ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦១- មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ ។ ចុះបើនៅពេលជនល្មើសចាប់បានដោយប្រជាជន ហើយប្រជាជនធ្វើការប្រហារជីវិតជនល្មើសទាំងនោះមុនពេលសមត្ថកិច្ចទៅដល់ តើប្រជាជនទាំងនោះមានទោសដែរឬទេ? បើមានទោស តើជាទោសកំរិតបែបណា ?
៦២- មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងពីសេរីភាពក្នុងការបញ្ចេញមតិ តើអាចមានន័យថា ពលរដ្ឋម្នាក់ៗអាចផ្សព្វផ្សាយស្នាដៃបោះពុម្ពជាសៀវភៅ ដោយមិនចាំបាច់មានការត្រួតពិនិត្យពីស្ថាប័ន ជំនាញណាមួយឬយ៉ាងណា ? ៦៣- មាត្រា ៤១ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិ ហេតុអ្វីបានជាអ្នកសារព័ត៌មានមួយចំនួនមានការចាប់ខ្លួនដាក់ពន្ធនាគារ ។
៦៤- សូមមេត្តាបកស្រាយអំពីឃ្លាថា "ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ " នៅក្នុងជំពូកទី៣ មាត្រា ៣៩ ។
៦៥- ជំពូកទី៣ មាត្រា ៤៦ ទំព័រ ១៥ ស្តីពីអំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវបានហាមឃាត់ ។ ច្បាប់ហាមឃាត់អំពើនេះមានរួចហើយ តែបច្ចុប្បន្នអ្នកប្រព្រឹត្តអំពើនេះនៅតែមាន តើច្បាប់មានវិធានការយ៉ាងណាបន្ថែម ?
ចម្លើយ
៦១- ទង្វើនេះ គឺជាការធ្វើមនុស្សឃាតក្រៅច្បាប់ ដែលជាទោសឧក្រិដ្ឋ ។
៦២- ការផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ត្រូវបានគ្រប់គ្រងយ៉ាងច្បាស់លាស់ ហើយអាចមានច្បាប់ពិសេសណាមួយគ្រប់គ្រងទៅលើរាល់សកម្មភាពទាំងអស់នេះ ។ យោងទៅលើ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលមានពីរឃ្លា ក្នុងនោះឃ្លាទី១ ចែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងឃ្លាទី២ ចែងកំណត់ពីព្រំដែននៃការអនុវត្តសិទ្ធិនោរថា "ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់មួយ ។" ដូច្នេះ រាល់ស្នាដៃទាំងឡាយដែលនឹងយកទៅផ្សព្វផ្សាយត្រូវគោរពតាមលក្ខខណ្ឌខាងលើនេះ ។
៦៣- យើងមានសេរីភាពក្នុងការបញ្ចេញមតិមែន ប៉ុន្តែកុំឱ្យប៉ះពាល់សេរីភាពអ្នកដទៃ ។
៦៤- ពាក្យថា “ប្តឹងបរិហារ ” មានន័យថា អ្នកប្ដឹងគ្មានផលប្រយោជន៍ផ្ទាល់ខ្លួនឯងនៅក្នុងបណ្តឹងនោះទេ ។
៦៥- អស់លោកហ្នឹងហើយដែលជាអ្នកមើល នគរបាលយុត្តិធម៌ ក្រុមប្រឹក្សាឃុំ មេឃុំ មិនត្រូវឱ្យមានរឿងហ្នឹងទៀតទេ ។ ការអនុវត្តន៍ច្បាប់ គឺវាពិបាកអីចឹង ឧទាហរណ៍ រឿងគ្រឿងញៀន ហាមមិនឱ្យជួញដូរនៅតែមាន ដូចសុភាសិតបារាំងមួយគេថា “ប្រាក់ គឺជាមធ្យោបាយដ៏ល្អ ប៉ុន្តែជាគ្រូដ៏អាក្រក់បំផុត " អ្នករកស៊ីបែបនេះ គឺយកប្រាក់ធ្វើគ្រូហើយ ។ ហើយវិធានការយ៉ាងណា គឺបង្ក្រាប និងទប់ស្កាត់ ។