ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចម្នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន ដើម្បីឃោសនាអំពីផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន។ ប៉ុន្តែដោយមិនចេះភាសាចិន អ្នកឯកទេសនោះប្រើរូបភាព៣ជំនួសឱ្យការសរសេរជាអក្សរ។
រូបភាពទី១នៅខាងឆ្វេងដៃ គូរអំពីបុរសម្នាក់ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ក្ដៅស្ទើរស្លាប់ មើលទៅដូចជាមិនសល់កម្លាំងកំហែងក្នុងខ្លួន និងកំពុងស្រេកទឹកយ៉ាងខ្លាំង។
រូបភាពទី២ គូររូបបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ។
ចំណែករូបភាពទី៣ នៅខាងស្ដាំបង្អស់ គូររូបបុរសនោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ។
ន័យរបស់រូបភាពទាំង៣ចង់បង្ហាញថា ទោះជាកំពុងហេវហត់យ៉ាងណាក៏ដោយ ឱ្យតែបានផឹកទឹកក្រូច របស់ក្រុមហ៊ុនខាងលើ នឹងមានកម្លាំងឡើងវិញភ្លាមមួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំក្រោយ មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនខាងលើប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ ត្រូវក្រុមហ៊ុនបណ្ដេញចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់ច្រើនពេក។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនា សមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុយ៉ាងម៉េចក្ស័យធន? ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារ និយាយយ៉ាងស្រងូតស្រងាត់ថា៖ មកពីខ្ញុំមិនយល់អ្វីសោះ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះ រូបភាពឃោសនារបស់ខ្ញុំ ក៏គេមើលពីស្ដាំទៅឆ្វេងដែរ គឺគេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង បន្ទាប់ពីផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ នឹងក្លាយជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើង ព្រោះហេវហត់ពេកលើកជើងលែងរួច៕