Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


          កាល​ពីព្រេងនាយ​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា​ តែ​ពុំ​មាន​កូន​ លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សាហាយ​ នាំ​មក​ដេក​ក្នុង​ផ្ទះ​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ​ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា​១ ។  ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ​ ឱ្យ​​ទៅ​ធ្វើ​ប្ដី​ឱ្យ​​ស្លាប់​នឹង​យក​សាហាយ​ធ្វើ​ប្ដី រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ ។  ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា​ ក៏​នឹក​ឆ្ងល់​ថា​ប្រពន្ធ​អញ​ វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ ? គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា​ លប​ស្ដាប់​ប្រពន្ធ ។ ឯ​ប្រពន្ធ​ ក៏​ចូល​ទៅ​អុជ​ទៀន​ធូប​ ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ​ ខ្ញុំ​យក​ប្ដី​ទៀត​ សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឱ្យ​​ស្លាប់​ទៅ​ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​មួយ» ។ ប្ដី​ឮ​ដូច្នោះ​ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សាហាយ​ហើយ​បើ​ចង់​ឱ្យ​​កាច់​ប្ដី​នាង​ឯង​ឱ្យ​​ស្លាប់​នោះ​ ងាយ​ទេ​ វិល​ទៅ​ផ្ទះ​វិញ​ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សម្បុក​ ស្ងោរ​ឱ្យ​ប្ដី​នាង​ឯង​ស៊ី​ទៅ​ វា​ស្លាប់​ហើយ» ។ មេ​នោះ​ឮ​ដូច្នោះ​ ស្មាន​ថា​អ្នកតា​បង្គាប់​ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សម្បុក​ ស្ងោរ​ទុក​ឱ្យ​​ប្ដី​ស៊ី​ ដើម្បី​នឹង​ឱ្យ​​ស្លាប់​ ហើយ​នឹង​បាន​យក​សាហាយ ។

          លុះ​ដល់​ព្រលប់​ ប្ដី​មក​ពី​ជីក​ដំឡូង​ ដល់​ផ្ទះ​ហើយ​ សូរ​ថា «គេហ៍​អើយ! បាន​អី​ស៊ី​បាយ ? » ។ មេ​នោះ​ឆ្លើយ​ថា «ខ្ញុំ​បាន​មេ​និង​ពង​ មាន់​ក្រាប​មួយ​សម្បុក​ស្ងោរ​ទុក​ឱ្យ​​អ្នក» ។ ប្ដី​ថា «រៀប​បាយ​មក​ស៊ី» ។ ប្រពន្ធ​ក៏​លើក​បាយ​ ព្រម​ទាំងមេ​និង​ពង​មាន់​ក្រាប​ មក​ឱ្យ​​ប្ដី​ស៊ី ។ ​ ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ​ ដេក​ថ្ងូរ​ហ៊ឹៗ ។  មេ​នោះ​អរណាស់​គិត​ស្មាន​ថា​ ប្ដី​ឈឺ​មែន​ ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ​ ដ្បិត​ឮ​ថ្ងូរ ។  ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ ។  មេ​នោះ​គិត​ស្មាន​ថា​ប្ដី​ស្លាប់​​ក៏​បើក​ទ្វារ​នាំ​យក​សាហាយ​ចូល​ទៅ​ដេក​ជាមួយ ។  អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា​ ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់» ។

          ឯ​ប្រុស​សាហាយ​ ឃើញ​ប្ដី​មេ​នោះ​ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ស្ទុះ​រត់​ពុំ​ទាន់​​ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ​១​ នៅ​ខាង​ដំណេក​ សម្ងំ​ចាំ​ប្ដី​នោះ​ដេក​​ ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត ។  ប្ដី​បាន​ឃើញ​ តែ​ធ្វើ​មិន​ឃើញ​មិន​ដឹង​ ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់​ ឯង​ដាំ​ទឹក​ឱ្យ​​គ្នា​ងូត​បន្តិច​ នឹង​អាល​ស្លាប់» ។ មេ​នោះ​ ឮ​ថា​ចង់​ស្លាប់​ដូច្នោះ​ អរណាស់​ ដ្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា ។

          លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ​ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន​១​ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ» ។ ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ​ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក ។ ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់​ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក​ពុះ​១​ខ្ទះ​ នោះ​យក​ទៅ​ស្រោច​លើ​សាហាយ​ ដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ​ ហើយ​ចូល​ទៅ​ដេក​វិញ​ ធ្វើ​ជា​ថ្ងូរ​ហ៊ឹៗ​ទៀត។ មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ​ មើល​ទៅ​ឃើញ​សាហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក​ ក៏​ឱន​ខ្សឹប​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​វា​មិន​ទាន់​ទេ» ។ អា​នោះ​ឆ្ងក់​ដដែល ។ មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ទៅ​ ត្រូវ​ស្លឹក​ត្រចៀក​ រលេះ​ជ្រុះ​ទាំង​សក់​ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សាហាយ​ទៅ​ហើយ​ ក៏​ពុំ​ស្ដី​​ យក​គម្រប​ពាង​មក​គ្រប​ ហើយ​យក​ទឹក​ឱ្យ​ប្ដី​ងូត ។ ឯ​ប្ដី​ក៏​មិន​ស្ដី​ ទឹក​ក៏​មិន​ងូត​ ប្រាប់​ប្រពន្ធ​ថា​ អញ​គ្រាន់​បើ​ហើយ» ។ ហើយ​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ ។

