។ ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ដល់​ទី​កន្លែង​ ឱ្យ​​ឃើញ​ច្បាស់​មិន​ឱ្យ​​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជីក​បាន​ក្ដាម​ហើយ​យក​ទៅ​លក់​ រួច​ទិញ​ម្ហូប​ចំណី​ផ្ញើ​ប្រពន្ធ ។

          ថ្ងៃ​ក្រោយ​ ប្ដី​ទៅ​កាប់​អុស​ក្នុង​ព្រៃ​ឆ្ងាយ​ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​អុស​ ក៏​កាន់​ចប​ទៅ​ជីក​រំលើង​ នៅ​ទី​កន្លែងដែល​ប្ដី​ជីក​ក្ដាម​នោះ​អស់​ រួច​ត្រឡប់​មក​ផ្ទះ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឱ្យ​ប្ដី​បរិភោគ ថ្ងៃ​ល្ងាច​ត្រជាក់​ ប្ដី​មក​ពី​ព្រៃ​ ក៏​បរិភោគ​បាយ​ជា​មួយ​គ្នា ។

          លុះ​ព្រឹក​ឡើង​ ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត​ ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះ​ធ្លាយ​រលើង​រលុះ​ខ្ចាត់​ខ្ចាយ​អស់​ ហើយ​បាន​ឃើញ​សម្បក​ក្ដាម​មួយ​ធំ​ប្លែក​ស្ងួត​ស្អាត​ ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ​ក៏​កាន់​សម្បក​ក្ដាម​យក​មក​ទុក​ក្រោម​ផ្ទះ​ មិន​បាន​ប្រាប់​ភរិយា​ឱ្យ​​ដឹង​ទេ ភរិយា​ក៏​សួរ​ប្ដី​ថា​ដូចម្ដេច​ឡើយ ។ ដល់​វេលា​យប់​ចូល​ដំណេក​នាង​ពៅ​កាន់​ប្រាក់​របូត​ពី​ដៃ​ជ្រុះ​មួយ​ណែន​ទៅ​ក្រោម​ផ្ទះ​ ធ្លាក់​ទៅ​លើ​សម្បក​ក្ដាម​នោះ​ នាង​មិន​ហ៊ាន​ប្រាប់​ឱ្យ​​ប្ដី​ដឹង​ ដោយ​គិត​ថា «ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង​ សឹម​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ» ។ លុះ​ព្រឹក​ឡើង​ នាង​ចុះ​ពី​ផ្ទះ​ទៅ​យក​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់​នោះ​ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សម្បក​ក្ដាម​ នាង​អរ​ណាស់​ យក​មក​ឱ្យ​​ប្ដី​ៗ​សួរ​ថា «នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ?» ។ នាង​ពៅ​ជម្រាប​ប្ដី​ថា «កាល​ពី​យប់​មិញ​ ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក​ទៅ​ទុក​ខាង​ក្នុង​ ក៏​របូត​មួយ​ណែន​ពី​ដៃ​ ធ្លាក់​ទៅ​ក្រោម​ផ្ទះ​ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក​ ពី​ព្រោះ​គិត​ឃើញ​ថា «ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ​ គ្មាន​នរណា​ដឹង​ឬ​ឃើញ​ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ​យក​មក​ទុក ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សម្បក​ក្ដាម​ ខ្ញុំ​ក៏​យក​មក​ជូន​អ្នក» ។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ​ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា «ពី​ថ្ងៃ​នេះ​ត​ទៅ​ បង​ឈប់​ជីក​ក្ដាម​ហើយ» ។ ប្រពន្ធ​អរ​ណាស់​ រាល់​តែ​វេលា​យប់​ អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សម្បក​ក្ដាម​ធំ​ ព្រឹក​ឡើង​ចុះ​ទៅ​មើល​ ឃើញ​ប្រាក់​ពេញ​សម្បក​ក្ដាម​នោះ​ ក៏​យក​មក​ទុក​រៀង​រាល់​ថ្ងៃ ទើប​ទម្លាក់​ប្រាក់​រៀល​ ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល​ ទើប​ទម្លាក់​​ប្រាក់​ណែន​ ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន ​​ទើប​ទម្លាក់​គ្រឿង​មាស​ពេជ្រ​ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ​ ពេញ​សម្បក​ក្ដាម ។ អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន​មួយ​ឆ្នាំ​មាន​ប្រាក់​មាស​ និង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់​ ច្រើន​ណាស់​រាប់​មិន​អស់​ ទើប​ប្រឹក្សា​គ្នា​ថា «យើង​មាន​ប្រាក់​មាស​ និង​គ្រឿង​ប្រដាប់​ច្រើន​ម្ល៉េះ​ តើ​យើង​បាន​អ្វី​នឹង​ទុក​របស់​ទាំង​អស់​នេះ ?» លុះ​គិត​ឃើញ​ ក៏​នាំ​គ្នា​យក​ប្រាក់​ និង​គ្រឿង​មាស​ពេជ្រ​ទាំង​អស់​ទៅ​ជីក​កប់​ទុក​ច្រើន​អន្លើ ។

