កត្តានយោបាយនិងច្បាប់មានដូចជា ៖
- ការការពារក្រុមហ៊ុន (Company Protecting) ក្រុមហ៊ុនមួយអាចនឹងការពារស្ថានភាពប្រកួតប្រជែង និងផលិតផលថ្មីរបស់ខ្លួនបាយដោយសារមានច្បាប់ការពារសិទ្ធិធ្វើអាជីវកម្មដែលការពារ ឬទប់ស្កាត់មិនឲ្យអ្នកផ្សេងទៀតយកផលិតផលរបស់ក្រុមហ៊ុមនទៅធ្វើអាជីវកម្ម ឬប្រើប្រាស់ដោយគ្មានការយល់ព្រមពីក្រុមហ៊ុនបានឡើយ ។ ចំណែកច្បាប់កម្មសិទ្ធិពញ្ញាក៏បានផ្តល់ការការពារចំពោះផលិតផលជាច្រើន ដូចជាស្នាដៃនិពន្ធ ខ្សែភាពយន្ត តន្រ្តី រូបគំនូរដោយមិនឲ្យអ្នកផ្សេងចម្លង ឬបោះពុម្ពដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ច្បាប់កម្មសិទ្ធិពញ្ញានេះធានាដោយ ស្វ័យប្រវត្តិទៅលើសមទ្ធិផល ឬការងារដែលបានបង្កើតឡើង ។
- ការការពារអ្នកប្រើប្រាស់ (Consumer Protecting) ក្នុងប្រទេសនីមួយៗតែងតែមានច្បាប់ជាច្រើនដែលផ្តោតទៅលើ ការការពារអ្នកប្រើប្រាស់ដូចជាច្បាប់ត្រួតពិនិត្យ សាច់ ម្ហូបអាហារ ថ្នាំពេទ្យ និងគ្រឿងក្រអូបច្រើនទៀត ។
- ច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់ (Consumer’s Right Protecting) គឺជាសកម្មភាពដែលបង្កើតឡើងដោយរដ្ឋាភិបាល ដើម្បីដាក់សំពាធខាងផ្លូវច្បាប់ក្រមសីលធម៌ និងសំពាធខាងផ្លូវសេដ្ឋកិច្ចទៅលើអង្គភាពអាជីវកម្មទាំងឡាយ ដើម្បីកុំឲ្យបំពានលើសិទ្ធិរបស់អ្នកប្រើប្រាស់ ។
- ការការពារក្រុមហ៊ុន និងអ្នកប្រើប្រាស់ (Company and Consumer Protecting) ច្បាប់នេះស្តីពីពាណិជ្ជសញ្ញាត្រូវបានបង្កើតដើម្បីការពារផលិតផលរបស់អ្នកលក់ និងការពារអ្នកប្រើប្រាស់ដែលបានទិញផលិតផលនោះ ។ ច្បាប់នេះផ្តល់ប្រសិទ្ធិភាពការពារអ្នកផលិតផលដែលមានពាណិជ្ជសញ្ញាត្រឹមត្រូវ និងការពារអ្នកទិញផលិតផល ដើម្បីទប់ស្កាត់ការលូតលាស់ឬបន្លំ ។
- ច្បាប់គ្រប់គ្រងថ្លៃផលិតផល (The Law of Pricing Management) ច្បាប់នេះទប់ស្កាត់ការរើសអើងអតិថិជនតាមរយៈការដាក់ថ្លៃខុសគ្នាដែលមិនសមហេតុផល ឬការដាក់ថ្លៃថេរដែលធ្វើឲ្យការប្រកួតប្រជែងធ្លាក់ចុះ ជាពិសេសច្បាប់នេះទប់ស្កាត់ ការព្រមព្រៀងគ្នារវាងអ្នកផលិតផល និងអ្នកលក់រាយក្នុងការអនុវត្តន៍ថ្លៃដែលធ្វើឲ្យកម្រិតប្រកួតប្រជែងធ្លាក់ចុះ និងធ្វើឲ្យប៉ះពាល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ ។
- ច្បាប់គ្រប់គ្រងបណ្តាញចែកចាយ (The Law of Placing Management) ច្បាប់នេះហាមឃាត់មិនឲ្យដឹកជញ្ជូនទំនិញខ្លះចូល និងចេញពីប្រទេសមួយ ។ ច្បាប់នេះក៏ទាប់ស្កាត់ផងដែរ ចំពោះកិច្ចព្រមព្រៀងណាដែលបង្ខំឲ្យភ្នាក់ងារកណ្តាលមួយ លក់ផលិតផលរបស់អ្នកផលិតតែមួយ និងមិនឲ្យលក់ផលិតផលរបស់អ្នកផលិតផ្សេងៗទៀត ។ ឬក៏ទប់ស្កាត់អ្នកផលិតណាដែលផ្តល់សិទ្ធិផ្តាច់មុខឲ្យភ្នាក់ងារកណ្តាលណាមួយក្នុងការចែកចាយលក់នៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យកម្រិតប្រកួតប្រជែងធ្លាក់ចុះ ។ ច្បាប់នេះក៏ហាមឃាត់ផងដែរចំពោះអ្នកលក់ណាដែលប្រើស្ថានភាពយល់ព្រមលក់ទំនិញមួយទៅឲ្យអ្នកទិញ លុះត្រាតែអ្នកទិញនោះព្រមទិញទំនិញផ្សេងៗទៀត ។
- ច្បាប់គ្រប់គ្រងការផ្សព្វផ្សាយ (The Law of Promotion Management) ឧទាហរណ៍ដូចជា ច្បាប់នេះតម្រូវឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មបារី ត្រូវតែសរសេរពាក្យសម្រាប់ជាប់ជាមួយការផ្សាយនោះអំពីគ្រោះថ្នាក់នៃការជក់បារី ។ ច្បាប់នេះកម្រិតកំណត់ទៅលើ ការផ្សាយផលិតផលដែលគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដូចជាបារី ជាពិសេសចំពោះការផ្សាយតាមទូរទស្សន៍នៅក្នុងម៉ោងកម្មវិធីរបស់ក្មេងៗ ។
- ច្បាប់គ្រប់គ្រងសកម្មភាពប្រកួតប្រជែង (The Law of Competitive Management) ច្បាប់េនះទប់ស្កាត់មិនឲ្យមានស្ថានភាពផ្តាច់មុខនៅលើទីផ្សារ ឬទប់ស្កាត់ការដាក់សំពាធ ឬកម្រិតកំណត់ផ្សេងៗទៅលើការធ្វើជំនួញ ។ រាល់សកម្មភាពទាំងឡាយដែលធ្វើឲ្យកម្រិតប្រកួតប្រជែងធ្លាក់ចុះមានដូចជា កិច្ចព្រមព្រៀងដែលអ្នកលក់តម្រូវឲ្យអ្នកទិញ ត្រូវតែទិញផលិតផលរបស់ខ្លួនហើយមិនអាចទិញផលិតផលរបស់គូប្រជែងបានពុំនោះទេនឹងកាត់បន្ថយបរិមាណលក់ ។ ច្បាប់នេះក៏ទប់ស្កាត់ផងដែរនូវការអនុវត្តន៍វិធីសាស្រ្តដាក់ថ្លៃទាំងឡាយណាដែលមិនសមហេតុផល ឬបញ្ឆោតអ្នកទិញទោះបីជាការអនុវត្តន៍នេះប៉ះពាល់ ឬមិនប៉ះពាល់ដល់គូប្រជែងក៏ដោយ ។