          លុះ​ព្រឹក​ព្រហាម​ឡើង​ មេ​នោះ​ ពុំ​ដឹង​បើ​គិត​ដូចម្ដេច​ និង​យក​ខ្មោច​ឱ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា «ក្នុង​ស្រុក​នេះ​ មាន​ចោរ​៤​នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ​ សព្វ​យប់​គ្រប់​ភូមិ ដូច្នេះ​អញ​នឹង​គិត​ឱ្យ​ចោរ​ទាំង​៤​នាក់​នោះ​ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឱ្យ​បាន» គិត​ហើយ​ក៏​ដើរ​ខ្ចី​ សំពត់​ ហូល​ អាវ​ព្រែ​គេ​ យក​មក​ហាល​ជុំវិញ​ផ្ទះ ។ ឯ​ចោរ​ទាំង​៤​នាក់​នោះ​​ឃើញ​ហើយ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់​នេះ​ យើង​ទៅ​លប​លួច​វា​ឱ្យ​​បាន​កុំ​ខាន សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ» ។  មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ​ លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ​ ហើយ​យក​ខ្សែ​ចង​រឹតរូត​ពាង​ខ្មោច​នោះ​ឱ្យ​​ជាប់​ ទុក​ឱ្យ​ចោរ​ចូល​លួច​មក​សែង​យក​ទៅ។

          ឯ​ចោរ​ទាំង​៤​នាក់​ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ,ប្រទះ​ឃើញ​តែ​ពាង​មួយ​ ចង​មាត់​ជាប់​ បើក​ពុំ​រួច ។ ចោរ​ទាំង​៤​នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​វា​ដាក់​ក្នុង​ពាង​នេះ​ហើយ បើ​ដូច្នេះ​ត្រូវ​យើង​សែង​ពាង​នេះ» ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ​ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល ។

          អាមួយ​លូក​ដៃ​ទៅ​ ត្រូវ​សក់​ថា «វើយ ​សូត្រ» ដក​ដៃ​ចេញ ។  អាមួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក​ ត្រូវ​ភ្នែក​ ច្រមុះ​ ស្រែក​ថា​ «វើយ​ខ្មោច​ទេ» ។  អាមួយ​ មិន​ជឿ​ លូក​ដៃ​ទៀត​ ត្រូវ​ដើម​ទ្រូង​ ដឹង​ថា​ខ្មោច​មែន​ ក៏​ស្ទុះ​រត់​ចោល​ហើយ​ខឹង​ណាស់​ថា​ ដ្បិត​មេ​នោះ​ បញ្ឆោតឱ្យ​​សែង​ខ្មោច​ចោល​បាន ។ ចោរ​ទាំង​៤​នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ​មើល​មេ​នោះ​ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង​ ត្រូវ​គ្នា​យើង​ចោមរោម​ ចាប់​វា​វាយ​ឱ្យវា​រាង​ កុំ​ឱ្យ​​វា​បញ្ឆោត​យើង​ទៀត ។  ចួន​ជា​ថ្ងៃ​មួយ​ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់​ ដ្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ ។ មេ​នោះ​ដើរ​ដល់​កណ្ដាល​ផ្លូវ​​ក៏​ជួប​នឹង​ចោរ​ទាំង​៤​នាក់​នោះ​ ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ​ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ ។ មេ​នោះ​ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ​ ក៏​ឥត​ប្រយោជន៍​ដែរ​ ដ្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី​នាយ​សំពៅ ដូច្នេះ​ចូរ​មក! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ៗ​ទារ​ប្រាក់​បាន​ ចែក​គ្នា​ចាយ​លេង» ។

          ចោរ​ទាំង​៤​នាក់​ឮ​ថា​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ​ ក៏​ចូលចិត្ត​បបួល​គ្នា​ទៅ​ មេ​នោះ​ផ្ដាំ​ចោរ​ទាំង​៤​នាក់​ថា «អស់​អ្នក​ឈរ​ចាំ​ខ្ញុំ​ នៅ​លើ​ច្រាំង​ចុះ​ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​នោះ​ អ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ​ បាន​ប្រាក់​ហើយ» ។