          ក្រោយ​ពី​នោះ​មក​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតា​បិតា​ ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន​ឃើញ​ជេរ​ថា «មេ​ចោរ​ចង្រៃ​ឯង​ នាំ​ប្ដីកម្សត់​លក់​តែ​ក្ដាម​មក​រក​អ្វី ? ហង​ឯង​បាន​ឮ​ឬ​ទេ​ លោក​ឪពុក​បណ្ដេញ​កាត់​កាល់​ចោល​ហើយ​ សូម្បី​តែ​ក្នុង​ភូមិ​ ក៏​លោក​ហាម​មិន​ឱ្យ​​ចូល​ដែរ ? មេ​ចង្រៃ​ឯង​ ចេញ​ពី​ភូមិ​ឱ្យ​​ឆាប់» ។ នាង​ពៅ​ឆ្លើយ​ថា «បង​ទាំង​អស់​ កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​​ព្រោះ​លោក​មាន​គុណ​លើ​ខ្ញុំ​ៗ​ មិន​មក​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ សម្បត្តិ​បង​ឯង​ទាំង​អស់​ ក៏​ខ្ញុំ​មិន​សុំ​ដែរ​ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំង​អស់​ មាន​ប៉ុណ្ណោះ​ ខ្ញុំ​មិន​កោត​ មិន​ព្រឺ​ឡើយ​ សូម្បី​តែ​រោម​ជើង​ខ្ញុំ​ ក៏​វា​មិន​ព្រឺ​ផង» ។

