ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
តាមក្រឹត្យក្រមធម្មជាតិនៃការរស់នៅរបស់មនុស្សគ្រប់ៗរូប មានការប្រព្រឹត្តដោយឡែកពីគ្នាទៅតាមនិស្ស័យបុគ្គលរៀងៗខ្លួន មានទាំងអំពើល្អសុចរិតទៀងត្រង់និងអំពើល្អសុចរិតទៀងត្រង់ និងអំពើទុច្ចរិតអាក្រក់ពោរពេញដោយបាបកម្ម ។បើកាលណាមនុស្សជ្រុលខ្លួនប្រព្រឹត្តនូវអំពើអាក្រក់អកុសលដោយប្រការណាមួយហើយប្រាកដជាទទួលបានភាពវិនាសហិនហោចសន្តរាយដែលជាផលតបស្នងវិញមិនខានដោយជៀសមិនផុតឡើយ ។ ឈរលើហេតុផលនេះទើបមានទស្សនៈមួយយល់ថា « អ្នកសាងអំពើអកុសល រមែងតែងតែជួបក្តីអន្តរាយក្នុងជីវីត ។
តើមនុស្សដែលសាងអំពើអាក្រក់និងទទូលក្តីវិនាសយ៉ាងដូចម្តេច ?
ដើម្បីជាគុណប្រយោជន៍ ដល់ការបកស្រាយឲ្យបានក្បោះក្បាយយើងគួរគប្បីយល់អត្ថន័យនៃពាក្យគន្លឹះក្នុងប្រធានជាមុនសិន ។ ពាក្យ « អំពើអកុសលសំដៅដល់ទង្វើអាក្រក់ឬទង្វើបាប ហើយពាក្យ « អន្តរាយ » សំដៅលើសេចក្តីវិនាសហិនហោច ។ ផ្អែកតាមបំណកស្រាយប្រធានមានន័យថាអ្នកដែលសាងនូវអំពើអាក្រក់ពោរពេញដោយបាប រមែងតែងតែទទួលបាននូវក្តីវិនាសហិនហោចដល់ខ្លួនវិញជាក់ជាមិនខាន ។
ជាការពិតណាស់ក្នុងការរស់នៅមនុស្សគ្រប់ៗរូប មិនថាស្រីប្រុសឬចាស់ ក្មេង មាន ក្រ ល្អ អាក្រក់ នាម៉ឺនមន្រ្តីប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមបើក្នុងជីវីតរស់នៅប្រព្រឹត្តធ្វើអំពើអាក្រក់បាបកម្ម ដោយកាយ វាចា ចិត្ត មានការលួចឆក់ប្លន់ រំលោភបំពានកូនគេប្រពន្ធគេសម្លាប់ជីវីតពោលពាក្យកុហក បោកបញ្ជោត កេងប្រវ័ញ្ច ពុករលួយ ព្យាបាទ ឈ្នានីសអ្នកដទៃ បុគ្គលនោះនិងទទួលបាននូវក្តីវិនាសហិនហោចតបស្នងវិញជាក់ជាមិនខានដូចជាវិនាសទ្រព្យសម្បត្តិបាត់បង់តួនាទីមុខរបរការងារ បែកបាក់ញាតិមិត្ត ក្រុមគ្រួសារ បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះរស់នៅឯកោ ពេលខ្លះត្រូវរងទណ្ឌកម្មជាប់គុកច្រវាក់ ស្លាប់ទៅធ្លាក់ក្នុងនរកអវចី ។
ជាទឡ្ហីករណ៍ក្នុងទំព័រប្រវត្តិសាស្ត្រខ្មែរ នាសម័យក្រោយអង្គរបានលាតត្រដាងឲ្យឃើញពីការសាងអកុសលកម្ម របស់ព្រះរាជសម្ភារ ដែលបណ្តែតបណ្តោយខ្លួនឲ្យធ្លាក់ក្នុងអំណាចអូសទាញនៃកាមតណ្ហា ដោយទ្រង់បានទៅលួច សាហាយស្មន់ជាមួយព្រះនាងអង្គចន្ទវតីមហេសីរបស់ព្រះឧទ័យ ទីបំផុតទ្រង់បានរងនូវក្តីវិនាសយ៉ាងធ្ងន់ធ្ងរ គឹត្រូវព្រះឧទ័យនាំទាហានព័រទុយហ្គាល់បាញ់ទម្លាក់ពីលើចុងត្នោត ។ មួយវិញទៀតបើយើងបង្វែរចំណាប់អារម្មណ៍មកពិនិត្យមើលតថភាពសង្គម នាបច្ចុប្បន្នកាលនេះយើងឃើញមានក្រុមយុវជនខិលខូចមួយចំនួនតូចគេចសាលាទៅប្រព្រឹត្តអំពើអបាយមុខដូចជាជក់គ្រឿងញៀន