សំណួរ
១១- តើការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់តតិយជនមានអ្វីខ្លះ ?
១២- ដើម្បីកំណត់ការទទួលខុសត្រូវរបស់និយោជកមានលក្ខខណ្ឌអ្វីខ្លះ ?
១៣- តើការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វទាមទារឲ្យមានលក្ខខណ្ឌអ្វីខ្លះ ?
១៤- តើមានចំណុចសំខាន់ៗអ្វីខ្លះនៃការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ ?
១៥- ដើម្បីរួចផុតពីការទទួលខុសត្រូវ តើកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់ត្រូវបញ្ជាក់បង្ហាញនូវករណីអ្វីខ្លះ ?
ចម្លើយ
១១- ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់តតិយជនមានដូចជា ៖
- ការទទួលខុសត្រូវរបស់អ្នកមានករណីយកិច្ចត្រួតពិនិត្យ
- ការទទួលខុសត្រូវរបស់និយោជក
- ការទទួលខុសត្រូវរបស់និយោជិត
- ការទទួសខុសត្រូវរបស់នីតិបុគ្គល
- ការទទទួលខុសត្រូវរបស់រដ្ឋ ឬស្ថាប័នសាធារណៈ (មាត្រា ៧៤៩ក្រមរដ្ឋប្បវេណី)
១២- ដើម្បីកំណត់ការទទួលខុសត្រូវរបស់និយោជកមានលក្ខខណ្ឌដូចជា ៖
- ទីមួយ ៖ ការប្រើប្រាស់និយោជិត ដើម្បីអនុវត្តកិច្ចការណាមួយជាកំណត់
- ទីពីរ ៖ ការបង្កឲ្យមានការខូចខាតត្រូវកើតឡើងនៅពេលដែលនិយោជិតអនុវត្តកិច្ចការរបស់ខ្លួន
- ទីបី ៖ អំពើបង្កឲ្យមានការខូចខាតរបស់និយោជិត គឺជាអំពើខុសច្បាប់ ដោយកំហុសចេតនា ឬអចេតនា ។
១៣- ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វទាមទារឲ្យមានលក្ខខណ្ឌបីគឺ ៖
- គឺត្រូវមានសត្វ ជាការពិតមិនអាចមានបញ្ហាលើកឡើងអំពីការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វឡើយ ប្រសិនបើពុំមានការចូលរួមពីសំណាក់សត្វ ។
- គឺត្រូវមានឥទ្ធិពលរបស់សត្វ មានបញ្ហាពីរដែលគប្បីលើកយកមកពិចារណាគឺ ឥទ្ធិពលដែលបណ្តាលមកពីសកម្មភាពដោយសភាវៈរបស់សត្វ និងឥទ្ធិពលនៃសកម្មភាពរបស់មនុស្ស ដើម្បីអនុវត្តបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីស្តីពីអំពើអនីត្យានុកូល ។ នៅពេលដែលការខូចខាតណាមួយបានកើតឡើង ដោយសារអំពើរបស់មនុស្ស ដែលប្រើប្រាស់សត្វជាមធ្យោបាយបង្កឲ្យមានការខូចខាតដល់អ្នកដទៃ នោះបទប្បញ្ញត្តិទូទៅនៃអំពើអនីត្យានុកូលត្រូវបានយកមកអនុវត្ត ។ ផ្ទុយទៅវិញ នៅពេលដែលមានការខូចខាតណាមួយដល់ជនដទៃបង្កឡើងដោយសត្វ នោះអ្នកកាន់កាប់សត្វត្រូវទទួលខុសត្រូវសងការខូចខាត ហើយបញ្ញត្តិដែលត្រូវយកមកអនុវត្តគឺមាត្រា៧៥០នៃក្រមរដ្ឋប្បវេណី ។
- គឺឥទ្ធិពលរបស់សត្វ គឺជាមូលហេតុនៃការខូចខាត ដើម្បីឲ្យមានការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ នោះគឺទាមទារឲ្យមានឥទ្ធិពលនៃសត្វមានតួនាទីសំខាន់ក្នុងការបង្កឲ្យមានការខូចខាត ។
១៤- មានចំណុចសំខាន់ៗ នៃការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុរួមមាន ៖
- កំហុសរបស់ផលិតករ គឺជាលក្ខខណ្ឌដាច់ខាត ដើម្បីកំណត់អំពីការទទួលខុសត្រូវសងការខូចខាត ដោយហេតុថា នៅក្នុងករណីដែលមិនអាចប្រមាណបាននូវវិការៈដែលមានក្នុងផលិតផល តាមកម្រិតវិទ្យាសាស្រ្តនៃបច្ចេកទេសដែលមាននៅក្នុងសម័យដែលគេផលិតនោះទេ នោះផលិតករមិនត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឡើយ ។
- ការទទួលខុសត្រូវសងនូវការខូចខាតជាបន្ទុករបស់ផលិតករ និងអ្នកដែលត្រូវបានចាត់ទុកថាជាផលិតករ ។ ផលិតករនៅក្នុងដំណាក់កាលផលិតណាមួយត្រូវទទួលខុសត្រូវទាក់ទងនឹងវិការៈ ដែលកើតមាននៅក្នុងដំណាក់កាលផលិតនោះ ។
- ការទទួលខុសត្រូវរបស់ផលិតករ កើតឡើងនៅពេលដែលផលិតផលនោះបានផ្ទេរទៅអ្នកប្រើប្រាស់ ។
- ផលិតករមិនទទួលខុសត្រូវ ចំពោះការខូចខាតដែលបានកើតឡើង ប្រសិនបើអ្នកប្រើប្រាស់ ពុំបានគោរពអនុវត្តតាមការណែនាំចង្អុលបង្ហាញ ឬរំលឹកដាស់តឿនអំពីលទ្ធផលដែលអាចបង្កឲ្យមានការខូចខាត នៅពេលប្រើប្រាស់មិនបានត្រឹមត្រូវតាមការណែនាំ... ។
១៥- ដើម្បីរួចផុតពីការទទួលខុសត្រូវ កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់ត្រូវបញ្ជាក់បង្ហាញនូវករណីណាមួយដូចជា ៖
- ការខូចខាតនោះ កើតមានឡើងបណ្តាលមកពីប្រធានសក្តិ
- ការខូចខាតនោះ កើតមានឡើងដោយសារអំពើរបស់ជនរងគ្រោះ (កំហុសទាំងស្រុងរបស់ជនរងគ្រោះ)
- ការខូចខាតបានកើតឡើងដោយអំពើរបស់តតិយជន (កំហុសទាំងស្រុងរបស់តតិយជន) ឬ
- ខ្លួនបានយកចិត្តទុកដាក់គ្រប់គ្រងវត្ថុគ្រោះថ្នាក់ដោយគ្មានវិការៈ ។
តភាគ