          បង​ទាំង​អស់​ខឹង​ណាស់​ ជេរ​ប្រទេសចថា «ហង​ឯង​នេះ​អួត​ណាស់​ អញ​មិន​ជឿ​ទេ» ។ នាង​ពៅ​ថា «បើ​មិន​ជឿ​ ភ្នាល់​គ្នា​ចុះ» ។ បង​ទាំង​នោះ​ថា «ភ្នាល់​ដូចម្ដេច?» ។ នាង​ពៅ​ថា «ឱ្យ​​បង​ទាំង​អស់​ រាប់​ប្រាក់​ខ្ញុំ​មើល​ ឱ្យ​​អស់​ក្នុង​មួយ​ថ្ងៃ​ បើ​រាប់​អស់​ ខ្ញុំ​បែង​ចែក​ឱ្យ​​រាល់​គ្នា​ បើ​រាប់​មិន​អស់​ ខ្ញុំ​មិន​ឱ្យ​​ទេ​ តែ​ខ្ញុំ​យល់​ថា​ កុំ​ថា​ឡើយ​រាប់​មួយ​ថ្ងៃ​ ទោះ​ជា​រាប់​ពីរ​ឬ​បី​ថ្ងៃ​ ក៏​មិន​អស់​ដែរ» ។ បង​ទាំង​នោះ​ឆ្លើយ​ថា «អញ​ព្រម​ទៅ​រាប់​ តែ​ហង​កុំ​កុហក​ អញ​វាយ​ហង​សម្លាប់» ។ នាង​ពៅ​ប្រាប់​ថា «តាម​ចិត្ត» ។ បង​ៗ​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ​ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់​ នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតា​បិតា​ថា «នាង​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន​វា​មាន​ប្រាក់​ច្រើន​ ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ​ ហើយ​វា​ថា​បើ​មិន​ជឿ​ ឱ្យ​ទៅ​មើល​ឯ​ផ្ទះ​វា​ចុះ​ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល​ ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន​ ក៏​ភ្នាល់​នឹង​វា​ៗ​ថា​ បើ​ខ្ញុំ​ទាំង​អស់​គ្នា​ រាប់​ប្រាក់​វា​អស់​ក្នុង​មួយ​ថ្ងៃ​ វា​នឹង​ឱ្យ​​ខ្ញុំ​យក​ចែក​គ្នា​ចុះ​ បើ​រាប់​មិន​អស់​ វា​មិន​ឱ្យទេ ទោះ​ខ្ញុំ​ទាំង​ស់​គ្នា​ ចាប់​រាប់​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​ ក៏​មិន​អស់​ប្រាក់​វា​ បាន​ជា​ត្រឡប់​មក​ជម្រាប​មាតា​បិតា​សូម​ជ្រាប» ។ មហា​សេដ្ឋី​បាន​ស្ដាប់​ ក៏​ចាត់​ក្រម​ការ​ឱ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឱ្យ​​ជាក់​ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ​ មាន​ច្រើន​ប្រាកដ​មែន​ ក៏​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​តាម​ដំណើរ​សព្វ​គ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់​ ក៏​ចាត់​បម្រើ​ឱ្យ​ទៅ​ហៅ​នាង​ពៅ​និង​កូន​ប្រសា​មក​ប្រាប់​ថា «កូន​ឯង​មក​នៅ​ជា​មួយ​នឹង​មាតា​បិតា​វិញ​ចុះ» ទើប​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឱ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន​ ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ​ យក​មក​ទាំង​អស់​ ដាក់​លើ​ផ្ទះ​ពាស​ពេញ​ល្វែង ។ មហា​សេដ្ឋី​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​មែន​ មាន​អំណរ​ពន់​ប្រមាណ​ ក៏​សរសើរ​ថា «កូន​អញ​នេះ​ ពេញ​ជា​មាន​បុណ្យ​ អំណឹះ​ត​ទៅ​កូន​ទាំង​ពីរ​នឹង​បាន​ធ្វើ​ជា​សេដ្ឋី​តំណវង្ស​ពុំ​ខាន ឯ​ការណ៍​ដែល​បិតា​ខឹង​បណ្ដេញ​កូន​នោះ​ អ្នក​កុំ​ប្រកាន់​ខឹង​នឹង​បិតា» ។ នាង​ពៅ​និង​ប្ដី​ក៏​នៅ​ផ្ទះ​ជា​មួយ​មាតា​បិតា​ដូច​ដើម​វិញ ។ ចំណែក​បង​ស្រី​ទាំង​ប៉ុន្មាន​ក៏​កោត​ខ្លាច​នាង​ពៅ​ និង​ប្អូន​ថ្លៃ​នោះ​ណាស់ ។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណភាព​ទៅ​វេលា​ណា​ ប្ដី​នោះ​និង​នាង​ពៅ​ភរិយា​ ក៏​បាន​ឡើង​ធ្វើ​ជា​សេដ្ឋី​ជំនួស​បិតា​ត​ទៅ ។

ឈើ​ពុក​ កុំ​ដាក់​គូទអង្គុយ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login