លេងល្បែងស៊ីសងទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់គេ ។ ទីបំផុតត្រូវបាត់បង់ការសិក្សាវិនាសទ្រព្យឪពុកម្តាយត្រូវសមត្ថកិច្ចចាប់ទៅផ្តន្ទាទោស ៕យ៉ាងណាមិញបើយើងងាកមកពិនិត្យមើលខ្លឹមសារនៅក្នុងអក្សរសិល្ប៍វិញម្តងក៏បានលាតត្រដាងកាន់តែច្បាស់ថែមទៀតពីមហន្តរាយ យ៉ាងធ្ងន់ធ្ងរដែលប្រសូតចេញពីការប្រព្រឹត្តអំពើអកុសលនេះផងដែរ ។ ជាក់ស្តែងក្នុងរឿងទុំទាវ ដែលជាស្នាដៃភិក្ខុសោម នាឆ្នាំមួយពាន់ប្រាំបួនរយដប់ប្រាំ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ស្តេចត្រាញ់អរជូន ដែលមានចិត្តខ្មៅតិរច្ឆាន ប្រើអំណាចឃោរឃៅសម្លាប់ទុំជាប្តី ប្លន់យកតាវជាប្រពន្ធយកទៅឲ្យម៉ឺនងួនជាកូន ។ ការសាងអំពើបាបរបស់បុគ្គលតិរច្ឆាន អរជូនបានហុចផលអាក្រក់តបស្នងវិញ គឹត្រូវព្រះរាជារាមាជើងព្រៃកាត់ទោសប្រហារជីវីត ដោយជីកកប់ត្រឹមក ហើយយករនាស់ដែករាស់ផ្តាច់ក ស្លាប់យ៉ាងវេទនា ។ ចំណែកឯក្នុងដំណើររឿងព្រះវេស្សន្តរដែលស្ថិតនៅក្នុងសៀវភៅសង្ខេបទសជាតករបស់ ឈឹម សុមន៍ បានបង្ហាញពីការសាងអំពើព្រៃផ្សៃរបស់តាជូជក ដែលមានចិត្តអាក្រក់វាយធ្វើបាបកុមារ ជាលីក្រស្នាគ្មានប្រណីអូសកាត់ព្រៃវាលខ្សាច់ក្តៅដោយមិនអាសូរទីបំផុតមានបាបកម្ម ត្រូវបែកពោះស្លាប់ ។ បន្ថែមពីនេះទៀត បើយើងពិនិត្យមើកខ្លឹមសាររឿងរាមកេរ្តិ៍ដែលរៀបរៀងឡើងវិញ ដោយព្រះអង្គម្ចាស់វឌ្ឍឆាយាវង្សបានឆ្លុះបញ្ចាំងយ៉ាងពិស្តារពីទង្វើអកុសលរបស់ក្រុងរាពណ៍ស្តេចយក្សនគរលង្កាដែលបានចាប់ពង្រាតសីតា មហេសីព្រះរាមដើម្បីបំពេញមហិច្ឆតាក្នុងផ្លូវកាមគុណ ចុងក្រោយបុគ្គលកំណាចរូបនេះត្រូវវិនាសអន្តរាយដល់ខ្លួនខ្ទេចខ្ទី នគរ បុត្រ ប្អូន និងញាតិមិត្តត្រូវស្លាប់ ។
សរុបសេចក្តីមក តាមរយៈការបរិយាកាសប្រកបដោយឧទាហរណ៍យ៉ាងជាក់ច្បាស់ខាងលើនេះអាចបញ្ជាក់កាលបើបុគ្គលទាំងឡាយណាបានសាងនូវអំពើអាក្រក់ប្រាសចាកគន្លងទូន្មាននៃលទ្ធិសាសនាប្រាសចាកសីលធម៌សង្គម ល្មើសច្បាប់បង្កឲ្យមានភាពចលាចល ដល់សង្គមជននោះប្រាកដជារងនូវភាពវិនាសហិនហោចដល់ខ្លួនទាំងនៅក្នុងជាតិនេះនិងបរលោក ។
តាមការអធិប្បាយយ៉ាងពិស្តារកន្លងមកបានឃើញថា ខ្លឹមសារប្រធានមានអត្ថន័យអប់រំជ្រាលជ្រៅព្រោះបានលាតត្រដាងពីវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដែលកើតចេញពីការសាងទុច្ចរិតក្នុងជីវីតដើម្បីដាស់តឿនបុគ្គលស្រីប្រុសក្នុងលោកិយ ឲ្យវៀរចាកអកុសលសាងតែអំពើល្អជាប្រយោជន៍ដល់សង្គមមនុស្ស ។ ដូចនេះក្នុងនាមយើងជាយុវជនមួយរូប ដែលជាទំពាំងឬស្សីត្រូវខិតខំសាងខ្លួនឲ្យក្លាយជាកូនល្អក្នុងសង្គមប្តេជ្ញាមិនប្រព្រឹត្តធ្វើទង្វើអកុសលជាដាច់ខាត ។