ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥១- សូមពន្យល់ឱ្យបានច្បាស់អំពីក្រោយពីច្បាប់ផ្សេងៗដែលបានអនុម័តដោយរដ្ឋសភារួចហើយ មុននឹងប្រកាសឱ្យប្រើតើត្រូវឆ្លងកាត់ស្ថាប័នណាខ្លះ ?
៥២- ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ជាកូនរាស្រ្ត តើចាត់ទុកជាព្រះជាយាបានទេ ?
៥៣- ត្រង់មាត្រា ៧៤ ជំពូកទី៦នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋជួយឧបត្ថម្ភជនពិការ និងគ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។ ចុះជនពិការដទៃទៀតដែលពិការដោយប្រការផ្សេងៗម្ដេចមិនឃើញឧបត្ថម្ភផង?
៥៤- ហេតុអ្វីសាសនាមានការទាក់ទងនឹងរដ្ឋធម្មនុញ្ញ ?
៥៥- មាត្រា ៤៥ វាក្យខ័ណ្ឌទីពីរចែងថាការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់ តែមានក្រុមហ៊ុនពលករដែលជ្រើសរើសស្ដីទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ហើយការទៅធ្វើការនោះគឺធ្វើការងារមេផ្ទះ ពេលដែលស្ត្រីនោះទៅដល់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុននៅម៉ាឡេស៊ីបានផ្ទេរលុយមកឱ្យក្រុមហ៊ុននៅស្រុកខ្មែរ តើនេះជាការធ្វើអាជីវកម្មលើការងារស្តីដែរឬទេ ?
ចម្លើយ
៥១- ក្រោយពីច្បាប់ណាមួយត្រូវបានរដ្ឋសភាអនុម័តរួចហើយ ប្រធានរដ្ឋសភាត្រូវបញ្ជូនអត្ថបទច្បាប់នោះមកព្រឹទ្ធសភាដើម្បីពិនិត្យនិងឱ្យយោបល់ ។ ក្រោយពីពិនិត្យ និងឱ្យយោបល់ដោយព្រឹទ្ធសភារួចមក ប្រធានព្រឹទ្ធសភាត្រូវបញ្ជូនអត្ថបទច្បាប់ត្រលប់ទៅរដ្ឋសភាវិញ ដើម្បីឱ្យរដ្ឋសភាបញ្ជូនទៅរាជរដ្ឋាភិបាល ប្រសិនបើអត្ថបទច្បាប់នោះមិនមែនជាប្រភេទច្បាប់រៀបចំអង្គការ។ បន្ទាប់ពីនេះ រាជរដ្ឋាភិបាលធ្វើសេចក្តីព្រាងព្រះរាជក្រម ស្នើសុំព្រះមហាក្សត្រឡាយព្រះហស្តលេខាដើម្បីប្រកាសឱ្យប្រើច្បាប់នោះ ។ ប៉ុន្តែបើជាប្រភេទច្បាប់រៀបចំអង្គការ មានដូចជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ រដ្ឋធម្មនុញ្ញតម្រូវឱ្យបញ្ជូនអត្ថបទច្បាប់នោះ មកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសុំពិនិត្យធម្មនុញ្ញភាពជាមុនសិនមុននឹងប្រកាសឱ្យប្រើ ។ ចំពោះករណីសេចក្តីព្រាងច្បាប់ធម្មនុញ្ញរាជរដ្ឋាភិបាល តាមរយៈព្រះមហាក្សត្រអាចស្នើសុំពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញមុននឹងយកមកដាក់ឆ្លងរដ្ឋសភាដើម្បីអនុម័ត ពីព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នធានាការពារការគោរពរដ្ឋធម្មនុញ្ញ ។
៥២- ព្រះរាជក្រឹត្យតែងតាំងហើយមិនបានយ៉ាងម៉េច ។ ទោះបីជាកូនរាស្រ្តក៏ដោយឱ្យតែមានស្វាមីជាស្ដេច គឺឡើងតួនាទីភ្លាមជាអ្នកម្នាង ហើយឋានៈបន្តបន្ទាប់ទៀតគឺឡើងតាមព្រះរាជក្រឹត្យតែងតាំង ។
៥៣- ជាគោលការណ៍ រដ្ឋយកចិត្តទុកដាក់ចំពោះជនពិការគ្រប់ប្រភេទទាំងអស់ ដោយមិនមានការរើសអើងអ្វីទេ ប្រការដែលរដ្ឋធម្មនុញ្ញចែងយ៉ាងនេះ អាស្រ័យដោយច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ផ្តល់អាទិភាពដល់ជនពិការ និង គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិតែប៉ុណ្ណោះ ។
៥៤- ប្រហែលសំណួរចង់សួរថា ហេតុអ្វីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ? ធ្វើម៉េចនេះជាសាសនារបស់ដូនតាយើងទៅហើយ ខ្មែរភាគច្រើនគោរពបូជាព្រះពុទ្ធ ។ ការរស់រានមានជីវិត មានអារ្យធម៌ វប្បធម៌ អក្សរសាស្ត្រ ភាសាខ្លួនឯងជាដើមក៏មានការចូលរួមចំណែកពីសាសនាដែរ ។ ប្រសិនបើប្រទេសមូស្លីម សាសនា កាន់តែមានឥទ្ធិពលនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នេះជារឿងធម្មតា ។ ច្បាប់វាមានទំនាក់ទំនងជាមួយវប្បធម៌ ទំនៀមទំលាប់ សាសនា ជៀសមិនផុតទេ ។
៥៥- បើមានច្បាប់ចែងពីការងារនោះហើយ គឺមិនខុសអ្វីទេតែបើបញ្ហាជួញដូរមនុស្សនោះ គឺជាការខុសហើយ ។ យើងមានក្រសួងដែលត្រួតពិនិត្យលើបញ្ហានោះ ដូចជាក្រសួងការងារជាដើម ។ សូមបញ្ជាក់ថា ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី គឺមានន័យថាការយកនារីទៅលក់ ឬការយកនារីទៅធ្វើបាបផ្សេងៗ ដើម្បីប្រយោជន៍របស់ក្រុមហ៊ុន បើសិនណាជាការងារពលកម្មក៏ជាការងារដែរ បើមានកិច្ចសន្យាគឺត្រូវឱ្យស្របនឹងច្បាប់ការងារ និងឱ្យស្របរដ្ឋធម្មនុញ្ញដែរ ។ បើមានការរំលោភកិច្ចសន្យាវាជាបញ្ហាផ្សេងមួយទៀត ។ ការបញ្ជូនពលករដើម្បីទៅធ្វើការងារនៅបរទេសជារឿងធម្មតាទេ ពិសេសការបញ្ជូនពីប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ នេះជាមធ្យោបាយរកការងារជូនប្រជាពលរដ្ឋផង និងទទួលបាននូវបច្ចេកវិជ្ជាព្រមទាំងជំនាញពីបរទេសមកវិញផងដែរ ។