Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


           កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្តី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូម​ឆោម​ល្អ​ណាស់ ។ ពួក​កំលោះៗ​ជា​ច្រើន ស្មគ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឱ្យ​​ចូល​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋីៗ​នោះ ក៏​ព្រម​ឱ្យ​ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា «បើ​កំលោះ​​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ ៥ ល្វែង​តែ​មួយ​ថ្ងៃ​ឱ្យ​ហើយ បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្តាច់​មិន​ឱ្យ​កូន​ក្រមុំ​ទេ» ។ កំលោះ​ដទៃៗ ប៉ុន្មានៗ ខូច​ខាត​ជំនួន​ជា​ច្រើន​នាក់ ដោយ​ធ្វើ​ផ្ទះ​មួយ​ថ្ងៃ​មិន​ហើយ សេដ្ឋិ​ក៏​ផ្តាច់​មិន​ឱ្យ​កូន​ក្រមុំ ។ ខណៈ​នោះ មាន​កំលោះ​ម្នាក់ ជា​អ្នក​មាន​គំនិត មាន​ឧបាយ​កល​ប្រាជ្ញា ឈ្មោះ​ថា «ចៅ​ផ្កាប់​ត្រឡោក» ជា​កូន​អ្នក​មាន​គ្រាន់​បើ បាន​សុំ​ប្រាក់​មាតា​បិតា​យក​ទៅ​ទិ​ញឈើ លប​ធ្វើ​ផ្ទះ​ប្រុង​ប្រៀប​គ្រប់​ប្រដាប់​ជា​ស្រេច រួច​កោស​រូស​ខាត់​ត្រឡោក​១​យ៉ាង​ស្អាត ហើយ​ប្រាប់​មាតា​បិតា​ឱ្យ​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋី​នោះ ។ ឯមាតា​បិតា​ក៏​ទិញ​ផ្លែ​ឈើ មើម​ឈើ បាន​ច្រើន​តុ ហើយ​ពឹង​ញាតិ​សន្តាន ឱ្យ​​ជួយ​កាន់​ជំនួន​នោះ ទៅ​ដល់​ផ្តះមហាសេដ្ឋី​លើក​ដៃ​ជម្រាប​ថា «ខ្ញុំ​បាទ នាង​ខ្ញុំ មក​សូម​ដណ្តឹង​កូន​ក្រមុំ​លោក ផ្សំ​ផ្គុំ​នឹង​កូន​ប្រុស​កំលោះខ្ញុំ​បាទ នាង​ខ្ញុំ ទោះ​បី​ខុស​ត្រូវ សូម​លោក​មហាសេដ្ឋី​អភ័យ​ទោស សូម​ឱ្យ​បាន​ជា​សាច់​សន្តាន ស្ពាន​មេត្រី​រៀង​ទៅ» ។ 

           សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ​ស្តាប់​ហើយ​ឆ្លើយ​ថា «យើង​ឥត​ប្រកែក​ថា​អ្វី​ទេ​អ្នក! តែ​ថា ថ្ងៃ​ស្អែក​នេះ​អ្នក​ធ្វើ​ផ្ទះ​៥ល្វែង​ឱ្យ​​ហើយ​ស្រេច ទើប​បើ​ធ្វើ​មិន​ហើយ​យើង​និង​ផ្តាច់ មិន​ឱ្យ​កូន​ក្រមុំ​ទេ» ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក​ឮ​ហើយ ជម្រាប​ថា «បើ​កូន​ខ្ញុំ​ធ្វើ​ផ្ទះ​ថ្ងៃ​ស្អែក​នេះ​មិន​ហើយ​ស្រេច​ទេ សូម​លោក​សេដ្ឋី​ផ្តាច់​កូន​ក្រមុំ​លោក​ចុះ ជំនួន​ប៉ុន្មាន​តុ​នេះ ខ្ញុំ​បាទ​នាង​ខ្ញុំ​ក៏​សុខ​ចិត្ត​ជូន​លោក​ទាំង​អស់ ឥត​គិត​យក​ថ្លៃ​ពី​លោក​ឡើយ» ហើយ​ជូន​ជំនួន​ទាំង​អស់​ទៅ​សេដ្ឋីៗ ក៏​ឱ្យ​​ខ្ញុំ​កំដរ​លើក​ទៅ​ផ្ទេរ​ទុក​ពេញ​មួយ​ល្វែង​ផ្ទះ ហើយ​យក​សម្បក​តុ ថាសមក​ឱ្យ​វិញ ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទទួល​តុ​ថាស​គ្រប់​ចំនួន​ហើយ ក៏​សំពះ​លា​មហាសេដ្ឋី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះវិញ ។ 

