សំណួរ
១៦- ដូចម្តេចដែលហៅថា ការចាត់តាំង និងរចនាសម្ព័ន្ធចាត់តាំង ?
១៧- តើពាក្យថា ទំនួលខុសត្រូវ, ឥទ្ធិពល, អំណាច, រដ្ឋអំណាច និង ការផ្ទេសិទ្ធ មានន័យដូចម្តេច ?
១៨- តើគុណសម្បត្តិនៃការផ្ទេសិទ្ធិមានអ្វីខ្លះ ?
១៩- តើប្រភេទនៃរចនាសម្ព័ន្ធចាត់តាំង (Type of Organizing) មានអ្វីខ្លះ ?
២០- តើរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ មានន័យដូចម្តេច?
ចម្លើយ
១៦- ការចាត់តាំង និងរចនាសម្ព័ន្ធចាត់តាំងគឺ ៖
- ការចាត់តាំង ឬយើងអាចហៅថាឯកទេសកម្មការងារ (Job Specialization) គឺជាការបំបែកការងារនិងប្រគល់ការងាររបស់អង្គភាពទៅអោយសមាជិក(មនុស្ស) ម្នាក់ៗធ្វើសកម្មភាពតាមចំនួនកំណត់ ឬតាមជំនាញការងាររបស់គេតែមិនធ្វើការងារទាំងមូលរបស់អង្គភាពឡើយ ។
- រចនាសម្ព័ន្ធចាត់តាំង (Organization Structure) គឺជាការរៀបរាប់ពីបណ្តាគម្រោងការងាររបស់អង្គភាពមួយ ឬអង្គភាពអាជីវកម្មមួយព្រមទាំងបង្ហាញនូវលក្ខណៈពិសេសនៃការគ្រប់គ្រងរបស់អង្គភាពនោះដែរ ហើយដែលក្នុងនោះយើងអាចហៅម្យ៉ាងទៀតថា ខ្សែរយៈគ្រប់គ្រង ។
១៧- ពាក្យថា ទំនួលខុសត្រូវ, ឥទ្ធិពល, អំណាច, រដ្ឋអំណាច និង ការផ្ទេសិទ្ធ មានន័យដូចជា ៖
- ទំនួលខុសត្រូវ (Responsibility) គឺជាកាតព្វកិច្ចរបស់មនុស្សម្នាក់ចំពោះកិច្ចការងារដែលខ្លួនបានទទួលយ៉ាងច្បាស់លាស់ពីអង្គភាពឬអង្គការចាត់តាំងណាមួយ ។
- ឥទ្ធិពល (Influence) គឺជាដំណើរដែលមនុស្សម្នាក់អាចកែប្រែអាកប្បកិរិយាឬឥរិយាបថរបស់មនុស្សម្នាក់ទៀត ។ ការដែលមានឥទ្ធិពលគឺជាការធ្វើអោយអ្នកដទៃគិតឬធ្វើតាមរបៀបពិសេសរបស់ខ្លួន ។
- អំណាច (Power) គឺជាអ្វីដែលបង្ករលទ្ធភាពអោយពួកគេធ្វើបាន។ អំណាចក្នុងទីនេះមានន័យថា ជាសមត្ថភាពរបស់អ្នកដឹកនាំដែលមានឥទ្ធិពលទៅលើអ្នកក្រោមបង្គាប់ ។
- រដ្ឋអំណាច ឬសិទ្ធិអំណាច (Authority) គឺជាប្រភេទមួយនៃអំណាចដែលមានការគាំទ្រជាផ្លូវការ ជាធម្មតាបានមកពីតួនាទីរបស់មនុស្សម្នាក់ក្នុងអង្គភាព ។
- ការផ្ទេរសិទ្ធិ (Delegation) គឺជាដំណើរនៃការបែងចែករដ្ឋអំណាចនិង ភាពទទួលខុសត្រូវ សំរាប់ធ្វើ ការងាររបស់អង្គភាពនៅថ្នាក់ក្រោមតាមឋានានុក្រមរបស់វា ។
១៨- គុណសម្បត្តិនៃការផ្ទេសិទ្ធិមានដូចតទៅ ៖
- អ្នកគ្រប់គ្រងផ្ទេរសិទ្ធិកាន់តែច្រើន ពួកគេកាន់តែមានពេលច្រើនត្រូវប្រឹងប្រែង និងទទួលយកនូវភាពទទួលខុសត្រូវដែលកើតឡើងពីថ្នាក់គ្រប់គ្រងថ្នាក់ខ្ពស់ជាងនេះគឺជាពេលបង្កើតឱកាសរបស់គេក្នុងការដែលគេត្រូវបានកត់សំគាល់និងតំឡើងឋានៈដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ជាង ។
- ជាញឹកញយការផ្ទេសិទ្ធិនាំទៅរកសេចក្តីសម្រេចដ៏ប្រសើរ ពីព្រោះអ្នកក្រោមបង្គាប់ដែលនៅជិតបំផុតទៅនឹងប្រភពនៃបញ្ជាមានគំនិតច្បាស់លាស់ជាង ចំពោះមូលហេតុនៃបញ្ជាទាំងឡាយនោះនិងចំពោះដំណោះស្រាយដែលអាចធ្វើបាន ។
- ការផ្ទេរសិទ្ធិក៏អាចបង្កើនល្បឿននៃការធ្វើសេចក្តីសម្រេច និងចំណេញពេលវេលា ។
- ការផ្ទេរសិទ្ធិដោយអ្នកគ្រប់គ្រងជាហេតុធ្វើអោយអ្នកក្រោមបង្គាប់ទទួលយកនូវភាពទទួលខុសត្រូវ និងហ្វឹកហាត់ការវិនិច្ឆ័យរបស់គេ ។
១៩- ប្រភេទនៃរចនាសម្ព័ន្ធចចាត់តាំងជាទូទៅមាន ៥ ប្រភេទសំខាន់ៗគឺ ៖
- រចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់
- រចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ និង ប្រយោល
- រចនាសម្ព័ន្ធចាត់តាំងតាមតួនាទី ឬមុខងារ
- រចនាសម្ព័ន្ធចាត់តាំងមានគណៈកម្មាធិការ
- រចនាសម្ព័ន្ធចាត់តាំងបែបម៉ាទ្រីក ។
២០- រចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ គឺជាទំរង់រចនាសម្ព័ន្ធចាត់តាំងសាមញ្ញជាងគេក្នុងចំណោមរចនាសម្ព័ន្ធចាត់តាំងទាំងអស់ ដោយក្នុងនោះអំណាចនៃការទទួលខុសត្រូវទាំងអស់ត្រូវបានរត់របត់តាមខ្សែរយៈផ្ទាល់ពីអ្នកគ្រប់គ្រងកំពូលមកនិយោជិកថ្នាក់ទាបបំផុត ។
តភាគ