អ្នកបើកយានយន្តគ្រប់ប្រភេទ ត្រូវមានឥរិយាបទ និងសុជីវធម៌ក្នុងពេលកំពុងបើកបរ៖
ក.សុជីវធម៌
អ្នកបើកបរត្រូវមានមនសិការខ្ពស់ក្នុងការគោរពច្បាប់ចរាចរណ៍រក្សាសេចក្តីថ្លៃថ្នូរ ដឹងទុក្ខធុរៈដល់អ្នកបើកបរដូចគ្នា និងអនុវត្តន៍វិធានដូចខាងក្រោម៖
- ត្រូវបន្ថយល្បឿននៅពេលមានម៉ូតូ ឬយានយន្តផ្សេងទៀតធ្វើសញ្ញាសុំជែង ត្រូវអែបស្តាំ និងទុកលទ្ធភាពឲ្យយានដែលនៅពីក្រោយមានធុរៈប្រញាប់ទៅមុន។
- នៅកន្លែងមានទឹកដក់ ឬភក់ជាំ នៅកន្លែងដែលមានដីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំអោយភក់ ឬទឹកខ្ចាត់ប្រឡាក់អ្នកដំណើរផ្សេងៗដែលនៅជិតនោះ។
- មិនត្រូវខាកស្តោះ ឬបោះសម្ភារផ្សេងៗចេញពីយានយន្ត ជាហេតុនាំឲ្យរំខាន និងប៉ះពាល់ដល់អ្នកដំណើរដូចគ្នា។
ខ.ឥរិយាបថ
អ្នកបើកបរត្រូវចេះអត់ឱន ឬអនុគ្រោះចំពោះការខុសឆ្គងបន្តិចបន្តួចនៃអ្នកបើកបរដូចគ្នា៖
- បើមានការប៉ះទង្គិចគ្នាបន្តិចបន្តួច យើងត្រូវដោះស្រាយដោយសន្តិវិធី កុំប្រើអំពើហឹង្សាដាក់គ្នា។
- ទោះបីយើងបើកបរស្ថិតនៅក្នុងសភាពត្រូវច្បាប់ក៏ដោយ ក៏យើងត្រូវមានការយោគយល់គ្នា ឬអនុគ្រោះចំពោះអ្នកបើកបរ ដែលបំពានច្បាប់ ឬដោយសារយានយន្តមានលក្ខណៈមិនប្រក្រតី។ យើងត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ស្ងប់ស្ងៀមរាក់ទាក់ យើងមិនត្រូវតបដោយកំហឹងវិញទេ។