           ក្រោយ​នោះ មហាសេដ្ឋី​និង​ភរិយា​ នាំ​គ្នា​ទៅ​មើល​ជំនួន​នៅ​លើ​ផ្ទះ ឃើញ​សុទ្ធ​តែ​ផ្លែ​ឈើ​មាន​តម្លៃ​ប្លែកៗ ពី​ប្រទេស​ឆ្ងាយ​ខ្លះ នៅ​ស្រុក​អាយ​ខ្លះ សេដ្ឋី​ក៏​ញញឹម​ញាក់​មុខ​ដាក់​ប្រពន្ធ​ថា «ជំនួន​នេះ យើង​មុខ​ជា​បាន​ស៊ី​ទទេ​ទៀត​ហើយ» ។ 

           ចំណែក​មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទៅ​ដល់​ផ្ទះ​ក៏​និយាយ​ប្រាប់​កូន​ថា «សេដ្ឋី​ព្រម​ឱ្យ​​ហើយ» តែ​គេ​ថា «ឱ្យ​​កូន​ធ្វើ​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ ឱ្យ​ហើយ​ស្រេច» ។ ចៅ​ផ្កាប់​ត្រឡោក ឮ​មាតា​បិតា​និយាយ​ប្រាប់​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ណាស់ ជម្រាប​មាតា​បិតា​ថា «លោក​ម៉ែ​លោក​ឪពុក​កុំ​ព្រួយ​បារម្ភ មុខ​ជា​បាន​ដូច​គំនិត ដែល​កូន​គិត​ទុក​ពី​ថ្ងៃ​មុន» ហើយ​ចៅ​ផ្កាប់​ត្រឡោក ក៏​ទៅ​និយាយ​ពឹង​បង​ប្អូន​អ្នក​ចេះ​ការ​ជាង​ផ្ទះ​បាន​គ្នា​ច្រើនឱ្យ​គេ​ជួយ​សង់​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ឱ្យ​ហើយ ។​ បង​ប្អូន​គេ​ជួយ​ទាំង​អស់​គ្នា ហើយ​ចៅ​ផ្កាប់​ត្រឡោក​ត្រឡប់​មក​ផ្ទះ ស្លៀក​ពាក់​តែង​ខ្លួន​ស្អាត​បាត ពឹង​កំលោះ​ផង​គ្នា​ឱ្យ​​ជូន​ទៅ​ផ្ទះ​សេដ្ឋី​នោះ លុះ​ឡើង​ទៅ​ដល់​លើ​ផ្ទះ សេដ្ឋី​សួរ​ថា «ចៅ​ឯង​មក​មាន​ការ​អ្វី? » ចៅ​ផ្កាប់​ត្រឡោក​លុត​ជង្គង់​ប្រណម្យ​ជម្រាប​ថា «ម៉ែ​ឪពុក​បាទ​ប្រើ​ខ្ញុំ​បាទ​ជា​កូនឱ្យ​​មក​សូម​ក្រាប​ប្រណិប័តន៍លោក​ឪពុក​អ្នក​ម្តាយ សូម​ទាន​ប្រាប់​ទី​កន្លែង​ត្រង់​ណា​ ឱ្យ​ទាន​ខ្ញុំ​បាទ​នឹង​សង់​ផ្ទះ ខ្ញុំ​បាទ​នឹង​អាល​ទៅ​ចាត់​ការ​ធ្វើ​ក្រែង​មិន​ហើយ ជូន​លោក​ឪពុក​លោក​ម្តាយ ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ » ។

           សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ គន់​មើល​រូប​ឫក​ពា​ចៅ​ផ្កាប់​ក្រឡោក នឹក​សសើរ​ក្នុង​ចិត្ត​ថា «កូន​ប្រសារ​អញ​គ្រាន់​បើ​ដែរ តែ​មុខ​ជា​ខូត​ខាត​ជំនួន​ដូច​អ្នក​មុនៗ ទៀត​ហើយ» ហើយ​សេដ្ឋី​ប្រាប់​ទី​កន្លែង​ឱ្យ​សង់នៅ​ខាង​ជើង ឆ្ងាយ​ពី​ផ្ទះ​ធំ ចំនួន ៥ ព្យាម ។ 

           ចៅ​ផ្កាប់​ត្រឡោក​បាន​ឮ​សេដ្ឋី​ប្រាប់​ហើយ ក៏​ក្រាប​សំពះ​លា នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ទៅ​ដល់​ប្រមូល​បង​ប្អូន​ជួប​ជុំ​យក​គ្រឿង​ផ្ទះ ដែល​ធ្ងន់ៗ ផ្ទុក​រទេះ​ស្រេច​ពី​យប់ របស់​ណា​ល្មម​លី​សែង ក៏​ចាត់​ចែង​ផ្គូ​ផ្គង​ដាក់​មុខ​គ្នា​ស្រេច ។ 

           លុះ​ព្រឹក​ឡើង ខ្លះ​ដឹក​នឹង​រទេះ ខ្លះ​លី​សែង ទៅ​ដល់​ផ្ទះ​សេដ្ឋី ខ្លះ​កាប់​ដី ខ្លះ​ជីក​រណ្តៅ​សសរ តាម​ខ្នាត់​ទំហំ​ផ្ទះ ៥ ល្វែង ខំ​ធ្វើ​ស្រុះ​គ្នា​មិន​ឈប់​ ឈប់​តែ​ពេល​បរិភោគ​ បាយ បរិភោគ​បាយ​រួច​នាំ​គ្នា​ធ្វើ​ទៀត ទាល់​តែ​ហើយ​ស្រេច​ក្នុង​វេលា​ថ្ងៃ​នោះ រួច​ចៅ​ផ្កាប់​ត្រឡោក​ឡើង​ទៅ​លុត​ជង្គង់​សំពះ​ជូន​ផ្ទះ​មហាសេដ្ឋី​ជា​មាតា​បិតា​ក្មេក ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ 

