Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅ​ៗ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា «អ្នក​ឯង​ទៅ​ណា ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? » ។ បុរស​នោះ​ឆ្លើយ​ថា «ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក ក្រែង​តា​ចេះ​ដឹង ប្រដៅ​ចៅ​ផង»។ តា​ចាស់​ឆ្លើយ​ថា តា​មាន​របៀន​បី​បទ តម្លៃ ៣០ តម្លឹង បើ​ចៅ​ឯង​កាន់​ជាប់ ចៅ​ឯង​មិន​ច្បុត​ទេ គង់​បាន​ដូច​ចិត្ត បើ​មាន​កិច្ច មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ ពូកែ​ណាស់ » ។ បុរស​នោះ​ថា «តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​យក» តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា <«ពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី » ។ បុរស​នោះ​ស្ដាប់​បាន ចូល​ចិត្ត ក៏​ប្រគល់​ប្រាក់ ៣០ តម្លឹង​ឲ្យ​តា​នោះ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា «បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន តា​ឲ្យ​ទទេ មិន​យក​តម្លៃ​ទេ » ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក ជួប​នឹង​សំពៅ​ឈ្មួញ​មួយ បុរស​នោះ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ហើយ​ចេះ​តែ​ជួយ​លាង ជួយ​ថែទាំ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់ នឹក​ហើយ ក៏​ស្រឡាញ់​បុរស​នោះ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ ដូចជា​កូន​ឈ្នួល​ឯ​ទៀត​ៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា «បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ» ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស សុទ្ធ​តែ​ចំណី ស្រា បាយ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។

ឯ​អ្នក​សំពៅ កាល​ដល់​វិហារ​នោះ ក៏​ចត​សំពៅ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ ពុំ​មាន​មនុស្ស ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា ខាន​តែ​បុរស​ម្នាក់​នោះ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី» ដោយ​គិត​ថា «ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន» គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។

លុះ​ដល់​ថ្ងៃត្រង់ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា «នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ» ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ រួច​ក្រឡេក​មើល​ក្រឡេមក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា «បើ​អញ​ស្រែក ក្រែង​យក្ស​ឮ​វា​ឃើញ​អញ ហើយ​វា​នឹង​ស៊ី​អញ​ទៀត» គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម ស្រែក​វ៉ាស​ឡើង យក្ស​ភ័យ​ណាស់ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ បាន​ដំបង​វាយ​ឯង​ហើយ ក៏​ដើរ​ត្រឡប់​មក​ស្រុក ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។ លុះ​ដើរ​មក​ដល់​ផ្ទះ ក្នុង​វេលា​យប់ បុរស​នោះ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ ប្រាប់​ប្រពន្ធ​ថា ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ ។

ក្រោយ​ពេល​ដែល​ប្ដី​ទៅ ប្រពន្ធ​នៅ​ផ្ទះ វា​មាន​សហាយ វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ សហាយ​នោះ វា​មក​ស្ដាប់​នៅ​ក្រោម​ផ្ទះ វា​ចង់​ដឹង​រឿង​ឆាប់ វា​ឲ្យ​មេ​ស្រី​សហាយ​វា សួរ​ថា​ ដំណើរ​ដូចម្ដេច ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា «ដេក​យប់​កុំ​និយាយ​នឹង​ស្រី » ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរ​ថា «អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ» ។ ប្ដី​ថា «បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត » ។ ប្រពន្ធ​សួរ​ថា «ឯង​នោះ​ទុក​នៅ​ឯណា ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ » ។ ប្ដី​ថា « អញ​ទុក​ក្រោម​ជណ្ដើរ យក​ថ្ម​គ្រប » ថា​ហើយ​ក៏​ដេក​លក់​ទៅ ។ សហាយ លប​ស្ដាប់​ឮ​ហើយ ក៏​ទៅ​ក្រោម​ជណ្ដើរ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ ។

លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ ឡើង​បុរស​នោះ រឭក​ពី​ដេក ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា «អញ​ប្រាប់​មិន​ជឿ អញ​ថា ខុស​គ្រូ​ហើយ ឯង​ចេះ​តែ​លួង​អញ ទាល់​តែ​អញ​ប្រាប់ ឥឡូវ​នេះ មនុស្ស​ឮ វា​លួច​យក​ដំបង​បាត់​ហើយ » ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សហាយ​លួច ក៏​មិន​ស្ដី ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ី​ៗ​រួច​ហើយ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ នាំ​ទៅ​ប្ដឹង​មេ​ស្រុក ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី គេ​ជេរ​ថា «អា​កំព្រើល ! តាំង​ពី​ដូនតា​មក នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង » គេ​គំរាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង តាំង​តែ​ពី​មេ​ស្រុក ដល់​ទៅ​លោក​យមរាជ អ្នក​រាជការ​គ្រប់​ក្រសួង គេ​ចេះ​តែ​ដេញ​ចេញ គេ​ថា មនុស្ស​ឆ្កួត គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេច​ៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា «មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ មាន​សំរាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា «ណ្ហើយ វិល​ទៅ​ផ្ទះ​ចុះ កាល​ណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក » ។ បុរស​នោះ​ទទួល​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស » ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។

ក្រោយ​ពេល​បុរស​នោះ​ទៅ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា ឲ្យ​ប្រាប់​បណ្ដា​រាស្ត្រ​ថា ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះ​ស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់ ឲ្យ​បណ្ដា​រាស្ត្រ​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ » ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្ត្រ​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ ក្នុង​ព្រះ​រាជដំណាក់ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច អស់​រាស្ត្រ​និង​នាម៉ឺន ពុំ​ដែល​មាន ទ្រង់​ប្រើ​អាមាត្យ​ម្នាក់ យក​ទៅ​ឲ្យ​បុរស​នោះ ហើយ​ប្រាប់​ថា «ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង និង​ប្រពន្ធ​អ្នក​ឯង​លាប ប៉ុន្តែ​ឲ្យ​អ្នក​ឯង​នៅ​ផ្ទះ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ» ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ ។ បុរស​នោះ​បាន​ប្រេង ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា «ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល ឯង​យក​ទៅ​លាប ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរ​ពន់ពេក ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់ ក៏​យក​ប្រេង​ទៅ​ឲ្យ​សហាយ​លាប​ផង ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ «ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដា​រាស្ត្រ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ ប៉ុន្មាន​នាក់ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ »។

នាម៉ឺន​នោះ ក្រាប​ថ្វាយ​បង្គំ​ហើយ ទៅ​ហិត​មនុស្ស​ឯ​ទៀត មិន​ធុំ​សោះ ធុំ​តែ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ដែល​ឈរ​ទន្ទឹម​គ្នា លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ថ្វាយ​ស្ដេច​ៗ​ឲ្យ​លែង​រាំ​ទៅ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី មក​ដល់​ហើយ​ទ្រង់​សួរ​ថា « នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ?» បុរស​នោះ​ក្រាប​ទូល​ថា «មែន»។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ ទៅ​ប្រុស​សហាយ​នោះ​ថា ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ?» ។ សហាយ​នោះ​ក្រាប​បង្គំ​ទូល​ថា «លួច​មែន » ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក ឲ្យ​យក​សហាយ​ទាំង​ប្រុស​ស្រី​នោះ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សហាយ​នោះ​ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សហាយ​នោះ​អរ​ណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។

ឯ​បុរស​ម្ចាស់​ដំបង ថ្វាយ​ដំបង​ទៅ​ស្ដេច ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់ ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន គេ​ត្មះតិះដៀល​បុរស​នោះ ថា​ជា​មនុស្ស​ឆោត ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។ បុរស​នោះ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា «ព្រឹក​ស្អែក ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ បើ​ធ្វើ​ពុំ​ទាន់ នឹង​យក​ទោស​ដល់​ជីវិត »។ រីឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់ ហើយ​ពុំ​ធ្វើ​រទេះ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។

