Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- អាជ្ញាបណ្ណដែលបានចេញក្រោមច្បាប់នេះ ត្រូវមានលក្ខខណ្ឌដែលអ្នកទទួលត្រូវអនុវត្តតាម ។ តើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ ?

១២- តើអាជ្ញាបណ្ណទេសចរណ៍ដទៃផ្សេងទៀតដែលចេញនៅក្រោមច្បាប់នេះអាចផ្ទេរ ឬលក់ក្រោមលក្ខខណ្ឌអ្វីខ្លះ ?

១៣- តើប្រតិបត្តិករទេសចរណ៍រួមទាំងភ្នាក់ងារ និយោជិត និងអ្នកជាប់កិច្ចសន្យាទាំងអស់ត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?

១៤- តើមន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវមានកាតព្វកិច្ចដូចម្តេច ?

១៥- តើទេសចរណ៍ ឬអ្នកធ្វើដំណើរកម្សាន្តត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?

ចម្លើយ

១១- អាជ្ញាបណ្ណដែលបានចេញក្រោមច្បាប់នេះ ត្រូវមានលក្ខខណ្ឌដែលអ្នកទទួលត្រូវអនុវត្តតាម ។ លក្ខខណ្ឌទាំងនោះមានដូចជា ៖

  • អនុវត្តតាមផែនការ បទដ្ឋានស្តីពីសំណង់អគារ សុវត្ថិភាពអគ្គិភ័យ សុខភាព ម្ហូបអាហារ អនាម័យ កម្លាំងពលកម្ម ពន្ធ ច្បាប់ និងបទប្បញ្ញត្តិដទៃទៀត ដែលទាក់ទងទៅនឹងសកម្មភាព ទីបរិវេណ បរិក្ខារ និយោជិត និងប្រតិបត្តិការអាជីវកម្មទេសចរណ៍ ។
  • អនុវត្តតាមស្តង់ដារ និងការតម្រូវដែលបានចេញដោយក្រសួងទេសចរណ៍ ដូចមានចែងក្នុងមាត្រា២៣នៃច្បាប់នេះ ។
  • អនុវត្តតាមប្រព័ន្ធចំណាត់ថ្នាក់ ដែលបានចេញដោយក្រសួងទេសចរណ៍ ដូចមានចែងក្នុងមាត្រា២៤ និងមាត្រា២៥ នៃច្បាប់នេះ ។
  • អនុវត្តតាមវិធានការធានាគុណភាព ដែលចេញដោយក្រសួងទេសចរណ៍ ដូចមានចែងក្នុងមាត្រា២៨នៃច្បាប់នេះ និងមិនប្រឌិតព័ត៌មានអំពីស្លាកសញ្ញាពិសេស ស្លាកសញ្ញាបញ្ជាក់គុណភាព ការទទួលស្គាល់ គុណភាព រង្វាន់ ឬការលើកទឹកចិត្តដែលអាជីវកម្មនោះមិនមានត្រឹមត្រូវនោះឡើយ ។
  • ប្រសិនបើអាជីវកម្មទេសចរណ៍ត្រូវបានផ្តល់ឲ្យមានចំណាត់ថ្នាក់កម្រិតណាមួយ ដូចបានចែងនៅក្នុងមាត្រា២៤ និងមាត្រា២៥ នៃច្បាប់នេះ ចំណាត់ថ្នាក់នោះត្រូវតែដាក់តាំងនៅកន្លែងដែលងាយមើលឃើញក្នុងទីតាំងអាជីវកម្មរបស់ម្ចាស់អាជ្ញាបណ្ណ ហើយត្រូវតែបញ្ជាក់នូវគ្រប់ការធ្វើការងារទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងការសរសេរឆ្លើយឆ្លង ។
  • អនុវត្តតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលចេញដោយក្រសួងទេសចរណ៍ ឬដោយសមាគមឧស្សាហកម្មទេសចរណ៍ ដែលមានការយល់ព្រមពីក្រសួងទេសចរណ៍​សម្រាប់អាជីវកម្មទេសចរណ៍ប្រភេទនោះ ។
  • ផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរដល់ក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរយៈពេល១៤ (ដប់បួន) ថ្ងៃ ក្រោយពីមានការផ្លាស់ប្តូរចំណុចពិស្តារណាមួយដែលទាក់ទងទៅនឹងអាជីវកម្មរបស់ម្ចាស់អាជ្ញាបណ្ណ ។
  • ផ្តល់ជូនក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានទាន់ពេលវេលាស្ថិតិ និងព័ត៌មានផ្សេងៗដែលទាក់ទងនឹងអាជីវកម្មទេសចរណ៍តាមការស្នើសុំ និងការតម្រូវដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ។
  • ដាក់តាំងអាជ្ញាបណ្ណទេសចរណ៍ នៅទីកន្លែងដែលងាយមើលឃើញច្បាស់ក្នុងទីបរិវេណធ្វើអាជីវកម្មរបស់អ្នកទទួលអាជ្ញាបណ្ណ ។
  • ធានាថាលេខចុះបញ្ជី និងប្រភេទអាជ្ញាបណ្ណទេសចរណ៍ត្រូវបញ្ជាក់រាល់ពេលសរសេរឆ្លើយឆ្លងជាមួយបណ្តាដៃគូពាក់ព័ន្ធ និងដៃគូអាជីវកម្ម ។

