2019-06-06 02:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះការដែលព្រះពុទ្ធសាសនាប្រកាន់ប្រតិទិនចន្ទគតិ ពីព្រោះថាក្នុងព្រះពុទ្ធសាសនា មានជាប់ទាក់ទងនិងពិធីផ្សេងៗ ដើម្បីថ្វាយគ្រឿងសក្ការបូជាតាមការកំណត់ជាអាទិ៍៖ថ្ងៃសីល ថ្ងៃកោរ ពេញបោណ៌(បូរមី) កើត ឬរនោច ជាដើម។ ដោយស្ថិតក្នុងចំណុចនេះហើយ ទើបព្រះពុទ្ធសាសនា ប្រកាន់ប្រតិទិនព្រះចន្ទគតិនោះ ។ ហើយទន្ទឹមនឹងនេះផងដែរ ចំពោះពុទ្ធប្រវត្ដិនេះទៀតសោត ក៏សុទ្ធតែជាប់ទាក់ទងនឹង ដំណើរចន្ទគតិនេះជានិច្ច ដូចជាព្រះអង្គប្រសូត្រ ត្រាស់ដឹង បរិតនិពាន្ធ ឬអ្វីផ្សេងៗទៀតជាដើម។ ជាក់ស្ដែងដូចជា ពិធីបុណ្យមាឃបូជា ដែលយើងកំពុងគោរពប្រតិបត្ដិនេះ ជាការសំដៅដល់ព្រះពុទ្ធបើកមហាចតុរង្គសន្និបាត១២៥០អង្គជាភស្ដុតាង។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះព្រះចន្ទនេះផងដែរ បើឈរលើទស្សនៈខ្មែរតំាងពីបរមបុរាណរៀងមក បានឲ្យតម្លៃលើព្រះចន្ទនេះខ្លំាងណាស់ ពីព្រោះព្រះចន្ទលោកមិនធ្វើឲ្យយើងក្ដៅពេក ឬត្រជាក់ពេកនោះទេ។ បានន័យថាលោក ផ្ដល់ពន្លឺពេញបូរមីដ៏ស្រទន់មិនធ្វើឲ្យយើងក្ដៅក្រហាយអ្វីទំាងអស់ ។ ដោយសារតែហេតុនេះទើបព្រះចន្ទ ពុំមែនជាទីទំនាស់របស់មនុស្សផងទំាងពួងនោះទេ ដូចពាក្យចាស់បុរាណខ្មែរតែងពោលថា «ព្រះខែអើយ! សុំបាយមួយដុំមក» នេះឯង។ ដោយខុសពីព្រះអាទិត្យបន្ដិច ត្រង់ព្រះអាទិត្យជូនកាលក្ដៅពេក ជូនកាលមិនសូវក្ដៅ ឬអ្វីផ្សេងៗទៀត ដែលតែងជាទីទំនាស់របស់មនុស្ស។ មានន័យថា ប្រតិទិនចន្ទគតិ កំណត់យកដំណើរព្រះចន្ទជាគោល រីឯសុរិយាគតិ កំណត់យកដំណើរព្រះអាទិត្យជាគោល ។ ស្ថិតក្នុងន័យនេះ បើនិយាយពីប្រទេសយើងជាអ្នកគោរពប្រតិបត្ដិព្រះពុទ្ធសាសនាដ៏ល្អផូរផង់តំាងពីដើមរៀងមក យើងម្នាក់ៗបើអាចធ្វើបាន គួរកំណត់យកថ្ងៃណាមួយធ្វើជាថ្ងៃពិសេសសម្រាប់ ធ្វើអំពើល្អផ្ទាល់ខ្លួនដូចជាថ្ងៃពេញបូរមីជាដើម ដើម្បីកំណត់ជាវង់ត្រកូល នៃអំបូរគ្រួសារជីវិតម្នាក់ៗ បើទោះបីយើងបានធ្វើបុណ្យកុសលខ្លះៗ ចូលជាមួយអ្នកនេះ ឬអ្នកនោះយ៉ាងក្ដី ព្រោះដើម្បីទុកប្រការ ជួបហេតុការណ៍ឧបសគ្គដល់ជីវិតអ្វីមួយ បើដល់កាលយមរាជសួរកុំឲ្យយើងពិបាករកនឹក។ ក៏ប៉ុន្ដែបើយើងម្នាក់ៗបានកំណត់យកថ្ងៃណាមួយធ្វើជា ថ្ងៃពិសេសសម្រាប់ធ្វើអំពើល្អ គឺយើងងាយនឹងចងចំានេះផងដែរ។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាចំពោះខ្មែរ អំពីការប្រើប្រតិទិននេះគឺប្រើទំាងចន្ទគតិផង និងសុរិយគតិផងដែរ ហៅថា «សុរិយចន្ទគតិ»។ បានសេចក្ដីថាបើយើងប្រើតែចន្ទគតិ តែម្យ៉ាងលុះរាប់ពាន់ឆ្នាំទៅយើងនិងឃើញរដូវតាមចន្ទគតិមិនទៀង ព្រោះរដូវសម្គាល់ធម្មជាតិ ដូចជារដូវស្លឹកឈើ ផ្លៃឈើ ផ្លែ ផ្កា ភ្លៀង រំហើយ ជាដើមសុទ្ធតែត្រូវតាមសុរិយគតិទំាងអស់។ បានជាដូច្នេះហើយ ទើបបុព្វបុរសខ្មែរ ប្រើសុរិយគតិអមនិងចន្ទគតិផងដែរ។ ហើយបើយើងប្រើសុរិយគតិតែម្យ៉ាងក៏ពុំបាន ព្រោះព្រះពុទ្ធបរមគ្រូនៃយើងទាក់ទងនិងចន្ទគតិនេះជាសំខាន់បំផុត៕