2017-11-24 10:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះ តែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្តេចកណ្តុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្តីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា ” សុំឱ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឱ្យរង្វាន់ជាមាសក្នុងមួយថ្ងៃមួយដុំ ” ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឱ្យ ។ ស្តេចកណ្តុរស បានយកមាសមកប្រគល់ឱ្យបុរសនោះតែរាល់ថ្ងៃ ។ បុរស បានមាសហើយ យកទៅប្រគល់ឱ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា ” អ្នកបានមាសពីណា? ” ។ ប្តីថា “នាងកុំចង់ដឹងអី ចេះតែទុកទៅ” ។ ប្រពន្ធថា ” បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្តឹងអ្នករាជការចៅទៃ ឬទៅទូលស្តេចថា អ្នកលួចព្រះរាជទ្រព្យ ” ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែលបានមាសពីស្តេចកណ្តុរសនោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្តីវិញថា ” អ្នកនេះ ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឱ្យរម្លំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ នឹងបានច្រើន ព្រោះស្តេចកណ្តុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ ” ។ បុរសបានឮសម្ដីប្រពន្ធហើយ ក៏ជឿ លុះព្រឹកឡើង ទៅកាប់រម្លំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្តេចកណ្តុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្តេចកណ្តុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ៕