១២- អាជ្ញាបណ្ណទេសចរណ៍ដទៃផ្សេងទៀតដែលចេញនៅក្រោមច្បាប់នេះអាចផ្ទេរ ឬលក់ក្រោមលក្ខខណ្ឌដូចតទៅ ៖

  • ម្ចាស់អាជ្ញាបណ្ណត្រូវដាក់ពាក្យសុំផ្ទេរ ឬលក់អាជ្ញាបណ្ណមកក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគំរូដែលបានកំណត់ និងដោយភ្ជាប់មកជាមួយនូវសោហ៊ុយសេវាផ្ទេរ ឬលក់អាជ្ញាបណ្ណ ឯកសាររួមទាំងព័ត៌មានផ្សេងៗទៀតដែលកំណត់ដោយក្រសួងទេសចរណ៍ ។
  • បុគ្គលជាអ្នកទទួលអាជ្ញាបណ្ណពីកាផ្ទេរ ឬទិញអាជ្ញាបណ្ណត្រូវបំពេញរាល់លក្ខខណ្ឌតម្រូវស្តីពីការចេញអាជ្ញាបណ្ណរបស់ក្រសួងទេសចរណ៍ ដូចមានចែងក្នុងជំពូកទី៥នៃច្បាប់នេះ ។
  • ការផ្ទេរ ឬការលក់អាជ្ញាបណ្ណទេសចរណ៍នេះអាចប្រព្រឹត្តទៅបាន លុះត្រាណាតែម្ចាស់អាជ្ញាបណ្ណបានបំពេញកាតព្វកិច្ចពន្ធ តាមច្បាប់ជាធរមាន និងបានដោះស្រាយរួចរាល់នូវបញ្ហាផ្សេងៗទៀត ជាមួយបណ្តាភាគីពាក់ព័ន្ធរបស់ខ្លួន ឬបុគ្គលជាអ្នកទទួលអាជ្ញាបណ្ណពីការផ្ទេរ ឬការទិញអាជ្ញាបណ្ណ យល់ព្រមជាលាយលក្ខណ៍អក្សរបំពេញកាតព្វកិច្ចពន្ធ ឬដោះស្រាយបញ្ហាសេសសល់ទាំងនោះ លើកលែងតែមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរផ្សេងពីនេះ រវាងភាគីពាក់ព័ន្ធ ។
  • ក្នុងករណីដែលអាជ្ញាបណ្ណជាអាជ្ញាបណ្ណបណ្តោះអាសន្ន បុគ្គលជាអ្នកទទួលអាជ្ញាបណ្ណពីការផ្ទេរ ឬការទិញអាជ្ញាបណ្ណត្រូវផ្តល់ជូនក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិនូវការយល់ព្រមជាលាយលក្ខណ៍អក្សរនៅក្នុងការបំពេញលក្ខខណ្ឌដែលនៅសល់ក្នុងរយៈពេលនៅសល់ ។

១៣- ប្រតិបត្តិករទេសចរណ៍រួមទាំងភ្នាក់ងារ និយោជិត និងអ្នកជាប់កិច្ចសន្យាទាំងអស់ត្រូវមានកាតព្វកិច្ចដូចជា ៖

  • អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលពាក់ព័ន្ធនឹងស្តង់ដារ ក្រមប្រតិបត្តិវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងលក្ខខណ្ឌនានានៃអាជ្ញាបណ្ណទេសចរណ៍ ។
  • អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយវិស័យទេសចរណ៍ ដូចជា ការកំណត់នគរូបនីយកម្ម ការសាងសង់អគារ សុវត្ថិភាព អគ្គិភ័យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន សុខភាព អនាម័យ ម្ហូបអាហារ ការងារ កាតព្វកិច្ចពន្ធ គណនេយ្យ និងហិរញ្ញវត្ថុ ការការពារមរតកវប្បធម៌ មរតកធម្មជាតិ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
  • ការពារប្រយោជន៍ជាតិ និងប្រយោជន៍ទេសចរណ៍ និងចូលរួមចំណែកនៅក្នុងការថែរក្សាធនធានធម្មជាតិ មិនបំពុល ឬមិនបំផ្លាញបរិស្ថាន ការពារ និងអភិរក្ស មរតកវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរក្នុងរាល់សកម្មភាពទេសចរណ៍របស់ខ្លួន ។
  • ផ្តល់ដល់ទេសចរណ៍នូវព័ត៌មានពិតច្បាស់លាស់ និងទទួលខុសត្រូវផ្តល់សេវាកម្ម ដូចដែលបានសន្យា ព្រមទាំងមានវិធានការសមស្របដើម្បីថែទាំទ្រព្យសម្បត្តិ ការពាសន្តិសុខ និងសុវត្ថិភាពដល់ទេសចរណ៍ក្នុងពេលដែលទេសចរណ៍ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។
  • ប្តឹង ឬរាយការណ៍ជាបន្ទាន់ទៅនគរបាលទេសចរណ៍ អាជ្ញាធរមានសមត្ថកិច្ច ឬសមត្ថកិច្ចទេសចរណ៍ដែលនៅជិតបំផុត ក្នុងករណីដឹងឬមានការសង្ស័យថាមានការប្រព្រឹត្តបទល្មើស ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរនិងការបង្ខាំងមនុស្ស ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព និងសម្ភារៈអាសអាភាស ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ។
  • អ្នកគ្រប់គ្រងសណ្ឋាគារ ឬសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវកត់ត្រាទុកអត្តសញ្ញាណរបស់អតិថិជន និងព័ត៌មានផ្សេងៗទៀតនៅពេលចូលស្នាក់នៅ ។
  • សហការនៅក្នុងកិច្ចការអធិការកិច្ច ដូចមានចែងក្នុងមាត្រា៦០នៃច្បាប់នេះ ។
  • ប្រតិបត្តិស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គការទេសចរណ៍ពិភពលោកឲ្យបានល្អ ។
  • អនុវត្តឲ្យបានខ្ជាប់ខ្ជូននូវលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៣៩ និងលក្ខខណ្ឌដទៃផ្សេងទៀតដែលមានចែងក្នុងជំពូកទី៥នៃច្បាប់នេះ ។

១៤- មន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវមានកាតព្វកិច្ចដូចជា ៖

  • ផ្តល់ដល់ទេសចរណ៍នូវព័ត៌មានឥតលាក់លៀម និងមិនលំអៀង ។
  • ជួយយកអាសាដោយភាពស្មោះត្រង់ និងផ្តល់ភាពរាក់ទាក់ក្នុងនាមជាម្ចាស់ផ្ទះ ។
  • សម្រួលការធ្វើដំណើរដល់ទេសចរណ៍ សម្រួលកិច្ចការលិខិតស្នាម និងបែបបទនានាឲ្យសាមញ្ញ ។
  • មិនរើសអើងសញ្ជាតិ ពូជសាសន៍ ពណ៌សម្បុរ និងសាសនា ។
  • ចាត់វិធានការចាំបាច់ ដើម្បីការពារថែរក្សាទ្រព្យសម្បត្តិរបស់ទេសចរណ៍ និងរក្សាសន្តិសុខ សុវត្ថិភាព ។
  • ប្រតិបត្តិស្របតាមក្រមសីលធម៌វិជ្ជាជីវៈ របស់អង្គការទេសចរណ៍ពិភពលោកឲ្យបានល្អ ។

១៥- ទេសចរណ៍ ឬអ្នកធ្វើដំណើរកម្សាន្តត្រូវមានកាតព្វកិច្ចដូចជា ៖

  • គោរពច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ។
  • គោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ និងមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយដែលបំពាន ឬធ្វើឲ្យខូចដល់វប្បធម៌ខ្មែរ ។
  • មិនត្រូវធ្វើឲ្យខូចខាតដល់បរិស្ថាន ឬមរតកវប្បធម៌ និងមរតកធម្មជាតិ ។
  • មិនត្រូវចូលរួមក្នុងសកម្មភាពណាមួយដែលពាក់ព័ន្ធដល់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរនិងការបង្ខាំងមនុស្ស ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព និងសម្ភារៈអាសអាភាស ការលាងលុយកង្វក់ និងការបង្កឲ្យមានអសន្តិសុខក្នុងសង្គម ។
  • មិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពជាទូទៅ ។
  • មិនត្រូវគំរាមកំហែងដល់សន្តិសុខ ឬជាប់ពាក់ព័ន្ធដល់ក្រុមភេរវកម្ម ។
  • អនុវត្តឲ្យបានខ្ជាប់ខ្ជូននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលចេញដោយក្រសួងទេសចរណ៍ ឬដែលបង្កើតឡើងដោយសមាគមនឧស្សាហកម្មទេសចរណ៍ ហើយយល់ព្រមដោយក្រសួងទេសចរណ៍ ។
  • ប្រតិបត្តិស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គការទេសចរណ៍ពិភពលោកឲ្យបានល្អ ។
  • ចំពោះទេសចរណ៍ ឬអ្នកធ្វើដំណើរកម្សាន្តជាជនបរទេសមិនត្រូវប្រើប្រាស់ទិសដៅទេសចរណ៍ ជាឱកាសដើម្បីស្វែងរកការងារ ឬការតាំងលំនៅឋាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login