ថ្ងៃ​នោះ ជួន​ជា​បុរស​នោះ​ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា «ចុះ​លោក​មាន​ការ​អ្វី បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ?» ។ គេ​ប្រាប់​ថា «ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ លាបលន​យ៉ាង​ល្អ ឲ្យ​ទាន់​ព្រឹក​នេះ ស្ដេច​ក្រសាល​ព្រៃ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ដឹង​ខ្លួន​ថា​ស្លាប់ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ» ។

បុរស​នោះ​ឆ្លើយ​ថា «ក្រអី​ប៉ុណ្ណឹង ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ ទាន់​ព្រឹក​នេះ» មហា​សេដ្ឋី​បាន​ឮ​ដូច្នោះ​អរ​ណាស់ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត ១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ បាន​រួច​ស្រេច​ក្នុង​យប់​នោះ ហើយ​លាបលន​យ៉ាង​ល្អ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេច​ៗ​ទ្រង់​ទត​ឃើញ ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា <<អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន មាន​តែ​កូន​ក្រមុំ ១ ល្មម​ឲ្យ​មាន​ប្ដី ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ» គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ ពេល​ផ្សំ​ដំណេក បុរស​នោះ គិត​ល្បង​ចិត្ត​ប្រពន្ធ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កម្អួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា «លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ» ។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ ក៏​ឃាត់​ថា «កូន​ដេក​ទៅ កុំ​និយាយ ត្បិត​ប្ដី​កំពុង​ស្រវឹង ហើយ​គេ​មាន​គុណ​ផង»ឃាត់​ដូចម្ដេច ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា «បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ» ។

លុះ​ព្រឹក​ឡើង បុរស​នោះ​រលឹក​ពី​ដេក ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ ប្រាប់​ថា «មិន​ព្រម​យក​ទេ» ហើយ​ថា មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា ក៏​បុរស​នោះ​ពុំ​ព្រម​នៅ ពុំ​ព្រម​យក ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ ។

បុរស​នោះ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះ​ស្លាប់​អស់​ជា​ច្រើន ។

នៅ​ថ្ងៃ​ដែល​បុរស​នោះ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ចៅហ៊្វា​នោះ ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា «លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន ហើយ​ហេតុ​ដូចម្ដេច ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ» ។ គេ​ប្រាប់​ថា​លោក លោក​ត្រូវ​ទៅ​ដេក​វេន ថ្វាយ​ស្ដេច​កាប់​ក្នុង​ពេល​ល្ងាច​នេះ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់» ។ បុរស​នោះ​ថា «ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស» ។ គេ​ឮ​ដូច្នោះ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា «បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក» ។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់ យក​មក​ពាក់ រួច​ហើយ​ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច ពេល​យប់​ជ្រៅ​ស្ងាត់ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះ​ខ័ន យាង​ចូល​មក​និង​កាប់​បុរស​នោះ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា «នរណា​ចូល​មក​ទាំង​យប់​នោះ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ» ថា​ហើយ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «ទេ​​អញ​ទេ» ។ «នរណា​អញ​ទេ​ៗ ! អញ​ជា​ស្ដេច» ។ «ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ» ។

សួរ​ដេញ​ដោល​ដូច្នោះ​ហើយ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរ​ថា «ចៅ​នៅ​ឯណា!»។ បុរស​នោះ​ថា «ខ្ញុំ​នៅ​ផ្ទះ​ចៅហ៊្វា» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ ។

លុះ​ព្រឹក​ឡើង បុរស​នោះ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា «បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ» ។ ចៅហ៊្វា​សួរ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា «ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់ ទើប​ស្ដេច​ទ្រង់​កាប់ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​យើង​ដេក​លក់​នោះ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?» ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា ។

ចៅហ៊្វា​នោះ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ ដោយ​គិត​ថា បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់ ។ លុះ​ព្រឹក​ឡើង ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ ។

វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង មាន​តែ​ព្រះ​រាជធីតា​មួយ​អង្គ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ ។

ពាក្យ​ពិត​មិន​ចេះ​ស្លាប់



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login