          មេ​នោះ​ និយាយ​ផ្ដាំ​ចោរ​ទាំង​៤​នាក់​ ហើយ​ក៏​ចុះ​ទៅ​សំពៅ​និយាយ​នឹង​នាយ​សំពៅ​ លក់​ចោរ​ទាំង​៤​នាក់ វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា​ ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះហ្ន! វា​ទាំង​៤​នាក់​ បើ​វា​ចុះ​មក​ ខ្ញុំ​ឡើង​ទៅ​លើ​គោក​ សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឱ្យ​​ជាប់​ទៅ​ កុំ​ឱ្យ​​វា​រត់​បាន» ។ នាយ​សំពៅ​ព្រម​ហើយ​ សួរ​ថា «ខ្ញុំ​នាង​ឯង​ទាំង​៤​នាក់​លក់​ថ្លៃ​ប៉ុន្មាន ? ។  មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន» ។ នាយ​សំពៅ​ឱ្យ​​មួយ​ណែន​កន្លះ​ វា​ក៏​ព្រម​លក់​ ហើយ​ចេញ​មក​ក្រៅ​ បក់​ដៃ​ហៅ​ចោរ​ទាំង​៤​នាក់ ។ ចោរ​ទាំង​៤​នាក់​គិត​ស្មាន​ថា​វា​ហៅ​ឱ្យ​​ទៅ​យក​ប្រាក់​ ក៏​នាំ​គ្នា​ចុះ​ទៅ ដល់​ហើយ​ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឱ្យ​​ដាក់​ច្រវាក់​នៅ​បាត​សំពៅ​ទាំងអស់​គ្នា ។ មេ​នោះ​ក៏​យក​ប្រាក់​ឡើង​មក​បាត់ ។ បាន​ប្រាក់​ហើយ​  មេ​នោះ​ដើរ​វិល​មក​ផ្ទះ​វិញ​ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត​ ក៏​ឡើង​ទៅ​ដេក​ លើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ ។ ឯ​ចោរ​ទាំង​៤​នាក់​ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ​ ក៏​និយាយ​គ្នា​ថា​ «ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ​ វា​បញ្ឆោត​ឱ្យ​​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ​ ឥឡូវ​វា​លក់​យើង​បាន​ទៀត» ។ ចោរ​ទាំង​៤​នាក់​ខឹង​ណាស់​ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ​ ដើរ​ឡើង​មក​លើ​គោក​ រត់​មក​ទាំង​យប់​នោះ​ ចួន​ជា​យប់​យូរ​ណាស់​ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ​ ដែល​មេ​នោះ​ដេក ។ ចោរ​បី​នាក់​ឡើង​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា ។ ចោរ​ម្នាក់​ឡើង​ទៅ​ក៏​ជួប​នាង​នោះ​ នៅ​លើ​ចុង​ឈើ អាចោរ​នោះ​ថា «អី ! ហង​ឯង​ស្លាប់​ហើយ​ម្ដង​នេះ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង​ ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច!» ។  មេ​នោះ​លើក​ប្រាក់​បង្ហាញ​ ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក! អ្នក​កុំ​ស្ដី​​កុំ​ឱ្យ​​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ នឹង​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង​ អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី» ។

          អាចោរ​ឮ​ដូច្នោះ​​ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត​ លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា​ «អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ​ បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ​ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ​ ដោយ​សារព្រេង​សំណាង​យើង» និយាយ​ហើយ​ក៏​ឱប​តាម​ចិត្ត​មេត្រី ។ មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ​ចិត្ត​មួយ​ហើយ» ។  អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ​ នាង​ពុំ​ដឹង​ចិត្ត​បង​ ចង់​ឱ្យ​បង​ស្បថ​ ឬ​ឱ្យ​​បង​ធ្វើ​ម្ដេច ?» ។ មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា​ មាន​តែ​លិឍ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត​ ហើយ​ឱន​ទៅ​រក​អាចោរ​នោះ ។  ឯ​អាចោរ​លិឍ​អណ្ដាត​មេ​នោះ​ ហើយ​លៀន​អណ្ដាត​ឱ្យមេ​នោះ​លិឍ​វិញ មេ​នោះ​ខាំ​អណ្ដាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់​ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ ។ ឯ​ចោរ​បី​នាក់​ គិត​ស្មាន​ថា​ នាយ​សំពៅ​ចោម​ចាប់​ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ! គ្នា​យើង​រត់​​នាយ​សំពៅ​ដេញ​ហើយ» ។ អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ​ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ​ នៅ​លើ​ចុង​ឈើ​ ត្រូវ​មក​ចាប់» ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ​ និយាយ​មិន​ច្បាស់​ ឮ​តែ​ឡុលៗ គ្នា​វា​គិត​ស្មាន​ថា​គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក​តែ​ប្រះ​អាយុ​រៀង​ខ្លួន ។ ឯ​មេ​នោះ​ ចុះ​ពី​លើ​ចុង​ឈើ​ យក​ប្រាក់​ទៅ​ផ្ទះ​ឱ្យ​​ប្ដី​ នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត​ទៅ ។

 

អ្នក​មាន​ប្រាជ្ញា​ តែង​នាំ​អាត្មា​ឱ្យ​​សុខ​ចម្រើន​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login