សំនួរ
១. តើអ្វីទៅជារ៉ឺម៉ក និងសឺមីរ៉ឺម៉ក ?
២. ចូរពន្យល់ទម្ងន់ផ្ទុកអតិបរមារបស់យាន និងទម្ងន់សរុបអតិបរមារបស់យាន ។
៣. តើការបើកបរហាមជែងគ្នានៅក្នុងករណីអ្វីខ្លះ ?
៤.តើការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានអ្វីខ្លះ ?
៥. ចូរឲ្យនិយមន័យ « ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ » ។
ចម្លើយ
១. រ៉ឺម៉ក និងសឺមីរ៉ឺម៉កៈ
- រ៉ឺម៉ក សំដៅដល់យានសម្រាប់ផ្តក់ជាមួយរថយន្ត ឬយានជំនិះផ្សេងទៀត
- សីមីរ៉ឺម៉ក់ សំដៅដល់យានសម្រាប់ថ្កក់ជាប់នឹងក្បាលរងយន្តសណ្តោង ។
២. ទម្ងន់ផ្ទុកអតិបរមារបស់យាន និងទម្ងន់សរុបអតិបរមារបស់យានគឺៈ
- ទម្ងន់ផ្ទុកអតិបរមារបស់យាន សំដៅដល់ផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញដែលកំណត់ដោយរោងចក្រផលិតយាន
- ទម្ងន់សរុបអតិបរមារបស់យាន សំដៅដល់ផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនិងទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ ។
៣. ការបើកបរហាមជែងគ្នានៅក្នុងករណីដូចខាងក្រោមៈ
- ជែងគ្នាជាបីជួរ ( ជែកលើរថយន្តដែលកំពុងជែងគ្នា)
- កន្លែងមានសញ្ញាហាមជែង
- នៅកន្លែងផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្កូតកណ្តាលនៅទំនេរបាន
- នៅជិត ឬកន្លែងផ្លូវបត់ផ្លូវខ្វែងផ្លូវរអិល
- នៅកន្លែងកំពូលផ្លូវចោទ ផ្លូវតូចចង្អៀតឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពាន ឬពេលចុះចំណោទ
- នៅកន្លែងការដ្ឋាន
- នៅជីត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវរូង
- នៅពេលមើលឃើញមិនច្បាស់ដូចជាពេលភ្លៀងខ្លាំងចុះអ័ព្ទខ្លាំង ដីហុយខ្លាំងឬផ្សេងខ្លាំង
- នៅជិត ឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច ។
៤. ការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានដូចជាៈ
- ភ្លើងហ្វាៈ នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ។ ហាមបើកភ្លើងហ្វានៅក្នុងក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្កិសនិបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត
- ភ្លើងកូតៈ ត្រូវប្រើកូតនៅពេលយប់ នៅក្នុងទីប្រជុំជននិងក្រៅទីប្រជុំជនដែលមានភ្លើងបំភ្លឺតាមផ្លូវ ឬនៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ ។ ភ្លើងកូតក៏អាចប្រើនៅថ្ងៃបានផងដែរ នៅពេលមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទឬឆ្លងកាត់ផ្លូវរូង ។ ភ្លើងកូតអាចប្រើឆ្លាស់គ្នានិងភ្លើងហ្វាធ្វើឲ្យមានពន្លឺក្លឹបភ្លែតៗ ជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់
- ភ្លើងទីតាំងៈ ប្រើប្រាស់នៅពេលយប់ក្នុងទីប្រជុំជន សម្រាប់ប្រាប់វត្តមានយាននិងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ
- ភ្លើងផ្សេងៗ ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ ។
៥. និយមន័យៈ
- ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
- ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
- ភ្លើងទទឹងយានៈ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
- ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូរទិសទៅឆ្វេងឬទៅស្តាំ
- ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាននៅពេលធ្វើចលនាថយក្រោយ
- ភ្លើងស្តុបសម្រាប់ប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់ផ្លុវក្រោយយាននៅពេលជាន់ ឬចាប់ហ្វ្រាំងដើម្បីបន្ថយល្បឿនរបញ្ឈប់យាន
- ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសសណ្តោងរថយន្តខូចឬផ្ទុកវត្តុច្រងេងច្រងាងនិងនៅពេលឈប់ ឬចតលើទ្រូងក្រៅទីប្រជុំជន ដោយមូលហេតុយានខូចឬជាប់ទាក់ងនិងគ្រោះថ្នាក់ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ
- ភ្លើងពេលថ្ងៃៈ សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ ។ យានយន្តគ្រប់ប្រភេទអាចប្រើប្រាស់ភ្លើងនេះបាន ដើម្បីឲ្យយានជំនិះផ្សេងទៀតងាយស្រួលមើលឃើញ
- ភ្លើងចុះអ័ព្ទៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទឬភ្លៀងខ្លាំង ។ ភ្លើងចុះអ័ព្ទអាចប្រើជំនួសភ្លើងកូតឬអាចប្រើបន្ថែមលើភ្លើងកូតបាន ។