ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្តឹងកូនគេម្នាក់ ។ ម្តាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ លុះតែឱ្យយើងចងត្រាំទឹកបានបីយប់ ទើបយើងឱ្យកូនបាន» ។ បុរសនោះ ក៏ព្រមឱ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង គេមិនឱ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្តឹងចៅក្រម ចៅក្រមឱ្យទៅកោះហៅម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ ។ ចៅក្រមយកសំណូកពីអ្នកចុងក្តី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ មិនត្រូវបានកូនគេទេ បើដូច្នេះ ចៅឯងទៅរៀបបាយមកឱ្យយើងស៊ី» ។ ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ ហើយគេប្រើទៅរៀបបាយមកឱ្យគេស៊ីផង ក៏តូចចិត្តណាស់ ដើរបណ្តើរយំបណ្តើរ ទៅប្រទះនឹងសុភាទន្សាយៗ សួរថា «ថ្វីបងក៏បានជាយំ?» ។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ ។ សុភាទន្សាយសួរថា « គេឱ្យបងឯងទៅណា? » ។ បុរសនោះថា «ឥឡូវគេប្រើឱ្យទៅរៀបបាយ » ។ សុភាទន្សាយថា « អើបងរៀបរួច មកយក ហៅអញទៅផង អញទៅជួយជំនុំឱ្យ តែអញទៅមុខជាឈ្នះហើយ បើបងឯងរៀបបាយមក ស្លកុំដាក់អំបិលប្រហុក ។ អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែហើយ » ។ បុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់ ខំទៅរៀបបាយដូចបង្គាប់សុភាទន្សាយ ហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយ ។ ទៅដល់ ចៅក្រមឃើញសុភាទន្សាយមក ក៏សួរថា « បងទន្សាយមករកអ្វី?» ។ សុភាទន្សាយថា « មកជួយជំនុំក្តីលោក» ។ ចៅក្រមថា «អើចាំស៊ីបាយរួចសិន» ។ ឯចៅក្រម ដល់ស៊ីបាយនោះទៅសួរថា ស្លអ្វីក៏សាបម៉្លេះ ? » ។ សុភាទន្សាយឆ្លើយឡើងថា « ភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់ ចុះអំបិលប្រហុកដាក់ក្បែរនោះ ម្តេចក៏បានជាមិនប្រៃដល់? » ។ សុភាទន្សាយឆ្លើយតែប៉ុណ្ណោះ ចៅក្រមទាល់ប្រាជ្ញា ទើបកាត់សេចក្តីឱ្យបុរសនោះឈ្នះ ឱ្យបានប្រពន្ធបុរសនោះ ៕