Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ពីសិទ្ធិអំណាចរបស់ព្រះមហាក្សត្រ ប៉ុន្តែបើពិនិត្យមើលលើមាត្រា២១ មាត្រា២២ មាត្រា២៣ មាត្រា២៤ មាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ បានចែងពីសិទ្ធិនៃព្រះមហាក្សត្រទៅវិញសូមជួយបកស្រាយ ?

២២- តាមប្រសាសន៍របស់លោកជំទាវ បានលើកឡើងនូវមាត្រា៨ ក្នុងជំពូកទី២ អំពីព្រះមហាក្សត្រ បានបង្ហាញថា ព្រះមហាក្សត្រជាអ្នកធានារដ្ឋធម្មនុញ្ញ យោងមាត្រានេះ ហេតុអ្វីព្រះមហាក្សត្រជាអ្នកធានានូវរដ្ឋធម្មនុញ្ញ ?

២៣- មាត្រា ១00 មាត្រា ១៣៤ មាត្រា ១៣៧ ព្រះមហាក្សត្រមានព្រះរាជបុព្វសិទ្ធិតែងតាំង ។ មាត្រា ១00 តែងតាំងសមាជិកព្រឹទ្ធសភា ០២រូប មាត្រា ១៣៤ថ្មី តែងតាំងព្រះរាជតំណាងរបស់ព្រះអង្គចំនួន ០១រូប និង មាត្រា ១៣៧ថ្មី តែងតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ០៣រូប ។ តើព្រះមហាក្សត្រ មានព្រះរាជសិទ្ធិ ឡាយព្រះហស្ថលេខាបដិសេធចំពោះច្បាប់ដែលបានអនុម័តចប់ដោយរដ្ឋសភា និងព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ហើយដែរឬទេ ?

២៤- សូមឯកឧត្តម លោកជំទាវ ជួយបកស្រាយមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ ជាពិសេសកថាខ័ណ្ឌទី២ បានចែងថា ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត ?

២៥- មាត្រា ៧ ចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ" ។ តើមានការដាក់ទោសដែរឬទេ បើមានបុគ្គលណាម្នាក់រំលោភបំពានប៉ះពាល់ដល់ព្រះមហាក្សត្រ ? ឧទាហរណ៍ ព្រះមហាក្សត្រ ព្រះអង្គបានប្រទានគោរម្យងារដល់សម្តេចទាំងបី រួមមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ប៉ុន្តែខ្ញុំតែងសង្កេតឃើញគណបក្សប្រឆាំងតែងប្រើពាក្យហៅសម្តេចទាំងបីថា "លោក” ។ តើអ្នកទាំងនោះមានទោសដែរឬទេ ? តើរំលោភបំពានដល់ព្រះមហាក្សត្រដែរឬទេ ?

ចម្លើយ

២១- អំពីព្រះមហាក្សត្រក្នុងរដ្ឋធម្មនុញ្ញ មាត្រា ៧ ចែងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនមានអំណាចឡើយ ។ ដូច្នេះ ទ្រង់គ្មានអំណាចទេ គឺព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ អធិបតេយ្យ និងបូរណភាពទឹកដី ។

២២- ភ្ជាប់តាមចំលើយខាងលើ ព្រះមហាក្សត្រ ទ្រង់ធានាការគោរពសិទ្ធិរបស់ពលរដ្ឋ ធានាឯករាជ អធិបតេយ្យ និងបូរណភាពទឹកដី ។ ដូច្នេះ ព្រះមហាក្សត្រទ្រង់ធានារដ្ឋធម្មនុញ្ញដែរ ។

២៣- តាមស្មារតីរដ្ឋធម្មនុញ្ញ កាលណានីតិវិធីឆ្លងកាត់សភាទាំងពីរចប់សព្វគ្រប់ហើយបានដាក់ថ្វាយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា ព្រះអង្គឡាយព្រះហស្ថលេខាហើយមិនដែលមានការបដិសេធទេ ។ មិនដូចប្រធានាធិបតីសហរដ្ឋអាមេរិកទេ ។

២៤- ត្រង់នេះដូចជាច្បាស់លាស់ហើយ មានន័យថា រដ្ឋធម្មនុញ្ញថ្វាយសិទ្ធិដល់ព្រះមហាក្សត្រយើង គឺលោកអាចគ្រងរាជសម្បត្តិរហូតដល់ព្រះអង្គសោយទិវង្គត ច្បាប់គោល គឺអ៊ីចឹង ។ តែមានច្បាប់មួយទៀតស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ក្នុងច្បាប់នោះបានចែងថា ព្រះមហាក្សត្រមានព្រះរាជសិទ្ធិ ចូលនិវត្តន៍ ច្បាប់បានចែងច្បាស់ហើយ ។

២៥- នៅក្នុងក្រមព្រហ្មទណ្ឌបានចែងហើយអំពីទោសទណ្ឌដែលបំពានលើព្រះមហាក្សត្រ ។ អត់មានដាក់ទោសអ្នកហៅសម្តេចទាំងបីថា "លោក” ទេ ។ នេះជាសិទ្ធិសេរីភាពរបស់គេ ព្រោះយើងមិនទាន់មានច្បាប់ស្តីពីគោរម្យងារទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login