ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កាលពីព្រេងនាយ មានបុរសពីរនាក់បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាយខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្រ្ទ បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្រ្ទបានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្តីអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តី ។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឱ្យបុរសយកមាស៣ដុំនោះបង់ពន្ធ ដែលបុរសនោះជំពាក់រាជការ ។ បុរសនោះ នឹកអរណាស់ ដោយខ្លួនទ័លក្រ ហើយព្រះរាជអាជ្ញា យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម បានប្រគល់ថ្មជើងក្រានទាំង ៣ ដុំនោះទៅឱ្យព្រះរាជអាជ្ញាភ្លាម ។ លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យក ១ ដុំទៅ ថ្វាយព្រះមហាក្សត្រ ។ លុះទ្រង់សាកសួរពីហេតុផលបានមាសនោះ ព្រះរាជអាជ្ញាទូលតាមដំណើរ ។ ស្តេចទ្រង់ជ្រាបថា មានមាសពីបុរសដូច្នោះ ទ្រង់ឱ្យហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា «មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជអាជ្ញាហើយ» ។ ស្តេចឱ្យទារយកមាស ២ ដុំពីព្រះរាជអាជ្ញានោះ ហើយទ្រង់បង្គាប់ឱ្យបុរសនោះ រកមាសមកថ្វាយព្រះអង្គថែមទៀត ។ បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ» ។ ស្តេចទ្រង់ឱ្យយកបុរសនោះទៅឃុំ ។ ព្រឹកឡើង នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឱ្យធ្វើការដោយជេរស្តីបុរសនោះ ។ លុះទ្រង់ជ្រាបដល់ស្តេចៗ ទ្រង់ឱ្យហៅបុរសនោះ មកសួរពីហេតុធ្វើការឱ្យមានទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាបទូលថា « ទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់» ។ ស្តេចក៏មានព្រះបន្ទូលថា «បើដូច្នោះ ត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឱ្យអញ បើឯងរកពុំបានទេ អញនឹងឱ្យគេពិឃាតឯង ក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ គិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះ មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក ដោយខ្លាចអំណាចស្តេច ក៏ក្រាបបង្គំលាស្តេចដើរចេញទៅ ដោយបំណងថា នឹងដើរឱ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅ ។ ព្រះឥន្រ្ទបើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនា លំបាកដូច្នោះ ក៏និមិត្តជាអាស្រម ១ នៅខាងមុខទីដែលបុរសដើរទៅ ហើយព្រះឥន្រ្តកាឡាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសមើលទៅឃើញអាស្រមដូច្នោះ ក៏មានចិត្តត្រេកអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរថា «ចៅមានហេតុអ្វី?» ។ បុរសនោះ ទូលឥសីតាមដំណើរ ដែលស្តេចឱ្យរកសត្វតប់ប្រមល់យកទៅថ្វាយ ។ ឥសីថា «ចៅកុំព្រួយ» រួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្ប៍សាស្រ្តកើតជាខ្លា សិង្ហ ដំរី ពស់ រមាស សុទ្ធតែជាសត្វសាហៅទាំងអស់ ហើយឥសីសែកជប់បង្រួញសត្វទាំងនោះ ច្រកក្នុងបំពង់ពក ប្រគល់បំពង់ពកនោះឱ្យទៅបុរស រួចផ្តាំថា «ឱ្យយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុក ឱ្យស្តេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ ហើយបិទទ្វារវាំងឱ្យជិត សឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់» ។
លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្តេច ក្រាបទូលថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ «ហើយក៏ទូលតាមដំណើរ ដែលឥសីផ្តាំមក ។ ស្តេចឱ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឱ្យអាមាត្យបើកឆ្នុកបំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំស្តេចនិងព្រះរាជវង្សានុវង្សទាំងនោះឱ្យដល់នូវមរណភាពអស់ទៅ ។
ក្រោយមក ពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះឱ្យឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយក៏លាស្តេចបុរសនោះចូលទៅនៅព្រៃ ផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹកដល់ នឹងមកជួយយកអាសារជាដរាប» ។