           លុះ​ដល់​ថ្ងៃ​ខែបាន​ឫក្ស​ល្អ មាតា​បិតា​ទាំង​ពីរ​ខាងក៏​រៀប​វិវាហមង្គល​ការ​កូន​រួច​ស្រេច ។ ឯចៅ​ផ្កាប់​ត្រឡោក លាក់​តែ​ត្រឡោក​នោះ​មិន​ឱ្យ​​នរណា​ឃើញ​សោះ ដល់​ពេល​យប់​រៀប​ផ្សំ​ដំណេក​រួច​ហើយ ក៏​ដេក​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ។ ចៅ​ផ្កាប់​ត្រឡោក យក​ត្រឡោក​នោះ ទៅ​ផ្កាប់​គ្រប​ពី​លើ​ស្វាស២រួច​ស្លៀក​សំពត់ចង​ក្បិន​ប្រយត្ន​មិន​ឱ្យ​ត្រឡោក​ធ្លាក់​បាន ហើយ​ដេក​ឃ្លាត​ពី​ភរិយា ធ្វើ​កិរិយា​សម្ងំ​មិន​បាន​ពាល់​ដល់​ចុង​ដៃ​ជើង​ភរិយា​នោះ​ឡើយ ប្រើ​ឧបាយ​យ៉ាង​នេះ អត់​ធន់​បាន​៣យប់ ។ យប់​ក្រោយ​ទៀត​នាង​ភរិយា​នោះ រសាប់​រសល់​ខ្វល់​ចិត្ត​គិត​សង្ស័យ​ថា «ប្តី​អញ​នេះ ដេក​ជា​មួយ​គ្នា​យូរ​យប់​ហើយ គាត់​ធ្វើ​ព្រងើយ​កន្តើយ ហាក់​ដូច​ជា​គ្មាន​ត្រូវ​ការ​នឹង​អញ​សោះ ជា​គាត់​ខ្ទើយ​ឬក្ស័យ​លិង្គ?» គិត​ក្នុង​ចិត្ត​ដូច្នោះ​ហើយ ក៏​ចង់​ដឹង​ប្រថុយ​លប​លូក​ស្ទាប​មើល​ឱ្យ​ច្បាស់ ។ 

           ចៅ​ផ្កាប់​ត្រឡោក​ដេក​ពុំ​លក់​ទេ តែ​ធ្វើ​ជា​ស្រមុក​ខុលៗ ។ នាង​ប្រពន្ធ​នោះ លូក​ដៃ​ស្ទាប​ត្រង់​ស្វាសនោះ ពាន​ទៅ​លើ​ត្រឡោក​ផ្កាប់​រលីង​ណិល ដក​ដៃ​មក​វិញ​គិត​ថា​«ប្តី​អញ​នេះ នឹង​ថាខ្ទើយ​ឫក្ស័យ​លិង្គ​ក៏​មិន​មែន សណ្ឋាន​ហាក់​ដូច​ជា​ភេទ​ស្រី​តែ ពោះ​គ្មាន​ប្រឡាយ មុខ​គួរ​ឱ្យ​​ឆ្ងល់​ណាស់!» ។

           លុះ​ព្រឹក​ឡើង ខ្សឹប​ប្រាប់​ម្តាយ តាម​ដំណើរ​ ដែល​លប​ស្ទាប​ប្តី​សព្វ​គ្រប់ ។ ម្តាយ​ឮ​ហើយ ដក​ដង្ហើម​ធំ​ថា «ឱកូន​អញ​អើយ! បាន​ប្តី​អ្វី​ក៏​មិន​ដូច​បុរស​ទាំង​ពួង ហើយ​នឹក​បន្ទោស​កូន​ប្រសា​ប្រុស​នោះ​ថា «បើ​វា​គ្មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង​ទេ ហេតុ​ម្តេច​ក៏​ស្រឡាញ់​កូន​អញ​ម្ល៉េះ?» គិត​ហើយ ក៏​ប្រាប់​សេដ្ឋី​​ជា​ប្តីថា​​តាម​ដំណើរ​កូន​ស្រី​ប្រាប់​សព្វ​គ្រប់ ។ សេដ្ឋី​ស្តាប់​ហើយ​គិត​ថា «បើ​អញ​និយាយ​ខ្លាំង ខ្មាស​អ្នក​ជិត​ខាង» ហើយ​និយាយ​ខ្សឹប​ខ្សៀវ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា «កូន​ប្រសា​យើង​នេះ វា​គ្រាន់​បើ​ដែរ ណ្ហើយ​គេហ៍​អើយ! អាណិត​វា ឱ្យ​ប្រាក់​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះ មួយ​ពាន់ប្រាំ​រយ​ណែន​ទៅ​វា ហើយ​ប្រាប់​វា​ឱ្យ​​ទៅ​នៅ​ម៉ែ​ឪ​វា​វិញ​ចុះ» គិត​ព្រម​គ្នា​ហើយ​ហៅ​កូន​ប្រសា​ថា «ជី​ឯង​មក​នេះ» ។ ចៅ​ផ្កាប់​ត្រឡោក​ឮ​សេដ្ឋី​ឪពុក​ក្មេក​ហៅ​ខ្លួន​ហើយ ក៏​ទៅ​អង្គុយ​ជិត​សំពះ​សេដ្ឋីៗ ប្រាប់​ថា «ឯង ហាក់​ដូច​ជា​មិន​ស្រឡាញ់​កូន​អញ​សោះ! ណ្ហើយ​ចុះ អញ​ឱ្យ​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន ឯង​យក​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ឯង​វិញ​ចុះ» រួច​ក៏​រាប់​ប្រាក់​ប្រគល់​ឱ្យ​​គ្រប់​ចំនួន។​ ចៅ​ផ្កាប់​ត្រឡោក​ទទួល​យក​ប្រាក់​ហើយ​ជម្រាប​ថា «លោក​ឪពុក! ខ្ញុំ​បាទ​សុំ​ហឹប​ធំ១ ដាក់​ប្រាក់​យក​ទៅ​ឱ្យ​​ដល់​ផ្ទះ​ខ្ញុំ​បាទ​ផង» ។ សេដ្ឋី​ក៏​ឱ្យ​​ហឹប​ដាក់​ប្រាក់ ចាត់​បាវ​ព្រាវ​ឱ្យ​​សែង​តាម​ចៅ​ផ្កាប់​ត្រឡោក​ទៅ​ដល់​ផ្ទះ ហើយ​ជូន​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន​នៅ​ក្នុង​ហិប​ទៅ​មាតា​បិតា ជម្រាប់​រឿង​សព្វ​ប្រាប់ ក៏​ត្រឡប់​មក​ផ្ទះ​សេដ្ឋី​វិញ ។ លុះ​ដល់​ហើយ ចៅ​ផ្កាប់​ត្រឡោក ធ្វើ​ឫក​កិរិយា​សញ្ជប់​សញ្ជឹង ហាក់​ដូច​ជា​រឭក​អាល័យ​សេដ្ឋី​និង​ភរិយា​នោះ​ពន់​ពេក ។

           សេដ្ឋី​ឃើញ​ហើយ​សួរ​ថា «ឯង! អញ​ឱ្យ​​ប្រាក់​ទៅ​នៅ​ផ្ទះ​ម៉ែ​ឪឯង​វិញ​ហើយ ហេតុ​ម្តេច​ក៏​មិន​ទៅ?» ។ 

            ចៅ​ផ្កាប់​ត្រឡោក​ឆ្លើយ​ជម្រាប​សេដ្ឋីថា «ខ្ញុំ​បាទ​រឭក​អាល័យ​លោក​ម៉ែ​លោក​ឪពុក​និង​នាង​ជា​ភរិយា​ខ្លាំង​ណាស់ សុំ​នៅ​ទទួល​ទាន​ដំណេក​តែ​មួយ​យប់​នេះ​ទៀត​ព្រឹក​ឡើង​ខ្ញុំ​បាទ​សូម​ប្រណិប័តន៍​លា​ទៅ​ផ្ទះ​វិញ» ។

           សេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «យើង​ឱ្យ​​វា​ដេក​មួយ​យប់​ទៀត ចុះ​វា​មិន​ទាន់​ជា​អ្វី​ទេ ដូច​ជា​ដេក​ជា​មួយ​នឹង​ប្រុស​ផង​គ្នា» ។ លុះ​ពេល​យប់​បរិភោគ​បាយ​រួច ចៅ​ផ្កាប់​ត្រឡោក​ក៏​ចូល​ទៅ​ដេក​ជា​មួយ​នឹង​ភរិយា ត្រឡោក​នៅ​ផ្កាប់​ដដែល ដល់​យប់​ចៅ​នាង​ភរិយា​គិត​ថា «យប់​ស្អែក​នេះ ប្តី​អញ​ទៅ​នៅ​ផ្ទះ​គាត់​វិញ​ហើយ អញ​ចង់​ស្ទាប​សង្កេត​ឱ្យ​ច្បាស់» ។ ឯចៅ​ផ្កាប់​ត្រឡោក​ដេក​ផ្ងារ​ដេក​ពុំ​លក់ ព្រោះ​កើត​តម្រេក​ខ្លាំង ដូច​ជា​គេ​ទូល​ត្រឡោក ។ នាង​ភរិយា​នោះ លូក​ដៃ​ទៅ​ប៉ះ​ត្រឡោកៗ ធ្លាក់​ឮ​សូរ​តែ​ខ្វស់ ។ ចៅ​ផ្កាប់​ត្រឡោក​ងាក​ផាំង ចូល​ទៅ​រួម​រស​នឹង​នាង​ភរិយា​នោះ​ដោយ​កម្លាំង​ដ៏​ខ្លាំង​ក្លា ។ លុះ​ព្រឹក​ឡើង នាង​នោះ​និយាយ​ជម្រាប​ម្តាយ«ម៉ែ​អើយ!បើ​ប្តី​ខ្ញុំ​លា​ទៅ​ផ្ទះ​វិញ សូម​ម៉ែ​អាណិត​កូន ឃាត់​កុំ​ឱ្យ​​គាត់​ទៅ» ។ មាតា​សង្ស័យ​ណាស់​សួរ​កូនៗ​ និយាយ​ខ្សឹប​ជម្រាប​មាតាថា​«ម៉ែ! ប្តី​ខ្ញុំ​គាត់​មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង មិន​មែន​ជា​ខ្ទើយ​ទេ» ។ 

           ម្តាយដឹង​ចិត្ត​កូន​ក៏​ខ្សឹប​ជម្រាប​សេដ្ឋី​ជា​ប្តី​ដោយ​ស្ងាត់​ថា «កូន​យើង​ទាំង​ពីរ វា​ត្រូវ​ចិត្ត​វា​ហើយ» ។

           សេដ្ឋី​ឮ​ភរិយា​និយាយ​ប្រាប់​រឿង​កូន​សព្វ​គ្រប់​ ក៏​តប​ថា «កាល​មុន ឯង​និយាយ​ប្រាប់​អញៗ ក៏​ជឿ​ថា​ពិត​មែន អញ​បាន​សង​ថ្លៃ​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះមួយ​ពាន់ប្រាំ​រយ​ណែនឱ្យ​​ទៅ​វា ឥឡូវ​ថា​កូន​ប្រសា​យើង​មាន​ប្រដាប់​ដូច​បុរស​ទាំង​ពួង ណ្ហើយចុះ​គេហ៍​អើយ! បើ​ត្រូវ​ចិត្ត​គ្នា​វា​ហើយ ប្រាក់​ដែល​យើង​ឱ្យ​​កូន​ប្រសា​នោះ ដូច​ជា​ឱ្យ​ទៅ​កូន​យើង​ទេ ប្តី​ប្រពន្ធ​វា​មាន ក្រជា​ជា​មួយ​គ្នា​ចុះ​«ហើយ​សេដ្ឋី​ក៏​ស្ងៀម​ស្ងាត់​រាប់​អាន​ជា​កូន​ត​រៀង​ទៅ ។ 

           លុះ​ដល់​សេដ្ឋី​ប្តី​និង​ភរិយា​ចាស់​ជរា ទទួល​មរណភាព​ទៅ​វេលា​ណា ស្តេច​ក្នុង​ព្រះ​នគរ​នោះ​ ទ្រង់​ព្រះ​មេត្តា​ប្រោស តាំង​ចៅ​ផ្កាប់​ត្រឡោក និង​ភរិយា​ឱ្យ​ធ្វើ​ជា​សេដ្ឋី​តាង​បិតា​លុះ​អស់​ជីវិត។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login